ក្រុមអង្គការសង្គមស៊ីវិលនាថ្ងៃទី២៨ ខែកញ្ញា បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការកែប្រែផ្នែកខ្លះនៃសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រង់ចំណុចនៃមាត្រាមួយដែលចែងទាក់ទងនឹងការបដិសេធក្នុងការផ្តល់ព័ត៌មានសម្ងាត់ ខណៈក្រសួងព័ត៌មានថានឹងមិនធ្វើការកែសម្រួលណាមួយនោះទេ។
ក្នុងពេលប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកល អង្គការតម្លាភាពកម្ពុជា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរួមគ្នាធ្វើការស្នើសុំឱ្យក្រសួងព័ត៌មានផ្លាស់ប្តូរ ឬលុបចោលមាត្រាចំនួន៩នៃសេចក្តីព្រាងច្បាប់នេះ។
ពួកគេបានស្នើឱ្យដកចេញមាត្រា២០.៧ ដែលបានចែងថាស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់នូវ«ព័ត៌មានសម្ងាត់ផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិហាមឃាត់» ដែលក្រុមអង្គការសង្គមស៊ីវិលថា«មានលក្ខណៈទូលំទូលាយពេកនិងខ្វះភាពជាក់លាក់»។
ពួកគេក៏បានស្នើឱ្យលុបចោលមាត្រា១៥.៤ ទាក់ទងនឹងការកំណត់រយៈពេល៤០ថ្ងៃទើបអាចធ្វើការស្នើសុំព័ត៌មានម្តងទៀតបាន ក៏ដូចជាកែប្រែមាត្រា៦ផ្សេងទៀតដែលក្នុងនោះរួមមានមាត្រា២៥ដើម្បីការពារប្រភពដែលបញ្ចេញព័ត៌មាន។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានលើកឡើងក្នុងកម្មវិធីនោះថាលោកគាំទ្រចំណុចជាច្រើននៃមាត្រា២០នេះ ដែលបង្ហាញថាពីរបៀបដែលព័ត៌មានសម្ងាត់អាចត្រូវបានផ្តល់ឱ្យ ប៉ុន្តែចំណុចទី៧នៃមាត្រានេះអាចនឹងបើកដៃឱ្យមន្រ្តីបដិសេធមិនផ្តល់ព័ត៌មានតាមការស្នើសុំ។
លោក ណុប វី បានលើកឡើងថា៖«យើងមានការព្រួយបារម្ភនៅត្រង់មាត្រា ២០.៧……… ដែលចែងថាព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតនៅក្នុងបទបញ្ញតិ្តហាមឃាត់ ចឹងយើងអ្នកសារពត៌មាន និងប្រជាពលរដ្ឋអត់ស្នើសុំព័ត៌មានហ្នឹងបាន»។
លោក ណុប វី បានបន្តថា៖«វាមានន័យខ្លឹមសារលម្អិតដែលបានចែងក្នុងច្បាប់ស្តីពីសិទិ្ធទទួលបានពត៌មានគ្រាន់ជាខ្លឹមសារចែងអំពីរបៀបរបបនៃការទទួលបាននូវពត៌មាន»។
លោក បានបន្ថែមថា៖«ប៉ុន្តែវាមានន័យមួយទៀតត្រង់ថាមន្ត្រីសាធារណៈដែលធ្វើការនៅក្នងស្ថាប័នជំនាញមានសិទ្ធិបដិសេធដោយប្រើប្រាស់ច្បាប់ទៅតាមផ្នែករបស់ពួកគាត់»។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាលបើកការពិភាក្សាសេចក្តីព្រាងច្បាប់ និងពិចារណាទទួលយកមតិយោបល់ក្រុមសង្គមស៊ីវិលដើម្បីធានាថាបាននូវតម្រូវការរបស់មហាជន។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី បានមានប្រសាសន៍ថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ព្រោះថាវានឹងផ្តល់អំណាចដល់ពលរដ្ឋក្នុងការជំរុញរដ្ឋាភិបាលឱ្យមានទំនួលខុសត្រូវ និងតម្លាភាព នៅពេលដែលផ្តល់សេវា ក៏ដូចជាលុបបំបាត់នូវអំពើពុករលួយផងដែរ។
លោក ពិសី បានលើកឡើងថា៖«នៅពេលដែលពលរដ្ឋអាចទទួលបានព័ត៌មាន ពួកគាត់អាចចូលរួមក្នុងការងារសង្គមបានច្រើន»។ «យុទ្ធនាការប្រឆាំងអំពើពុករលួយនឹងមិនមានប្រសិទ្ធិភាពនោះទេ ប្រសិនបើគ្មានស្តង់ដារនៅក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននោះ»។
លោកក៏បានលើកឡើងផងដែរថាមាត្រា២៥នៃច្បាប់នេះនឹងមិនបានជួយការពារអ្នកបញ្ចេញព័ត៌មានឧក្រិដ្ឋទេ ប៉ុន្តែបានត្រឹមតែការពារអ្នកដែលប្តឹងស្ថាប័នសាធារណៈ ឬតុលាការជុំវិញការប្រព្រឹត្តខុសរបស់មន្រ្តីដែលទទួលខុសត្រូវផ្នែកព័ត៌មាននៃស្ថាប័នទាំងនោះតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖«យើងលើកទឹកចិត្តឱ្យពង្រីកវិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីការពារពលរដ្ឋទាំងអស់ដែលបញ្ចេញព័ត៌មាន ឬកំហុស ឬ បទឧក្រិដ្ឋដែលប្រព្រឹត្តដោយមន្រ្តីសាធារណៈ»។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ប្រាប់តាមទូរសព្ទថាសេចក្តីព្រាងច្បាប់នោះនឹងត្រូវផ្ញើទៅទីស្តីការគណៈរដ្ឋមន្រ្តីឆាប់ៗ ហើយថាការព្រួយបារម្ភរបស់សង្គមស៊ីវិលមិនមែនជាឧបសគ្គក្នុងការផ្តល់សច្ចាប័នដល់ច្បាប់នេះនោះទេ។
លោក បានបន្ថែមថាក្រសួងបានពិភាក្សាជាមួយសង្គមស៊ីវិលជុំវិញច្បាប់នេះជាច្រើនឆ្នាំមកហើយ ហើយក៏បានព្រមព្រៀងគ្នានូវចំណុចទាំងអស់ក្នុងកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសរួចរាល់ហើយដែរ។
លោកបានបញ្ជាក់ថា៖«ពេលនេះពួកគេលើកពីបញ្ហាទាំងហ្នឹង ដើម្បីធ្វើឱ្យការងាររបស់ពួកគេទទួលបានការទាក់ទាញអារម្មណ៍ដើម្បីបន្តទទួលបានជំនួយ ដើម្បីបានធ្វើការលើកិច្ចការនេះតទៅទៀត»។ «អ្វីដែលពួកគេបានលើកឡើងមិនខុសគ្នាពីអ្វីដែលបានពិភាក្សាជាមួយក្រុមការងារបច្ចេកទេសដែលពេលនោះយើងបានផ្លាស់ប្តូរយោបល់ជាច្រើន»។
លោកបានលើកឡើងថាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងធានាថាពលរដ្ឋទាំងអស់មានសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ លើកឡើងតែព័ត៌មានសម្ងាត់។
លោក សុភ័ណ្ឌ មានប្រសាសន៍ថា៖«ច្បាប់នេះនិយាយពីកាតព្វកិច្ចរបស់ស្ថាប័នរដ្ឋក្នុងការផ្តល់ព័ត៌មានឱ្យសាធារណជន ប៉ុន្តែមិនមែនមានន័យថាសាធារណជនអាចទទួលបានព័ត៌មានទាំងអស់ពីស្ថាប័នរដ្ឋនោះទេ»។ «ព័ត៌មានសម្ងាត់មួយចំនួនមិនអាចឱ្យបានទេ»។
លោក សុភ័ណ្ឌ បានបន្ថែមទៀតថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានការងារបច្ចេកទេស និងអន្តរក្រសួងបានបញ្ចប់ហើយ ដោយកំពុងរង់ចាំការពិនិត្យរបស់ក្រសួងយុត្តិធម៌ទាក់ទងនឹងទោសប្បញ្ញត្តិ មុនពេលផ្ញើទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងសេចក្តីថ្លែងការណ៍នាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាលោក Sardar Umar Alam បាននិយាយថាលោកសង្ឃឹមថាច្បាប់នេះនឹងចេញឆាប់ៗ ហើយវានឹងស្របទៅតាមបទដ្ឋានស្តង់ដារសេរីភាពបញ្ចេញមតិអន្តរជាតិ។
