សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស្រូវ​ជិត​​២០ម៉ឺន​ហិកតា​រងផលប៉ះពាល់​ដោយ​សារគ្រោះ​រាំងស្ងួត ខណៈស្រូវ​ប្រាំងមាន​តម្លៃល្អ​

ស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព នៅភូមិរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងពោធិ៍សាត់។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
ស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព នៅភូមិរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងពោធិ៍សាត់។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

​លោក ផល ​សម្បត្តិ​ កសិករ​នៅស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ស្រូវ​ជិត​៣ហិកតារបស់លោក​ក្នុង​ចំណោមស្រូវ​ជិត​​២០ម៉ឺន​ហិកតារបស់កសិករ​ផ្សេងទៀត ​​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៨​ បាន​រងផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ដែល​​អូស​បន្លាយ​​អស់​រយៈ​ពេល​ប្រមាណ​៣ខែមក​នេះ​ ខណៈ​ស្រូវ​ប្រាំងនៅ​ដើម​រដូវ​នេះ លក់​បាន​តម្លៃល្អ​ដល់ជាង​ ​​១ ០០០ ​រៀល​ក្នុង​១​គីឡូក្រាម​ ​ដោយ​សារបរិមាណ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​​។​

​ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹង​កាលពីខែមុន​ថា គ្រោះ​រាំង​ស្ងួត​​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៨ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំកសិកម្ម​សរុបចំនួន ​២០៩ ០៨៥ ​ហិកតាក្នុង​នោះមាន​ស្រូវ​ជិត​២០ម៉ឺន​ហិកតា​ ស្មើ​នឹង ​៦,០៤ភាគ​រយ​នៃ​ផ្ទៃ​ដី​ដាំដុះសរុប​​ទូទាំង​ប្រទេស។

លោក ផល សម្បត្តិ​ ជាកសិករ​រស់នៅ​ឃុំ​ភ្នំដី ​​ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយមាន​ជ័យ​បាននិយាយ​រៀប​រាប់​​ប្រាប់​​សារព័ត៌មាន​ខេម​បូចា​​​ថា​ ​នៅ​ក្នុង​រដូវ​​វស្សាឆ្នាំ​នេះ​ លោក​ធ្វើ​ស្រែលើ​ផ្ទៃដី​ចំនួន​១២ហិកតា ក្នុងនោះ​ដីកម្ម​សិទ្ធិផ្ទាល់​ខ្លួន​​មានជិត​៣​ហិកតា ​ក្រៅ​ពីនេះ​ជាដី​ជួល​គេ ​ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល​ ក្នុង​មួយ​ហិកតា សម្រាប់​ធ្វើ​ស្រែ​ក្នុង​មួយ​រដូវ​​។ ​

បុរសវ័យ​៤៧​ឆ្នាំ​រូប​នេះ​ បាន​​រៀប​រាប់​ ខណៈ​កំពុង​ដើរពិនិត្យមើល​ស្រូវ​កាលពី​ថ្ងៃ​៣១ ខែកក្កដា​ថា ទុក្ខ​លំបាក​របស់​កសិករ​ ​តែង​តែ​កើតឡើង​ជា​រៀង​រាល់​ឆ្នាំ​គឺ​ការ​លក់​ស្រូវ​មិន​​បាន​ថ្លៃ​​ ខណៈ​ជីកសិកម្ម​ ​ថ្នាំ​កសិកម្ម​ផ្សេងៗ ​​និង​ប្រេងម៉ាស៊ូតមាន​តម្លៃថ្លៃ។ ឆ្នាំ​នេះ​ប្រេង​ម៉ាសឡើងថ្លៃ​ ​ដែលធ្វើ​ឱ្យ​កសិករ​ជួប​ការ​លំបាក​។​ បន្ថែមពីនេះ​ត្រូវចំណាយ​លើការ​ជួល​ត្រាក់ទ័រ​ភ្ជួរ​ស្រែ ​ក្នុង​មួយ​រដូវ​​ត្រូវ​ភ្ជួរ​២ដង​ក្នុង​១​ហិកតា​ ត្រូវ​ចំណាយ​អស់​៤០​ម៉ឺន​រៀល ​​រួម​ទាំង​ថ្លៃពូជ និង​ថ្លៃផ្សេងៗ​ទៀត។

បុរសសម្បុរខ្មៅស្រអែម​ មាន​កូន​នៅ​តូចៗ​៣នាក់​ក្នុង​បន្ទុក ​កំពុង​សិក្សា​រូបនេះ ​បាន​ឱ្យ​​ដឹង​ទៀត​​ថា៖«នៅ​ឆ្នាំ​នេះ​កសិករយើង​ជួប​បញ្ហា​ធំមួយ​ទៀត​ គឺគ្រោះ​រាំង​ស្ងួត​។ ដូច​ស្រែខ្ញុំ​១២​ហិកតា​ត្រូវ​ក្រៀម​ស្វិត​អស់​៣ហិកតា​ ដោយ​សារ​តែគ្រោះ​រាំង​ស្ងួត​ប្រមាណ៣ខែមក​នេះ។​ដូច​ស្រែ​ដែល​ខ្ញុំ​កំពុង​មើល​នៅនេះ ក្រោយ​​ពីភ្លៀង​មាន​ទឹក​ភ្លៀង​៤-៥ថ្ងៃហើយ​​នៅ​មិន​ទាន់​លូត​លាស់​​នៅ​ឡើយ​ទេ​ ដោយ​សារជួបគ្រោះ​រាំង​ស្ងួត​យូរពេក»។

ជាមួយគ្នានេះ លោក​សម្បត្តិ​​បាន​អំពាវ​នាវ​ដល់​​រដ្ឋាភិបាល សូម​ឱ្យ​​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​កសិករ ​តាម​រយៈ​ការ​​សាងសង់​​​អាងស្តុក​ទឹក ​​និង​ប្រឡាយ​មេ​សម្រាប់​កសិករ​ធ្វើកសិកម្ម​ឱ្យ​បាន​គ្រប់​រដូវ​​ បញ្ចុះ​តម្លៃជី ​តម្លៃ​ថ្នាំ​កសិកម្ម​ ជាពិសេស​ជួយ​រក​ទីផ្សារ​​លក់​ស្រូវ​ឱ្យ​បាន​តម្លៃ​សម​រម្យ​ជាដើម ខណៈ​តម្លៃស្រូវ​បាន​ចុះ​ថោក​យ៉ាង​ខ្លាំងក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។

បច្ចុប្បន្ន​នៅឃុំ​ភ្នំដី ​ពុំ​​ទាន់​មាន​អាងស្តុកទឹក ​ឬប្រឡាយ​មេទឹក​ធំៗ​នោះ​ទេ ​មាន​​តែ​ប្រឡាយ​តូច​ៗ​សម្រាប់​បូម​ទឹក​ចេញពី​ស្ទឹង​បណ្តាក់​បន្តគ្នា​ ហើយ​បើ​មេឃខាន​ភ្លៀង​យូរ ​ទឹកស្ទឹងក៏រីង​ហួត​អស់​ ពុំ​មាន​ទឹក​បូម​ដាក់​ស្រែ​នោះ​ទេ​។

កសិករអ្នក​ស្រុក ភ្នំស្រុក​រូបនេះ​បាន​ត្អូញ​ត្អែរថា៖«លំបាក​ណាស់​បង ​អ្នក​ស្រែពិបាក​ម៉ា​ចប់ ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​ស្រែមិន​ដឹង​ទៅ​ធ្វើ​អ្វី​ទេ ពីព្រោះ​យើង​ចេះ​តែធ្វើ​ស្រែ​តាំងពីជីតា ​តាទួត​មក​ហើយ​បើ​ទៅ​រក​ការងារ​សំណង់​ធ្វើ​នៅ​ភ្នំពេញ​ក៏លំបាក​ដែរ។​ ​ដូច​ប្អូនៗ​ខ្ញុំ​២-៣​នាក់​ទៅធ្វើ​ការ​​សំណង់​នៅ​ភ្នំពេញ​ប្រមាណ​៣-៤​ខែ​​ មេ​ការ​សំណង់​មិន​បាន​បើក​លុយ​ឱ្យ​ទេ​ទើបវិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​កាលពីម្សិល​មិញ[២៩កក្កដា]។ បើយើង​ទៅ​រកការងារ​រោង​ចក្រ​ធ្វើ​យើង​អាយុប៉ុណ្ណេះ​ហើយ​គ្មាន​អ្នក​ណា​គេយក​យើងទេ​»។

​ចំណែក​លោក ​ម៉ៅ ថៃ វ័យ​៣៥​ឆ្នាំ​ ដែល​ធ្វើ​ស្រែ​លើ​ផ្ទៃដី​១៥ហិកតាក្នុង​នោះ​ជួល​ដីស្រែគេ​១១​ហិក​តា​​ នៅ​វាល​បឹងចក ក្នុង​​ស្រុក​សង្កែខេត្ត​​បាត់​ដំបង​ បាន​ប្រាប់​​សារព័ត៌មាន​ខេម​បូចា​ កាល​ពី​​ថ្ងៃ​​ទី​១ ខែ​សីហា​ថា លោក ​​និង​កសិករ​ដទៃទៀត ​មាន​ការសប្បាយ​រីក​រាយ​ដែល​ក្នុង​រយៈ​ពេល​៣-​៤ថ្ងៃ​កន្លងមក​នេះ ​មេឃ​បាន​ធ្លាក់​ភ្លៀង​ជាបន្តបន្ទាប់​​ធ្វើ​ឱ្យ​ស្រូវ​ចាប់​ផ្តើម​លូត​លាស់​ បន្ទាប់​ពីស្រពាប់​ស្រពោន​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​​អស់​​រយៈ​ពេល​ជាច្រើ​ន​ខែ​។

បុរសកសិករ​ដែល​មាន​កូន​២នាក់​ក្នុង​បន្ទុក ​កូនប្រុស​​ច្បង​រៀន​ថ្នាក់​ទី​៩ ​និង​កូន​ស្រីពៅ​រៀន​ថ្នាក់​ទី៥​រូប​នេះ​និយាយដោយ​ក្តីសប្បាយ​រីក​រាយ​ថា៖ «ពេល​មេឃមាន​ភ្លៀងអ៊ី​ចឹង ​សប្បាយ​ចិត្ត​ ពីព្រោះ​​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​​ពិបាក​ចិត្ត​ប្រមាណ២ខែមក​ហើយ​នៅពេល​ឃើញ​ស្រូវ​​ក្រៀម​ស្វិត​​ពី​មួយ​​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ភ្លៀង​មកខ្លះៗ​​គឺ​ល្អស្រូវ​មិន​ងាប់»។

លោក ​ថៃ បន្តថា លោក​បន់​ឱ្យ​តែ​ស្រូវ​របស់​លោក​​​ឆាប់​ចេញ​ផ្លែ​នោះទេ ខណៈ​បច្ចុប្បន្ន​លោក​ឃើញ​កសិករនៅ​តាម​តំបន់​មួយ​​ចំនួន​បាន​ផុស​ពីការលក់​ស្រូវ​បាន​តម្លៃ​ថ្លៃ​ដល់​ជាង​៨០០ ​ឬ​ជាង​៩០០​រៀល ​មាន​ខ្លះ​រហូត​ដល់​​១០០០​រៀលក្នុង​១គីឡូ​ក្រាម​​ក៏មាន​​ទៅ​តាម​ប្រភេទស្រូវ​។​

បើ​តាម​កសិករ​ដែល​រស់នៅ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ការធ្វើស្រែ និង​ដាំបន្លែ​មួយ​ចំនួន​រូប​នេះ បើសិន​ស្រូវ​អាច​លក់​បាន​ថ្លៃ​ចាប់​ពីជាង​៨០០​រៀល​ឡើង​ក្នុង​១គីឡូក្រាម ​គឺ​កសិករ​អាច​សល់​​បាន​ប្រាក់​ចំណេញ​បាន​ខ្លះ ​បន្ទាប់​ពី​សងថ្លៃ​ជី ថ្លៃ​ថ្នាំ ​និង​​​ថ្លៃ​ប្រេង​ម៉ាស៊ូត​បូម​ទឹក​ដាក់​ស្រែ​ ខណៈ​កាល​ពីឆ្នាំ​មុន​ស្រូវ​របស់​លោក​លក់​បាន​តម្លៃ​តែជិត​៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​១គីឡូក្រាម។

ទិដ្ឋភាពស្រូវ ដែលជិតនឹងបានប្រមូលផលរបស់កសិករ ស្ថិតក្នុងស្រុកគៀនស្វាយ ខេត្ត​កណ្ដាល​។ កសិករ​ជាច្រើន​បាន​លើក​ឡើង​ថា ​ការ​ហក់​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ និង​ជី​កសិកម្ម​ដែល​​​សង្គ្រាម​បង្ក​​ឡើង​ដោ​យអាមេរិក និង​អ៊ីស្រាអ៊ែល ជាមួយ​អ៊ីរ៉ង់ បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​កសិករ ខណៈ​ដែល​ផល​ចំណេញ​ពី​ការលក់​កសិផល​មាន​តិចតួច​ស្ដួច​ស្ដើង​ស្រាប់​ហើយ​។​ រូបភាពថតនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

ប៉ុន្តែ​យ៉ាងណាក្តី សម្រាប់​លោក រ៉ា សីហា ជាកសិករ​រស់នៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់​ដំបង​​បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចា​នៅថ្ងៃទី​២ ខែសីហា​ថា ដោយសារ​តែគ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​​​ស្រូវ​ក្នុង​ស្រុក​ថ្មគោលប្រមាណ​៥០ភាគ​រយ​​ត្រូវ​បាន​ភ្ជួរ​ចោល​។

លោក​និយាយ​ថា៖«គិត​ត្រឹម​ថ្ងៃទី​២សីហា​ពុំ​ទាន់​មាន​ភ្លៀង​ធំ​ទេ ​សម្រាប់​ស្រុក​ថ្មគោល​ទាំង​មូល​​គឺភ្លៀង​ដែរ​តែភ្លៀង​ផ្សែងៗ​តិច​ៗ​មិន​ទាន់​មាន​ភ្លៀង​ធំ​យក​ជាសាច់ការ​​អាច​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ក្រៀម​ស្វិត​បាន​នៅឡើយ​ទេ​»។

​បើ​តាម​លោក ​សីហា​ រហូត​មក​ដល់​ពេល​នេះ ​ស្រូវ​របស់កសិករ​រាប់​ពាន់​ហិកតា​ នៅ​ក្នុង​ឃុំខ្នាយ​រមាស ឃុំរូង​ជ្រៃ និង​ឃុំ​​បន្សាយ​ត្រែង​ គឺ​​​បាន​ក្រៀម​ស្វិត​ងាប់​ជាបណ្តើរ​ៗ​ ដោយ​សារគ្រោះ​​​រាំង​ស្ងួត​យ៉ាងធ្ងន់​ធ្ងរ​ក្នុង​រយៈ​ពេល​ជាច្រើន​ខែមក​នេះ។ ក្នុង​នាម​ជាកសិករលោក​សូម​អំពាវនាវ​ដល់​មន្ត្រី​កសិកម្ម​​ និង​មន្ត្រី​ធន​​ធាន​ទឹក​ក្នុង​ខេត្ត​បាត់​ដំបង ​​រួម​ទាំង​ក្រសួង​កសិកម្ម​និង​ក្រសួង​ធន​ធាន​ទឹក​សូម​មេត្តា​ចុះ​មក​ជួយស្តារ​ប្រឡាយ«​​ស្វាយ​អា​»ឡើង​វិញ​ ហើយ​បើមិន​មាន​លទ្ធភាព​ស្តារ​​ទេ​ សូម​បើក​សិទ្ធិ​ឱ្យ​ប្រជាពល​រដ្ឋ​​រួម​គ្នា​ស្តារ​ដើម្បី​យក​ទឹក​​ធ្វើ​ស្រែ​ ខណៈ​ប្រឡាយ​សហ​គមន៍ស្វាយអា​​បច្ចុប្បន្ន​​បាន​គោក​រាក់​ស្ទើរ​តែស្មើ​ទៅ​នឹង​ដីស្រែទៅ​ហើយ ​​ធ្វើ​ឱ្យ​កសិករ​ដែល​មាន​ដីស្រែ​នៅ​ប្រ៉ប​តាម​ប្រឡាយ​នេះ​ចំនួន​៣ឃុំ​​ពុំ​អាច​ធ្វើ​ស្រែ​បាន​ទេ​ពេល​មេឃរាំង​ស្ងួត​។

ពាក់​ព័ន្ធ​នឹងគ្រោះ​រាំងស្ងួត​ដោយ​សារឥទ្ធិពល​នៃ​បាតុភូត El Niño នេះ ក្រសួងកសិកម្មអះ​អាង​ថា ខ្លួនបាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត​គោលដៅ និងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនវិធានការជួយសង្គ្រោះ​​ស្រូវ​របស់កសិករ​ និងជួយដោះស្រាយបញ្ហា​ប្រឈ​មផ្សេង​ៗ​​​របស់​ប្រជាកសិករ។

លោក​ ឃឹម ហ្វីណង់ ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម ​រុក្ខាប្រម៉ាញ់​និង​នេសាទ ​បាន​ប្រាប់​សារព័ត៌​មាន​​ខេម​បូចា​កាលពីថ្ងៃទី​២​សីហា​ថា គិត​ត្រឹម​ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២០២៦​ គ្រោះ​រាំង​ស្ងួត​បាន​ប៉ះពាល់​លើ​ខេត្ត​ចំនួន​៨ រួម​​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង សៀម​រាប កំពង់​ធំ កំពង់​ចាម ​ពោធិ៍សាត់​ កំពង់​ឆ្នាំង និង​ខេត្ត​ប៉ៃលិន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំកសិកម្ម​សរុបចំនួន​២០៩ ០៨៥​​ហិកតា ស្មើ​នឹង​៦,០៤​ភាគ​រយ​នៃ​ផ្ទៃ​ដី​ដាំដុះ​ទូទាំង​ប្រទេស។

ក្នុង​នោះ​ដំណាំស្រូវ​ប៉ះពាល់​ ១៨៩ ០១៣ ​ហិកតា ​​ខូច​ខាត​ចំនួន ​២ ០១១៥ ហិកតា និង​ដំណាំ​ស្បៀង​រួម​ផ្សំ ​និង​ដំណាំទ្រទ្រង់​សេដ្ឋ​កិច្ច​ប៉ះពាល់​ចំនួន ​២០ ០៧២ ហិកតា​ខូច​ខាត​ចំនួន​២៣១ហិកតា​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មានកិច្ច​​អន្តរាគមន៍​បូមទឹក​និង​ភ្លៀង​ធ្លាក់​រាយប៉ាយ​ធ្វើ​ឱ្យ​ស្រូវ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ងើប​ឡើង​វិញ​ប្រមាណ​៩៥ភាគ​រយ។

លោក ឃឹម ហ្វីណង់ ​​ថ្លែង​ទៀតថា៖ «​ទាក់​ទង​នឹង​កិច្ច​អន្តរាគមន៍​ជួយ​​សង្គ្រោះ​ស្រូវ​ ខ្ញុំ​យល់​ថា ក្រសួង​ធន​ធាន​ទឹក​ត្រូវ​ជាង ​ពីព្រោះ​ការងារដំណាក់កាល​នេះ ​ជា​ការងារអន្តរាគមន៍​ជាមួយ​ក្រសួង​ធនធាន​ទឹកទេ​ ដោយ​ឡែក​ក្រសួង​កសិកម្ម​យើង​ អាច​មាន​យន្តការនៅពេល​ដែល​មាន​ការ​ស្តារឡើង​វិញ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពាក់​ព័ន្ធ​នឹងក្រសួង​ធន​ធាន​ទឹក​ច្រើន​ជាង»។

សារព័ត៌មាន​ខេម​បូចា​ មិន​អាច​ទាក់​ទង​លោក ​ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក​ ​ដើម្បី​​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ ​លើ​បញ្ហា​នេះបានទេនៅ​ថ្ងៃទី​២ ខែសីហា​។ ប៉ុន្តែ​លោក ​ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនិងជាប្រធានអង្គភាពត្រួតពិនិត្យ​គម្រោង នៃ​ក្រសួងធនធានទឹក បាន​ថ្លែង​នៅ​ពេល​ចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង​ជួសជុលទំនប់ និងគម្រោងសាងសង់សំណង់ស្ទាក់ទឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ កាលពីថ្ងៃ៣១ ខែកក្កដា​ថា​ គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ គឺសម្រេចបាន១០០% ដោយ​បានជួសជុលទំនប់ប្រវែង ៣ ៨០០ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុប ៥កន្លែង។

ក្រោយបញ្ចប់ ទំនប់ដែល​មាន​ទទឹង ៦ម៉ែត្រនេះ​ នឹងក្លាយជាផ្លូវលំជនបទ ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ព្រមទាំងស្តុកទឹកស្ទឹងជីក្រែងសម្រាប់ស្រោចស្រពស្រូវវស្សា​បាន​ចំនួន​ ១ ១២០ ហិកតា ស្រូវប្រាំងលើកទីមួយ​ ២ ២៣៥ ហិកតា ស្រូវប្រាំងលើកទីពីរ​ ២ ២៣៥ហិកតា និងដំណាំរួមផ្សំ ៣០ហិកតា ផ្តល់ប្រយោជន៍ដល់ប្រជាកសិករ ១ ៧៣៩ គ្រួសារ ក្នុង១២ឃុំ នៃ​ស្រុកជីក្រែង ខេត្តសៀមរាប។

កសិករនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែប្រមូលផលស្រូវ ខណៈតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ។ រូបភាពថតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

សម្រាប់​លោក ​រ៉ា សីហា ខណៈ​បច្ចុប្បន្នស្ថានភាព​សេដ្ឋកិច្ចប្រជាពល​រដ្ឋ​កំពុង​​ធ្លាក់មួយ​កម្រិត​ស្រាប់​​ ហើយ​មក​ជួប​នឹងគ្រោះ​រាំងស្ងួតទៀត​គឺ​ធ្វើ​​ឱ្យ​ស្រូវ​​ដែល​កសិករ​ចំណាយ​ដើម​ទុន​ភ្ជួរ​រាស់ សាបព្រោះ​ងាប់ វា​ធ្វើ​ឱ្យ​​ជីវភាព​​​របស់កសិករ​កាន់​តែធ្លាក់​ធ្ងន់​​មួយ​កម្រិត​ថែម​ទៀត​ដោយ​សារ​ត្រូវ​ចំណាយ​ដើម​ទុន​ភ្ជួរ​រាស់សាបព្រោះ​ឡើង​វិញនៅ​ពេល​មាន​ភ្លៀង​។

កសិករដែល​ឆ្នាំនេះ​ធ្វើ​ស្រែលើ​ផ្ទៃដី​១០​ហិកតាកន្លះ​រូបនេះ​បាន​ឱ្យ​ដឹងថា បើ​តាម​លោក​គណនា​ការធ្វើ​ស្រែ​របស់កសិករ​ដែល​សន្សំបាន​បន្តិចបន្តួច​ក្នុង​រយៈ​ពេល​៤-៥​ឆ្នាំ​កន្លង​មក​​យក​មក​ទប់​ការខាត​ដោយ​សារគ្រោះ​រាំងស្ងួត​ក្នុង​ឆ្នាំនេះ​មិន​រួច​នោះទេ​ ពីព្រោះ​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះឱ្យ​តែ​ដល់​រដូវប្រមូល​ផល​គឺស្រូវ​តែង​តែចុះ​ថោក។

លោ​ក​និយាយ​ថា ៖«ឆ្នាំនេះ​បើនៅ​តែប៉ុណ្ណឹងទៀត​ខ្ញុំថាខាតជាន់លើ​ខាត​​សម្រាប់​អ្នកស្រែ ព្រោះ​​​អីបើ​តាមការសិក្សា​បស់ខ្ញុំយើង​មិន​អាច​ទៅ​បន្ទោស​រោង​ម៉ាស៊ីន​បន្ទោស​ឈ្មួញ​ទាំង​ស្រុង​បាន​ទេ​។ ខ្ញុំ​បន្ទោស​រដ្ឋ​ច្រើន​ជាងដែល​មិន​មាន​ប្រព័ន្ធ ​​មិន​មាន​ទុន​សម្រាប់​ទិញ​ស្រូវ​កសិករស្តុក​ទុក​នៅ​ពេល​រដូវប្រមូល​ផល ដូច​នៅ​វៀតណាម​នៅថៃ ដល់អ៊ីចឹង​​ ​​ឈ្មួញ​គេ​ចង់​ទិញ​ឱ្យ​តម្លៃប៉ុន្មាន​ក៏បានគឺនៅលើ​គេ ដល់​អ៊ី​ចឹងកសិករចាំតែងាប់»។

លោក​កត់​សម្គាល់​ថា កន្លងមក​តម្លៃស្រូវ​អង្ករ​នៅក្នុង​ស្រុក​ថ្មគោល​ទាំងមូល​លោក​មិន​ដែល​ឃើញ​អាជ្ញាធរ​ស្រុក​ឬអាជ្ញាធរ​ខេត្ត​មន្ទីរពាណិជ្ជកម្ម​ខេត្ត​ជួយ​អ្វី​បាន​នោះទេ ហើយ​បន្ទាប់​ពី​មន្ត្រីជំនាញ​ជួប​ប្រជុំ​ជាមួយ​ខាង​រោង​ម៉ាស៊ីន​រួច​គឺ​តម្លៃស្រូវ​តែង​តែចុះ​ថោក​ងាប់តែកសិករ។

ស្រូវប្រាំង​ដើម​រដូវ​កំពុង​​មាន​តម្លៃល្អ

នា​ពេល​បច្ចុប្បន្ន​​កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​​ ដូច​ជាខេត្ត​តាកែវ ព្រៃវែង ត្បូង​ឃ្មុំ កំពង់​ចាម​​ និង​កំពង់​ធំ​ ជាដើម​បាន​អះអាង​ថា ស្រូវ​ប្រាំង​របស់​ពួកគាត់ ​លក់​បាន​ថ្លៃល្អ​គួរ​សម។

​អ្នក​ស្រី ​ម៉ៅ រ៉ានី​ វ័យ​៤៣ឆ្នាំ រស់នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់​ធំ ​ដែល​កំពុង​ប្រមូល​ផល​ស្រូវ​ប្រាំង​លើ​​ដី​ស្រែ​៩​​ហិកតា​​​បាន​និយាយ​ថា នៅក្នុង​តំបន់​ខ្វាវ មក​ដល់​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ​២០​២៦ ពូជស្រូវ​៦៦៦លក់​បាន​៩៥០​រៀល​​ក្នុង​១គីឡូក្រាម​​ ខណៈ​ពូជស្រូវ​ប្រភេទ​OM៥៤៥១​លក់​បាន​តម្លៃ​៩៨០​រៀល​ក្នុង​១គីឡូក្រាម។

អ្នក​ស្រីនិយាយ​ដោយក្តី​សប្បាយ​រីក​រាយ​ថា៖ «​នេះ​ជា​តម្លៃ​ល្អ។ ​ខ្ញុំ​អាច​សល់​ប្រាក់​បាន​ខ្លះ ​បន្ទាប់​ពី​សង​ថ្លៃជី ថ្លៃថ្នាំ ថ្លៃប្រេង​ និង​ថ្លៃភ្ជួរ​រាស់​សាបព្រោះ​។​ បន្ទាប់​ពីប្រមូល​ផល​រួច ​ខ្ញុំ​នឹង​ប្រញាប់​ភ្ជួរ​រាស់​សាបព្រោះដាំដុះ​ជាថ្មីទៀត​។ កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​លក់​បាន​​តែ៦៥០​រៀល​ទេក្នុង​១គីឡូ។ យ៉ាងណាក្តី​ឆ្នាំនេះ​​ ជី ថ្នាំ ប្រេង​ក៏បាន​ឡើងថ្លៃ​ដែរ»។

ពាក់​ព័ន្ធ​នឹងតម្លៃស្រូវកំពុង​​​ឡើង​ថ្លៃ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ ឃឹម ហ្វីណង់​ បាន​​បញ្ជាក់ថា វាជានិន្នាការ​សកល ខណៈ​នៅពេល​នេះ​គឺ​មិន​ទាន់​ដល់​រដូវប្រមូល​ផល​ស្រូវ​ទេ ទើប​តែដើមដៃ​សម្រាប់​ស្រូវ​ប្រាំង​។ លោកបន្ត​ថា៖«​រៀង​រាល់​ឆ្នាំ​អ្វី​ដែល​ឃើញ​តម្លៃនេះ​គឺដើម​ដៃគឺយ៉ាង​ដូច្នេះ​ឯង។ អ៊ីចឹង​យើង​នៅ​មិន​ទាន់​ដឹងថា ស្រូវ​ឡើង​ថ្លៃ​ឬក៏យ៉ាងណា​នោះទេ​​គឺ​យើង​ត្រូវ​រង់​ចាំសង្កេត​មើល​ទាំង​អស់គ្នា»។

យ៉ាងណាក្តី លោក ​ជីវ ហាប់ ​ជាអាជីវករទិញ​ស្រូវ ​​ដែល​ជាម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ជីវហាប់​ នៅ​ស្រុក​ថ្មគោល ​ខេត្ត​បាត់​ដំបង ​បាន​លើកឡើងនៅ​ថ្ងៃទី​៤ ខែសីហា​នេះថា ការ​ដែល​ស្រូវ​លក់​​​បាន​តម្លៃ​ល្អ​នៅពេល​នេះគឺដោយសារ​តែបរិមាណ​នៃទិន្នផល​​ស្រូវ​នៅពេល​នេះ​បាន​ធ្លាក់​ចុះ​​​ប្រមាណ​៥០​ភាគ​រយ​ដោយ​សារគ្រោះ​រាំងស្ងួត។

លោក​ថ្លែងថា ៖«ដោយ​សារតែគ្រោះរាំងស្ងួត​បាន​ធ្វើ​ឱ្យកសិករភ្ជួរ​ស្រូវ​ប្រាំង​ដែល​ក្រៀម​ស្វិត​ចោល​អស់​ប្រមាណ៥០ភាគរយ​​ ដូច្នេះ​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​ប្រាំង​ថយ​ចុះ​ទើប​តម្លៃកើនឡើង»។

បើតាមលោក ​ជីវ ហាប់ គិត​ត្រឹម​ថ្ងៃទី​៤ ខែសីហានេះ ​ស្រូវ​សែនក្រអូប កសិករ​លក់​បាន​តម្លៃ​ពី​១១៨០ ទៅ​ ១២០០​ រៀល ក្នុង១គីឡូក្រាម ស្រូវ OM តម្លៃពី ៩៥០ ទៅ ៩៦០ និង​ស្រូវស្រង៉ែ​តម្លៃ​ពី​ ១០៦០ ​ទៅ​ ១០៧០ រៀល​ក្នុង​១គីឡូក្រាម។

លោក​បញ្ជាក់ថា ៖«នៅរដូវប្រមូលផល​ស្រូវវស្សាខាងមុខ ​ស្រូវប្រហែលជាអាច​ធ្លាក់​ថ្លៃបន្តិច​បន្តួច​​ប៉ុន្តែមិន​ធ្លាក់​ច្រើន​ដូចឆ្នាំមុន​ទេ ដោយ​សារបរិមាណ​ផលិតឆ្នាំនេះ​ថយចុះដោយសារ​គ្រោះរាំងស្ងួត»។

សម្រាប់​កសិករ ​​ផល​ សម្បត្តិ​ បើស្រូវ​​លក់​បាន​តម្លៃ​ជិត​១០០០​រៀល ​ឬលើ​១០០០​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម​គឺ​ជាតម្លៃល្អ​ ធ្វើឱ្យ​កសិករ​អាចទូទាត់​ថ្លៃផលិត​បាន ​និង​សល់​ប្រាក់​ចំណេញ​បានខ្លះ​ ខណៈ​កាល​ពីឆ្នាំ​មុន​ស្រូវ​OM ​របស់​លោក​លក់​បាន​​ចន្លោះ​ពី​៥០០​ជាង​​ទៅ៦០០​រៀល​ ឯស្រូវ​​សែនក្រអូប​បាន​ពី​៧០០​ទៅ ៨០០​​ក្នុង​១គីឡូក្រាម​​ ធ្វើ​ឱ្យ​រូបលោក​និង​កសិករ​ផ្សេង​ទៀត​ត្រូវ​ខាតដើម។ ​

លោក សម្បត្តិ ​​បារម្ភ​​ខ្លាចស្រូវ​ធ្លាក់​ថ្លៃ​វិញ​​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ដែល​មាន​ស្រូវ​ជន់​ច្រើន​។ លោក​បញ្ជាក់​ថា កាល​ពីឆ្នាំ​មុន​ នៅ​ពេល​ប្រមូល​ផល​ស្រូវ​អស់ ​លក់​សងធនា​គារ​​មិន​ទាំង​គ្រប់​ផង​ ថែម​ទាំងនៅ​ជំពាក់​ថ្លៃជី ​ថ្លៃ​ថ្នាំគេទៀត​។​ នៅ​ពេល​សួរ​ថា តើលោក​នៅ​ជំពាក់​ធនា​គារ​​ប៉ុន្មាន​ទៀត លោក​សម្បត្តិ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​នោះទេដោយ​គ្រាន់​តែឆ្លើយ​​ថា៖ «​រាងគួរសម​ដែរបង»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម