រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាំចូលឡើងវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាក បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ននៅពេលដែលសារធាតុអាបេស្តូសបានរកឃើញក្នុងម្សៅទាំងនោះ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានប្រកាសកាលពីថ្ងៃចន្ទ ថាម្សៅទាំង១២ម៉ាកត្រូវបានអនុញ្ញាតឱ្យលក់ឡើងវិញក្នុងទីផ្សារបន្ទាប់ពីលទ្ធផលពិនិត្យនិងវិភាគនៅអូស្រ្តាលីនិងសហរដ្ឋអាមេរិកបង្ហាញថាម្សៅទាំងនោះមិនមានសារធាតុរ៉ែ carcinogen ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សទេ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានថ្លែថា៖ «មានន័យថា មន្ទីរពិសោធន៍ទំនើបទាំងពីររបស់សហរដ្ឋអាមេរិក និងអូស្ត្រាលីទទួលបានលទ្ធផលដូចគ្នា ។ គ្មានសារធាតុអាបេស្តូសទេ»។
កាលពីខែសីហា រដ្ឋាភិបាលកម្ពុជាបានប្រកាសរកឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារកនិងកុមារម៉ាក Johnson’s baby powder បីប្រភេទ ម៉ាកJohnson’s blossoms ពីរប្រភេទ ម៉ាកD-nee kids ម៉ាក D-nee newborn ម៉ាកPureen ម៉ាក Laffair Be Love ម៉ាក Kodomo ម៉ាកBhaesaj Cool Powder និង ម៉ាកBabi mild Natural ‘N Mild ។
ប៉ុន្តែអតិថិជនម្នាក់ គឺ អ្នកស្រី កុច ស្រីសួង ជាម្តាយរបស់ក្មេងស្រីអាយុ២ឆ្នាំ បានប្រាប់ខេមបូចា ថាអ្នកស្រីនៅតែមានការព្រួយបារម្ភចំពោះការប្រើប្រាស់ផលិតផលម្សៅទាំងនោះ បើទោះជាមានការរកឃើញពីមន្ទីរពិសោធន៍អន្តរជាតិថាមិនមានបញ្ហាអ្វីក៏ដោយ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំខ្លាចកូនស្រីខ្ញុំអាចកើតមហារីក។ អ៊ីចឹងពេលខ្ញុំឮថាការនាំចូលត្រូវបានផ្អាក ខ្ញុំក៏ឈប់ប្រើវា [ម្សៅម៉ាក Babi Mild] ភ្លាម។ ទោះបីជាឥឡូវគេនិយាយថាវាមិនអីក៏ដោយ ខ្ញុំនឹងមិនប្រើវាទៀតទេ ព្រោះខ្ញុំមិនទុកចិត្តទេ»។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានប្រាប់ខេមបូចាថា វាជារឿងល្អដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានបញ្ជូនសំណាកទៅវិភាគនៅប្រទេសអូស្ត្រាលី ដែលមានសមត្ថភាពធ្វើកិច្ចការងារនេះបានសុក្រឹត្យ។
លោកបានបន្តថា៖ «យើងអាចជឿជាក់បានថាវាត្រឹមត្រូវ»។ ទោះយ៉ាងណាក៏ដោយលោកយល់ថាទំនុកចិត្តអ្នកប្រើប្រាស់នៅតែមិនអាចដូចមុននោះទេ។
ក្រុមហ៊ុន Johnson & Johnson បានប្រឈមមុខនឹងបណ្តឹងរាប់ពាន់ករណីនៅលើឆាកអន្តរជាតិដែលដើមបណ្តឹងចោទប្រកាន់ថាជំងឺមហារីករបស់ពួកគេទាក់ទងទៅនឹងសារធាតុអាបេស្តូសដែលត្រូវបានរកឃើញនៅក្នុងម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុននេះ។ ម្សៅលាបខ្លួនទារកនិងកុមារ ត្រូវបានគេរកឃើញជាញឹកញាប់មានសារធាតុអាបេស្តូស ហើយសារធាតុអាសបេស្តុសនេះពេលខ្លះក៏ត្រូវបានរកឃើញនៅលើផលិតផលមួយចំនួនផងដែរ។ ក្នុងឆ្នាំ២០១៩ នាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំអ្នកប្រើប្រាស់ឱ្យឈប់ប្រើប្រាស់ផលិតផលម្សៅលាបខ្លួនទារករបស់ក្រុមហ៊ុនJohnson &Johnson ហើយមួយឆ្នាំក្រោយមក ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងមិនលក់ម្សៅលាបខ្លួនទារកនិងកុមារនៅសហរដ្ឋអាមេរិកទៀតទេ។ កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបញ្ឈប់ការលក់ជាអន្តរជាតិផងដែរនៅឆ្នាំ២០២៣ ។
កម្ពុជាក៏បានធ្វើការពិនិត្យនិងវិភាគដោយខ្លួនឯងលើម្សៅទាំងនោះ បន្ទាប់ពីទទួលបានព័ត៌មានពី FDA របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Tests Find No Asbestos in Baby Powder Brands