ប្រជានេសាទ និងអ្នកប្រមូលទិញត្រីនៅតាមតំបន់មួយចំនួនបានលើកឡើងដោយត្អូញត្អែរស្រដៀងគ្នាថា នៅក្នុងរដូវបើកនេសាទឆ្នាំនេះ ពួកគេបានជួបប្រឈមបញ្ហាថ្មីថែមទៀត ក្នុងការរកប្រាក់ចំណូល ដោយសារពុំសូវមានអ្នកទិញត្រីយកទៅធ្វើជាប្រហុក ផ្អក ឬត្រីឆ្អើរច្រើនដូចកាលពីឆ្នាំមុនៗឡើយខណៈស្ថានភាពសេដ្ឋកិច្ចទូទៅរបស់ប្រជាពលរដ្ឋជួបការលំបាក។
យ៉ាងណាក្តី ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០២៤កម្ពុជាទទួលបានផលិតផលជលផលសរុបជិត១លានតោន គឺមានការកើនឡើង៦០ពាន់តោនស្មើនឹង៧%បើធៀបទៅនឹងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទបានចំនួន៣១៩៤ករណី ក្នុងនោះជនល្មើសជលផល៦៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ។
រដ្ឋបាលជលផលកាលពីពេលថ្មីៗនេះបានប្រកាសរដូវបើកនេសាទឆ្នាំ២០២៤-២០២៥ដោយបានបង្ហាញការសង្កេតថា ក្នុងរដូវនេសាទនេះត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ប៉ុន្តែយ៉ាងណាក្តីអ្នកនៅក្នុងវិស័យនេះបានត្អូញត្អែរពីការលំបាកដែលខ្លួនមិនអាចបង្កើនប្រាក់ចំណូលបានដោយសារតែត្រីលក់មិនបានថ្លៃថែមទាំងមិនសូវមានអ្នកទិញត្រី។
លោក ម៉ន សាអ៊ិ អាយុ៤២ឆ្នាំ ជាអ្នកនេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលឱ្យដឹងថា ឆ្នាំនេះលោកធ្វើការនេសាទត្រីបានរាងច្រើនគួរសមដែរបើប្រៀបធៀបកាលពីឆ្នាំមុនៗ។ លោក សាអ៊ិ បន្តថា ក្នុង១ថ្ងៃលោក២នាក់ប្តី ប្រពន្ធ បើខំធ្វើការនេសាទគឺអាចបានត្រីពី១០០ឬជិត២០០គីឡូក្រាមប៉ុន្តែច្រើនតែត្រីតូចៗមិនសូវមានត្រីធំទេ។
លោកនិយាយថា៖ «យើងនេសាទបានរាងច្រើនមែនប៉ុន្តែនៅតែពិបាកដោយសារត្រីលក់បានថោក ម៉្យាងទៀតឆ្នាំនេះ មិនសូវឃើញមានអ្នកមកទិញត្រីធ្វើប្រហុកធ្វើត្រីឆ្អើរអីច្រើនដូចកាលពីឆ្នាំមុនៗទេ ដល់អ៊ីចឹងយើងក៏មិនសូវខំអូសត្រីដែរ ពីព្រោះអូសបានច្រើនតែត្រីតូចៗហើយអត់សូវមានអ្នកទិញ»។
លោក ឡោ ឃាង ម្ចាស់អាជីវកម្មនៅដាយត្រីលេខ១៥ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលបានឱ្យដឹងថា ឆ្នាំនេះទិន្នផលត្រីទឹកសាបដែលនេសាទបានមានចំនួនកើនឡើងបើធៀបទៅនឹងឆ្នាំមុនប៉ុន្តែតម្លៃមានការធ្លាក់ចុះ។ ការកើនឡើងនៃទិន្នផលត្រីនេះ ត្រូវបានលោកឡោ ឃាងពន្យល់ថា គឺដោយសារនៅរដូវបិទនេសាទទឹកទន្លេមេគង្គបានហូរចាក់ចូលមកបឹងទន្លេសាបរហូតធ្វើឲ្យទឹកឡើងឥតឈប់រហូតដល់ចុងឆ្នាំហើយដល់ទឹកឡើងឥតឈប់ទឹកចាស់អត់ស្អុយទេ។ កាលណាទឹកចាស់អត់ស្អុយហើយទឹកថ្មីនាំពូជត្រីចូលទៅវាធ្វើឱ្យត្រីរស់នៅក្នុងទឹកបានល្អគឺវារស់បានច្រើនកើតកូនកើតចៅបានច្រើន។
លោកនិយាយថា៖ «ត្រីធ្លាក់ថ្លៃដោយសារត្រីវាច្រើនយើងមិនអាចលក់ថ្លៃបានទេ យើងទម្លាក់ថ្លៃឱ្យគាត់ទិញធ្វើម៉េចឱ្យគាត់ទិញឱ្យបានច្រើនយកទៅហូប ពីព្រោះបើកាលណាយើងនៅតែបន្តលក់ថ្លៃហើយត្រីយើងនៅសល់ច្រើនដែរចឹងក្នុងនាមយើងអ្នកធ្វើអាជីវកម្មយើងទាមទារឱ្យប្រជាពលរដ្ឋគាត់ទិញឱ្យបានច្រើន»។
ម្ចាស់ដាយត្រីរូបនេះ លើកឡើងថា កាលពីឆ្នាំមុនត្រី១គីឡូមានតម្លៃដល់៣០០០រៀល តែឥឡូវត្រីប្រហុក១គីឡូ៣០០រៀល ដូច្នេះប្រជាពលរដ្ឋចំណាយតែតែ៤-៥ម៉ឺនរៀលអាចទិញបានត្រីប៉ុន្មានរយគីឡូ។ និយាយទៅច្រើនឆ្នាំហើយអត់ដែលមានត្រីចុះថោកដូចឆ្នាំនេះទេ។
ប៉ុន្តែលោកឡោ ឃាង ថ្លែងថា ធ្វើដាយត្រីឆ្នាំនេះអត់បានលុយច្រើនទេ ទី១ដោយសារត្រីវាថោកអត់មានអ្នកទិញ មិនមែនថាថោក៣០០រៀលហើយមានអ្នកយកទេ បើ៣០០មានអ្នកយកយើងក៏ត្រូវតែចាប់លក់ដែរប៉ុន្តែអត់មានអ្នកយកទេ គឺចាប់យកមកចាក់ចោលនៅលើបែរហើយអត់មានអ្នកយកធ្វើឱ្យត្រីងាប់ស្អុយចោលដដែលអ៊ីចឹងលោកអត់ឱ្យកម្មករធ្វើការនេសាទយកច្រើនទេ គឺបើកទម្លាក់ចោលខ្លះ។
ម្ចាស់អាជីវកម្មដាយត្រីរូបនេះបញ្ជាក់ថា៖ «មានអ្នកទិញច្រើនហើយប៉ុន្តែនៅតែមិនអស់ត្រី អ៊ីចឹងយើងផ្គត់ផ្គង់វាអត់អស់ដោយសារត្រីវាច្រើន។ មិនមែនថា អ្នកទិញវាតិចទេ អ្នកទិញវាច្រើន។ ឧទាហរណ៍បើអ្នកទិញអាចទិញបានត្រឹម៣០តោនហើយបើយើងនេសាទយប់នឹងបាន៣០០-៤០០តោនយើងទៅលក់ម៉េចអស់ហីចឹងយើងមិនលែងចោល យើងចាប់ធ្វើអី។ឆ្នាំនេះបើសិនយើងគុណវាជាតោនវាច្រើនអាចគុណនឹង៥ដងបើប្រៀបធៀបឆ្នាំកន្លងមកប៉ុន្តែយើងអត់អាចបូកសរុបកើតពីព្រោះយើងលែងចោល»។
ប៉ុន្តែនៅឯបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងឯណោះវិញ ប្រជានេសាទនិងអ្នកប្រមូលទិញត្រីនិយាយថា ទិន្នផលត្រីឆ្នាំនេះមិនសូវល្អនោះទេ ហើយក៏មិនសូវមានអ្នកធ្វើនេសាទច្រើនដែរ ដោយសារតែការធ្វើនេសាទចាប់បានត្រីតិចយកមកលក់បានថោកហើយមិនសូវមានអ្នកទិញទៅទៀត។
បុរសអ្នកនេសាទ ឈ្មោះ ឡេះ សាម៉ាស់ អាយុជិត៥០ឆ្នាំ រស់នៅស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង បានប្រាប់ខេមបូចានៅថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា នៅពេលនេះលោកធ្វើនេសាទបានត្រីប្រហាក់ប្រហែលនឹងឆ្នាំមុនដែរមិនទាន់មានត្រីច្រើនទេពីព្រោះនៅពេលនេះទឹកបឹងទន្លេសាបនៅជ្រៅនៅឡើយ។ លោកនិយាយថា ក្នុង១ថ្ងៃលោកអាចធ្វើនេសាទបានត្រីត្រឹមជាង២០ឬជាង៣០គីឡូក្រាមប៉ុណ្ណោះ។ ទៅមុខទៀតនៅពេលទឹកបឹងទន្លេសាបស្រកលោកអាចនឹងនេសាទបានត្រីច្រើនជាងនេះ។
លោក សាម៉ាស់ លើកឡើងថា៖ «ឥឡូវយើងនេសាទត្រីបានតិច លក់បានថោកថែមទាំងមិនសូវមានអ្នកទិញទៅទៀត។ គ្រួសារខ្ញុំធ្វើនេសាទមានគ្នា៣នាក់១ថ្ងៃរកត្រីបានទាំងធំទាំងតូចបានយ៉ាងច្រើនជាង៣០គីឡូថ្ងៃខ្លះលក់បាន៥-៦ម៉ឺនឬក៏លក់បាន៦-៧ម៉ឺនរៀលតែនៅកាត់សាំងកាត់អីចំណាយផ្សេៗទៀតមិនបានសល់លុយច្រើនទេ»។
ចំណែកអ្នកស្រី សាន ផាន់ អាយុជាង៥០ឆ្នាំ ជាអ្នករកស៊ីប្រមូលទិញត្រីពីអ្នកនេសាទនៅតំបន់ឆ្នុកទ្រូក្នុងស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង បាននិយាយថា នៅរដូវនេសាទឆ្នាំនេះទិន្នផលត្រីហាក់មានការធ្លាក់ចុះ ហើយតម្លៃត្រីក៏ធ្លាក់ចុះដែរ ដោយសារតែមិនសូវមានឈ្មួញទៅទិញត្រី។ អ្នកស្រីនិយាយថា ទិន្នផលត្រីវាអត់ទៀងរាល់ឆ្នាំខែនេះមានឈ្មួញចុះមករកទិញត្រីច្រើនមានប្រជាជនរកត្រីច្រើន ហើយអ្នកស្រីដើរប្រមូលទិញបាន៤-៥តោនក្នុង១ថ្ងៃ ប៉ុន្តែឆ្នាំនេះឈ្មួញអត់សូវចុះមករកទិញ ឯប្រជាជនក៏អត់សូវចេញនេសាទដែរ។
អ្នកស្រីនិយាយថា៖ «ត្រីនុយរាល់ថ្ងៃ ត្រីប្រហុកត្រីអីហ្នឹងក៏អត់សូវសម្បូរដែរ ហីក៏អត់មានហាងឆេងដែរវាអត់មានឈ្មួញចុះមកហើយវាអត់មានអ្នកទៅរកទៀត។វាពិបាករាល់ថ្ងៃត្រីវាធ្លាក់ចុះ ដល់ប្រជាជនគាត់ទៅរកវាអត់រួចសោហ៊ុយ ថ្លៃប្រេង ថ្លៃទិញនុយគេយកទៅរកត្រី ដល់ពេលបានត្រីហើយយកមកលក់វាអត់បានថ្លៃ ដល់ពេលចឹងប្រជាជនទៅរកហ្នឹង វាអត់រួចសាហ៊ុយ ដល់ពេលចឹងលែងទៅរក»។

ជាមួយគ្នានេះ លោក ផល ផាណា ជាអ្នកប្រមូលទិញត្រីពីប្រជានេសាទនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងក៏បានឱ្យដឹងផងដែរថា ឆ្នាំនេះទិន្នផលត្រីតិចជាងឆ្នាំមុនពីព្រោះក្នុងមួយថ្ងៃលោកអាចប្រមូលទិញត្រីពីប្រជាមេសាទបានត្រឹម២០០-៣០០គីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនៗនៅក្នុងរដូវនេះ លោកអាចប្រមូលទិញត្រីបានពី៥០០គីឡូក្រាមទៅ១តោនក្នុងមួយថ្ងៃ។
លោកនិយាយថា៖ «ពិបាករកស៊ីឥឡូវដើរទិញត្រីផ្លូវឆ្ងាយសាំងអស់៣-៤ម៉ឺនចឹងទៅរួចលក់បានចំណេញ៤-៥ម៉ឺនចាក់តែសាំងចង់អស់បាត់ហើយចំណេញបានតិចតួចៗ។ វាអត់ទៀងដែរពីព្រោះបើខែរកត្រីបានលក់ត្រីអត់បានថ្លៃទេ អត់មានឈ្មួញអ្នកទិញ វាសេដ្ឋកិច្ចធ្លាក់ខ្លាំងចឹងទៅត្រីរកបានដឹកមកអត់មានហាងឆេងទេ ឈ្មួញគេទិញយកទៅគេលក់អត់អស់ត្រី លក់អត់ចំណេញទេ»។
បើតាមលោក ផល ផាណា ត្រីរ៉ស់រស់លោកទិញក្នុងតម្លៃ៦០០០រៀល ត្រីរ៉ស់ងាប់៣០០០រៀលត្រីកែងដែលជាត្រីលេខមួយតម្លៃ ៣ម៉ឺនរៀល ត្រីលេខពីរ២ម៉ឺនរៀល ត្រីឆ្លាំង៥០០០រៀល និងត្រីប្រហុក១គីឡូពី១០០០ទៅ១២០០រៀលជាដើម។
បន្ថែមពីនេះលោក សាន សាវី ជាអ្នកធ្វើនេសាទខ្លួនឯងផង និងជាអ្នកប្រមូលទិញត្រីប្រហុកនៅស្រុកកំពង់លែងផងបានថ្លែងថា ទិន្នផលត្រីប្រែប្រួលពី១ឆ្នាំទៅ១ឆ្នាំ ហើយនៅឆ្នាំនេះដោយសារតែទឹកមានទំហំធំនិងជ្រៅធ្វើឱ្យត្រីមិនទាន់អាចប្រមូលផ្តុំហូរចូលទន្លេនៅឡើយ។ លោកឱ្យដឹងថា ឆ្នាំមុនខែនេះលោកអាចចាប់ត្រីបានពី៤ទៅ៥តោនហើយ ប៉ុន្តែឆ្នាំនេះថ្ងៃខ្លះចាប់បានត្រីត្រឹម៤០គីឡូឬ១០០គីឡូ ពីព្រោះទឹកទន្លេនៅជ្រៅ។
លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេដោយឱ្យ អ្នកសារព័ត៌មានខេមបូចា ស្តាប់ប្រសាសន៍របស់រដ្ឋមន្ត្រីឌិត ទីណា ដែលបានថ្លែងនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥»ដែលលោកបានថ្លែងកាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តីបានលើកឡើងថា ចំពោះអនុវិស័យជលផលក្រសួងសម្រេចបាននូវផលិតផលកាន់តែល្អប្រសើរថែមទៀតដោយសារតែមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នូវបទល្មើសនេសាទទូទាំងប្រទេសតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធ។
លោក ឌិត ទីណាបញ្ជាក់ថា៖ «ជាលទ្ធផលផលិតផលជលផលសរុបជិត១លានតោនទទួលបានក្នុងឆ្នាំ២០២៤កើនឡើង៦០ពាន់តោនស្មើនឹង៧%ធៀបទៅនឹងឆ្នាំ២០២៣និងផ្គត់ផ្គង់បាន៩៥%នៃតម្រូវការក្នុងស្រុកក្នុងនោះផលិតផលទឹកសាបកើនឡើង៩,៥%ជលផលសមុទ្រកើនឡើង១១ភាគរយខណៈវារីវប្បកម្មក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប្រជានេសាទទូទៅមានភាពរីករាយដែលទទួលបាននូវកំណើនត្រីទឹកសាបសម្រាប់ការផលិតប្រហុកផ្អកទទួលទាននៅក្នុងតម្លៃសមរម្យ»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹង នេសាទបានប្រាប់ខេមបូចានៅថ្ងៃទី២៧ខែមករាថា ការកើនឡើងនូវទិន្នផលត្រីឆ្នាំនេះទី១ ដោយសារមានការការពារកន្លែងអភិរក្សជលផលដោយមិនអនុញ្ញាតឱ្យមានការធ្វើនេសាទឡើយពីព្រោះជាកន្លែងត្រីមេពូជរស់នៅនិងបន្តពូជ។ ទី២ មានការចូលរួមសហការយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសទាន់ពេលវេលា ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ទី៣មានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈជាពិសេសបងប្អូនអ្នកនេសាទពេលឃើញបទល្មើសគាត់ផ្តល់ព័ត៌មានភ្លាមៗហើយសមត្ថកិច្ចបានចុះទៅទប់ស្កាត់ភា្លមៗ។
លោកបញ្ជាក់ថា៖ «ទី៤ទាក់ទងនឹងស្ថានភាពទឹកក្នុងឆ្នាំ២០២៤មានលក្ខណៈល្អប្រសើរអត់មានជាតិពុលទឹកឡើងល្អអាចលិចតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបដែលបង្កលក្ខណៈអំណោចផលដល់ត្រីចូលទៅពងកូននៅក្នុងតំបន់នោះពីព្រោះត្រីត្រូវការព្រៃលិចទឹកដើម្បីពងកូនហើយញាស់បានល្អ»។
ទាក់ទងទៅនឹងអត្ថប្រយោជន៍នៃធនធានត្រីលោកប្រធាននាយកដ្ឋានអភិរក្សជលផលបានលើកឡើងថា ត្រីជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ហើយឆ្នាំនេះតម្លៃត្រីថោកប្រជាពលរដ្ឋអាចចំណាយតិចទិញបានត្រីច្រើន យកទៅធ្វើប្រហុក ធ្វើផ្អកធ្វើត្រីាឆ្អើរស្តុកទុកហូបបានពេញមួយឆ្នាំ។
បើតាមលោក អ៊ុក វិបុល នៅក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទបានចំនួន៣ ១៩៤ករណី(សមុទ្រ១៤៨ករណី) ធៀបឆ្នាំ២០២៣កើន១៤០ករណី ដោយមានការចូលរួមអន្តរាគមន៍បង្ក្រាបពីកងកម្លាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសហគមន៍នេសាទ និងមានការគាំទ្រពីមហាជន ជាពិសេសពីក្រសួងមហាផ្ទៃ។ ក្នុងនោះជនល្មើសជលផលត្រូវបញ្ជូនទៅតុលាការ១៦២ករណី ហើយជនល្មើសដែលតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារមាន៦៣នាក់។
ទាក់ទងនឹងបច្ចុប្បន្នភាពនៃវិស័យកសិកម្មនេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មបានវាយតម្លៃថា វិស័យកសិកម្មកម្ពុជាគួរតែមានកំណើនលើសពី១,១% នៅក្នុងឆ្នាំនេះនិងសំណូមពរឱ្យមានការសិក្សាឱ្យបានច្បាស់លាស់អំពីកំណើនរបស់វិស័យនេះ។ការរវាយតម្លៃបែបនេះរបស់លោកច័ន្ទសុផលក៏ដោយសារតែលោកមើលឃើញថាអនុវិស័យជលផលរបស់កម្ពុជាបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារលទ្ធផលនៃការបង្ក្រាបបទល្មើសហើយសម្រាប់អនុវិស័យដំណាំវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរដោយសារចម្ការមួយចំនួនចាប់ផ្ដើមទទួលបានផលពីដំណាំរយៈពេលវែង។
យ៉ាងណាក្តី លោក យី ឃីម អ្នកទិញត្រីនៅតំបន់ឆ្នុកទ្រូឱ្យដឹងថា នៅពេលនេះលោកទិញត្រីក្នុងមួយថ្ងៃ១តោន ខណៈកាលពីឆ្នាំទៅក្នុងខែនេះ លោកទិញ១ថ្ងៃ៣តោន គឺមានការថយចុះពាក់កណ្តាល។
លោកនិយាយថា៖ «តម្លៃវាអត់ដូចឆ្នាំមុនទេ ត្រីកាន់តែតិច តម្លៃកាន់តែថោកជាងឆ្នាំមុនទៀត។ ពីព្រោះស្រុកយើងសេដ្ឋកិច្ចអត់សូវដំណើរការ ដល់អ៊ីចឹងយើងលក់អត់សូវចេញតាមតែទីផ្សារដែរ ទីផ្សារធ្លាក់យើងក៏ធ្លាក់តាមហ្នឹងដែរ ដល់សេដ្ឋកិច្ចអត់ដើរអ៊ីចឹងអត់មានអ្នកណាយកត្រីទៅឆ្អើរយកទៅអីទេ ហើយក៏អត់មានអ្នកណានាំចេញទៅក្រៅប្រទេសអីដែរលក់តែក្នុងស្រុក»។
អ្នកទិញត្រីរូបនេះ លើកឡើងទៀតថា បច្ចុប្បន្នប្រភេទត្រីចិញ្ចឹមដែលនាំចូលច្រើនពីប្រទេសជិតខាងក៏បានធ្វើឱ្យត្រីធម្មជាតិក្នុងស្រុកចុះថោកផងដែរ។ លោកលើកឡើងថា កាលពីមុនកូវីដ១៩ត្រីលក់បានថ្លៃ សូម្បីធ្វើជាត្រីឆ្អើរលក់ក៏លក់ដាច់ដែរ ដល់ចាប់តាំងពីកូវីដមកត្រីធ្លាក់ថ្លៃរហូតលក់មិនដាច់ធ្វើឱ្យអ្នកនៅក្នុងវិស័យនេះកាន់តែជួបការលំបាកក្នុងជីវភាព។
ទាំងលោក យី ឃីម និងអ្នកនេសាទ ព្រមទាំងអ្នកប្រមូលទិញត្រីមួយចំនួន ស្នើឱ្យក្រសួងកសិកម្ម ជួយជំរុញឱ្យមានការកែច្នៃត្រីជាត្រីងៀត ត្រីឆ្អើរឱ្យបានច្រើនដើម្បីនាំចេញបើពុំដូច្នេះទេ ទាំងអ្នកនេសាទ ទាំងអ្នកប្រមូលទិញត្រីនឹងកាន់តែជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរមិនខានឡើយ៕