លោក បានមានប្រសាសន៍ថា៖«រដ្ឋាភិបាលត្រូវតែប្តេជ្ញារួមគ្នាអភិវឌ្ឍការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានដែលមានភាពធន់ទ្រាំ…ជួយឱ្យមានការវិភាគត្រឹមត្រូវលើបញ្ហានានាដើម្បីផលប្រយោជន៍សាធារណៈ»។
លេខាទី១ស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជាអ្នកស្រី Camilla Ottosson បានថ្លែងថាការទទទួលបានព័ត៌មានជួយកសាងទំនុកចិត្តដល់ស្ថាប័នរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យពលរដ្ឋបំពេញសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ ក៏ដូចជាចូលរួមក្នុងការធ្វើគោលនយោបាយផងដែរ។
អ្នកស្រីបានមានប្រសាសន៍ថាបើទោះណាជាការចាប់យកបច្ចេកវិទ្យាថ្មីៗមានសារសំខាន់ ប៉ុន្តែក៏មិនត្រូវមើលរំលងពីស្តង់ដារដែរ។
អ្នកស្រី Ottosson បានថ្លែងថា៖«សិទ្ធដែលពលរដ្ឋមានខាងក្រៅ ក៏ត្រូវតែទទួលបានការការពារតាមអនឡាញដែរ ជាពិសេសទាក់ទងនឹងសេរីភាពបញ្ចេញមតិ»។
អ្នកស្រីបានមានប្រសាសន៍ថា៖«នៅក្នុងបរិបទនេះ យើងត្រូវតែនិយាយថារដ្ឋាភិបាលស៊ុយអែតមានការបារម្ភជុំវិញសេចក្តីរាយការណ៍នៃការបំភិតបំភ័យ និងការយាយី ដើម្បីកម្រិតការបញ្ចេញមតិក៏ដូចជាសេរីភាពក្នុងការជួបជុំនៅក្នុងប្រទេសកម្ពុជា»។
ក្នុងពិធីនោះលោក សុភ័ណ្ឌ ក៏បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសក្នុងតំបន់អាស៊ានភាគច្រើនមិនមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះនៅឡើយទេ។
លោកបានលើកឡើងថា៖«កម្ពុជានឹងមានច្បាប់នេះ ខណៈដែលប្រទេសខ្លះក្នុងតំបន់អាស៊ានមិនទាន់ទាំងបាននិយាយពីច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះផង»។«កុំគិតថាកម្ពុជាជាប្រទេសចុងក្រោយដែលមានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន»។
លោកបានបន្ថែមថារដ្ឋាភិបាលចាត់ទុកថាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាកក្តាដែលមានសារៈសំខាន់មួយក្នុងការលើកកម្ពស់ប្រជាធិបតេយ្យសេរីពហុបក្ស ហើយមើលឃើញថាវាជាមធ្យោបាយមួយក្នុងការលើកកម្ពស់សិទ្ធិរបស់ពលរដ្ឋក្នុងការចូលរួមការអភិវឌ្ឍជាមួយរដ្ឋាភិបាល។
កាលពីខែកក្កដា ក្នុងរបាយការណ៍រួមគ្នារវាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពបានធ្វើការវិភាគពីស្ថានភាពសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជាបានរកឃើញពីការបន្តរឹតត្បិតសេរីភាពក្នុងការប្រមូលផ្តុំ និងសេរីភាពបញ្ចេញមតិចាប់ពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។
របាយការណ៍បានកត់ត្រាការរឹតបន្តឹងចំនួន២៤៥ករណីដែលក្នុងនោះ១០៣ករណីជាការរំលោភសេរីភាពបញ្ចេញមតិ ១៦៦ករណីត្រូវបានកោះហៅ និងការចាប់ខ្លួន៩៩ករណីព្រោះតែការប្រើប្រាស់សេរីភាពបញ្ចេញមតិ។
របាយការណ៍នោះបានលើកឡើងថា៖«ការរិះគន់តាមអនឡាញត្រូវបានកាត់បន្ថយ»។ «ស្ទើរតែទាំងអស់នៃការរំលោភសេរីភាពបញ្ចេញមតិដែលបានកត់ត្រាពាក់ព័ន្ធនឹងការបញ្ចេញមតិតាមអនឡាញ ដែលក្នុងនោះមានករណីចាប់ខ្លួន៤៨»៕