ការពន្យារពេលបង់សងកម្ចីខ្នាតតូចសម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃត្រូវបញ្ចប់ហើយនៅចុងឆ្នាំនេះ។ វិធានការនេះរួមបញ្ចូលទាំងពលករចំណាកស្រុកដែលវិលត្រឡប់មកពីថៃវិញ នៅក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅតានតឹង។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋជាច្រើននាក់ជួបការលំបាកយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកាន់តែយ៉ាប់យ៉ឺន ហើយពួកគេបង្ខំចិត្តលក់កសិផលរបស់ខ្លួនក្នុងពេលចុះថោក ដើម្បីយកប្រាក់ទៅសងបំណុល។
អ្នកស្រី កាំ មឿន អាយុ៦៣ឆ្នាំ ដែលជាអតីតជនភៀសសឹកមកពីព្រំដែនខេត្តព្រះវិហារ បានឲ្យដឹងថា ការបង់សងលើប្រាក់កម្ចី៨,៥០០ដុល្លារ ដែលមានការប្រាក់ខ្ពស់របស់គាត់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ បានចាប់ផ្តើមឡើងវិញនៅខែវិច្ឆិកានេះ។
បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតាមព្រំដែនកាលពីចុងខែកក្កដា ក្រោយមានមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងបណ្ដាលឲ្យមានប្រជាជនទាំងសងខាងបានភៀសខ្លួនពីលំនៅដ្ឋានបណ្ដោះអាសន្ន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនបានអនុវត្តវិធានការបន្ធូរបន្ថយបំណុលដល់គ្រួសារយោធា និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់តាមសំណើរបស់រដ្ឋាភិបាល។
ក្រោយវិលត្រឡប់ពីជំរំភៀសខ្លួនកាលពីខែតុលា អ្នកស្រី មឿន បានចាប់ផ្តើមលក់ស្រូវរបស់គាត់ក្នុងតម្លៃទាបតាំងពីដើមខែ ដើម្បីបានលុយសម្រាប់បង់សងធនាគារ។ អ្នកស្រីបានបញ្ជាក់ថា ចំណូលស្ទើរតែទាំងអស់ត្រូវបង់សងទៅធនាគារ Woori Bank ដោយសល់ទុកចាយត្រឹមតែប្រហែល១៥០ដុល្លារប៉ុណ្ណោះ មិនទាន់គិតពីចំណាយថ្លៃម៉ាស៊ីនច្រូត។
អ្នកស្រី មឿន ថា៖ «ខ្ញុំមានស្រូវតិចតួច ហើយខ្ញុំស្ទើតែលក់វាអស់ទៅហើយដើម្បីសងធនាគារ»។
ដូចទៅនឹងក្រុមគ្រួសារពលករចំណាកស្រុក និងអ្នករស់នៅតាមព្រំដែនបីគ្រួសារផ្សេងទៀតដែលខេមបូចាបានសម្ភាសន៍ដែរ អ្នកស្រី មឿន មិនច្បាស់ទេថាខ្លួនអាចមានលទ្ធភាពបង់ប្រាក់សងធនាគារសម្រាប់ខែបន្ទាប់បានឬអត់ទេ ព្រោះឱកាសការងារមានកម្រិត ជាមួយប្រាក់ឈ្នួលតិច ហើយតម្លៃស្រូវធ្លាក់ចុះ បានធ្វើឱ្យស្ថានភាពរបស់អ្នកដែលរងផលប៉ះពាល់ដោយភាពតានតឹងជាមួយប្រទេសថៃកាន់តែលំបាកខ្លាំងឡើង។
អ្នកស្រី ហាន ចាន់ថា វ័យ ៣៣ឆ្នាំ ជាពលករចំណាកស្រុកទើបត្រឡប់មកពីប្រទេសថៃវិញក្រោយជម្លោះព្រំដែន។ អ្នកស្រីឲ្យដឹងថា ធនាគារ LOLC បានដំឡើងចំនួនទឹកប្រាក់បង់ប្រចាំខែទ្វេដងសម្រាប់ប្រាក់កម្ចីចំនួន ៤ ០០០ដុល្លារ របស់គាត់ គឺពីចំនួនធម្មតាឡើងដល់១៨០ដុល្លារក្នុងមួយខែបូកទាំងដើម និងការប្រាក់ បន្ទាប់ពីការពន្យារពេលបីខែត្រូវបានបញ្ចប់។ ផ្ទះរបស់អ្នកស្រីនៅខេត្តឧត្តរមានជ័យ ជាទីដែលអ្នកស្រីកំពុងរស់នៅជាមួយស្វាមី កូនៗ និងឪពុកម្តាយ ហើយដីផ្ទះនេះត្រូវបានដាក់ជាទ្រព្យបញ្ចាំ។ អ្នកស្រីអាចនឹងត្រូវបាត់បង់ដីផ្ទះនេះប្រសិនបើពួកគាត់មិនអាចសងធនាគារតាមកាលកំណត់។
អ្នកស្រីបន្តថា៖ «គាត់ [មន្ត្រីឥណទាន]បាននិយាយថា ធ្វើម៉េចរកប្រាក់បង់នៅថ្ងៃទី២៨ ខែវិច្ឆិកា។ គាត់ប្រាប់ឲ្យខ្ញុំទៅខ្ចីអ្នកផ្សេងមកសង ប៉ុន្តែខ្ញុំមិនដឹងទៅខ្ចីអ្នកណាទេ។ គាត់ថាមេរបស់គាត់នឹងមកជួបខ្ញុំនៅផ្ទះនៅថ្ងៃសុក្រ បើសិនជាខ្ញុំមិនបានបង់»។
លោក ជូ សុផាន់ណា មន្រ្តីឥណទានរបស់ LOLC ដែលមើលការខុសត្រូវលើប្រាក់កម្ចីនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបញ្ជាក់ថា មន្រ្តីរបស់ធនាគារពិតជាទៅជួបអតិថិជនដែលជំពាក់ប្រាក់ពិតមែន ដើម្បីសាកសួរពីមូលហេតុនៃការយឺតយ៉ាវ។ លោកបានបន្តថា អតិថិជនមិនត្រូវបានបង្ខំឱ្យបង់ប្រាក់នោះទេ ហើយអាចស្នើសុំរៀបចំឥណទានឡើងវិញ ដែលអាចពង្រីកពេលវេលាបង់សង ដើម្បីកាត់បន្ថយទឹកប្រាក់បង់ប្រចាំខែ។
លោកបន្ថែមថា៖ «យើងមិនបង្ខំពួកគាត់ទ។ បើសិនជាពួកគាត់មិនមានលទ្ធភាពបង់ យើងនឹងជួយគាត់រកដំដោះស្រាយ»។

អ្នកស្រី ចន្ថា និងស្វាមី ជាពលរដ្ឋខ្មែរក្នុងចំណោមពលរដ្ឋខ្មែរជិត១លាននាក់ដែលបានធ្វើការនៅប្រទេសថៃមុនបញ្ហាជម្លោះព្រំដែនកើតឡើង។ អ្នកទាំងនោះទៅធ្វើការនៅប្រទេសថៃដើម្បីទទួលបានប្រាក់ឈ្នួលល្អប្រសើរជាងកម្ពុជា ដែលជាង ៨៨ភាគរយពឹងផ្អែកលើការងារក្រៅប្រព័ន្ធ ហើយក្នុងឆ្នាំ២០២៣ គ្រួសារជាមធ្យមមានបំណុលច្រើនជាង ចំណាយប្រចាំឆ្នាំរបស់ពួកគេទៅទៀត។
ពលករចំណាកស្រុកដែលវិលមកពីថៃវិញមួយចំនួន បានស្វែងរកការស្នាក់នៅបណ្ដោះអាសន្ននៅក្នុងជំរំជនភៀសខ្លួន។
អស់រយៈពេលជាច្រើនឆ្នាំមកហើយធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានចោទប្រកាន់ថា បានធ្វើការផ្តល់ប្រាក់កម្ចី«ពិសពុល» ដែលជំរុញឱ្យមានវិបត្តិបំណុលគ្រួសារ។ បច្ចុប្បន្ន កម្ពុជាមានប្រជាពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
ក្រសួងការងារបានឱ្យដឹងថា ពលករចំណាកស្រុកជាង៩០ម៉ឺននាក់ បានត្រឡប់មកពីប្រទេសថៃវិញក្នុងឆ្នាំនេះ ដោយសារការភ័យខ្លាចការបណ្តេញចេញ ឬការរំលោភបំពាន ហើយក្រសួងអះអាងថា បច្ចុប្បន្ននៅសល់ឱកាសការងារជាង៨ម៉ឺនកន្លែងសម្រាប់អ្នកដែលវិលត្រឡប់មកវិញ។
ប៉ុន្តែ អ្នកស្រីចន្ថា និងស្វាមី មិនទាន់អាចរកការងារជាប់លាប់បានធ្វើនៅឡើយ ដោយពួកគាត់បានផ្លាស់ប្ដូរពីការងារសំណង់របស់ក្រុមហ៊ុនចិននៅខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តកំពង់ស្ពឺ ដោយសារតែមិនបានបើកប្រាក់ខែ។
ដីស្រែមួយហិកតាដែលមាននៅខេត្តឧត្តរមានជ័យ ជាអ្វីដែលសេសសល់សម្រាប់ជីវិតពួកគាត់ ប៉ុន្តែដីនេះមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតនោះទេ។
អ្នកស្រីឲ្យដឹងថា៖ «ពេលនេះខ្ញុំគ្មានប្រាក់មួយរៀលទេ។ ខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ ខ្ញុំមិនមានដំដោះស្រាយទេ»។ អ្នកស្រីបន្ថែមថា ប្រាក់ដែលអ្នកស្រីរកបានតិចតួចពីការស៊ីឈ្នួលលាងចានឲ្យគេប៉ុន្មានសប្ដាហ៍មកនេះ ត្រូវចំណាយលើថ្លៃព្យាបាលកូនស្រីអាយុ៦ឆ្នាំអស់ហើយ។ អ្នកស្រីសង្ឃឹមថា ខែក្រោយអាចលក់ស្រូវបានប្រហែល១៧៥ដុល្លារ ប៉ុន្តែថាពាក់កណ្ដាលនៃទឹកប្រាក់នេះនឹងត្រូវចំណាយលើថ្លៃឈ្នួលច្រូតកាត់។
តម្លៃស្រូវធ្លាក់ចុះដែរនៅប៉ុន្មានខែចុងក្រោយនេះ ហើយរដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថាមកពីតម្រូវការ និងការផ្គត់ផ្គង់មិនសមាមាត្រគ្នា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា កត់សម្គាល់ថា ក្រសួងបានសម្របសម្រួលជាមួយវិស័យឯកជនដើម្បីជួយសម្រួលការលំបាករបស់ប្រជាកសិករ។
កាលពីដើមខែវិច្ឆិកា ក្រុមហ៊ុនឯកជនមួយចំនូនបានប្រកាសទិញស្រូវរាប់ពាន់តោនពីប្រជាកសិករនៅខេត្តតាមព្រំដែន ដោយទិញក្នុងតម្លៃ១ពាន់រៀលក្នុងមួយគីឡូក្រាម ក្នុងគោលបំណងជួយទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកសិករត្អូញត្អែពីតម្លៃស្រូវធ្លាក់នៅត្រឹម៥០០-៦០០រៀលក្នុងមួយគីឡូក្រាម។
យ៉ាងណា កសិករនៅតាមព្រំដែនដែលកំពុងជាប់បំណុលដែល សារព័ត៌មានខេមបូចា បានសម្ភាសន៍អះអាងថា មិនទាន់មានក្រុមហ៊ុនឯកជនណាមួយទិញស្រូវពួកគាត់នៅឡើយ។

ពេលសាកសួរពីលទ្ធភាពក្នុងការពន្យារពេលសងប្រាក់ជាថ្មីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកនាំពាក្យសមាគមធនាគារកម្ពុជា (ABC) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក សុខ ចាន់ និងលោក កាំង តុងងី មានប្រសាសន៍ថា ទំនងជាមិនអាចនោះទេ។ ពួកគាត់បានបញ្ជាក់ថា ការពន្យារពេលបង់ប្រាក់នៅតែមានប្រសិទ្ធភាពសម្រាប់ក្រុមគ្រួសារកងទ័ពដែលកំពុងជាប់ភារកិច្ច ដែលត្រូវពន្យាររហូតដល់បំណាច់ខែមករា ឆ្នាំ២០២៦។
លោក តុងងី មានប្រសាសន៍ថា៖ «សម្រាប់អ្នកដែលកំពុងជួបបញ្ហាសេដ្ឋកិច្ច ពួកគាត់អាចជ្រើសរើសយន្តការរៀបចំឥណទានឡើងវិញដែលមានស្រាប់»។
លោកបន្ថែមថា៖ «ដោយសារតែជំរំភៀសសឹកជាច្រើនត្រូវបានរំសាយហើយ យើងមិនមានហេតុផលណាមួយក្នុងការបន្តពន្យារពេលក្នុងការបង់ប្រាក់ការ និងប្រាក់ដើមនោះទេ។ ការរៀបចំឥណទានឡើងវិញ គឺនៅតែមានសម្រាប់ប្រជាពលរដ្ឋដែលកំពុងមានបញ្ហាបាត់បង់ប្រាក់ចំណូល ដែលប៉ះពាល់ដល់ការសងប្រាក់របស់ពួកគាត់»។
អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រហែល៣០០គ្រួសារ ឬប្រហែល១ ២០០នាក់ បន្តស្នាក់នៅក្នុងជំរំភៀសខ្លួននៅវត្តថ្មកំបោរ ក្នុងខេត្តឧត្តរមានជ័យនៅឡើយ។ លោកបន្ថែមថា អ្នកទាំងនោះបន្តស្នាក់នៅដោយស្ម័គ្រចិត្ត ដោយមិនទាន់ហ៊ានត្រឡប់ទៅផ្ទះជិតព្រំដែនវិញ។
ទាំងលោក តុងងី និងលោក ចាន់ ជំរុញឲ្យប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាឲ្យពិភាក្សាជាមួយម្ចាស់បំណុលអំពីភាពលំបាករបស់ខ្លួន។
ក្រសួងការងារបានច្រានចោលការរិះគន់អំពីឱកាសការងារមានកម្រិតសម្រាប់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ។ ពេលសួរអំពីការលើកឡើងរបស់របាយការណ៍របស់ Human Rights Watch អំពីភាពអត់ការងារធ្វើ និងបំណុលរបស់អ្នកត្រឡប់ពីថៃ អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បញ្ជាក់ថា រដ្ឋាភិបាលនៅសល់ការងារជាង៨ម៉ឺនកន្លែងទៀតសម្រាប់ពលករខ្មែរដែលទើបត្រឡប់ពីថៃវិញ។
លោកបានច្រានចោលរបាយការណ៍របស់ Human Rights Watch ដោយថា មានចរិតនយោបាយ។ លោកថា ស្ថាប័នមួយនេះបានសម្ភាសពលករតែ៥៦នាក់ប៉ុណ្ណោះ ដែលអ្នកខ្លះបាននិយាយថា ពួកគេត្រូវតែជ្រើសរើសរវាងអាហារ ការបង់ប្រាក់សងមីក្រូហិរញ្ញវត្ថុ និងថ្លៃសាលារបស់កូន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា អាជ្ញាធរត្រូវជួយគាំទ្រអតីតប្រជាពលរដ្ឋជម្លៀសទាំងនោះ ដោយជួយរៀបចំជួសជុលផ្ទះដែលខូចខាត និងជួយផ្ដល់ស្បៀងអាហារ និងការថែទាំសុខភាព។ លោកបន្តថាការពន្យារពេលសងបំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជារឿងបន្ទាន់ត្រូវធ្វើ។
លោកបន្ថែមថា៖ «គួរតែមានការបន្តពន្យារពេលទម្រាំពួកគាត់អាចរកចំណូលបង់សងវិញបាន។ នេះជាបញ្ហាដែលត្រូវដោះស្រាយ បើមិនដូចច្នោះទេ ពួកគាត់នឹងមិនអាចរកចំណូលបានទេ ព្រោះតែពួកគាត់ទើបត្រឡប់មកផ្ទះវិញ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Loan Relief Ends for Displaced, Border Farmers Amid Mounting Debt












