ដីប្រហែល១០ហិកតាត្រូវបានដាំកូនឈើឡើងវិញ ដែលនេះជាទំហំដីមួយផ្នែកនៃដីព្រៃនៅតំបន់ភ្នំតាម៉ៅប្រហែលជា៦០០ហិកតាដែលត្រូវបានឈូសឆាយ បន្ទាប់ពីប្រមុខរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់រាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននិងបញ្ជាឱ្យដាំដើមឈើឡើងវិញ។
លោក នីក ម៉ាក នាយកកម្មវិធីសង្រ្គោះ និងថែទាំសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងប្រាប់ថា ផ្ទៃដីដែលបានដាំកូនឈើឡើងវិញបានប្រមាណ១០ហិកតាហើយ រាប់ចាប់ពីថ្ងៃដែលរដ្ឋាភិបាលប្រកាសឱ្យបញ្ឈប់ការអភិវឌ្ឍ ដោយឡែកតម្លៃសរុបនៃកូនឈើដែលបានដាំលោកមិនដឹងប្រាកដឡើយ។
លោក ម៉ាក បានប្រាប់ថា៖ «តាមខ្ញុំស្មានដាំកូនឈើបាន១០ហិកតាហើយរាប់ចាំពីថ្ងៃដែលបានដាំមក»។
លោក ម៉ាក បានរៀបរាប់ថា ព្រៃនៅតំបន់ភ្នំតាម៉ៅរងការបំផ្លាញអស់ប្រមាណ៦០០ហិកតា ខណៈមានសត្វព្រៃមួយចំនួនបានស្លាប់ ប៉ុន្តែមិនបានដឹងចំនួនជាក់លាក់ឡើយ ដោយសារតែលោកមិនអនុញ្ញាតឱ្យចូលទីតាំងដែលឈូសឆាយ។ តែយ៉ាងណាមិញ លោកបញ្ជាក់ថា ព្រៃដែលឈូសឆាយត្រូវបានដាំដើមឈើឡើងវិញ ខណៈការថែទាំសត្វគឺជាតួនាទីរបស់មជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃជាអ្នកថែរក្សាដដែល។
លោក ម៉ាក មានប្រសាសន៍ថា៖ «តាមខ្ញុំយល់ព្រៃដែលបានកាប់បំផ្លាញប្រហែល៦០០ហិកតា គេប្រាប់ខ្ញុំថាបានឮសម្លេងកាំភ្លើងនៅពេលយប់ត្រង់តំបន់ដែលឈូសឆាយ ខ្ញុំមិនអាចនិយាយថាមានសត្វប៉ុន្មានស្លាប់ទេ ព្រោះគេមិនឱ្យខ្ញុំចូល»។
លោក ម៉ាក រំពឹងថា កិច្ចប្រតិបត្តិការដែលបានប្រព្រឹត្តទៅជាមួយក្រសួងកសិកម្មពីមុនមក អាចនឹងបន្តទៅមុខទៀតដោយរលូន ដើម្បីបន្តកិច្ចការអភិរក្សនៅភ្នំតាម៉ៅបន្តទៀត។
ឆ្លងកាត់ព្រឹត្តិការណ៍ថ្មីៗនេះ លោក ម៉ាក យល់ថា ភ្នំតាម៉ៅមិនទាន់ទទួលបានតម្លៃពិតប្រាកដឡើយ។ លោកបញ្ជាក់ថាគ្មានតំបន់អភិរក្សណាមួយនៅប្រទេសអង់គ្លេសរបស់លោកមានតម្លៃស្មើភ្នំតាម៉ៅឡើយ ហើយប្រជាជនកម្ពុជាគួរណាស់តែមានមោទនភាពនូវអ្វីដែលតំបន់អភិរក្សភ្នំតាម៉ៅមាន។
លោក ម៉ាក បញ្ជាក់ទៀតថា៖ «ជាមួយនឹងព្រៃឈើដែលមានលក្ខណៈធម្មជាតិ នៅភ្នំតាម៉ៅពួកយើងមានឱកាសដោះលែងសត្វជាច្រើនប្រភេទដែលយើងសង្គ្រោះ។ កុំភ្លេចថាភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃផ្លូវការមួយ ទោះបីជាទីនេះត្រូវបានគេស្គាល់ថាជាឧទ្យានសួនសត្វដ៏ធំមួយប្រចាំប្រទេសក៏ដោយ»។
ថ្វីបើយ៉ាងនេះក្ដី លោក ម៉ាក អះអាងថា ក្រុមអ្នកអភិរក្សធ្លាប់ដោះលែងសត្វជាច្រើនប្រភេទផ្សេងៗគ្នាទៅក្នុងព្រៃនៅតំបន់ភ្នំតាម៉ៅ ដែលភាគច្រើនគឺជាសត្វត្រូវបានចុះជាប្រភេទសត្វកម្រ និងជិតផុតពូជដោយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)។
លោក អូ កែវម៉ាលីស្ស អគ្គនាយករដ្ឋបាលព្រៃឈើ មិនអាចទាក់ទងសុំការបកស្រាយបានឡើយ ដោយទាក់ទងជាច្រើនដងតែមិនលើកទូរសព្ទ។ ប៉ុន្តែយោងតាមសារព័ត៌មានហ្រេ្វសញូវ បានផ្សាយនៅថ្ងៃ៨ ខែសីហា បញ្ជាក់ថា លោក កែវម៉ាលីស្ស បានបញ្ជាក់ថា រដ្ឋបាលព្រៃឈើនឹងប្រើរយៈពេល១ខែក្នុងការដាំដុះកូនឈើនៅភ្នំតាម៉ៅឡើងវិញ។
លោក កែវម៉ាលីស្ស បានបន្តទៀតថា ទំហំដីដែលត្រូវដាំប្រមាណ៥០០ហិកតា ហើយចំនួនកូនឈើត្រូវដាំក្នុងរង្វង់១០ម៉ឺនកូន រីឯប្រភេទឈើដែលអាចដាំដុះបានរួមមាន ធ្នង់ ផ្ចឹក សុក្រំ ផ្តៀក កកោះ គ្រញូង បេង ជាដើម។
លោកឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភានិងមានមុខរបរកសិកម្មដ៏ធំមួយនៅកម្ពុជា បាននាំយកកូនឈើទៅដាំនៅទីតាំងនៃដីព្រៃតំបន់ភ្នំតាម៉ៅត្រូវបានក្រុមហ៊ុនឯកជនឈូសឆាយនោះកាលពីថ្ងៃទី៨ ខែសីហា។ លោកឧកញ៉ាក៏បានមានប្រសាសន៍ជាមួយសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទថា តាមការប៉ានស្មានរបស់គាត់ ដីព្រៃតំបន់ភ្នំតាម៉ៅដែលត្រូវបានឈូសឆាយត្រូវចំណាយកូនឈើដាំឡើងវិញប្រហែល២០០ដើមក្នុង១ហិកតាដែលក្នុងមួយដើមប្រហែល៦ដុល្លារ ដូច្នេះប៉ានស្មានជាតម្លៃសរុបប្រហែល៦០០ ០០០ដុល្លារសហរដ្ឋអាមេរិក។
លោកញ៉ិប ស្រ៊ុន ប្រធានមន្ទីរកសិកម្ម បានថ្លែងថា ខាងមន្ទីរនឹងចូលរួមជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្ត ដើម្បីដាំដុះដើមឈើឡើងវិញ ដូចជាប្រភេទធ្នង់ បេង ក្រញូង ហើយនឹងបន្តកិច្ចការអភិរក្សទៅមុខទៀតនៅតំបន់ភ្នំតាម៉ៅនេះ។ លោកបន្តថាអភិបាលខេត្តតាកែវនឹងនាំកូនឈើប្រហែល១ម៉ឺនដើមទៅដាំនៅដីព្រៃដែលឈូសឆាយនៅតបន់ភ្នំតាម៉ៅ។
លោក ស៊្រុន មានប្រសាសន៍ថា៖ «ថ្ងៃនេះ[អភិបាលខេត្ត]ដឹកនាំមកជាង៧ពាន់ដើមសិន។ អាហ្នឹងយើងចូលរួមទាំងអស់គ្នាថែរក្សាព្រៃជុំវិញសួនសត្វហ្នឹង»។
ចំណែកលោក មាស អ៊ុយ អ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវ អះអាងថា លោកមិនដឹងច្បាស់ថាដើមឈើដែលកាប់ហើយយកទៅទុកឯណាទេ ដោយលោកឱ្យសាកសួរទៅរដ្ឋបាលព្រៃឈើ។
លោកបន្តថា អ្វីដែលនៅចំពោះមុខ គឺប្រមូលមន្រ្តីរាជការទៅដាំដើមឈើឡើងវិញសិន ហើយផែនការតទៅមុខទៀត មិនទាន់ជាក់ច្បាស់ទេ។
លោក អ៊ុយ បានថ្លែងថា៖ «កំពុងតែប្រមូលមន្រ្តីរាជការទៅដាំដើមឈើ ហើយផែនការការពារទៅថ្ងៃក្រោយទៀតយើងមានផែនការទៀត»។
លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ឃើញថា ការឈូសឆាយដីព្រៃអស់រាប់រយហិកតា ហើយប្រកាសដាំវិញជារឿងមិនគួរឱ្យកើតមានឡើយ ព្រោះដីព្រៃទាំងនោះគួរតែមិនត្រូវប៉ះពាល់ ឬបំផ្លាញឡើយ។
លោកបន្ថែមថា ព្រៃដ៏ក្រាស់ និងជាឈើមានតម្លៃមិនគួរណារងការកាប់ឆ្ការ ហើយជំនួសដោយកូនឈើតូចៗឡើយ។ លោកស្នើឱ្យរដ្ឋាភិបាលគួរពិចារណាឡើងវិញ មុននឹងសម្រេចឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នូវតំបន់ធម្មជាតិ ដោយមិនបានវាយតម្លៃផលប៉ះពាល់ទៅលើព្រៃឈើ និងបរិស្ថានធម្មជាតិ។
លោកថ្លែងថា៖ «នេះជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការអភិវឌ្ឍតទៅមុខទៀត រដ្ឋាភិបាលត្រូវគិតពិចារណាឱ្យបានស៊ីជម្រៅ ជាពិសេសមានការពិគ្រោះជាមួយអ្នកពាក់ព័ន្ធកុំឱ្យចេះតែផ្ដល់ដីអនុប្រយោគបម្រើសេវាសាធារណៈធ្វើឱ្យពលរដ្ឋមានប្រតិកម្ម»។
លោក គីមហុង បន្តទៀតថា ថ្វីបើមានការដាំដើមឈើឡើងវិញ ប៉ុន្តែស្ថានភាពព្រៃនៅតំបន់ភ្នំតាម៉ៅមិនអាចវិលដូចដើមបានទេ និងត្រូវចំណាយពេលយូរក្រែលទម្រាំបានដូចដើម។ ដូច្នេះលោកចង់ឃើញរដ្ឋាភិបាលដាក់បន្ទុកបន្ថែមទៅលើក្រុមហ៊ុន ឡេង ណាវ៉ាត្រា ចំណែករដ្ឋបាលព្រៃឈើត្រូវមានកាតព្វកិច្ចមើលថែបន្ថែមទៀត ដើម្បីធានាថាព្រៃឈើទាំងនោះទទួលបានការថែទាំដិតដល់ និងលូតលាស់ល្អដូចដើម។
លោក គីមហុង បន្ថែមទៀតថា៖ «ជុំវិញករណីនេះខ្ញុំគិតថាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលផ្ដល់ដីអនុប្រយោគទៅឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ហើយក្រុមហ៊ុននេះ និងអ្នកពាក់ព័ន្ធគួរតែទទួលខុសត្រូវទៅលើបញ្ហានេះ មិនបាច់អំពាវនាវទេ ព្រោះពួកគេនេះហើយជាអ្នកឈូសឆាយ»។
លោកក៏បានចោទជាសំណួរថា តើឈើប្រណិតដែលបានកាប់គាស់ទៅរាប់រយដើម យកទៅណា? ហើយបើលក់ លក់បានប្រាក់ប៉ុន្មាន? ក្នុងករណីលក់បាន តើអាចយកប្រាក់ទាំងនោះមកថែទាំងដើមឈើ ដែលទើបនឹងដាំបានទេ?
ចំណែកព្រះតេជគុណ សុទ ផល្លី ព្រះចៅអធិការវត្តអាស្រមថ្មអន្ទង ស្ថិតក្នុងភ្នំតាម៉ៅ មានសង្ឃដីការថា មានការត្រេកអរចំពោះការបញ្ឈប់កម្រោងអភិវឌ្ឍ និងមានការដាំដើមឈើឡើងវិញ តែព្រះអង្គសោកស្ដាយត្បិតបានបាត់បង់ព្រៃឈើមានតម្លៃជាច្រើនរយដើម ខណៈសត្វព្រៃក៏បាត់ទីជម្រកស្នាក់អាស្រ័យ។
ព្រះអង្គមានសង្ឃដីកាថា៖ «បានដាំវិញយើងក៏សប្បាយចិត្តដែរ តែគ្រាន់តែយូរឆ្នាំ ហើយមិនងាយដូចដើមឡើយ១០ឆ្នាំទៀតក៏មិនបានវិញដែរ បើដាំចោលអត់ថែវាអាចងាប់ព្រោះដើមឈើតូចៗ»។
ព្រះអង្គស្នើឱ្យក្រុមហ៊ុន និងក្រសួងកសិកម្ម ថែទាំនិងទទួលខុសត្រូវចំពោះការស្ដារព្រៃតំបន់នេះឡើងវិញ។ ពិសេសស្នើឱ្យរដ្ឋបាលព្រៃឈើ នាំយកដើមធ្នង់ និងឈើមានតម្លៃផ្សេងទៀត ដែលបានគាស់ទាំងឫសយកមកដាំនៅទីតាំងដើមវិញផងដែរ។
ព្រះអង្គបន្ថែមថា៖ «យើងសំណូមពរដល់រដ្ឋបាលព្រៃឈើ ឱ្យយកដើមឈើមកដាំកន្លែងដើមវិញគឺល្អមែនទែន ព្រោះវាជាការប្រសើរ»។
កញ្ញា ឈឿន ដារ៉ាវី សមាជិកខ្មែរថាវរៈ ចាត់ទុកថានេះជាបទពិសោធន៍មួយសម្រាប់ឱ្យរដ្ឋាភិបាលសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងធ្វើការសម្បទានដីដែលជាសម្បត្តិជាតិទៅឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍។ ពិសេសស្នើឱ្យអាជ្ញាធររដ្ឋបង្ហាញនូវទំហំនៃផលប៉ះពាល់ និងផលចំណេញជាសាធារណៈ ដើម្បីឱ្យមានតម្លាភាព ចៀសវាងកើតមាននូវបញ្ហាដដែលៗ។
កញ្ញាថ្លែងថា៖ «សូមមានការបង្ហាញឱ្យច្បាស់លាស់ទាំងគុណវិបត្តិ និងគុណសម្បត្តិនៃការអនុវត្តន៍ណាមួយ ដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនានា និងសូមឱ្យមានការទទួលយកមតិរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិលគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ»។
គួរជម្រាបជូនថា ដីព្រៃនៅតំបន់ភ្នំតាម៉ៅប្រមាណ៦០០ហិកតា ត្រូវបានឈូសឆាយត្រឹមតែមួយសប្ដាហ៍ រាប់ចាប់ពីដើមខែសីហា។ ហើយក្រុមហ៊ុនចំនួន៤ ដែលបានទទួលសិទ្ធិអភិវឌ្ឍន៍នៅលើដីទំហំ ១ ៥០០ហិកតា។ ក្រោយមានមហាជនរិះគន់ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់ក្រុមហ៊ុនឯកជននាព្រឹកថ្ងៃទី៧ ខែសីហានេះ និងប្រកាសឱ្យមានការដាំដើមឈើឡើងវិញផងដែរ។
ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលចេញកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីសម្រេចឱ្យអនុវត្ត បន្ទាប់ពីលិខិតបង្គាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទាំងនោះវិនិយោគនិងឈូសឆាយដីនៅតំបន់ភ្នំតាម៉ៅ។
ប៉ុន្តែកាលពីថ្ងៃទី៧ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលសេចក្តីជូនដំណឹង ឬ សជណ រាល់ការវិនិយោគទាំងអស់លើដីនៅតំបន់ភ្នំតាម៉ៅ។ ក្រោយមកគេសង្កេតឃើញឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមុខប្រកាសរកអ្នកស្ម័គ្រចិត្តជួយដាំដើមឈើឡើងវិញ៕