សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រុក្ខជាតិ​ព្រៃ «ព្រះក្រុង» ត្រូវបាន​កែ​ច្នៃ​ជាដំណាំ​កសិកម្ម មាន​ទី​ផ្សារ​ខ្ពស់ ដាំម្តងទទួលផល​​ពី​​​៥ទៅ១០​ឆ្នាំ តែ​ត្រូវ​មើលថែដិតដល់

លោក អម សុផាត់ បេះស្លឹកព្រះក្រុង សម្រាប់លក់ឱ្យភ្ញៀវ ដែលបានបញ្ជាទិញនៅតាមខេត្តផ្សេងៗ ដោយក្នុងខែមេសានេះ មានការបញ្ជាទិញច្រើន ហើយតម្លៃក៏បានថ្លៃ គឺចន្លោះពី ៣ ៥០០០រៀល ទៅ ៤០ ០០០រៀល ក្នុង១គីឡូក្រាម។ (ខេមបូចា/ស៊ា បញ្ញា)
លោក អម សុផាត់ បេះស្លឹកព្រះក្រុង សម្រាប់លក់ឱ្យភ្ញៀវ ដែលបានបញ្ជាទិញនៅតាមខេត្តផ្សេងៗ ដោយក្នុងខែមេសានេះ មានការបញ្ជាទិញច្រើន ហើយតម្លៃក៏បានថ្លៃ គឺចន្លោះពី ៣ ៥០០០រៀល ទៅ ៤០ ០០០រៀល ក្នុង១គីឡូក្រាម។ (ខេមបូចា/ស៊ា បញ្ញា)

ប្រភេទរុក្ខជាតិ​ព្រៃ «ព្រះក្រុង» ដែល​ធ្លាប់តែ​​​ដុះ​នៅ​តាម​ព្រៃភ្នំ ហើយ​អាច​បេះ​ស្លឹក​អាស្រ័យផល​បាន​តែនៅ​រដូវកាលមានភ្លៀង​នោះ ត្រូវបាន​​ប្រជាកសិករ​កែ​ច្នៃ​មកជាដំណាំ​កសិកម្ម អាច​ដាំ​នៅក្នុង​ចម្ការ ហើយ​​ដំណាំ​នេះ ​កំពុង​មានទីផ្សារខ្ពស់ ដោយ​​មានការ​លក់​ចែក​ចាយទាំង​ស្លឹក ចាហួយ និង​កូនព្រះក្រុង ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការស្នើ​ឱ្យ​​ផលិត​ជា​ម្សៅ​ព្រះក្រុង ដើម្បី​លក់​នៅ​ក្រៅប្រទេស​ផងដែរ។

ដោយ​មានស្រុក​កំណើត ​​នៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ លោក អម សុផាត់ និងភរិយា ហែម ស្រីណេ ជាកសិករដំបូងគេ ដែលបានកែ​ច្នៃរុក្ខជាតិព្រៃ​ «ព្រះក្រុង» មក​ជាដំណាំ​កសិកម្ម សម្រាប់​ដាំនៅក្នុងចម្ការ ដោយ​​​អាច​បេះស្លឹក​​លក់​បាន​ខួបប្រាំងខួបវស្សា ជា​រៀង​រាល់​ថ្ងៃ ក្នុង​តម្លៃចន្លោះ​ពី ២ម៉ឺន​​​​រៀល ដល់ ៤ ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ដែលអាស្រ័យ​ទៅលើ​រដូវ​កាល។

ជាក់​ស្តែង នៅដើម​ឆ្នាំ២០២៦នេះ ​ស្លឹក​ព្រះក្រុង​របស់​លោក សុផាត់ លក់ដាច់​ខ្លាំង ដោយ​ត្រូវបាន​លក់ចែក​ចាយ​ស្ទើរ​គ្រប់​ខេត្តក្រុង នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​តម្លៃ​ពី​៣៥០០០​រៀល ទៅ៤ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម  ហើយ​លោក​អះអាង​ថា ​ដំណំាំ​នេះ អាច​ទទួលបាន​ផលពី ៥ ទៅ​ ១០ឆ្នាំ សម្រាប់ការ​ដាំ១លើកៗ ប៉ុន្តែទាមទារ​ឱ្យមានការ​មើល​ថែដិតដល់ និងជាប្រចាំថ្ងៃ ​ទើបព្រះក្រុង លូត​លាស់ និងមានស្លឹក​ធំៗ​ ហើយក្រាស់ល្អ។

លោក សុផាត់ បាន​និយាយ​ថា៖​ «ស្លឹក​ព្រះក្រុង លក់ដាច់​ខ្លាំង និងមាន​តម្លៃខ្ពស់ នៅ​ខែប្រាំង ចាប់ពី​ខែ១​ទៅ ជាពិសេស​ខែ៤ ដែល​រក​តែ​ស្លឹក​ព្រះ​ក្រុង​ឱ្យ​ភ្ញៀវ​មិន​ចង់បាន​ផង ព្រោះ​មានការបញ្ជា​ទិញ​​ច្រើន នៅ​គ្រប់​ខេត្ត​ក្រុង ជាពិសេស​ខេត្តកំពត និង​ខេត្តសៀម​រាប មាន​អ្នកហូប​ច្រើនជាង​គេ»។ ​

ជាក្មេង ដែល​​ធ្លាប់​ដើរបេះស្លឹក​ព្រះក្រុង នៅតាម​ព្រៃភ្នំ ជាមួយ​យាយតា និងបងប្អូន​អ្នកភូមិ លោក អម សុផាត់ បាន​ឱ្យដឹង​ថា ការ​ដើរ​រកបេះស្លឹក​​ព្រះ​ក្រុង នៅតាម​ព្រៃភ្នំ មានការ​លំបាក ព្រោះពេល​ខ្លះ ក៏បេះបានច្រើន តែពេល​ខ្លះ​ទៀត ក៏បានតិច និងផ្សងគ្រោះថ្នាក់ផងដែរ ហើយបេះបាន​តែ​នៅ​រដូវ​​មាន​ទឹក​ភ្លៀង ដែល​មិនសូវ​បាន​តម្លៃ​ថ្លៃ ហេតុ​នេះលោក​បាន​សម្រេច​ជីក​​ដើម​ព្រះ​ក្រុង​ព្រៃ​មក​ដាំ​នៅ​ផ្ទះ។

យ៉ាង​ណា​ក៏​ដោយ ការនាំ​យក​ព្រះ​ក្រុង​ព្រៃ មក​ដាំ​ មានការពិបាក ហេតុនេះ​លោក​បានបែកគំនិត​យក​ផ្លែ​ព្រះ​ក្រុង​ទុំ​ទៅបណ្តុះជា​កូន​វិញ ហើយការ​មើល​ថែ​ព្រះក្រុង​ព្រៃ រហូត​ដល់​មានគ្រាប់ទុំ ត្រូវចំណាយពេល​ពី ៥​ទៅ​ ៦ខែ។ ចំណែក​ការបណ្តុះ​កូន​ព្រះ​ក្រុង ក៏មាន​ការពិបាក​ ដោយ​ត្រូវ​មើល​ថែកន្លែង​បណ្តុះ​​យ៉ាង​ដិតដល់ ចន្លោះពី​១ខែ ទៅ​១ខែកន្លះ ទើប​គ្រាប់​នោះ ដុះចេញ​ជាពន្លក​ ហើយចាប់ពី​៣​ខែ​ឡើង​ទៅ ទើប​កូន​ព្រះ​ក្រុង ចាប់​ផ្តើម​បែក​ក្ដៀង និងអាច​ដក​យក​ទៅដាំ​នៅចម្ការ​បាន។

ជាមួយគ្នានេះ ការដាំព្រះក្រុង​នេះ អាចប្រើ​ដើមច្រើនដែរ ជាពិសេស​ត្រូវចេះថែទាំដោយ​យក​ចិត្តទុកដាក់។ លោក សុផាត់ បាន​ផ្តល់ជាបទពិសោធន៍​ថា ការ​ដាំព្រះ​ក្រុង ត្រូវ​មើល​ទៅលើ​​ដី គឺជា​ដីសើមល្មម ហើយ​ត្រូវ​ប្រើ​លាមក​សត្វ​គោ មាន់ ប្រជៀវ ធ្វើ​ជា​ជី និង​គ្រប​ដោយចំបើង​ស្ងួត ដើម្បី​ការពារ​កុំ​ឱ្យមានស្មៅដុះ។ ត្រូវ​ស្រោចទឹក​យ៉ាង​ហោច​២ដង ក្នុង​១សប្តាហ៍ ដើម្បី​រក្សា​ដី​ឱ្យមានសំណើមជានិច្ច ហើយត្រូវបាញ់​ថ្នាំ សម្លាប់​សត្វ​ល្អិត បើ​ពិនិត្យ​ឃើញ​ថា ពួកវាមក​រុំ​ស្លឹក​ ឬទង​ព្រះក្រុង។

លោក សុផាត់ បញ្ជាក់​​ថា៖ «ការ​ដាំព្រះក្រុង រាងពិបាក​ដែរ ហើយអាច​អស់​ដើម​ច្រើនសម្រាប់​​អ្នក​ស្រុកស្រែ​យើង។ ដូច​ចម្ការ​ព្រះក្រុង​របស់​ខ្ញុំ​ជិត​២កុងនេះ ចំណាយ​ដើម​អស់​ចូល​២០លាន​រៀល​ដែរ និងត្រូវមើល​ថែ​វាជាប្រចាំ ចំណែក​​ការបណ្តុះ​កូន មិនស្រួលឯណា ១ខែកន្លះ​ទើប​ដុះ វាខុសពី​ដំណាំផ្សេងៗ​ទៀត អ៊ីចឹង​អ្នកមិនចាប់អារម្មណ៍​មើល​ថែវា គឺ​ចោល​តែម្តង ព្រោះ​គិត​ថា អត់ដុះ តាមពិត​វាដុះទេ គ្រាន់តែ​វា​យូរ»។

គិត​មក​ដល់​ពេលនេះ លោក សុផាត់ បានពង្រីកការ​ដាំព្រះក្រុង នៅ​ក្នុងចម្ការ​របស់​លោក បានជិត​២កុង​ហើយ និង​កំពុង​ទទួលផលជាប្រចាំ ដោយ​​ក្នុង​១​ថ្ងៃ លោក​អាចបេះស្លឹក​វា​លក់បាន​ចន្លោះ​ពី​១០គីឡូក្រាមឡើង ហើយចំណូល​ជាមធ្យម​ បាន​ពី​ការ​លក់​ស្លឹក​ព្រះក្រុង​នេះ ​អាចបានចាប់ពី ១ពាន់ដុល្លារ​ឡើង​ទៅក្នុង​១ខែៗ។

ជាមួយគ្នានេះ លោក សុផាត់ ក៏ទើប​តែ​​ដាំ​ដើម​ព្រះ​ក្រុង នៅលើ​ផ្ទៃ​ដី​ជាង​១កុងទៀត​ ដែល​កំពុង​លូតលាស់ល្អ និង​គ្រោង​ពង្រីក​​បន្ថែម​ទៀត ទៅតាមលទ្ធភាពជាក់ស្តែង ហើយ​លោក​ក៏បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ភូមិ និង​កសិករ​ផ្សេង​ទៀត នាំ​គ្នា​ងាក​មក​ដាំដើម​ព្រះ​ក្រុង​ឱ្យបានច្រើន​ ព្រោះទី​ផ្សារ​ព្រះ​ក្រុង មិន​​ធ្លាក់នោះ​ទេ។

លោក​បញ្ជាក់ថា៖ «មានតែ​នៅស្រុក​យើ​ង​ទេ មាន​ដាំដើម​ព្រះក្រុង​នេះ​មុន​គេ ហើយ​ខ្ញុំ​ត្រូវការ​ដាំ​ថែមរហូត​តែម្តង។ ​ខ្ញុំចង់​​ឱ្យបងប្អូន​យើង​នាំ​គ្នាដាំព្រះក្រុង​នេះ ព្រោះផលចំណេញ អាច​ច្រើនជាង​ការដាំដំណាំ​ផ្សេងៗ​ទៀត គុណនឹង​ប្រាំ ហើយ​ដាំ​មួយសារៗ យើង​ប្រមូល​ផល​បាន​ច្រើន​ឆ្នាំ គឺ​បើមើល​ថែ​បាន​ល្អ អាច​បាន​ពី៥ទៅ​១០​ឆ្នាំ​អី​នោះ»។

ភ្ញៀវមកពីភ្នំពេញ បានទៅមើល និងទិញដើមកូនព្រះក្រុង នៅចម្ការលោក អម សុផាត់ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

ចំពោះទីផ្សារ​ស្លឹក​ព្រះក្រុង​នេះ លោក សុផាត់ បានអះអាង​ថា អត់ចេះ​ចាល់​ទេ មានប៉ុន្មានក៏គេទិញ​ដែរ ហើយ​កន្លងមក​ក៏មាន​សហគ្រិន នៅអាមេរិក បានស្នើ​ឱ្យលោក​​​ចង​ក្រង​ការដាំ​ព្រះ​ក្រុង​ជាសហគមន៍​ដែរ ដើម្បី​ប្រមូល​ទិញស្លឹក​បាន​ច្រើន យក​មក​ហាល​សម្ងួត រួច​ផលិតទៅជា​ម្សៅព្រះក្រុង ដើម្បីដាក់​លក់នៅក្រៅប្រទេស។

លោក សុផាត់ បញ្ជាក់ថា៖ «នៅ​ក្រៅប្រទេស ​ក៏​គេ​កាម៉ង់​ច្រើន​ដែរ! ចែម្នាក់​នៅ​អាមេរិក គាត់​ឱ្យ​ខ្ញុំដាំ​រាប់​ហិកតា ដើម្បី​ផ្គត់​ផ្គង់​ឱ្យគាត់។ គាត់​ធ្លាប់កុម្ម៉ង់​ពី​ខ្ញុំ​ទៅ ៥០ទៅ​៦០​គីឡូក្រាម​ដែរ គ្រាន់តែ​តម្លៃ​វា​រាងទាបជាង​ក្នុងស្រុក ហេតុនេះ​យើងមិនទាន់​អាច​​ធ្វើ​​ឱ្យ​គាត់​​បាន ព្រោះ​បច្ចុប្បន្ន យើង​ផ្គត់ផ្គង់​ក្នុង​ស្រុក​មិន​ទាន់​គ្រប់​ផងហ្នឹង ដូច្នេះ​ខ្ញុំ​នៅ​តែចង់​ឃើញ​ចម្ការព្រះក្រុង មានកាន់តែ​ច្រើននៅ​កម្ពុជា»។

លោកបញ្ជាក់ថា៖ «​បើបងប្អូន​យើង ដាំបានច្រើន​​ហិកតា យើងអាច​នាំ​ចេញទៅ​ក្រៅ​ប្រទេស​បាន ព្រោះ​បងស្រី​ ជាសហគ្រិន​​នៅអាមេរិក គាត់ចង់​យក​ព្រះក្រុង​របស់​យើង ទៅប្រកួត​ប្រជែង​ជាមួយ​ប្រទេសជិត​ខាង ដូចជាវៀតណាម ដែល​​ស្លឹក​​ព្រះក្រុង​​​គេ អត់មាន​រោម​ដូច​របស់​យើង​ទេ ហើយពេល​ធ្វើ​ចាហួយ ក៏អត់​ស្វិតល្អ និង​ឆ្ងាញ់​ដូច​យើងនោះ​ដែរ ហេតុនេះ​បើ​ថ្ងៃអនាគត យើងអាច​មាន​លទ្ធភាព​នាំ​ចេញ​ទៅក្រៅ​ប្រទេស​បាន នោះកាន់តែ​ល្អ»។

យ៉ាងណាក៏​ដោយ​អ្នកដាំព្រះក្រុងជា​ច្រើនទៀត នៅ​ក្នុងភូមិ​ស្រុក​ជាមួយ​លោក អម សុផាត់ មិន​ទទួលបានជោគ​ជ័យលើ​របរ​នេះ​ទេ។ លោក ទី ផេន បាននិយាយ​ថា នៅ​ក្នុង​ភូមិ​ជ្រោយ​នេះ មាន​អ្នកដាំព្រះក្រុង តំណាលគ្នាជាមួយ សុផាត់ ​ច្រើនណាស់ ប៉ុន្តែ​ដាំមិនបាន​១​ឆ្នាំ​ផង ក៏​ស្វិតងាប់​អស់។

កសិករ​វ័យ​៥០​ឆ្នាំ​រូបនេះ បាននិយាយថា៖ ​«​នៅ​ភូមិនេះ មានអ្នក​ដាំច្រើន​ ហើយ​ខ្ញុំ​ក៏បានដាំដែរ ពិសេសរបស់ខ្ញុំ ដាំបានច្រើន ដោយបោះស្លឹកមួយសាៗ​បាន​៣០គីឡូឯណោះ តែ​បានប្រហែល​១​ឆ្នាំ ងាប់អស់ ប៉ុន្តែកាល​នោះ យើងជីក​យក​កូនព្រះ​ក្រុង​ព្រៃ​មក​ដាំ ចំណែក​ការ​យកកូនព្រះក្រុង ដែលបណ្តុះចេញពី​គ្រាប់ ខ្ញុំមិន​ដែល​សាកល្បងដាំ​ទេ គឺ​កំពុង​រង់ចាំ​មើល​អ្នក​ដាំមុន១ឆ្នាំ​សិន បើគេដាំមិនងាប់ ហើយ​បាន​ផល ខ្ញុំ​នឹងដាំដែរ ព្រោះ​ដំណាំនេះបាន​ផលចំណាយ​ច្រើន»។​

នៅក្នុងចំណុចនេះ លោក អម សុផាត់ បាន​ទទួលស្គាល់​ថា ការជីកកូនព្រះ​ក្រុង​ព្រៃ​មក​ដាំ ពិតជា​មានការពិបាក ដោយ​ត្រូវចំណាយពេល​យូរ ទម្រាំ​លាស់​ស្លឹក ទទួល​បានផល ហើយមានអាយុកាលមិនវែង​ទៀត ហេតុនេះទើប​លោកបែកគំនិត យក​គ្រាប់​មកបណ្តុះចេញជា​កូន​ព្រះ​ក្រុងវិញ​ ហើយ​​កូនព្រះក្រុង ដែល​លោកបណ្តុះ គឺ​មានការមើល​ថែ​យ៉ាង​ល្អ​រហូត​ដល់​៦​ខែ ទើប​លក់​ចេញ​ឱ្យ​ភ្ញៀវ ដើម្បី​ឱ្យ​អ្នក​យក​ទៅដាំ ដុះបាន​ល្អ និងឆាប់​បាន​ផល។  

បុរសកូន​២នាក់​រូប​នេះ បញ្ជាក់ថា៖​ «​បើ​យើងលក់កូន​ព្រះ​ក្រុង​នៅខ្ចី​ខែ វា​ដឹង​តែ​ចំណាយ​បានច្រើនជាង​កូន​ព្រះក្រុង អាយុ​៦ខែ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើបែប​ហ្នឹង​ទេ! ខ្ញុំ​ចង់​ឱ្យ​ភ្ញៀវ ដែល​ទិញ​កូនព្រះ​ក្រុងពី​ខ្ញុំ​យក​ទៅដាំ គឺដាំ​បានល្អ មិន​ងាប់ និង​ឆាប់​បាន​ផល ហើយខ្ញុំ​មិនគិតថា នឹង​ធ្វើ​ឱ្យទីផ្សារ​ព្រះក្រុង​មានការ​ប្រកួតប្រជែង​ខ្លាំង​ នាពេលអនាគត​នោះ​ទេ សំខាន់​ខ្ញុំចង់​ឱ្យប្រជាពល​រដ្ឋ​ខ្មែរ​យើង ទទួលបាន​ផលចំណាយ​​ពីការ​ដាំព្រះ​ក្រុង​នេះដូចខ្ញុំ​ដែរ»។

ជាមួយទិសដៅ ក្នុងការ​ពង្រីកការដាំព្រះ​ក្រុង នៅក្នុង​ប្រទេសកម្ពុជា​នេះ លោក សុផាត់ បាន​បង្កើត​ផេក​ហ្វេសប៊ុកឈ្មោះ «ចម្ការ​ព្រះក្រុង» ដើម្បី​ផ្សព្វ​ផ្សាយ និង​លក់កូនព្រះ​ក្រុង ទៅកាន់ភ្ញៀវ នៅតាម​ខេត្តឆ្ងាយៗ​​ជារៀងរាល់​ថ្ងៃ គឺ​​១ដើម តម្លៃ​១ម៉ឺន​រៀល ហើយ​ក្នុង​១​ថ្ងៃៗ លោកបានលក់​ចេញ​ជាច្រើន​ដើម ដែលនេះជា​ចំណូល​យ៉ាង​ធំមួយ​ទៀត បន្ថែម​ទៅលើ​ការលក់​ស្លឹក​ព្រះក្រុង។

លើសពី​នេះ លោក អម សុផាត់ និងភរិយា ក៏បាន​ទិញ​ម៉ាស៊ីនពីប្រទេស​ជិត​ខាង ដើម្បី​ចម្រាញ់​ស្លឹក​ព្រះ​ក្រុង ទៅជាចាហួយ​ព្រះ​ក្រុង​ដោយ​ខ្លួនឯង​ សម្រាប់​ដាក់លក់​ឱ្យម៉ូយៗ យក​ទៅ​លក់​បន្ត នៅតាម​ទី​ផ្សារ​ជិត​ឆ្ងាយផងដែរ ហើយ​ការ​ប្រើ​ម៉ាស៊ីន​​នេះ ​ងាយស្រួល​និងចម្រាញ់ចាហួយបាន​លឿន ដោយ​ស្លឹក​ព្រះក្រុង​១គីឡូកន្លះ អាចចម្រាញ់​បានចាហួយ​​​២៤គីឡូក្រាម​ គឺជាចាហួយ ដែល​ស្វិតល្អ និងមានអនាម័យ។

លោក ង៉ែត្រ មុត ដែល​រស់​នៅ​ស្រុកអង្គរជ័យ ខេត្តកំពត បាន​បញ្ជាទិញ​ស្លឹក​ព្រះ​ក្រុង​ពី​លោក អម សុផាត់ និង​ភរិយា រយៈពេល​៣ខែ​ហើយ បន្ទាប់ពីលោកបាន​មើល​ឃើញ​ពីការផ្សព្វផ្សាយ​ពីការ​លក់​ស្លឹក​ព្រះក្រុង​នេះ ព្រោះ​ការ​ទិញស្លឹក​ព្រះក្រុង បេះ​​តាមព្រៃ​របស់​អ្នក​ភូមិ មិនគ្រប់តាម​តម្រូវ​ការ។

លោក មុត បាន​ឱ្យដឹង​ថា នៅស្រុក​​របស់គាត់ មាន​អ្នក​ទិញ​ដើម​ព្រះ​ក្រុង​ទៅ​ដាំ​ច្រើន ​តែ​កន្លែង​ខ្លះ​ដាំបាន​តែជាង​១​ឆ្នាំ ក៏​ងាប់​ទៅវិញ ដែល​អាច​ពាក់ព័ន្ធ​ទៅនឹង​បច្ចេក​ទេស​នៃ​ការ​ថែ​ទាំ ហេតុនេះលោកមានតែ​បញ្ជា​​ទិញ​ស្លឹង​ព្រះក្រុង​ពី​លោក សុផាត់ ដើម្បីយក​ទៅ​ធ្វើជា​ចាហួយ បោះ​លក់​ឱ្យ​ឈ្មួញកណ្តាល សម្រាប់​​យក​ទៅ​លក់​​បន្ត​នៅតាមទីកន្លែង​ផ្សេងៗ ជាពិសេស​នៅ​ភ្នំពេញ​។

ចាហួយព្រះក្រុង ចម្រាញ់ចេញដោយម៉ាស៊ីន ដែលចម្រាញ់បានលឿនរហ័ស មានអនាម័យ និងមានគុណភាពស្វិតល្អជាងការចម្រាញ់ព្រះក្រុង ដោយប្រើដៃពូត តាមលក្ខណៈធម្មជាតិពីបុរាណកាល។ (ខេមបូចា/ស៊ា បញ្ញា)

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​១សប្តាហ៍​លោក​ទិញ​ស្លឹក​ព្រះ​ក្រុង​ចន្លោះ​ពី១៧ ទៅ​ ១៨ គីឡូក្រាម ក្នុង​តម្លៃ​ចន្លោះពី ៣ម៉ឺន​រៀល​ឡើងក្នុង​១គីឡូក្រាម ហើយ​១គីឡូក្រាម​ស្លឹក លោកអាច​ធ្វើ​ចេញជាចាហួយ​ ដោយការពួត​នឹងដៃ បាន​ចន្លោះពី ១៥ ទៅ ២០​គីឡូក្រាម។

បុរស​វ័យ​៤១​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖ ​«​ចាហួយ​ព្រះ​ក្រុង នៅ​ខាង​ខ្ញុំ​នេះ​លក់ដាច់​ខ្លាំង ដោយ​១ថ្ងៃ ខ្ញុំ​អាច​លក់បាន​ដល់ ៣ទៅ៤គីឡូស្លឹក តែឥឡូវ​មានអ្នក​លក់​ច្រើន អ៊ីចឹង​១​ថ្ងៃ​ធ្លាក់​សល់​២គីឡូ​ស្លឹកអីទេ បើ​មានអ្នកបញ្ជាទិញ​ច្រើន ឡើង​ដល់​៣គីឡូស្លឹក»។​

ចំពោះ​ផលចំណេញ​បានពីការ​លក់ចាហួយ​ព្រះ​ក្រុងនេះ លោក ង៉ែត្រ មុត បានបង្ហើបថា៖ «បើគិត​ទៅ​ក្នុង១ខែ​អាចចំណាយ​បាន ៥០​ទៅ​៦០ម៉ឺន​រៀល​ដែរ តែ​ខ្ញុំ​លក់​ក្នុងកម្រិត​តូច​ដែរ​ទេ។ ខ្ញុំ​ចង់​បង្កើន​​ការលក់​​ចាហួយ​ព្រះ​ក្រុង​នេះ​ គ្រាន់តែពេលនេះ ​ខ្ញុំ​នៅមានការ​រវល់​ច្រើន​ទៅលើ​ការ​ចិញ្ចឹម​ជ្រូក មាន់ និង​ទា អ៊ីចឹងមានតែ​ឆ្លៀតពេល ធ្វើ​ទៅលទ្ធភាព ដែលអាច​រត់រួច»។

ចំណែក​លោក ព្រែក តៈ ដែល​ជាអាជីវករ រស់នៅម្តុំ​ភ្នំបូក ស្ថិតក្នុង​ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប ក៏បានបញ្ជា​ទិញ​ស្លឹក​ព្រះក្រុងពី​លោក អម សុផាត់ ចន្លោះពី​៣ទៅ​៤គីឡូក្រាម​ក្នុង​១សប្តាហ៍ដែរ ហើយ​បន្ថែម​លើនេះ​លោក​ទិញ​ស្លឹក​ព្រះក្រុងពីក្មេងៗ និង​អ្នកភូមិ ដើរបេះពីព្រៃមក ចំណែក​ការដាំព្រះក្រុង​ក្នុងភូមិវិញ គឺ​មាន​តែ​ដាំ​នៅតាម​របងតិច​តួច មិនសូវជា​ល្អទេ ព្រោះ​មើលថែមិន​បាន​ដិតដល់។

លោក​បានបញ្ជាក់ថា៖​ ​«នៅកន្លែង​ខ្ញុំមានការពេញនិយមខ្លាំង​លើចាហួយព្រះក្រុង​នេះ អ៊ីចឹងលក់ដាច់ ប៉ុន្តែ​លទ្ធភាព​ដែល​ខ្ញុំអាច​ធ្វើ​បាន​នៅពេលនេះ ត្រឹម​ចាហួយ ១០​ទៅ​១៥​លីត្រ​ក្នុង​មួយថ្ងៃ។ ​នេះជា​កម្រិត​ដែលខ្ញុំ​ធ្វើ​ដោយដៃជាប្រចាំ​ថ្ងៃ គឺ​ថ្ងៃ​ខ្លះ​ ១០​លីត្រ រីឯ​ថ្ងៃ​ខ្លះ​ទៀត ឡើង​ដល់​ ១៥​លីត្រ»។

យ៉ាងណា​ក៏​ដោយ លោក ព្រែក តៈ មិន​បាន​ញែកផលចំណេញ​នៃការ​លក់​ចាហួយព្រះ​ក្រុង និង​ភេសជ្ជៈ​ផ្សេងៗ​ទៀតឱ្យដាច់ពីគ្នា​​ទេ ប៉ុន្តែ​លោកបញ្ជាក់​ថា៖ ​«យើង​លក់​ភេសជ្ជៈលាយគ្នា​គ្រប់​មុខ ដោយ​ក្នុង​​១ថ្ងៃ​បាន ២០ទៅ​៣០ម៉ឺន​រៀល គ្រាន់​តែ​ថា ចាហួយព្រះ​ក្រុង លក់ចំណេញបាន​ច្រើនជាង​គេ គឺ​អាច​ថា ផ្គត់​ផ្គង់គ្រួសារ​បាន ហេតុ​នេះ​ទៅថ្ងៃខាងមុខ ខ្ញុំ​អាច​ទិញម៉ាស៊ីន ធ្វើ​ចាហួយ​ព្រះក្រុង ព្រោះវាធ្វើបានច្រើន លឿន និងមិនពិបាក​ដូចការ​ពួត​ដោយ​ដៃទេ»។

ចំណែក​អ្នកស្រី សែម ថុល ដែល​រស់នៅ​ឃុំ​ព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់​ធំ បាន​បញ្ជា​ទិញ​កូន​ព្រះក្រុង​ពី​លោក អម សុផាត់ ៧ទៅ​៨ដង​ហើយ ដើម្បី​យក​ទៅ​លក់​បន្ត​ឱ្យ​អ្នក​ភូមិ ក្នុង​តម្លៃ​ដើម (១ដើម​១ម៉ឺន​រៀល) ប៉ុន្តែ​អ្នក​ទិញកូនព្រះក្រុង​​ទាំងអស់នេះ ត្រូវ​លក់ស្លឹក​ព្រះក្រុងឱ្យ​គាត់​វិញ។​​

អ្នកស្រី​បាន​​ប្រាប់ថា៖ «ខ្ញុំបានទិញកូនព្រះ​ក្រុង​ពីគាត់ (អម សុផាត់) មក​លក់បន្ត​ឱ្យ​អ្នក​ភូមិ សម្រាប់​យក​ទៅ​ដាំ​នៅ​តាម​ផ្ទះ បាន​ច្រើន​គ្រួសារ​ហើយ តែ​ជាការ​ដាំនៅតាមទីទួល​ត្រឹម​៥ទៅ​១០​ដើម​អី​ទេ ព្រោះ​​តំបន់​ខ្ញុំ​រស់​នៅ កន្លែង​ខ្លះ​វា​លិច​ទឹក ចំណែកខ្ញុំ​ដាំបាន ២០ ដើម ហើយដើម​ដាំកាលពីឆ្នាំមុន បេះស្លឹកបានបណ្តើរៗ​ហើយ រីឯ​ដើម​ដាំ​ក្រោយ ​ឃើញ​ថា​លូតលាស់ល្អ តែ​ស្លឹក​នៅខ្ចី មិនទាន់អាច​បេះ​​បានទេ»។

ដោយសារ​តែ​​អ្នកស្រី សែម ថុល ជា​អ្នក​ធ្វើ​ចាហួយ​ព្រះ​ក្រុង​លក់ផងដែរ ហេតុនេះរាល់​​ស្លឹក​ព្រះ​ក្រុង ដែលគាត់​ទិញ​ពី​អ្នក​ភូមិ​វិញ នឹងត្រូវ​យក​ទៅបុក​នឹង​ត្បាល់ រួច​ពូតច្របាច់​​​ធ្វើ​ជា​ចាហួយ សម្រាប់លក់​ក្នុង​ផ្សារសហគមន៍ នៅ​រៀង​រាល់​ថ្ងៃ​សុក្រ សៅរ៍ និងអាទិត្យ ដោយអាច​ទទួលបានផលចំណាយក្នុង​១ថ្ងៃៗ ចន្លោះពី​៣ម៉ឺន​រៀល​ឡើង ជាមួយការ​បុក​ស្លឹក​ព្រះក្រុង​ពី​២ទៅ​៣​ខាំ​ក្នុង​១​ថ្ងៃ។

អ្នកស្រី​បានបញ្ជាក់ថា៖ ​«ចាហួយ​ដែលខ្ញុំ​ធ្វើ លក់ដាច់មិនដែល​សល់​ទេ ប៉ុន្តែ​ខ្ញុំមាន​លទ្ធភាព​ធ្វើបានត្រឹមប៉ុណ្ណឹង ព្រោះរបៀប​ធ្វើ​ចាហួយ​ព្រះក្រុង​តាម​បែប​ធម្មជាតិ មានការពិបាក​ដែរ។ ពេល​ខ្លះការពូត​ដោយពាក់ស្រោម​ដៃ ចាហួយ​របស់​យើងក៏រឹង​ល្អ តែពេល​ខ្លះក៏រាវខូច មិនដូច​ការ​ចម្រាញ់​ដោយម៉ាស៊ីនទេ គឺចម្រាញ់ចេញជាចាហួយបាន​លឿន និងរឹងស្វិតល្អ ហេតុនេះ​បើមាន​លទ្ធភាព ខ្ញុំចង់ទិញម៉ាស៊ីន​ខ្នាតតូចមួយ​មក​ធ្វើដែរ ដោយសារ​វាងាយស្រួល មិនហត់ដូចការពូតនឹងដៃ​នោះ​ឡើយ»។

ជុំវិញប្រធានបទ​ការកែ​ច្នៃ​ដំណាំព្រៃ «ព្រះក្រុង» មកដាំជា​ដំណាំ​កសិកម្ម នៅតាមចម្ការ និងកសិដ្ឋាននេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ និងជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​អះអាង​ថា វាជាគំនិតនៃការច្នៃប្រឌិត​ដ៏ល្អមួយ តែដំណាំព្រះ​ក្រុង​នេះ មិន​ស្ថិត​ក្នុងដំណាំ​យុទ្ធសាស្រ្ត មានវិសាល​ភាព​ធំ ដែល​​ក្រសួងគួរ​រួមចំណែក​ជំរុញ​ឱ្យមានការដាំដុះ​កាន់តែច្រើន​នោះទេ តែ​ជាជម្រើស​​របស់កសិករផ្ទាល់។​

លោក ឃឹម ហ្វីណង់ ​បានប្រាប់ខេមបូចា​​ថា៖ «ពាក់ព័ន្ធនឹង​​ព្រះក្រុង​នេះ វាជា​ដំណាំ​ប្រភេទតូច ហើយ​វា​តម្រូវតែ​អតិថិជនមួយក្រុម​​ណា​មួយ ហើយ​ធ្វើបាន​តែ​តំបន់ណា​មួយ​តូច​ដែរទេ ដូច្នេះ​ក្រសួងជា​ទូទៅមិនជំទាស់​អ្វីទេ តែ​សួរ​ថា យើងជំរុញ​ឱ្យ​ក្លាយទៅជា​ដំណាំ​យុទ្ធសាស្រ្ត​ គឺ​មិន​ទេ»។

លោក​បន្ថែម​ថា៖ «ដំណាំ​យុទ្ធសាស្រ្ត​ជា​ដំណាំ​​មាន​វិសាល​ភាព​ធំ មានការ​តភ្ជាប់​ទី​ផ្សារ​ច្បាស់​លាស់ ហើយអាច​ធ្វើ​បាន​ក្នុងបរិមាណ​ធំ និង​មាន​ផ្តល់​ប្រសិទ្ធភាពសេដ្ឋកិច្ច ដោយឡែក​ដំណាំ​តូចៗ​មួយចំនួន​ ដែលកសិករ​គាត់​ធ្វើ​ទៅ​​​គិត​ថា ​អាច​មានឱកាស​ល្អ ក្រសួងមិន​ថា​លើក​ទឹក​ចិត្ត​ឬយ៉ាងណា​ទេ គ្រាន់​តែ​ការ​ងារ​នេះ វាជា​​ជម្រើសផ្ទាល់​ខ្លួន​របស់កសិករ ចំណែក​​​ក្រសួង មាន​ការ​ដឹកនាំ​គោលនយោបាយ​ក្នុង​វិស័យកសិកម្ម ដែល​ផ្តោត​ទៅលើ​អ្វី​ដែលជា​ប្រយោជន៍រួម​​របស់កសិករ​ច្រើន​គ្រួសារ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម