សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កសិករខេត្តបាត់ដំបងស្នើសុំពូជស្រូវ ដើម្បីជួសស្រូវដែល​ខូចខាត ដោយ​សារកង្វះខាតទឹក

លោក គា ផាន់ អាយុជាង ៦០ឆ្នាំង ជាកសិកររស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ចង្អុលរៀបរាប់ពីស្ថានភាពស្រូវរបស់គាត់ដែលរងការខូចខាតដោយគ្រោះរាំងស្ងួត ។ រូបភាពថតថ្ងៃទី១ ខែកក្កដា ឆ្នា២០២៦។ (ខេមបូចា/មាសភារុណ)
លោក គា ផាន់ អាយុជាង ៦០ឆ្នាំង ជាកសិកររស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ចង្អុលរៀបរាប់ពីស្ថានភាពស្រូវរបស់គាត់ដែលរងការខូចខាតដោយគ្រោះរាំងស្ងួត ។ រូបភាពថតថ្ងៃទី១ ខែកក្កដា ឆ្នា២០២៦។ (ខេមបូចា/មាសភារុណ)

បាត់ដំបង៖ ដៃម្ខាងកាន់កូនសោរឹតខ្ចៅរនាស់ឈើដែលមានធ្មេញដែក ពាក់លើគោយន្តកន្ត្រៃដើម្បីរាស់ជួសស្រូវដែលទើបព្រោះថ្មី ជំនួសស្រូវចាស់ដែលបានខូចខាត នាកណ្តាលថ្ងៃក្តៅហែង​។

កសិករ លោក គា ផាន់ វ័យ ៦០ ប្លាយ បានរអ៊ូរទាំបណ្តើរថា៖ «សព្វថ្ងៃធ្វើស្រែរំពឹងតែលើមេឃ! មេឃអំណោយផលឱ្យទៅ គ្រាន់បានធ្វើ។ ឥឡូវធ្វើល្ងក៏មិនបាន ធ្វើស្រូវក៏មិនកើត ព្រោះវាអត់ភ្លៀងឱ្យ! ធ្វើម្តេចនឹងកើត បើភ្លៀងធ្លាក់មកតែរ៉ុយៗក្នុងខែនេះទៅហើយនោះ!»។

លោក ផាន់ គឺជាកសិកររស់នៅក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង​​។ លោកបានរៀបរាប់ថា ឆ្នាំនេះដោយសារគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ដំណាំល្ងរបស់លោកលើផ្ទៃដី ២ ហិកតា ត្រូវភ្ជួរចោលទាំងស្រុងដោយសារគ្មានផ្លែផ្កា ខាតបង់ប្រាក់អស់ជាង ១ លានរៀល ដោយមិនទាន់គិតបញ្ចូលកម្លាំងពលកម្មផ្ទាល់ខ្លួននៅឡើយ។

លោកបានបន្តទៀតថា ក្រោយពេលដំណាំល្ងខូចខាត លោកបានភ្ជួររាស់ព្រោះស្រូវពូជ «ផ្ការំដួល» លើផ្ទៃដី ២ ហិកតា និងស្រូវ «នាងខុន» ជាង ១ ហិកតាបន្ថែមទៀត លើដីស្រែដែលលោកជួលពីអ្នកភូមិ ក្រែងលោបានផលខ្លះសម្រាប់រកចំណូលមកចិញ្ចឹមគ្រួសារ​។ ប៉ុន្តែដោយ​សារ​ឆ្នាំនេះទឹកភ្លៀងក្រធ្លាក់ខ្លាំងពេក ធ្វើឱ្យស្រូវផ្ការំដួល ២ ហិកតារបស់លោកដុះមិនសូវល្អ ត្រូវចំណាយ​ទុន​ទិញពូជមកព្រោះ និងរាស់ជួសកន្លែងចន្លោះឡើងវិញ។ ចំណែកឯស្រូវនាងខុនជាង ១ ហិកតា ដែលបានព្រោះតាំងពីខែឧសភាមកនោះ នៅមានកម្ពស់ត្រឹមជង្គង់ ស្លឹកស្វិតស្រពោន ហើយទើបតែលាស់បន្តិចវិញនៅពេលមានភ្លៀងធ្លាក់កាលពីចុងខែកក្កដាប៉ុណ្ណោះ។ កសិកររូបនេះបន្ថែមថា បើសិនជាមានភ្លៀងធ្លាក់គ្រប់គ្រាន់ ម្ល៉េះសមស្រូវរបស់លោកលូតលាស់ខ្ពស់ស្មើដើមទ្រូងបាត់ទៅហើយ។

លោក គា ផាន់ បានរៀបរាប់ទាំងក្រៀមក្រំថា៖ «ឆ្នាំនេះភ្ជួរល្ងចោល ហើយមកព្រោះស្រូវវិញ ក៏ត្រូវភ្ជួររាស់ព្រោះម្តងទៀតដែរ ព្រោះ​វា​ដុះមិនសូវល្អដោយសារខ្វះទឹក។ ភ្លៀងចេះតែផុតៗ ប្រឡាយក៏គ្មានទឹកធ្លាក់មក… អ្នកនៅដើមទីគេយកទឹកអស់ យើងនៅចុងប្រឡាយដណ្តើមគេមិនទាន់ អត់មានទឹកមកដល់ មានតែអង្គុយសង្ឃឹមលើមេឃ»។

មិនខុសគ្នាប៉ុន្មានដែរ អ្នកភូមិដែលធ្វើស្រែក្បែរគ្នា លោក ម៉ក់ ស៊ី វ័យ ៧០ ប្លាយ ដែលមានកូន ៥ នាក់ (២ នាក់កំពុងរៀនសូត្រ) បានឱ្យដឹងថា ឆ្នាំនេះលោកធ្វើស្រែជាង ១ ហិកតា ហើយក៏កំពុងប្រឈមនឹងបញ្ហាកង្វះខាតទឹកធ្ងន់ធ្ងរដូចគ្នា។

លោកបានលើកឡើងថា៖ «រាល់ឆ្នាំ ប្រឡាយមានទឹកគ្រាន់បើ ដោយបើកទ្វារទឹកចេញពីស្ទឹងបវេល។ ប៉ុន្តែឆ្នាំនេះមិនមានទឹកទេ! កាលពី​ថ្ងៃមុន ឈ្លោះគ្នាយកទឹកក៏គ្មានបានផលអ្វីដែរ… ខាងបវេលគេទម្លាក់ទឹកឱ្យរូងជ្រៃ ប៉ុន្តែយើងទៅយកមិនបាន ដោយសារមានការដណ្តើមគ្នាច្រើនពេក ទាំងឃុំតាម៉ឺន ជ្រោយស្តៅ និងបឹងព្រីង។ ទឹកមានតែមួយច្រក ហូរមកបានត្រឹមពោះប្រឡាយ… អ្នកដើមប្រឡាយគេបាន ឯអ្នកចុងប្រឡាយគឺអត់»។

លោក ម៉ក់ ស៊ី បានបន្តថា លោកត្រូវចំណាយដើមទុនអស់ជាង ១ លានរៀលក្នុងដី ១ ហិកតា ទៅលើថ្លៃជី ថ្នាំបាញ់ និងគ្រាប់ពូជ។ ដោយសារតែឆ្នាំនេះទើបតែមានទឹកបន្តិចបន្តួច វាបានប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់របស់ស្រូវ ហើយទិន្នផលអាចទទួលបានត្រឹមតែ ៣០ ទៅ ៥០ ភាគរយប៉ុណ្ណោះ។

លោកបានរំលឹកថា រាល់ឆ្នាំ អាជ្ញាធរតែងតែជួយឧបត្ថម្ភពូជស្រូវនៅពេលមានការខូចខាតដោយសារទឹកជំនន់ ប៉ុន្តែលើកនេះជាគ្រោះរាំងស្ងួត លោកមិនច្បាស់ថាអាជ្ញាធរនឹងផ្តល់ពូជជួយ ឬយ៉ាងណានោះទេ ព្រោះកន្លងមកអាជ្ញាធរធ្លាប់បានប្រកាសប្រាប់អ្នកភូមិថា មិនឱ្យធ្វើស្រែរដូវប្រាំងនោះទេ ដោយសារមិនមានប្រភពទឹកធានា។

កសិកររូបនេះបានបន្តថា៖ «ខ្ញុំចង់សំណូមពរឱ្យអាជ្ញាធរជួយផ្តល់ពូជស្រូវខ្លះដល់កសិករដែល​ខូចខាតស្រូវ ដើម្បីអាចឱ្យពួកយើងមានលទ្ធភាពធ្វើបន្តទៀត ព្រោះពេលនេះពួកយើងលំបាកដោយសារគ្រោះរាំងស្ងួត និងកង្វះខាតទឹកនេះ!»។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឱ្យដឹងថា ផែនការដាំដុះស្រូវវស្សាទូទាំងខេត្តនៅឆ្នាំ២០២៦ មានចំនួន ៤៥០ ៦០០ ហិកតា។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា កសិករដាំដុះបានចំនួន ៣១៨ ១៨៦ ហិកតា (ស្មើនឹង ៦៩.៧៨% នៃផែនការ)។ ក្នុងនោះ ផ្ទៃដីស្រែដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានរហូតដល់ ១៣៥ ៧៩៣ ហិកតា ដែលស្មើនឹង ៤២.៧% នៃផ្ទៃដីដាំដុះរួច។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ស្រុកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេរួមមាន ស្រុកសង្កែ, ឯកភ្នំ, ថ្មគោល, បវេល, មោងឫស្សី, គាស់ក្រឡ និងស្រុករុក្ខគិរី ជាដើម។

លោក គា ផាន់ វ័យ និងលោក ម៉ក់ ស៊ី ជាកសិកររស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់រនាស់ភ្ជាប់នឹងគោយន្តបណ្តើរ រៀបរាប់ពីស្ថានភាពស្រូវរបស់គាត់ដែលរងខូចខាតដោយគ្រោះរាំងស្ងួតបណ្តើរ។ រូបភាពថ្ងៃទី១ ខែកក្កដា ឆ្នា២០២៦។ (ខេមបូចា/មាសភារុណ)

ស្របពេលដែលផ្ទៃដីស្រែរាប់ម៉ឺនហិកតាកំពុងរងផលប៉ះពាល់ អាជ្ញាធរ និងមន្ទីរជំនាញបានចាប់ផ្តើមបើកទ្វារទឹកពីអាង និងប្រភពទឹកនានា ដើម្បីជួយសង្គ្រោះស្រូវរបស់កសិករ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីចុងខែកក្កដា។ ប្រភពទឹកទាំងនោះរួមមាន ស្ទឹងសង្កែ, ស្ទឹងមោងឫស្សី, ស្ទឹងបវេល និងអាងទឹកកំពីងពួយ ជាដើម។ យ៉ាងណាមិញ ថ្វីបើអាជ្ញាធរប្រឹងប្រែងបើកទ្វារទឹកយ៉ាងណាក៏ដោយ ក៏មិនអាចឆ្លើយតបតម្រូវការដីស្រែរាប់ម៉ឺនហិកតារបស់កសិករនៅពេលតែមួយបានភ្លាមៗនោះដែរ ប្រសិនបើគ្មានទឹកភ្លៀងធ្លាក់ជួយបន្ថែមនោះទេ។

អ្នកស្រី សារឿន រស់នៅភូមិប៉ោយចារ ឃុំជ្រៃ ស្រុកថ្មគោល កំពុងធ្វើស្រែចំនួន ៥ ហិកតា នៅក្បែរប្រឡាយទឹក ដែលមានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រពីអាងកំពីងពួយ។ ដៃម្ខាងកាន់​ត្រកួនពីរបាច់ដែលទើបបេះពីស្រែយកទៅដាំស្ល អ្នកស្រីបានរៀបរាប់ថា អាជ្ញាធរពិតជាបានបើកទ្វារទឹកអាងបង្ហូរមកមែន ប៉ុន្តែទឹកមិនបានមកដល់ស្រែរបស់អ្នកស្រីឡើយ ដោយ​សារ​អ្នកនៅផ្នែកខាងលើទប់ស្ទាក់យកអស់។

អ្នកស្រី សារឿន បានឱ្យដឹងថា៖ «ស្រូវគេខាងលើៗបានទឹកមុនគេល្អ ឯស្រូវយើងនៅខាងក្រោមអត់ទឹក ដោយសារគេស្ទាក់យកអស់ រហូតក្រៀមស្វិត… ទើបតែបានភ្លៀងមកប៉ុន្មានថ្ងៃនេះទេ។ ឆ្នាំនេះខ្វះទឹក ស្រូវចាស់ខែដើមរិចៗ ហើយស្មៅដុះច្រើនទៀត មិនដឹងថាសង្ឃឹមបានផលរួចខ្លួន ឬយ៉ាងណាទេ!»

អ្នកស្រីរំលឹកទាំងក្តុកក្តួលថា ការធ្វើស្រែកន្លងមកមិនដែលកាក់កបឡើយ។ តាំងពីមានដីស្រែខ្លួនឯង ៣ ហិកតា រហូតដល់បាត់បង់ដីអស់ រួចប្រែជាអ្នកជួលស្រែគេធ្វើវិញ ដោយសារធ្វើមិនសូវបានផល ចំណាយដើមទុនច្រើន ហើយលក់ស្រូវបានថោក។ អ្នកស្រីបន្ថែមថា ម្ចាស់រោងម៉ាស៊ីន និងអ្នកលក់ជី-ថ្នាំដែលអ្នកស្រី ជំពាក់ពីដើមឆ្នាំ បានកាត់យកដីស្រែរបស់គាត់អស់រលីង​។

អ្នកស្រី សារឿន បន្ថែមថា៖«ខ្ញុំធ្វើស្រែជំពាក់គេ… លក់ដីលក់អីសងគេអស់ហើយ ឥឡូវជំពាក់ធនាគារ រាប់ម៉ឺនដុល្លារទៀតដោយសារតែស្រែហ្នឹងឯង។ អ្នកស្រែឥឡូវលក់ស្រែឱ្យចិន(ជនជាតិខ្មែរម្ចាស់រោងម៉ាស៊ីន អ្នកលក់ជីថ្នាំ)  ហើយជួលស្រែគេធ្វើវិញ… ធ្វើទៅខាតរាល់ឆ្នាំ មានតែលក់ស្រែសងគេ»។

កសិករម្នាក់ទៀត លោក សុះ សាក់ អាយុ ៧១ ឆ្នាំ រស់នៅភូមិឥសាន ឃុំជ្រៃ ស្រុកថ្មគោល បានរៀបរាប់ថា ស្រែ ៣,៥ ហិកតារបស់លោក ឆ្នាំនេះខកទឹកអស់រយៈពេល ១ ខែកន្លះ ទើបតែមានទឹកភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃនេះ។ ជាទូទៅ ស្រូវអាយុ ២ ខែកន្លះត្រូវចេញផ្លែ ប៉ុន្តែដោយសាររាំងស្ងួតអស់មួយខែកន្លះ ស្រូវនៅកម្ពស់ត្រឹមមួយចង្អាម នៅឡើយ។

លោកបន្ថែមថា៖«រាល់ឆ្នាំបើទឹកបរិបូរណ៍ ស្រូវលូតលាស់ខ្ពស់ត្រឹមចង្កេះបាត់ហើយ។ ស្រូវធ្លាប់បាន ៤ តោន ឆ្នាំនេះប្រហែលសល់តែ ២ តោនប៉ុណ្ណោះ! ខ្ញុំជួលគេទាំងអស់ ទាំងថ្លៃភ្ជួរ ពូជ ជី និងថ្នាំ… ធ្វើមិនចំណេញទេ ស្អីក៏ថ្លៃ! អ្នកស្រែយូរៗទៅ ដីស្រែធ្លាក់ទៅលើចិនទាំងអស់ ត្រូវលក់ឱ្យគេ រួចជួលស្រែគេធ្វើវិញ។

 លោកបន្តថា ៖«ដល់ពេលច្រូតបានផលភ្លាម ដើរសងគេឱ្យអស់ បើមិនអស់ទេ ត្រូវរកលុយខ្ចីបុលគេសងទៀត… បើទុកឆ្លងឆ្នាំ គេគុណការប្រាក់ រួចកាត់យកស្រែបាត់»។

កសិកររូបនេះបានកត់សម្គាល់បន្ថែមថា បញ្ហាតម្លៃស្រូវក៏ជាឧបសគ្គធំរយៈពេលប៉ុន្មានឆ្នាំមកនេះដែរ។ នៅពេលស្រូវមិនទាន់ប្រមូលផល តម្លៃមើលទៅថ្លៃល្អ តែដល់ពេលកសិករចាប់ផ្តើមច្រូតកាត់ភ្លាម តម្លៃស្រូវប្រែជាស្រុតចុះថោកភ្លាម។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ខណៈដែលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ​មូលដ្ឋាន ចុះពិនិត្យកម្រិតទឹកអាងទឹកពហុបំណងបាត់ដំបង (សេកសក) និងអាងកំពីងពួយ ព្រមទាំងពិនិត្យសកម្មភាពបញ្ជូន និងបូមទឹកសង្គ្រោះស្រូវ ក្នុងស្រុកថ្មគោល ស្រុកបាណន់ និងស្រុកបវេល កាលពីចុងខែកក្កដា ឱ្យដឹងថា ស្រូវប្រមាណ ជាង១៣ម៉ឺនហិកតាទូទាំងខេត្តបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ក្នុងនោះស្រូវប្រមាណ ៧០,០០០ ហិកតាត្រូវសង្គ្រោះបានជោគជ័យជាជំហានដំបូង។

លោកបានបន្តថា៖ «បរិមាណទឹក ៤លានម៉ែត្រគូប ជាទឹកនៅសេសសល់ចុងក្រោយក្នុងអាងកំពីងពួយ (ដែលអាងនេះមានសក្តានុពលស្តុកបាន ១៤០លានម³) ត្រូវបានបញ្ចេញតាមលក្ខណៈបច្ចេកទេស ដើម្បីសង្គ្រោះស្រូវឱ្យអស់ពីលទ្ធភាព»។

លោកបញ្ជាក់ថា ទោះបីជាប្រភពទឹកមានកម្រិត ប៉ុន្តែអាជ្ញាធរមិនបោះបង់ចោលកសិករឡើយ​។ លោកបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវគ្រប់គ្រង និងបែងចែកទឹកដែលនៅសល់នេះជូនបងប្អូនកសិករដោយសមធម៌ និងតម្លាភាពបំផុត។

បន្ថែមពីនោះ ក្នុងកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបងកាលពីចុងខែកក្កដានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រុញបន្ថែមដល់មន្ទីរជំនាញ និងរដ្ឋបាលក្រុង-ស្រុក ចាត់វិធានការអន្តរាគមន៍បន្ទាន់ តាមដានការវិវត្តនៃស្ថានភាពអាកាសធាតុ និងកម្រិតទឹក។

លោកបន្ថែមថា៖ «មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់ប្រជាកសិករអំពីវិធីប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព និងការអនុវត្តបច្ចេកទេសកសិកម្មសមស្របតាមស្ថានភាពអាកាសធាតុ ព្រមទាំងបន្តធ្វើបច្ចុប្បន្នភាព ផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ ដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាពសម្រាប់រៀបចំផែនការអន្តរាគមន៍នាពេលបន្ទាប់»។

ទំនប់អាងទឹកកំពីងពួយ ត្រូវបិទទ្វារអាង មិនមានទឹកទម្លាក់ចូលប្រឡាយ ដើម្បី​សង្គ្រោះ​ស្រូវបន្ត ក្រោយទឹកក្នុងអាងស្រកដល់បាត ។ រូបភាពថតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

គួរបញ្ជាក់ផងដែរថា ឥទ្ធិពលនៃបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំស្រូវក្នុងតំបន់មួយចំនួននៅតាមបណ្តាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា​​​។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ផលដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ, បាត់ដំបង, កំពង់ធំ, សៀមរាប, រតនគិរី, កំពង់ចាម និងពោធិ៍សាត់ ជាដើម។

តាមការបញ្ជាក់របស់លោក ផលប៉ះពាល់ទាំងនេះបានធ្វើឱ្យផ្ទៃដីដាំស្រូវប្រមាណជាង ១៨ម៉ឺន ហិកតា រងការខូចខាត ដែលបង្កការព្រួយបារម្ភចំពោះផលិតកម្មស្រូវ និងជីវភាពរបស់កសិករដែលពឹងផ្អែកលើទឹកភ្លៀងជាចម្បង។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបង្ការ និងឆ្លើយតបចំពោះហានិភ័យនៃគ្រោះធម្មជាតិ ដែលអាចកើតមានដោយសារឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលកំពុងប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។ ដើម្បីធានាសន្តិសុខទឹក ក្រសួងនឹងផ្តោតលើការគ្រប់គ្រង និងអភិរក្សប្រភពទឹកដែលមានស្រាប់ ព្រមទាំងជួសជុល ស្តារ និងថែទាំប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពរក្សាទុក និងផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលប្រឈមនឹងការខ្វះខាតទឹក។

យោងតាមសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៤ ខែកក្កដា ក្រៅពីការគ្រប់គ្រងធនធានទឹក ក្រសួងក៏បានដាក់ចេញវិធានការសំខាន់ៗចំនួន ៣ ផ្សេងទៀត រួមមាន៖ ការរៀបចំផែនការត្រៀមលក្ខណៈបន្ទាន់ និងការឆ្លើយតបនៅតំបន់ដែលរងផលប៉ះពាល់, ការផ្សព្វផ្សាយព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រសួងជំនាញ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងបាតុភូតអែលនីញ៉ូ អង្គការឧតុនិយមពិភពលោក (WMO) និងក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលរបស់បាតុភូតនេះអាចបន្តកើនឡើង និងឈានដល់កម្រិតខ្ពស់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលអាចបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់មិនទៀងទាត់ និងបង្កើនហានិភ័យនៃការខ្វះខាតទឹក។

ត្រឡប់មកកសិករលោក គា ផាន់ វិញបាននិយាយថា ឆ្នាំនេះមិនដឹងរួចខ្លួនឬអត់ទេ បើរាំងស្ងួតអូសបន្លាយដូច្នេះ។ បើស្រូវដុះល្អ វាមិនសូវអស់ដើមទុនច្រើននោះទេ ប៉ុន្តែបើដុះរដិបរដុប គឺត្រូវចំណាយបន្ថែមលើថ្លៃពូជ, ជី, ថ្នាំ និងប្រេង។ គិតទាំងថ្លៃជួលដីស្រែ ពូជ ជី និងថ្នាំផ្សេងៗ លោកត្រូវចំណាយប្រហែល ២ លានរៀល ហើយបើឆ្នាំនេះពេលប្រមូលផលតម្លៃស្រូវថោកទៀតនោះ លោកពិតជាគ្មានប្រាក់សងថ្លៃជី និងពូជដែលជំពាក់គេនោះឡើយ។

លោកពោលថា៖ «ខ្ញុំជាប់បំណុលធនាគារច្រើន ដោយសារខ្ចីមកធ្វើស្រែ… លក់ស្រូវបានគ្រាន់តែទប់ទល់ៗ។ បើឆ្នាំនេះស្រូវធ្វើមិនសូវបានផលហើយ ស្រូវថោកទៀត គឺចប់ហើយអ្នកស្រែ! សូមរដ្ឋាភិបាលជួយរកទីផ្សារឱ្យកសិករផងពេលប្រមូលផលខាងមុខ ដើម្បីឱ្យពួកខ្ញុំមានកម្លាំងចិត្តបន្តធ្វើស្រែចិញ្ចឹមកូនប្រពន្ធតទៅទៀត»!៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម