សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុន OCIC កំពុងចាក់ដីចូលទន្លេសាប ក្រោមគម្រោងអភិវឌ្ឍន៍​សួនច្បារនៅក្បែរគល់ស្ពាន​បាឡេ

កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្នុងសកម្មភាពដ៏មមាញឹកមួយក្បែរគល់ស្ពានបាឡេទល់មុខមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍នៃក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation) ក្នុងខណ្ឌជ្រោយចង្វារ សាឡង់បានកំពុងចាក់ថ្មនិងខ្សាច់ចូលក្នុងទន្លេសាប ខណៈផ្នែកខ្លះខ្សាច់បានគ្របដណ្ដប់​លើផ្ទៃទឹកប្រមាណ៣០ម៉ែត្រពីច្រាំងរួចហើយ។

យោងតាមកម្មករដែលកំពុងធ្វើការក្នុងការដ្ឋាននោះ​ ដែលមិនហ៊ានបញ្ចេញឈ្មោះ​ដោយ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានឱ្យដឹងថា នេះគឺជាគម្រោងអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន OCIC ដើម្បីសាងសង់សួនច្បារនិងច្រាំងទន្លេ ហើយពួកគេបាន​ចាប់ផ្ដើមសាងសង់​អស់រយៈ​ពេល​៣ខែរួចមកហើយ និងគ្រោងបញ្ចប់នៅត្រឹមខែកក្កដាខាងមុខ។

ប្រភពដដែលបន្តថា គម្រោងនេះហាក់មានការប្រែប្រួល ដោយសារអាជ្ញាធរតម្រូវឱ្យ​ខិត​ចូល​ផ្ទៃទឹកខាងក្នុងបន្តិច ព្រោះការចាក់ថ្មនិងខ្សាច់បានចូលទៅខាងទន្លេជ្រៅពេក។

អ្នកសារព័ត៌មានខេមបូចាបានសាកសួរប្រជាពលរដ្ឋចំនួន៤នាក់ដែលរស់នៅជុំវិញតំបន់​អភិវឌ្ឍនេះ ប៉ុន្តែពួកគេបានអះអាងថា ពុំបានដឹងរឿងអ្វីទាក់ទិននឹងការអភិវឌ្ឍនេះឡើយ និង​ប្រាប់ឱ្យសួរព័ត៌មានទៅកាន់ពលរដ្ឋផ្សេងទៀត។

អាជីករលក់ទឹកអំពៅតាមរទេះម៉ូតូ អ្នកស្រី កឺ រដ្ឋា និយាយថា អ្នកស្រីបានជិះឆ្លងកាត់ស្ពាន​បាឡេនេះចំនួន២ដងក្នុងមួយថ្ងៃ ប៉ុន្តែមិនចាប់អារម្មណ៍ថាមានការដ្ឋានសាងសង់​នៅគល់ស្ពាន​នោះឡើយ។

អ្នកស្រីនិយាយថា៖ «ឃើញតែស្លាកធំៗតែមិនដឹងថាគេសាងសង់អ្វី។(គេធ្វើសួន)បើសិនជា​គេឱ្យលក់យើងចេះតែលក់ តែប្រសិនគេដេញយើងម៉េចហ៊ានលក់»

កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំង​ទន្លេសាប​ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបដិសេធចំពោះការលើកឡើង​ថាក្រុមហ៊ុនបានចាក់ខ្សាច់និងថ្មចូលទន្លេសាបដើម្បី​អភិវឌ្ឍលើផ្ទៃទឹកទន្លេ។

លោកថ្លែងថា៖ «គេធ្វើនៅលើ[ដី]តើ អូនឯងមើលពេលគេអត់ទាន់[ហើយ] [ពេលរួចរាល់] គេនឹងកាយគេអី ប្រហែលជាមើលអត់អស់។ អ្នកដែលមើល មើលអត់យល់ គេអត់មាន​ធ្វើនៅខាងក្នុង[ទឹក]ទេ ធ្វើនៅលើគោកនេះទេ»

បើតាមអគ្គនាយករងក្រុមហ៊ុន​ OCIC រូបនេះ ឱ្យដឹងថា ការចាក់ខ្សាច់និងថ្ម ដែលមាន​ទីតាំង​នៅទល់មុខមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន OCIC ក្បែរស្ពានបាឡេ គឺដើម្បី​ធ្វើសួនច្បារ និងច្រាំងទន្លេ ដែលមានបណ្ដោយតាមច្រាំងទន្លេប្រវែង ១ ១០០ម៉ែត្រ និងទទឹង​គិតពីច្រាំងទន្លេ បូកនឹងសួនច្បារប្រមាណ៣០ទៅ៤០ម៉ែត្រ។

គម្រោងទីក្រុងរណបជ្រោយចង្វារ អភិវឌ្ឍឡើងដោយក្រុមហ៊ុនOCIC  ដែលត្រូវបានគេ​ស្គាល់ថា​ជារបស់មហាសេដ្ឋី លោក ពង់ ឃាវសែ បានគ្របដណ្ដប់លើផ្ទៃដីជាង២០០ហិកតា លាតសន្ធឹងចាប់ពីគល់ស្ពានជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦អា។ គម្រោងទីក្រុង​រណបនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០១២ ជាមួយនឹងទុនវិនិយោគ​ជាង​២ពាន់លានដុល្លារ។

ក្រុមហ៊ុនដដែលនេះ បាននឹងកំពុងចាក់ខ្សាច់ដើម្បីបំពេញសម្រាប់គម្រោង​អភិវឌ្ឍន៍​ខ្នាតធំ​របស់​ប្រទេសកម្ពុជា គឺទីក្រុងរណបដ៏ធំមួយនៅកោះនរាហ៍ ស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ លើទំហំសរុប១២៥ហិកតា។ ក្រុមហ៊ុនមួយនេះ ក៏ត្រូវបានគេស្គាល់ថាជាអ្នកចាក់ខ្សាច់ចូលក្នុង​ទន្លេសាបដើម្បីបង្កើតទីក្រុងរណបកោះពេជ្យឡើង ដែលសព្វថ្ងៃមានទីតាំងស្ថិតនៅ​ប្រសព្វ​ទន្លេបួនមុខផងដែរ។

មន្រ្តីសង្គមស៊ីវិលនិងអ្នកជំនាញ បានបង្ហាញក្ដីបារម្ភពីការរអាក់រអួល​នៃចរន្តទឹកហូរដោយសារ​ផ្លូវទឹករួមតូចជាងមុន ដែលអាចបង្កឱ្យមានការជន់លិចក្នុងតំបន់​អភិវឌ្ឍនោះអំឡុង​ពេលមាន​ទឹកជំនន់ម្ដងៗ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកវិនិយោគិន បង្ហាញពីមោទនភាពចំពោះការអភិវឌ្ឍនេះ។

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជន​កម្ពុជា យល់ឃើញថា ក្រុមហ៊ុនគួរតែយកដីដែលទទួលបានសម្រាប់ការអភិវឌ្ឍធ្វើជាសួនច្បារ ជំនួសឱ្យការចាក់ដីចូលក្នុងទន្លេដើម្បីការអភិវឌ្ឍន៍។

លោក គឹមហុង និយាយថា៖ «អ្វីដែលយើងព្រួយបារម្ភគឺស្ថានភាពទន្លេដែលកន្លងមកធ្លាប់មានការបាក់ ប្រសិនបើធ្វើការចាក់តែមួយកន្លែងវាអាចបង្កឱ្យមានចរន្តទឹកហូរមិនស្មើឬក៏វាអាចបង្កឱ្យមានហានិភ័យណាមួយបង្កឱ្យមានការបាក់ច្រាំងទន្លេកើតឡើង»

កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំង​ទន្លេសាប​ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោក ហែម ឧត្តម ជាអ្នកប្រឹក្សាយោបល់ឯករាជ្យសម្រាប់អភិបាលកិច្ចធនធានធម្មជាតិ​នៃទន្លេសាប បានចង្អុលបង្ហាញថា ការលុបបឹងដ៏ច្រើនលើសលប់ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ បានដាក់សម្ពាធរួចជាស្រេចលើផ្លូវទឹកឱ្យហូរទៅកាន់តែច្រកទន្លេ។

លោកមានប្រសាសន៍ថា៖ «ទឹកជំនន់កាន់តែអាក្រក់វានឹងសាយភាយទៅលើហេដ្ឋា​រចនាសម្ព័ន្ធ ដែលនៅក្បែរៗនោះ»

ក្រោយទទួលបានរូបភាពនិងវីឌីអូបង្ហាញអំពីការចាក់ថ្មនិងខ្សាច់ចូលទន្លេសាប លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បដិសេធក្នុងការឆ្លើយតបពាក់ព័ន្ធ​នឹងការចាក់ខ្សាច់ចូល​ទន្លេសាបនេះ ដោយប្រាប់ឱ្យសួរទៅកាន់អាជ្ញាធរក្រុងភ្នំពេញជំនួសវិញ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់ថា នេះគឺជាគម្រោង​អភិវឌ្ឍន៍​ដោយក្រុមហ៊ុន OCIC ដើម្បីធ្វើសួនច្បារសាធារណៈ ហើយត្រូវបានគាំទ្រដោយរដ្ឋ ព្រោះវា​ជាប្រយោជន៍រួមរបស់ពលរដ្ឋគ្រប់រូប។

លោកឱ្យដឹងថា៖ «កាលណាយើងធ្វើសួនធ្វើស្អី យើងមិនអាចតម្រឹម[ច្រាំងទន្លេ]កន្លែងចាស់​បាន វាបាក់វាពិបាក គេធ្វើអាហ្នឹងដើម្បីទប់វា»

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម ប្រាប់ឱ្យអ្នកសារព័ត៌មាន​ខេមបូចាខលសួរលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបជំនួសវិញ ដោយសារ​លោកជាប់រវល់។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹកនិងឧត្តុនិយម មាន​ប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាន​អ្វីទាក់ទិននឹងការចាក់ដីលុប​ទន្លេសាបនេះ​ឡើយ។

លោកប្រាប់ថា៖ «ខ្ញុំមិនដឹងច្បាស់ដែរ ខ្លូនខ្ញុំផ្ទាល់គឺអត់បានទទួលព័ត៌មាននេះ ចឹងមិនអាចបកស្រាយអ្វីឡើយ»

យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា​ទី១២ ឱ្យដឹងថា ការលុបទន្លេ ស្ទឹង ព្រែក អូរ បឹងបួ ប្រឡាយ អាងទឹក និងអាងធម្មជាតិ តម្រូវ​ឱ្យមានការសុំអាជ្ញាប័ណ្ណទឹកឬលិខិតអនុញ្ញាត។

ទន្ទឹមនេះ មាត្រាទី១៧ បន្ថែមថា ក្រសួងធនធានទឹក និងឧត្តុនិយមអាចធ្វើការកែប្រែ ព្យួរ​ទុក​ឬលុបចោលបាននូវអាជ្ញាបណ្ណទឹកក្នុងករណីរកឃើញថា អ្នកកាន់អាជ្ញាប័ណ្ណទឹក បានធ្វើឱ្យ​ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។ល។

ដោយឡែកមាត្រាទី២៤នៃច្បាប់គ្រប់គ្រងទឹកដដែលនេះ បានគូសបញ្ជាក់ថា ក្រសួង​ធនធានទឹក និងឧត្តុនិយម អាចហាមឃាត់ជាបណ្ដោះអាសន្ននូវសកម្មភាព​នានាដែលបង្ក​ការខូចខាតដល់វិធានការការពារគ្រោះទឹកជំនន់ឬរារាំងចរន្តទឹកហូរធម្មជាតិ។

ជាមួយគ្នានេះ មាត្រាទី៣៦ បានសង្កត់ធ្ងន់ថា ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី​ប្រាំលានរៀល​ដល់ដប់លានរៀល  ឬដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះបុគ្គលណាដែល បង្កឧបសគ្គ​ឬធ្វើឱ្យរាំងស្ទះដល់លំហូរធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយដោយគ្នានការអនុញ្ញាត៕

1,547 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម