សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​ចម្ងល់​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ពលករ​ចំណាកស្រុក​ងាក​មក​ធ្វើ​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​

​លោក​ ​ប៉ៃ​ ​ពន់​ ​ពលករ​ចំណាកស្រុក​និង​ភរិយា​របស់​លោក​អង្គុយ​នៅក្រៅផ្ទះ​ក្នុង​ខេត្ត​សៀមរាប​ចាប់តាំង​ពី​ខែ​មីនា​ ​បន្ទាប់ពី​ប្រទេស​ថៃ​បិទ​ព្រំដែន​ចំ​ពេល​មានការ​រីក​រាលដាល​វី​រុ​ស​កូរ៉ូ​ណា​។​ រូបភាព​​ ​គង់​ ​មេត្តា​

​ខេត្ត​សៀមរាប ​- ​លោក​ ​ប៉ៃ​ ​ពន់​ ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​កាលពី​ខែ​ឧសភា​ ​ស្តីពី​ឱកាស​ការងារ​ថ្មី​នៅ​សាលាឃុំ​កន្ទ្រាំង​ ​ក្នុងស្រុក​ប្រាសាទ​បាគង​ ​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ ​ចាប់តាំង​ពី​ពេល​ថៃ​ចាប់ផ្តើម​បិទ​ប្រទេស​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​ ​កាលពី​ពីរ​ខែ​មុននេះ​។​

លោក​និង​ពលករ​ចំណាកស្រុក​៣​០​នាក់​ផ្សេងទៀត​បាន​អង្គុយ​ជិត​គ្នា​នៅ​លើ​កៅអី​ឈើ​វែង​ ​ខណៈ​ពេល​ក្រុម​មន្ត្រី​មកពី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​សាកសួរ​ពួកគាត់​ថា​ ​តើ​ពួកគាត់​ចាប់អារម្មណ៍​ចង់​ដាំ​បន្ថែ​បង្ការ​ឬក៏​ចង់​ចិញ្ចឹមសត្វ​គោក្របី​ឬទេ​។​

​លោក​បាន​រំឭក​ឡើងវិញ​ក្នុង​បទ​សម្ភាស​កាលពីដើម​ខែ​នេះ​ថា​៖​ ​«​ខ្ញុំ​បាន​ប្រាប់​ពួកគាត់​ [​មន្ត្រី​ឃុំ​] ​ថា​ ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​។​ ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ​ប៉ុន្តែ​នៅ​ពេលនេះ​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​គ្មាន​ការ​វិវឌ្ឍ​នោះ​ទេ​ ​ដោយសារ​ខ្ញុំ​មិនបាន​ឮ​អ្វី​ពី​ពួកគាត់​សោះ​»​។​

​លោក​បាន​លើ​ឡើង​ថា​៖​ ​«​ពួកគាត់​និយាយ​ថា​ ​ពួកគាត់​នឹង​ផ្តល់​គ្រាប់​ពូជ​ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ ​ពួកគាត់​នឹង​ឲ្យ​គ្រាប់​ពូជ​អ្វី​ដល់​ខ្ញុំ​ទេ​។​ ​ខ្ញុំ​បាន​ប្រាប់​ពួកគាត់​ថា​ ​ខ្ញុំ​អត់មាន​ដី​ទេ​។​ ​ខ្ញុំ​មិន​ដឹង​ថា​ ​ត្រូវ​ចាប់ផ្តើម​ [ ​ដាំ​ដុះ​] ​នៅកន្លែង​ណា​និង​ទីណា​នោះ​ទេ​»​។​

​អំឡុង​ពេល​ថ្លែង​នៅ​ស្រុក​ពាម​រក៍​ ​ខេត្ត​ព្រៃវែង​កាលពី​ស​ប្តាហ៍​មុន​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​ពលករ​ដែល​វិលត្រឡប់​ពី​បរទេស​និង​កម្មករ​ផ្សេងទៀត​ដែល​បច្ចុប្បន្ន​គ្មាន​ការងារ​ធ្វើ​គួរ​ពិចារណា​ធ្វើស្រែ​ចម្ការ​ ​ដើម្បី​លើកស្ទួយ​វិ​ស័យ​កសិកម្ម​។​

លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​អំពាវនាវ​ដល់​បងប្អូន​គ្រប់គ្នា​ ​កម្មករ​កាត់​ដេរ​ ​និង​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ ​សូម​ចូលរួម​ក្នុង​វិ​ស័យ​កសិកម្ម​»​។​

​កាលពី​ខែមុន​ ​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​បាន​មានប្រសាសន៍ថា​ ​ពលករ​ប្រហែល​ ​១១០.០០​០​ នាក់​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចាប់ពី​ខែ​មីនា​ដល់​ខែ​ឧសភា​ ​បន្ទាប់ពី​ថៃ​បិទ​ប្រទេស​របស់​ខ្លួន​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​លោក​ ​ហេង​ ​សួរ​ ​មិន​អាច​ទាក់ទង​ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ​ ​នៅ​ស​ប្តាហ៍​នេះ​។​

លោក​ ​យង់​ ​សាំង​កុមារ​ ​អ្នកជំនាញ​កសិកម្ម​បាន​និយាយ​ថា​ ​វា​មិនទំនង​ជា​ប្រជាជន​កម្ពុជា​ដែល​វិលត្រឡប់​មកពី​បរទេស​នឹង​ចាប់ផ្តើម​ប្រឹងប្រែង​ធ្វើ​ក​សិក្ម​ផ្ទាល់ខ្លួន​នោះ​ទេ​។​

លោក​បាន​មានប្រសាសន៍ថា​៖​ ​«​វា​គឺជា​ចំនួន​ដ៏​ច្រើន​មួយ​ [ ​ប្រ​ពលរដ្ឋ​] ​ប៉ុន្តែ​យើង​មិន​គិតថា​ ​ពួកគាត់​អាច​នឹង​ចាប់ផ្តើម​ក្នុង​វិ​ស័យ​កសិកម្ម​ផ្ទាល់ខ្លួន​នោះ​ទេ​។​ ​ពួកគេ​ចង់​ស៊ីឈ្នួល​អ្នក​ផ្សេង​»​។​

ទោះបីជា​យ៉ាងណា​ ​មន្ត្រី​ខេត្ត​មួយ​ចំនួន​បាន​និយាយ​ថា​ ​ពួកគេ​មាន​គម្រោង​ដែល​នឹង​ជួយ​ឲ្យ​ពលករ​ចំណាកស្រុក​ចាប់ផ្តើម​ការងារ​ស្រែ​ចម្ការ​។

​លោក​ ​ទា​ ​គឹម​សុទ្ធ​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា​ ​ពលករ​ចំណាកស្រុក​ជិត​២០.០​០​០​នាក់​បាន​វិលត្រឡប់​មក​ខេត្ត​សៀមរាប​វិញ​ចាប់តាំង​ពី​ចាប់ផ្តើម​ផ្ទុះ​វី​រុ​ស​កូ​វី​ដ​១​៩​។​

លោក​​​មានប្រសាសន៍ថា​ ​កម្មវិធី​ជួយ​ពលករ​ចំណាកស្រុក​ដែល​ទើប​វិល​ត្រឡប់មកវិញ​និង​គ្មាន​ការងារ​ធ្វើ​ដោយសារ​ការ​ផ្ទុះ​វី​រុ​ស​កូ​វី​ដ​ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ ​ចំណែក​ក្រសួង​កសិកម្ម​បាន​ណែនាំ​ទៅ​ថ្នាក់​ខេត្ត​ឲ្យ​ចាប់ផ្តើម​អនុវត្ត​ការងារ​នេះ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​សំខាន់​បំផុត​នោះ​ ​វា​គឺជា​គំរោង​របស់​រដ្ឋាភិបាល​និង​ក្រសួង​កសិកម្ម​ ​ហើយ​យើង​គឺជា​អ្នក​អនុវត្ត​ផែនការ​នោះ​ដោយ​ផ្ទាល់​។​រដ្ឋមន្ត្រី​បាន​ប្រាប់​យើង​ឲ្យ​ជួយ​ដល់​ពលករ​ចំណាកស្រុក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១​៩​ ​ដោយ​ជួយ​ពួកគាត់​ជាមួយនឹង​ការងារ​កសិកម្ម​»​។​

​ទោះបីជា​យ៉ាងណា​ ​លោក​កត់​សម្គាល់​ឃើញ​ថា​ ​គម្រោង​ន​នេះ​គ្មាន​ថវិកា​ផ្ទាល់ខ្លួន​នោះ​ទេ​ ​ហើយ​ថវិកា​នេះ​ត្រូវ​ដក​យក​ពី​កម្មវិធី​បច្ចុប្បន្ន​របស់​មន្ទីរ​កសិកម្ម​ខេត្ត​។​

​លោក​ ​គឹម​សុទ្ធ​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ជាឧទាហរណ៍​ ​មន្ទីរ​របស់យើង​ប្រើប្រាស់​ថវិកា​ពី​គម្រោង​ដែល​មានស្រាប់​និង​មាន​សកម្មភាព​ស្រដៀងគ្នា​ ​ហើយ​បន្ថែម​សកម្មភាព​ច្រើន​ទៀត​ ​ដូច្នេះ​យើង​អាច​ធ្វើ​បាន​ច្រើនជាង​មុន​។​ជាក់ស្តែង​ ​យើង​កំពុង​ពង្រីក​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹមសត្វ​»​។​

​លោក​​​មានប្រសាសន៍ថា​ ​មន្ទីរ​របស់​លោក​នឹង​រង់ចាំ​រហូតដល់​ខែក្រោយ​ ​ដើម្បី​រៀបចំ​ថវិកា​មុន​ពេល​អាច​ចាប់ផ្តើម​អនុវត្ត​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​កន្លងមក​ ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពលករ​ចំណាកស្រុក​។​
​លោក​បាន​បន្ថែម​ថា​៖​ ​«​យើង​មិន​អាច​និយាយ​ថា​ ​តើ​វា​គ្រប់គ្រាន់​ឬ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​គោលដៅ​គឺ​កាត់បន្ថយ​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១​៩​ ​ប៉ុន្តែ​ពលករ​ចំណាកស្រុក​ខ្លះ​មិន​អាច​អនុវត្ត​កម្មវិធី​នេះ​បានទេ​ ​ពីព្រោះ​ពួកគាត់​គ្មាន​ដី​ដើម្បី​ដាំ​ដុះ​»​។​

​លោក​ ​ប៊ុន​ ​តួន​ស៊ី​ម៉ូ​ណា​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​បាន​មានប្រសាសន៍ថា​ ​មន្ទីរ​របស់​លោក​​​មាន​ផែនការ​ធ្វើការងារ​ជាមួយ​ប្រជាពលរដ្ឋ​៣​០​០​គ្រួសារ​ ​ដែល​ភាគច្រើន​ក្នុងចំណោម​ពួកគាត់​ ​គឺជា​ពលករ​ចំណាកស្រុក​ ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​ ​លោក​​​មានប្រសាសន៍ថា​ ​មន្ទីរ​មាន​ថវិកា​សល់​ពី​គម្រោង​ដែល​មានស្រាប់​ប្រហែល​ ​១​០​.​០​០​០​ដុល្លារ​ ​ដើម្បី​ជួយ​គ្រួសារ​ទាំងនោះ​ ​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​។​

​កាលពីដើម​ខែ​នេះ​ ​ក្រុម​មន្ត្រី​បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​ប្រហែល​១​០​០​គ្រួសារ​​​ដែល​ទើប​វិលត្រឡប់​ពី​បរទេស​ចុះទៅ​មើល​កសិករ​នៅ​តំបន់​ ​ហើយដែល​ពួកគាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​មាន់​ដោយខ្លួន​។​

​លោក​ ​ទួន​ស៊ី​ម៉ូ​ណា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​យើង​ដឹង​ថា​ ​ការងារ​នេះ​ ​ប្រហែលជា​ប្រើ​ពេល​យូរ​ ​ដើម្បី​វិលត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ​ ​បន្ទាប់ពី​មាន​វី​រុ​ស​កូ​វី​ដ​១​៩​។​ ​ហើយ​យើង​មិន​ដឹង​ថា​ ​ពេលណា​ពួកគាត់​អាច​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​ឬ​ប្រទេស​ផ្សេងទៀត​នោះ​ទេ​ ​ដូច្នេះ​យើង​បាន​ប្រាប់​ពួកគាត់​ថា​ ​ការ​ចិញ្ចឹម​មាន់​គឺ​ប្រសើរ​ជាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​»​។​

​លោក​ ​ទួន​ស៊ី​ម៉ូ​ណា​ ​បាន​និយាយ​ថា​ ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​ ​មន្ទីរ​នឹង​ផ្តល់​កូនមាន់​ដល់​ពលករ​ចំណាកស្រុក​ដែល​គ្មាន​ការងារ​ធ្វើថ្មី​ៗ​នេះ​ ​និង​បង្រៀន​ពី​របៀប​ចិញ្ចឹម​ព្រមទាំង​របៀប​ចាក់​វ៉ាក់សាំង​និង​ធ្វើ​ចំណី​មាន់​ផង​ដែរ​ ​ដោយមាន​ជំនួយ​ពី​កសិករ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​មាន់​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​វា​អាច​នឹង​ប្រើ​ពេល​ប្រហែល​៦​ខែ​ ​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ​ពេញលេញ​។ប្រសិនបើ​វា​ដំណើរការ​ល្អ​ ​យើង​នឹង​ជួយ​ស្វែងរក​ទី​ផ្សារ​ឲ្យ​ពួកគាត់​ ​ដើម្បី​លក់​មាន់​របស់​ពួកគាត់​»​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ប្រសិនបើ​ពួកគាត់​មិន​ធ្វើ​ចំណាកស្រុក​ [​ត្រឡប់ទៅ​ប្រទេស​ថៃ​] ​ហើយ​ពួកគាត់​សម្រេច​ជ្រើសរើស​យក​ការ​ចិញ្ចឹម​មាន់​វិញ​ ​វា​គឺជា​ជោគជ័យ​មួយ​សម្រាប់​រដ្ឋាភិបាល​និង​ក្រសួង​ដែល​ប្រឹងប្រែង​អនុវត្ត​ការងារ​នេះ​»​។​

​ពលករ​ចំណាកស្រុក​ដែល​បន្ត​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​អះអាង​ថា​ ​ពួកគាត់​ចាប់អារម្មណ៍​លើ​ការងារ​បង្កបង្កើន​ផល​ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​ ​តើ​កម្មវិធី​ដែល​សំដៅ​គាំទ្រ​ពួកគាត់​នេះ​ ​នឹង​មានប្រសិទ្ធិភាព​ឬ​យ៉ាងណា​។​

​អ្នកស្រី​ ​ហ​យ​ ​ចន​ ​អតីត​ពលករ​ចំណាកស្រុក​បាន​ចំណាយ​ពេល​ប្រហែល​៦​ឆ្នាំ​នៅ​ប្រទេស​ថៃ​ ​មុន​ពេល​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ពីរឆ្នាំមុន​ជាមួយ​ស្វាមី​របស់​អ្នកស្រី​ ​ដើម្បី​ស្វែង​ករ​ឱកាស​ការងារ​ប្រសើរ​ជាង​មុន​។​

​អ្នកស្រី​បាន​និយាយ​ថា​ ​ក្រុម​មន្ត្រី​បាន​ចុះ​មក​ជួប​អ្នកស្រី​ដល់​ផ្ទះ​កាលពី​ខែមុន​ដោយ​សួរនាំ​ថា​ ​តើ​អ្នកស្រី​ចាប់អារម្មណ៍​លើ​ការ​ចិញ្ចឹម​មាន់​ដែរ​ឬទេ​ ​ដោយ​និយាយ​ថា​ ​ពួកគាត់​អាច​ផ្តល់​កូនមាន់​ ​ទ្រុង​និង​ជំនួយ​ផ្សេងទៀត​ក្នុង​ការ​ចិញ្ចឹម​មាន់​។​ 

​អ្នកស្រី​បាន​និយាយ​ថា​៖​ ​«​កាលពីថ្ងៃសុក្រមុន​ ​ខ្ញុំ​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​អំពី​របៀប​ចិញ្ចឹម​មាន់​ហើយ​ពួកគេ​បាន​នាំ​យើង​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​មាន់​…​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​។​ ​ខ្ញុំ​គិតថា​ ​ដំបូង​ ​ខ្ញុំ​នឹង​ចាប់ផ្តើម​ពី​ការ​ចិញ្ចឹម​ខ្នាត​តូច​ ​ហើយ​ប្រសិនបើ​វា​ដំណើរការ​ ​យើង​នឹង​ពង្រីក​បន្ថែម​»​។​

​លោក​ ​ពន់​ ​អាយុ​៣​២​ឆ្នាំ​បាន​ធ្វើការងារ​នៅ​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២​០​០​៩​ ​ហើយ​ធ្វើកម្មករ​នៅ​ចម្ការ​អំពៅ​មុន​ពេល​លោក​វិលត្រឡប់​មក​ខេត្ត​សៀមរាប​វិញ​កាលពី​ខែ​មីនា​ ​ហើយ​លោក​មិន​អាច​ទៅណា​រួច​ចាប់តាំង​ពី​ពេល​គេ​បិទ​ព្រំដែន​ថៃ​កាលពី​ចុងខែ​មីនា​នោះ​។​

​ខណៈ​ពេល​លោក​ធ្វើការ​ជា​កម្មករ​ចម្ការ​អំពៅ​ ​លោក​ ​ពន់​ ​បាន​និយាយ​ថា​ ​លោក​អាច​ផ្ញើ​ប្រាក់​ប្រហែល​ ​១.០០​០​បាត​ (​៣​១​ដុល្លារ​) ​រៀងរាល់​ពីរ​ខែ​ម្តង​ ​ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ​និង​កូនប្រុស​ ​ដើម្បី​ទិញ​ម្ហូបអាហារ​។

បន្ទាប់ពី​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ ​លោក​ ​ពន់​ ​រក​ការងារ​នៅ​ការដ្ឋាន​សំណង់​ ​ដែល​អាច​​​រកចំណូល​បាន​ប្រហែល​ ​៣​០​.​០​០​០​រៀល​ (​៧​ដុល្លារ​) ​ក្នុងមួយថ្ងៃ​ ​ប៉ុន្តែ​វា​មិនបាន​យូរ​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​អាច​​​រក​បាន​ប្រហែល​២​០​០​ដុល្លារ​ទៅ​៣​០​០​ដុល្លារ​ក្នុងរយៈពេល​៣​០​ថ្ងៃ​ ​ប៉ុន្តែ​នៅ​ពេលនេះ​ ​គ្មាន​ការងារ​ធ្វើ​ទៀត​ទេ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​ពិតជា​ចង់​ត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ​។​ ​ខ្ញុំ​អផ្សុក​មែនទែន​ ​ពីព្រោះ​យើង​គ្មាន​ការងារ​ធ្វើ​។​ ​ខ្ញុំ​ចង់​ដាំ​បន្ថែ​ដូចជា​ស្ពៃ​ជាដើម​»​។​

​លោក​បាន​និយាយ​ថា​ ​លោក​មិន​គិតថា​ ​រដ្ឋាភិបាល​មាន​ផែនការ​គួរឲ្យ​ជឿជាក់​បាន​ ​ដើម្បី​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក​នោះ​ទេ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ព្យាយាម​រង់ចាំ​ការងារ​ផ្សេងទៀត​ ​ហើយ​ខ្ញុំ​មិន​អាច​ពឹងផ្អែក​លើ​ផែនការ​នោះ​ទេ​។​​ខ្ញុំ​ក៏​ត្រូវ​ការប្រាក់​ច្រើន​និង​ដី​ធំ​ដើម្បី​ធ្វើការងារ​នោះ​ផង​ដែរ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​នៅ​ពេលណា​ព្រំដែន​បើក​ ​ខ្ញុំ​នឹង​ត្រឡប់ទៅ​ថៃ​វិញ​»​។​

​លោក​ ​សាំង​កុមារ​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​សម្របសម្រួល​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​កសិកម្ម​ឬ​កសិដ្ឋាន​ណា​ ​ដែល​អាច​ផ្តល់​ការងារ​ដល់​ពលករ​ចំ​ណា​ស្រុក​រួម​ទាំង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដើម្បី​ពង្រីក​មុខរបរ​របស់​គាត់​។​

​លោក​​​មានប្រសាសន៍ថា​៖​«​ក្រសួងការងារ​គួរ​សម្របសម្រួល​ជាមួយ​ម្ចាស់​កសិដ្ឋាន​ ​ឬ​ស្ថាប័ន​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយសារ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ឲ្យ​ទទួលយក​កម្លាំង​ការងារ​បន្ថែម​នៅ​ក្នុង​វិ​ស័យ​កសិកម្ម​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​យើង​គួរ​បែងចែក​និង​គាំទ្រ​ [​កម្មករ​ ] ​ដែល​ចាប់អារម្មណ៍​។​ ​ប្រសិនបើ​យើង​គ្រាន់តែ​ផ្តល់​មាន់​និង​បន្លែ​ [​ពូជ​] ​វា​គ្រាន់តែ​អាច​ជួយ​ពួកគាត់​បាន​មួយ​រយៈ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ត្រូវ​ជួយ​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់​គាត់​មាន​លំនឹង​ ​គឺជា​រឿង​សំខាន់​»​៕​

26 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម