សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋ​នៅកោះមាសបារម្ភ​ពីការទទួលសំណងមិនសមរម្យនៃគម្រោងអភិវឌ្ឍន៍ដ៏ចម្រូងចម្រាស

តំណាងប្រជាពលរដ្ឋនៅតំបន់កោះមាស ចូលរួមក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកសាលាស្រុកកៀនស្វាយ)
តំណាងប្រជាពលរដ្ឋនៅតំបន់កោះមាស ចូលរួមក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកសាលាស្រុកកៀនស្វាយ)

ប្រជាពលរដ្ឋនៅតំបន់កោះមាសប្រមាណ១០០គ្រួសារ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងខណ្ឌពីរផ្សេងទៀតក្នុងខេត្តកណ្តាល កំពុងប្រឈមនឹងការបាត់បង់ដីស្រែចម្ការ បន្ទាប់ពីអាជ្ញាធរមិនព្រមផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ កន្លងមក ពួកគាត់ក៏​ត្រូវ​បាន​ប្រាប់ឱ្យដោះស្រាយ​ពីបញ្ហានេះដែរ ជាមួយ​ក្រុមហ៊ុន ឃុន សៀ អ៊ិមផត អ៊ិចផត ដែល​ទទួលបានសិទ្ធិកាន់កាប់ដីនេះ​តាម​អនុក្រឹត្យ​ឆ្នាំ២០២០។

ក្នុងជំនួបកាលពីថ្ងៃទី២៥ ខែមីនានេះ អាជ្ញាធរស្រុកកៀនស្វាយ បានប្រាប់ទៅតំណាងប្រជាពលរដ្ឋថា រដ្ឋមិនអាចផ្តល់បណ្ណកម្មសិទ្ធិជូនពួកគាត់បានទេ ដោយថារដ្ឋាភិបាលបានសម្រេចជួលដីកោះមាសទៅឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ ដើម្បីអភិវឌ្ឍ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​បាន​លើក​ឡើង​ថា សំណង​ដែល​ក្រុមហ៊ុន​ផ្តល់ឱ្យ​គឺមានតម្លៃ​ទាប​ជាង​ទីផ្សារ​ឆ្ងាយ ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ចាប់ផ្ដើម​ជីវិត​ឡើង​វិញ។ យ៉ាងណាមិញ ទោះបីជាមានការអំពាវនាវទៅអាជ្ញាធរក៏ដោយ តែពួកគាត់បានត្រឹមតែទទួលការឆ្លើយតបវិញថា អនុក្រឹត្យស្តីពីការផ្ទេរ និងការអភិវឌ្ឍដីមិនអាចលុបចោលវិញបានទេ។ កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋ មានភាពមិនច្បាស់លាស់អំពីអនាគតរបស់ពួកគេ។

យោងតាមអនុក្រឹត្យលេខ ២១០  ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដីកោះមាស មានទំហំ ៣៤០ហិកតា និង ៦១អា ដែលលាតសន្ធឹងលើខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។

អនុក្រឹត្យដដែលបានបញ្ជាក់ថា ដីមួយផ្នែកត្រូវចុះបញ្ជីផ្ទេរទៅរដ្ឋបាលរាជធានីភ្នំពេញ និងមួយផ្នែកទៀតទៅរដ្ឋបាលខេត្តកណ្តាល ដែលត្រូវជួលឱ្យក្រុមហ៊ុន ឃុន សៀ អ៊ិមផត អ៊ិចផត ដើម្បីអភិវឌ្ឍរយៈពេល ៥០ឆ្នាំ។

លោក កុល ដារ៉ា អាយុ ៣៦ឆ្នាំ ជាពលរដ្ឋរស់នៅភូមិចុងកោះ ស្រុកកៀនស្វាយ ដែលបានចូលរួមកិច្ចប្រជុំជាមួយមន្ត្រីសាលាស្រុកកៀនស្វាយ កាលពីថ្ងៃទី២៥ ខែមីនានេះ ឱ្យដឹងថា អភិបាលស្រុកបានប្រាប់ប្រជាពលរដ្ឋថា ដីនៅរាជធានីភ្នំពេញត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលខេត្តកណ្តាលហើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ត្រូវបានអាជ្ញាធរប្រាប់ដែរថា អនុក្រឹត្យមិនអាចលុបចោលបានទេ ប៉ុន្តែដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នឹងទទួលបានសំណង ៥ ទៅ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ពីខាងក្រុមហ៊ុន ក្រោមការសម្របសម្រួលដោយអាជ្ញាធរស្រុកកៀនស្វាយ។

បើតាមលោក ដារ៉ា អភិបាលស្រុកកៀនស្វាយបានមានប្រសាសន៍ថា អាជ្ញាធរស្រុកមានតួនាទីក្នុងការសម្របសម្រួលជម្លោះដីធ្លី រួមទាំងការស្នើសុំ ការផ្ដល់សំណង និងការចរចាជាមួយក្រុមហ៊ុន។

ជាម្ចាស់ដីទំហំប្រមាណ ២ ៥០០ម៉ែត្រការ៉េ ដែលលោកបានទិញកាលពីឆ្នាំ២០១៦ លោក ដារ៉ា ថា គាត់មិនអាចទទួលយកសំណងដែលទាបនេះឡើយ។ ជុំវិញបញ្ហានេះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ជន​ឆ្លៀត​ឱកាស​ពី​ការ​ចរចា​សំណង។

លោក ដារ៉ា លើកឡើងថា៖ «ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព»

ពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី សូ ស៊ីឡាត អាយុ ៤៤ឆ្នាំ រស់នៅភូមិកោះប្រាក់ ស្រុកកៀនស្វាយ បានឱ្យដឹងថា គាត់បានទទួលកេរមរតកដីនៅលើកោះមាសនេះពីឪពុកម្តាយរបស់គាត់ ដែលកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ក្នុងនោះដីរបស់គាត់មានទទឹងប្រវែង ១៣ម៉ែត្រ និងបណ្តោយប្រវែង ១ ០០០ម៉ែត្រ។

អ្នកស្រី​ មានការខកចិត្ត​នៅពេល​ដឹងថា​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​មិនបាន​ពិភាក្សា​រក​ដំណោះស្រាយ​ចំពោះ​សំណើ​របស់​ប្រជាពលរដ្ឋ​ក្នុង​ផ្ដល់​បណ្ណកម្មសិទ្ធិ​ដីធ្លី​ និង​ការលុបចោល​អនុក្រឹត្យ​ឡើយ។ មិនខុសពីលោក តារ៉ា អ្នក​ស្រី​ក៏​យល់​ថា សំណង​ចន្លោះ​ពី ៥ ទៅ ៨ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ គឺជា​ចំនួន​តិចតួច​សម្រាប់ពលរដ្ឋ ព្រោះ​ពួក​គាត់​មិន​អាច​យក​លុយ​នោះ​ទៅ​ទិញ​ដី​ថ្មី​ដើម្បី​រស់​នៅ​ឡើយ ខណៈ​តម្លៃ​ដីបន្ត​ឡើង​ថ្លៃ។

ពលរដ្ឋវ័យ៤៤រូបនេះ បាននិយាយថា៖ «ពួកយើងមិនអាចទិញដីក្នុងតម្លៃនេះបានទេ ដូច្នេះវាពិបាកសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលយក ហើយយើងនឹងរង់ចាំរហូតដល់មានដំណោះស្រាយសមស្រប»។ អ្នកស្រីបន្ថែមថា គាត់មិនបានដឹងអំពីគម្រោងអភិវឌ្ឍន៍នៅតំបន់កោះមាសនេះឡើយ រហូតដល់ពេលមួយគាត់ទទួលបានព័ត៌មានថាដីនេះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនរបស់លោក ឃុន សៀ។

អ្នកស្រី ស៊ីឡាត បន្តថា ដី​នេះ​គឺជា​ប្រភពនៃចំណូលទាំងស្រុងរបស់ប្រជាពលរដ្ឋ។ ​សព្វថ្ងៃ អ្នកស្រីបានដាំ​ដើមល្ហុង ចេក និង​ឫស្សី ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ ដូច្នេះ​ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​មិន​មាន​តម្លាភាព  និង​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋនោះទេ វា​នឹង​ប៉ះពាល់​ដល់​ចំណូល​គ្រួសាររបស់ពួកគាត់​យ៉ាងខ្លាំង។

អ្នកស្រី​បន្ថែមថា​៖ «​ការ​ដោះ​ដូរ​ត្រូវ​តែអាចទទួលយកបានទាំងសងខាង។ អ្នក​ទិញ​ដី​មិន​អាច​ផ្តល់​តម្លៃ​ទាប​ពេក ហើយ​ប្រជាជន​ក៏​មិន​អាច​ទាមទារ​តម្លៃ​ខ្ពស់​ពេកជាថ្នូរនឹងការ​ដោះ​ដូរ​ជីវភាព​របស់​ពួក​គាត់នោះដែរ»

ស្រដៀងគ្នានេះដែរ លោក ជុំ សំអឿន អាយុ ៧១ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល ឃុំក្បាលកោះ មានប្រសាសន៍ថា ការអភិវឌ្ឍណាមួយគួរតែមានតម្លាភាព ដើម្បីអាចឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីវា និងមានលទ្ធភាពផ្គត់ផ្គង់គ្រួសារ។ ជាមួយគ្នានេះដែរ លោកក៏​បាន​ស្នើ​ឱ្យ​មាន​ការ​សិក្សា​លើ​តម្លៃ​ទីផ្សារ​ដើម្បី​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋនូវ​ក្របខណ្ឌ​សមស្រប​មួយ​ដើម្បី​បន្ត​ការ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ។

លោក សំអឿន បានបន្តថា៖ «តើយើងអាចអភិវឌ្ឍយ៉ាងដូចម្តេច ដែលស្របពេលជាមួយគ្នាអាចឱ្យប្រជាពលរដ្ឋបន្តរស់បាន? ប្រសិន​បើ​ការ​អភិវឌ្ឍ​ត្រូវយក​ដី​របស់​ប្រជាពលរដ្ឋ​ដែលមានដីច្រើន តែបែរជាផ្ដល់សំណងតិចពេក នោះយើង​នឹង​មិន​អាច​រស់​នៅ​បាន​ទេ»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ឈឹម រី បានឱ្យដឹងដែរថា ការ​ផ្ទេរ​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែលធ្លាប់អាស្រ័យផល​រាប់​ឆ្នាំមកហើយទៅឱ្យឧកញ៉ា គឺ​ជា​ការ​មិន​គោរព​សិទ្ធិ​ពលរដ្ឋ។

លោក រី បានឱ្យដឹងថា៖ «[វាដូចជាកេងប្រវ័ញ្ចលើកម្លាំង] ញើសឈាមរបស់ប្រជាពលរដ្ឋដើម្បីតែការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាជនរាប់រយគ្រួសារស្រក់ទឹកភ្នែក»។ លោកបន្ថែមថា ដីដែលគាត់រស់នៅតាំងពីឆ្នាំ១៩៧៩នេះ គឺស្របច្បាប់។

លោក រី ប្រាប់ថា៖ «ដូច្នេះ​ការ​អភិវឌ្ឍ ឬ​ដំណោះស្រាយ​ណាមួយ​គួរតែ​គិត​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​មុន​សិន។ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ជាង ១០០​គ្រួសារ ដោយសារ​ពួកគេ​មិន​មាន​ដី​គ្រប់គ្រាន់​សម្រាប់​ដាំ​ដំណាំ»។ លោក​បាន​បន្ត​ថា​៖ «​ប្រជា​ពលរដ្ឋ​ហាក់​ដូច​ជា​គ្មាន​សិទ្ធិទាមទារអ្វីនោះឡើយ បើ​គេ​ចង់បាន គេនឹងយកភ្លាម [​ហើយទៅ​ប្រគល់​ឱ្យឧកញ៉ា​ដើម្បី​អភិវឌ្ឍ] ដែលវាដូចជាហួសហេតុពេកហើយ»

អនុភូមិកោះមាស លោក ឯម លុច វ័យ ៦០ឆ្នាំ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃអង្គារនេះ ធ្វើឡើងដើម្បីជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ទេរដីទៅឱ្យរដ្ឋបាលខេត្តកណ្តាលដើម្បីធ្វើការគ្រប់គ្រង ក៏ដូចជាដោះស្រាយបញ្ហាទាក់ទងនឹងការអភិវឌ្ឍ ដែលប៉ះពាល់ដល់ដីប្រជាពលរដ្ឋជាង ១៥០គ្រួសារ។ យ៉ាងណាមិញ លោក​ថា អាជ្ញាធរ​មិន​អាច​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​នោះទេ ព្រោះ​ដី​នេះ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រួច​ហើយ។

លោក លុច បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​នឹងធ្វើការ​ដោះស្រាយ​បញ្ហានេះជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​កសិកម្មនៅតំបន់​កោះ​មាស»

អនុភូមិវ័យ៦០ឆ្នាំរូបនេះ បន្តថា លោកមិនជំទាស់នឹងការអភិវឌ្ឍនោះទេ ប៉ុន្តែសង្ឃឹមថាពលរដ្ឋនឹងទទួលបានសំណងសមរម្យមួយ សម្រាប់យកទៅទិញដីថ្មីដើម្បីចិញ្ចឹមជីវិតឡើងវិញ​។ លោកបន្ថែមថា៖ «តម្លៃដីបច្ចុប្បន្ន​ថ្លៃណាស់ បើ​ឱ្យសំណង​ទាប​ពេក ពលរដ្ឋនឹងមិនអាចធ្វើអ្វីបានឡើយ»

ជាមួយគ្នានេះ លោក សេង គឹមលី អភិបាលរងស្រុកកៀនស្វាយ បានប្រាប់ សារព័ត៌មានខេមបូចា ថា លោកមិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ ហើយក៏មិនដឹងពីដំណើរការនៃជម្លោះដីធ្លីនេះដែរ ដោយសារលោកជាប់រវល់ទៅចូលរួមប្រជុំលើកិច្ចការផ្សេងទៀត។

អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ បានប្រាប់ សារព័ត៌មានខេមបូចា ថា អាជ្ញាធរគួរតែស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋជាមុនសិន ហើយសិក្សាលើឯកសារកម្មសិទ្ធិដី ដើម្បីប្រាកដថាពួកគាត់អាចទទួលបានសំណងសមរម្យ។ 

លោក មួយឡៃ សង្កេត​ឃើញ​ថា ជាធម្មតារដ្ឋអនុវត្តលើគោលការណ៍តម្លៃរបស់រដ្ឋ ដែលវាមានភាពខុសគ្នាទាំងស្រុងពីតម្លៃទីផ្សារ។ លោកបន្តថា សំណង ៥ ទៅ ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ គឺមិន​ស័ក្តិសម​នឹងតម្លៃ​ដី​នៅរាជធានី​ភ្នំពេញនោះ​ទេ។ លោកនិយាយថា៖ «ប្រជាពលរដ្ឋនឹងមិនសប្បាយចិត្តក្នុងការទទួលយកសំណងក្នុងចំនួននេះឡើយ»

លោកបានបន្ថែមថា៖ «គួរតែមានគណៈកម្មាធិការដើម្បីធ្វើការសិក្សាវាយតម្លៃលើតម្លៃទីផ្សារ។ វាជាវិធីសាស្ត្រដ៏ល្អបំផុត»

ក្នុងនោះផងដែរ លោកថា មុននឹងធ្វើការកាត់ដីនៅតំបន់ណាមួយទៅឱ្យក្រុមហ៊ុនឯកជន ឬមុននឹងចុះកិច្ចសន្យា រដ្ឋគួរតែផ្ដល់ដំណឹងជូនប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើការពិភាក្សា។ ក្នុងន័យនេះលោកថា វាក៏នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋមានពេលគ្រប់គ្រាន់ដើម្បីតវ៉ាផងដែរ ដោយជំរុញឱ្យអាជ្ញាធរមានតម្លាភាព និងធានាកុំឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដោយសារការអភិវឌ្ឍ។

ក្នុងឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលុបច្រាំងទន្លេមេគង្គដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់ សារព័ត៌មានខេមបូចា ថា ពួកគេមិនត្រូវបានគេជូនដំណឹងអំពីគម្រោងនេះជាមុនទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Koh Meas Residents Fear Unfair Compensation Amid Controversial Development Project

119 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម