សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ត្រីឡើងថ្លៃ និងបរិមាណមានតិច ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មប្រហុក

អ្នកធ្វើប្រហុកកំពុងរើសត្រី និងលាងសម្អាតត្រីរៀល សម្រាប់ធ្វើប្រហុក។ បញ្ញា ឆព័ណ្ណ
អ្នកធ្វើប្រហុកកំពុងរើសត្រី និងលាងសម្អាតត្រីរៀល សម្រាប់ធ្វើប្រហុក។ បញ្ញា ឆព័ណ្ណ

នៅ​ច្រាំង​ទន្លេ​សាប​ក្នុង​​ស្រុក​ពញាឮ ខេត្ត​កណ្ដាល មនុស្ស​ច្រើន​កុះករ​កំពុងរង់ចាំទិញត្រីពីក្រុម​អ្នក​នេសាទតូចៗ ដែល​ទទួល​ត្រី​បន្តពី​ម្ចាស់​ដាយ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ចាប់ត្រី នៅ​ទន្លេ​សាប។ នៅ​ទី​នោះ​មនុស្ស​ជា​ច្រើន​បាន​រង់ចាំ​យ៉ាងអន្ទះសា​ដើម្បី​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​។​

ពេល​ទូក​ចូលមក​ដល់ច្រាំងជាមួយនឹ​ងត្រីតូចៗដែល​ទើប​នឹង​ចាប់បាន ក្រុម​អ្នក​ចាំទិញ​ត្រី​​ទាំង​នោះ​វិញ​​មាន​ខ្លះ​បាន​ញាប់ដៃ​ញាប់ជើង​លាង​សម្អាត​ត្រី​ និង​កាត់​ក្បាល់ត្រី ខណះអ្នក​ខ្លះ​រអ៊ូរពី​តម្លៃត្រីឡើងខ្ពស់។

«ងាប់ហើយថ្លៃអីថ្លៃម៉្លេះលោក! » នេះជាការស្រែកឡើង​របស់​ស្រ្តីវ័យ​៥០ឆ្នាំ ឡេង ខេម​ មកពី​ខេត្ត​កំពង់ស្ពឺ ជាមួយ​អ្នក​ភូមិជាង​២០នាក់​ផ្សេងទៀតដែល​កំពុង​ឈររង់ចាំទិញត្រីរៀលសម្រាប់​ធ្វើ​ប្រហុក​នៅច្រាំងទន្លេ។

​​រដូវ​ធ្វើត្រី​​ប្រហុក​ ទាំងឈ្មួញ និង​អាជីវករ​តូច​តាច និងប្រជាពលរដ្ឋ​នាំ​គ្នា​ប្រញាប់​ប្រញាល់​​ទិញ​ត្រី​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដែល​រដូវ​កាល​ត្រី​ប្រហុក​ចាប់ពីខែ​វិច្ឆិកា ដល់​ខែ​កុម្ភៈ។​ ការ​នេសាទ​ត្រី​នេះអាស្រ័យ​លើខ្យល់​មូសុង និង​ការហូរ​​​ពី​បឹង​ទន្លេសាប​ចូល​ទន្លេ​មេគង្គ​​វិញ។​

​អ្នកស្រី ខេម បាន​ឲ្យដឹងថា​​កាល​ពី​ឆ្នាំ​ទៅ​ អ្នក​ស្រី​​ទិញ​ត្រី​រៀល​ក្នុង​តម្លៃ​មួយគីឡូក្រាមពី ២ ០០០​រៀល ​៣ ០០០​រៀល ប៉ុន្តែ​នៅ​​ឆ្នាំនេះ ​តម្លៃ​​បាន​ហក់ឡើង ៥ ០០០រៀល ទៅ​៩ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។​

អ្នកស្រីឲ្យ​ដឹង​ថា៖ «ខ្ញុំ​ដាក់​លុយមក​​សម្រាប់​ទិញ​ត្រីធ្វើ​ប្រហុក​ ​១០០​គីឡូ ប៉ុន្តែ​បើថ្លៃយ៉ាង​នេះ មើលទៅ​ប្រហែល​ទិញ​បាន​តែ​៥០​គីឡូក្រាមប៉ុណ្ណោះ​»។​

អ្នកស្រីរួមជាមួយអ្នក​ភូមិជាង​២០នាក់​ផ្សេងទៀត បាន​បោះតង់សម្រាក​មួយយប់នៅច្រាំង​ទន្លេ​ចាំទិញ​ត្រីស្រស់​ពី​ទូក និង​សង្ឃឹម​ថា​តម្លៃ​នឹង​ចុះ​ថោក សមរម្យ​បន្តិច។​ នៅទីនេះ ប្រជាជន​មិន​អាច​​ទិញត្រីផ្ទាល់​ពី ម្ចាស់ដាយ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​នេសាទ​ពីររដ្ឋាភិបាល​នោះទេ។ សូម្បី​អ្នក​នេសាទជាលក្ខណះគ្រួសារ​ និង​អ្នក​នេសាទតូចៗ ក៏ត្រូវ​ទៅទិញត្រីយក​មកលក់​បន្ត​ពី ​ម្ចាស់ដាយ ដែល​ជាមូលហេតុមួយ​ជំរុញ​ឲ្យតម្លៃត្រីឡើង​ថ្លៃផង​ដែរ។

តម្លៃត្រី​បាន​ហក់ឡើង​យ៉ាង​ខ្លាំង​ ដោយសារ​ចំនួន​ត្រី​ចាប់​បាន​នៅ​ទន្លេសាប​បាន​ធ្លាក់​ចុះ ខណៈ​កម្ពស់​​ទឹក​ក៏​ទាប។​ បើ​តាម​តួលេខ​របស់អង្គការ​សម្ព័ន្ធភាពដើម្បី​អភិរក្សធនធានជលផល ផ្ទៃដីព្រៃលិចទឹក​បឹង​ទន្លេសាប​បាន​ថយ​ចុះពីជាង​៦៣៤ ០០០​ហិកតា មកនៅ​ប្រហែល​៣០០ ០០០ហិកតា ក្នុងរយៈពេល​១០​ចុងក្រោយ​នេះ។​

អង្គការ​បរិស្ថាន និង​ដៃគូអភិវឌ្ឍន៍​ផ្សេងៗទៀត បានព្រមានកម្ពុជា​ និង​ប្រទេសនៅ​តាម​​បណ្ដោយ​ដងទន្លេ​មេគង្គពីការកសាងទំនប់វារីអគ្គិសនី ដែល​នឹង​ប៉ះពាល់​ដល់បរិមាណ​ត្រី ក៏​ដូច​ជា​ផល​ប៉ះពាល់​ពី​បញ្ហាបម្រែ​បម្រួលអាកាសធាតុ និង​កម្រិត​ទឹក​កាន់​តែទាប។​

រដ្ឋមន្ត្រី ក្រ​សួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ លោក វេង សាខុន មាន​ប្រ​សាសន៍ថា​ត្រីទឹក​សាបឆ្នាំនេះ​នឹង​​ធ្លាក់ចុះ​ចំនួន​១៣​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។​

​នាយក​ដ្ឋាន​ជលផល​បាន​ប៉ាន់​ប្រមាណ​ថា ការ​ចាប់​ត្រី​ដោយ ម្ចាស់​ដាយនឹង​ធ្លាក់​ចុះ​ចំនួន​៣១​ភាគ​រយ ពី​១៤ ៣២០​តោន ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ប្រហែល​៩ ០០០​តោន​​ក្នុង​រដូវ​ធ្វើ​ត្រីប្រហុក​ឆ្នាំ​នេះ​។​

លោក វេង សាខុន បាន​ច្រាន​ចោលការ​លើក​ឡើង​ថា​ ការ​ធ្លាក់ចុះ​បរិមាណ​ត្រី​មកពី​ការ​កសាង​ទំនប់​​វារីអគ្គិសនីនៅ​តាម​ដង​ទន្លេមេគង្គ ដែលភាគច្រើននៅប្រទេស​​ចិន និងឡាវ។​ លោក​ថ្លែង​ថា​ ​បញ្ហាគឺ​បម្រែ​បម្រួល​អាកាស​ធាតុ។​

លោក​មានប្រសាសន៍ថា៖ «មនុស្ស​ខ្លះតែ​ភ្ជាប់​រឿង​បរិមាណ​ត្រី​ថយ​ចុះ​ទៅ​នឹង​ការ​កសាងទំនប់​វារីអគ្គិសនី ​ទាំង​ទឹកជំនន់​ និង​គ្រោះ​រាំងស្ងួត។ ពួកគេ​ថា​ទឹក​លិច​ទីក្រុង​ភ្នំពេញ ព្រោះ​លុប​បឹង ពួកគេនេះ​ពិត​ជាឆ្កួតមែន ពួកគេ​មិន​បាន​មើល​បញ្ហា​ជាទូទៅ​ទេ»។​

អ្នក​ធ្វើ​ត្រី​ប្រហុកត្អូញត្អែ​ពីតម្លៃ​ត្រី​ឡើង​ខ្ពស់ និង​ត្រីតូចៗ ខណៈការ​ទិញ​ត្រី​ធ្វើ​ប្រហុក​ហក់​ឡើងខ្ពស់​​នៅ​ខែ​នេះ។ បញ្ញា ឆព័ណ្ណ
អ្នក​ធ្វើ​ត្រី​ប្រហុកត្អូញត្អែ​ពីតម្លៃ​ត្រី​ឡើង​ខ្ពស់ និង​ត្រីតូចៗ ខណៈការ​ទិញ​ត្រី​ធ្វើ​ប្រហុក​ហក់​ឡើងខ្ពស់​​នៅ​ខែ​នេះ។ បញ្ញា ឆព័ណ្ណ

លោក ឱម សាវ៉ាត នាយក​អង្គការ​សម្ព័ន្ធភាពដើម្បី​អភិរក្សធនធានជលផល​ មាន​ប្រសាសន៍​ថា​​ការ​ធ្លាក់ចុះ​នៃបរិមាណ​ត្រីធម្មជាតិ​នៅ​ឆ្នាំនេះ ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា​បម្រែ​ប្រួល​អាកាសធាតុ នេសាទ​ខុស​ច្បាប់ និង​ការកសាង​ទំបន់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ខណៈ​ជម្រក​ត្រី​ដែល​ជាព្រៃលិចទឹក​ត្រូវ​បំផ្លាញ។​

លោក​បន្តថា៖ «​យើង​បារម្ភពី​​ការ​ធ្លាក់ចុះបរិមាណត្រីនៅ​ឆ្នាំ​នេះ មក​ពី​ការ​អភិវឌ្ឍ​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដងទន្លេមេគង្គ ទាំង​នៅ​ផ្នែក​ខាង​លើ និង​ខាង​ក្រោម ដែល​ធ្វើ​កម្ពស់​ទឹក​ទន្លេ​ទាប​»។​

លោក​ឲ្យ​ដឹង​ទៀត​ថា​​​ទឹក​ទន្លេមេគង្គ​មាន​កម្រិត​ទាបរយៈពេល​ពីរឆ្នាំមក​ហើយ ហើយ​ឆ្នាំនេះ​កាន់តែទាប​ដែល​ធ្វើ​​ឲ្យ​ទឹក​ទន្លេ​សាប​ទាប​ផងដែរ ក្នុង​កម្រិត ៥ម៉ែត្រ ខណៈ​ត្រី​រៀល​ត្រូវ​ការ​ទឹក​ជម្រៅ​ពី៨ ទៅ​១០​ម៉ែត្រ​ ដើម្បី​លូត​លាស់ និង​រស់​​នៅ​បាន​។​

លោក​បន្ថែមថា​រដ្ឋាភិបាល​​ត្រូវ​គិត​គូ​បន្ទាន់​លើ​បញ្ហា​មួយ​ចំនួនទៀត ដូច​ជា​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​ពារ​តំបន់​អភិរក្សព្រៃលិច​ទឹកនៅ​តំបន់​បឹង​ទន្លេសាប ដែល​ជាជម្រក​​ត្រី​ពង​។​

ផុន ចាន់ វ័យ​៥៧​ឆ្នាំ ជាអាជីវករម្នាក់​​នៅ​សង្កាត់កំបូល រាជធានីភ្នំពេញ ដែល​បាន​មក​ទិញ​ត្រីសម្រាប់​ធ្វើ​ប្រហុកសម្រាប់​គ្រួសារ​ បាន​លើក​ឡើង​ថា ត្រីឆ្នាំនេះ​តូចៗណាស់ តែបែជាថ្លៃ​ទៅ​វិញ។

លោក​បន្តថា «​កាល​ពី​មុន ត្រីធំៗ​ណាស់ ហើយ​យើង​សម្បូរត្រីហូបណាស់ ប៉ុន្តែ​ឥឡូវ​ចំនួន​ត្រី​ធ្លាក់ចុះ ខណៈចំនួន​ប្រ​ជាពល​រដ្ឋ​ [និង​តម្រូវការ]​កើន​ឡើង»

​បើ​តាម​របាយ​ការណ៍​របស់​ក្រ​សួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ចេញ​ផ្សាយ​កាលពីខែ​តុលា បរិមាណ​ផល​ត្រី​នេសាទ​បាន​ចំនួន​២៥០ ០០០​តោន ធ្លាក់ចុះចំនួន​៩៦៥​តោន​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ​។ របាយការណ៍បង្ហាញថា ​ចំនួន​នាំចេញផល​នេសាទស្រស់​ធ្លាក់​ចុះ​៧៨​ភាគ​រយ​ និង​កែច្នៃ​ធ្លាក់ចុះ​៩៤​ភាគ​រយ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ High costs and low fish catch imperil ‘prahok’ production

453 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម