រដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញវិធានការបង្ការ និងឆ្លើយតបចំពោះហានិភ័យនៃគ្រោះធម្មជាតិ ដែលអាចកើតមានដោយសារឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលកំពុងប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។
ដើម្បីធានាសន្តិសុខទឹក ក្រសួងនឹងផ្តោតលើការគ្រប់គ្រង និងអភិរក្សប្រភពទឹកដែលមានស្រាប់ ព្រមទាំងជួសជុល ស្តារ និងថែទាំប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពរក្សាទុក និងផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលប្រឈមនឹងការខ្វះខាតទឹក។
យោងតាមសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៤ ខែកក្កដានេះ ក្រៅពីការគ្រប់គ្រងធនធានទឹក ក្រសួងក៏បានដាក់ចេញវិធានការសំខាន់ៗចំនួន៣ផ្សេងទៀត រួមមាន ការរៀបចំផែនការត្រៀមលក្ខណៈបន្ទាន់ និងការឆ្លើយតបនៅតំបន់ដែលរងផលប៉ះពាល់ ការផ្សព្វផ្សាយព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រសួងជំនាញ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
ទាក់ទងនឹងបាតុភូតអែលនីញ៉ូ អង្គការឧតុនិយមពិភពលោក (WMO) និងក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលរបស់បាតុភូតនេះអាចបន្តកើនឡើង និងឈានដល់កម្រិតខ្ពស់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលអាចបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់មិនទៀងទាត់ និងបង្កើនហានិភ័យនៃការខ្វះខាតទឹក។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ផលដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងពោធិ៍សាត់។
តាមការបញ្ជាក់របស់លោក ផលប៉ះពាល់ទាំងនេះបានធ្វើឱ្យផ្ទៃដីដាំស្រូវប្រមាណ ១៨០,៦៦៤ ហិកតា រងការខូចខាត ដែលបង្កការព្រួយបារម្ភចំពោះផលិតកម្មស្រូវ និងជីវភាពរបស់កសិករដែលពឹងផ្អែកលើទឹកភ្លៀងជាចម្បង។
នៅពាក់កណ្តាលខែកក្តដានេះ កម្ពុជាក៏ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យជន់លិចនៅតំបន់មួយចំនួន ខណៈឥទ្ធិពលពីព្យុះទី៩ ឈ្មោះ បាវី (Bavi T2609) ដែលកំពុងវាយប្រហារតំបន់ភាគខាងកើតប្រទេសចិន និងតៃវ៉ាន់ ហើយព្យុះនេះក៏បន្តជះឥទ្ធិពលមកលើកម្ពុជាផងដែរ។
ទោះជាយ៉ាងណា ខណៈដែលកម្ពុជាកំពុងប្រឈមនឹងហានិភ័យពីគ្រោះរាំងស្ងួត កម្ពុជាក៏បានជួបប្រទះនឹងបញ្ហាផ្ទុយគ្នាផងដែរ គឺជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន។ នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការជន់លិចនៅតាមតំបន់មួយចំនួន រួមទាំងខេត្តទេសចរណ៍ដូចជា បាត់ដំបង និងកោះកុងផងដែរ៕










