សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសចាងហ្វាងបណ្តាញព័ត៌មានអនឡាញ TVFB ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ កាលពីថ្ងៃទី ៥ ខែតុលា បន្ទាប់ពីលោកបានដកស្រង់ប្រសាសន៍ណែនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អ្នករត់ម៉ូតូឌុប ដោយប្រាប់ពួកគេឲ្យលក់ទោចក្រយាន្តរបស់ពួកគេសិន ប្រសិនបើមានបញ្ហាហិរញ្ញវត្ថុដោយសារតែជំងឺកូវីដ១៩នោះ។
លោក សុវណ្ណ រិទ្ធី ចាងហ្វាងបណ្តាញព័ត៌មាន TVFB ត្រូវបានចាប់ខ្លួនពីបទញុះញង់នៅខណ្ឌសែនសុខ កាលពីថ្ងៃទី៧ ខែមេសា ដោយសារការបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលក្នុងនោះលោកបានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលលោកថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា កាលពីថ្ងៃចន្ទបានផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី ឲ្យជាប់ពន្ធនាគារ ១៨ ខែ ចំណែកទោសនៅសល់ត្រូវបានព្យួរ បន្ទាប់ពីលោកបានអនុវត្តទោសមុនការកាត់ក្តីរយៈពេល៦ខែកន្លងមក នេះបើតាមការអះអាងរបស់លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ។
លោក គុជ គឹមឡុង មានប្រសាសន៍ថា៖ « [ លោកចៅក្រុម] បានបង្គាប់ឲ្យដោះលែងជនជាប់ចោទនៅថ្ងៃនេះ ដោយបានអនុវត្តទោសចាប់ពីពេលត្រូវបានចាប់ខ្លួន»។
តុលាការបានចោទប្រកាន់លោក សុវណ្ណ រិទ្ធី តាមមាត្រា៤៩៥ នៃក្រុមព្រហ្មទណ្ឌ ដែលជាអំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤ លានរៀល (ប្រហែល ២៥០ ដុល្លារទៅ ១.០០០ដុល្លារ)។
ខណៈអង្គុយនៅមុខបន្ទប់សវនាការ លោក រិទ្ធី និងសាច់ញាតិរបស់លោកបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកអះអាងថា មានជំងឺ។ ស្ត្រីម្នាក់ដែលអះអាងថា ជាសាច់ញាតិរបស់លោក រិទ្ធី និយាយថា «គាត់ឈឺក» ប៉ុន្តែបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនឬឈ្មោះមេធាវីការពារលោក រិទ្ធី ទេ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៥ ខែតុលានេះ ដោយសម្តែងការខកចិត្តចំពោះសាលក្រមរបស់តុលាការដែលផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី ដោយសារតែធ្វើសេចក្តីរាយការណ៍ទាក់ទងនឹងបញ្ហាជំងឺកូវីដ ១៩។
លោក ណុប វី ជានាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖ «លោក សុវណ្ណ រិទ្ធី គ្រាន់តែបានប្រើប្រាស់តួនាទីរបស់គាត់ជាអ្នកសារព័ត៌មានម្នាក់ ដោយស្រង់សម្តីរបស់ប្រភពមកផ្សព្វផ្សាយ។ ដូច្នេះការដាក់ទោសលើអ្នកសារព័ត៌មានដោយប្រើប្រាស់ក្រមព្រហ្មទណ្ឌគឺនៅតែជាការគំរាមកំហែង និងបង្កើតឲ្យមានការភ័យខ្លាចដល់អ្នកសារព័ត៌មានផ្សេងទៀត ហើយឆ្លុះបញ្ចាំងថា ច្បាប់ស្តីពីសារព័ត៌មានមិនត្រូវបានយកមកអនុវត្តឡើយ»។
ខេមបូចា ស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មានផ្សេងទៀតដូចជា លោក រស់ សុឃិត លោក សុខ ឧត្តម និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពីរនាក់គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ព្រមទាំង អតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី គឺលោក អូន ភាព និងលោក ភីធើ ហ្សំបូរ (Zsombor Peter)
ខេមបូចា ក៏សូមអំពាវនាវទៅដល់ក្រសួងព័ត៌មាន ផ្តល់ជូនឡើងវិញនូវអាជ្ញាបណ្ណមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដែលត្រូវបានដកហូតភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី នេះបើតាមលិខិតដែលចេញដោយក្រសួងព័ត៌មានកាលពីខែមេសា។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បាននិយាយថា ការផ្តន្ទាទោសលោក រិទ្ធី មិនគួរចាត់ទុកជាការគំរាមកំហែងលើអ្នកកាសែតអាជីពផ្សេងទៀតនោះទេ ដោយសារតែលោក រិទ្ធី គ្រាន់តែជាអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនគិតថា វាប៉ះពាល់ស្មារតីអ្នកសារព័ត៌មាននោះទេ ពីព្រោះនៅប្រទេសកម្ពុជា មានអ្នកកាសែតច្រើនដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយពួកគេមិនត្រូវបានប៉ះពាល់នោះទេ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ជាមធម្មតា [រដ្ឋាភិបាល] ហាក់ដូចជាតឹងរ៉ឹងបន្តិចទៅលើរឿងដែលទាក់ទងនឹងជំងឺកូវីដ១៩ ប៉ុន្តែក្នុងនាមអ្នកសារព័ត៌មាន យើងគួរយល់ថា វាគឺជាករណីក្នុងគ្រាអាសន្ន ហើយរដ្ឋាភិបាលបានចាត់វិធានការណ៍… ដើម្បីការពារសន្តិសុខនិងអាយុជិវិតរបស់ពលរដ្ឋ»។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយមានប្រសាសន៍ថា លោកជាប់ប្រជុំ។
នៅដើមឆ្នាំនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្សមួយចំនួនដោយចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» អំពីជំងឺកូវីដ១៩។ រហូតមកដល់ត្រឹមថ្ងៃទី ៩ ខែមេសា អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរកឃើញថា មានមនុស្ស២៣នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយមានមនុស្ស១០នាក់ក្នុងចំណោមនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ក្តី ហើយ៨នាក់ក្នុងចំណោមពួកគេគឺជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលត្រូវបានរំលាយរួចហើយនោះ៕