សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋខេត្តកណ្ដាលតវ៉ានឹងការចាក់ដីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះ

សន្ដិសុខបានថតរូបអ្នកសារព័ត៌មានខេមបូចាម្នាក់ខណៈពេលគាត់ចុះយកព័ត៌មាននៅកន្លែងតវ៉ាក្នុងខេត្តកណ្ដាលកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សន្ដិសុខបានថតរូបអ្នកសារព័ត៌មានខេមបូចាម្នាក់ខណៈពេលគាត់ចុះយកព័ត៌មាននៅកន្លែងតវ៉ាក្នុងខេត្តកណ្ដាលកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ខេត្ត​កណ្ដាល​បាន​ចេញ​តវ៉ា​នៅ​ថ្ងៃព្រហស្បតិ៍ប្រឆាំង​នឹង​ការ​ចាក់​ដី​ក្បែរ​ផ្ទះ​របស់​ពួកគាត់​ក្នុង​គម្រោង​អភិវឌ្ឍន៍​​ព្រលាន​យន្ដ​ហោះ​ថ្មី​តម្លៃ​១,៥​ពាន់លាន​ដុល្លារ ខណៈ​ដែល​បុគ្គលិក​ក្រុម​ហ៊ុនអះអាង​ថា​ពួកខ្លួន​ចាក់​បំពេញ​ដី​តែ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​បី​គ្រួសារ​ដែល​យល់​ព្រម​ចាក​ចេញ​ប៉ុណ្ណោះ​។​​

ប្រ​ជា​ពលរដ្ឋ​ចំនួន​បួន​ឃុំ​ក្នុង​ខេត្ត​កណ្ដាល​កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដែល​កំពុង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោតាខ្មៅ ដែល​អភិវឌ្ឍ​ដោយ​លោក ពុង ឃាវ​សែ ម្ចាស់​ក្រុម​ហ៊ុន​ OCCI សម្រាប់​គម្រោង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​។​

ប្រ​ជា​ពល​រដ្ឋ​ប្រហែល​ជា​៣០​នាក់​រស់​នៅ​ក្នុង​ភូមិ​អំពៅព្រៃ ឃុំ​កណ្ដក់ ស្រុក​កណ្ដាល​ស្ទឹង​បាន​និយាយ​ថា​ពួកខ្លួន​បាន​ឃើញ​មន្ត្រី​មូល​ដ្ឋាន និង​កម្មករ​សាងសង់​បាន​ចាក់​បំពេញ​ដី​នៅ​ក្បែរ​ប្រឡាយ ដែល​​គេ​ស្គាល់​ថា​ប្រឡាយ​៩៤ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។​​

​តាម​រយៈ​រូប​ថត និង​វីដេអូ​របស់​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​តវ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្ម​ភាព​របស់​អាជ្ញាធរ​មូល​ដ្ឋាន និង​សន្តិសុខ​របស់ក្រុម​ហ៊ុន​ឈរ​រាំង​ប្រជា​ពល​រដ្ឋ ហើយ​គ្រឿង​ចក្រ​ចំនួន​បី​បាន​បន្ត​រុញ​ដី​​។​

​ដោយ​ឃើញ​ពី​ការ​បន្ត​ចាក់​បំពេញ​ដី​​នៅ​ក្នុង​ប្រឡាយ ប្រ​ជា​ពល​រដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​ថា​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​ប្រឡាយ​នោះ​អាច​នឹង​ត្រូវ​វាយ​កម្ទេច និង​ចាក់​ដី​បំពេញ​ដែរ​​។​

អ្នកស្រី យួន ស្រី​មុំ វ័យ​៤៩​ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា ​អ្នកស្រី​បារម្ភ​ថា​ផ្ទះ​របស់​ខ្លួន​នឹង​ត្រូវ​វាយ​កម្ទេច បើ​សិន​ជា​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​មិន​ចូល​រួម​ជួយ​​​​។​

អ្នកស្រី​ឱ្យដឹង​ថា៖ «​ខ្ញុំ​បារម្ភ​ថា​ពួកគេ​នឹង​ឈូស​ផ្ទះ​ខ្ញុំ​ស្ងាត់​ៗ​នៅ​ព្រឹក​នេះ»។ អ្នកស្រីបន្តថា៖ «ជា​សំណាង​ល្អ​អ្នក​ភូមិ​ផ្សេង​ទៀត​ចេញ​មក​ជួយ​ឃាត់ បើ​មិន​អីចឹង​ទេ​ផ្ទះ​របស់​ខ្ញុំ​ប្រហែល​ត្រូវ​កម្ទេច​​​បាត់​ហើយ​»។​

អ្នក​ស្រី​នៅ​តែ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​កម្មករ​សាងសង់​ទាំង​នោះ​មក​ចាក់​បំពេញ​ដី​ក្នុង​ប្រឡាយ​ដើម្បី​អ្វី​នោះទេ ដោយថា​​​ភូមិ​របស់​អ្នកស្រី​មាន​ចម្ងាយ​ដល់ទៅ​ប្រាំមួយ​គីឡូ​ម៉ែត្រ​ពី​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​។​

អ្នក​ភូមិ​ក្នុង​ខេត្ត​កណ្ដាល​បារម្ភ​ខ្លាច​ផ្ទះ​នៅ​ក្បែរ​គម្រោងព្រលាន​យន្ត​ត្រូវ​ឈូស​បំផ្លាញ​ និង​បាន​នាំគ្នា​តវ៉ា​​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សុំ ចាន់ធី ក៏​បាន​ឱ្យដឹង​ដែរ​ថា ​វត្ត​មាន​របស់​ក្រុម​សន្តិសុខ និង​រថយ​ន្ត​ ពន្លត់អគ្គីភ័យពីរគ្រឿង​ គឺ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​​តែ​បារម្ភ​។​

ចាន់ធី​ ឱ្យ​ដឹង​ទៀត​ថា៖ «ពួកគេ​បាន​យកឡានទឹក​​មក​ពី​រគ្រឿង​ដើម្បី​បាញ់​ទឹក​ដាក់​​ប្រជាពលរដ្ឋដែល​តាម​ឃ្លាំ​មើល​ពូកគេ​ដោយ​អហិង្សា»។ ចាន់ធី បន្តថា៖ «​វា​ឈឺ​ចាប់​ណាស់​ដែល​គេ​ធ្វើ​ដូច​នេះ វាមិន​យុត្តិធម៌​ទេ​សម្រាប់​ប្រ​ជា​ពល​រដ្ឋស្លូត​ត្រង់​ដូច​ពួកយើង»។​

​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ថត​រូប​អ្នក​សារព័ត៌មាន​ខេមបូចា និង​បណ្ណ​សារព័ត៌មាន​របស់​ពួកគេ​នៅក្បែរ​​កន្លែង​ប្រ​ជា​ពល​រដ្ឋ​កំពុង​តវ៉ា​នោះ​។​​ មន្ត្រី​ទាំង​នោះ​និយាយ​ថា «មេ» របស់​ពួកគេ​ចង់​និយាយ​ជាមួយ​អ្នក​កាសែត ហើយ​ពេល​នោះ​អ្នក​សារព័ត៌មាន​ខេមបូចាក៏​បង្ខំ​ចិត្ត​ចាក​ចេញពី​កន្លែងតវ៉ា។ ដោយឡែក​ ​អ្នកសារព័ត៌មាន​​ពីរនាក់ទៀត​មិន​អាច​ទៅ​ដល់​កន្លែង​ដែល​ប្រ​ជាពល​រដ្ឋ​តវ៉ាដោយសារតែលឺដូច្នេះ​។​

លោក ឈីវ កុកសាយ អ្នក​ទទួល​បន្ទុក​ទិញ​ដី​សម្រាប់​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ឱ្យ​ដឹង​តាម​ទូរសព្ទ​​ថា ​ក្រុម​ហ៊ុន​គ្រាន់តែ​ចាក់​បំពេញ​ដី​លើ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​បី​គ្រួសារ​ដែល​បាន​យល់​ព្រម​ចាក​ចេញ​ក្រោយ​ទទួល​បាន​ប្រាក់​មួយ​គ្រួសារ​២០០០​ដុល្លារ​។

​លោក​ថ្លែង​ប្រាប់​តាម​ទូរសព្ទ​បន្ថែម​ថា៖​ ​«យើង​មិន​បាន​ឈូស​ផ្ទះ​អ្នក​ភូមិ​ [ផ្សេង]​ទេ។ យើង​ចាក់​ដី​​នៅ​តែ​ផ្ទះ​ដែល​គ្រួសារ​បាន​យល់​ព្រម​ចាក​ចេញ​ក្រោយ​ទទួល​បាន​សំណង»

​លោក កុកសាយ បន្ត​ថា ​មាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១៤​គ្រួសារ​កំពុង​រស់​នៅក្បែរ​​ប្រឡាយ​៩៤ ដែល​ដី​ពួកគាត់​រស់​នៅ​គឺ​ស្ថិត​ក្នុងតំបន់​​គម្រោងអភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​។​

លោក​លើកឡើង​ថា៖ «​យើង​ចាក់​ដី​លើ​ផ្ទៃ​ដី​របស់​យើង​ផ្ទាល់ វា​មិន​ប៉ះពាល់​ដល់​ដី​របស់អ្នក​ភូមិទេ»។ លោកបន្ថែមថា៖ «​យើង​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ពួកគាត់​ចេញ​មក​តវ៉ា​ទេ»។​

ពេល​សួរ​ថា​ហេតុ​អ្វី​សកម្មភាព​សាង​សង់​ធ្វើ​ឡើង​​នៅ​ឆ្ងាយ​ពី​ព្រលាន​យន្ត​ហោះ លោក កុកសាយ មាន​ប្រ​សាសន៍​ថា ​ពួកគេ​កំពុង​សាង​សង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ជុំ​វិញ​ព្រលាន​យន្ត​ហោះ​ដើម្បី​ការពារ​ទឹក​ជំនន់​។​

សន្ដិសុខ​បាន​ថត​រូប​អ្នក​សារព័ត៌មាន​ខេមបូចា​ម្នាក់ ពេល​ពួកគេ​ចុះ​យក​ព័ត៌មាន​នៅ​កន្លែង​ប្រជា​ពល​រដ្ឋ​តវ៉ា​នៅ​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣​។ (ខេមបូចា/ ព្រីង សំរាំង)

​អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ួច សារឿន មាន​ប្រសាសន៍​ថា ​មិន​មាន​នរគបាល ឬ​សន្តិសុខ​របស់​សាលា​ស្រុក​នៅ​កន្លែង​តវ៉ា​នោះទេ ហើយ​ថា​លោក​ក៏​មិន​បាន​ដឹង​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​ប៉ុន្មាន​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ដែរ​។​

ការ​អភិវឌ្ឍន៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា និង​បាន​ឈាន​ដល់​មាន​អំពើ​ហិង្សា​ទៀត​ផង​កាល​ពី​ឆ្នាំ​កន្លង​ទៅ ដែល​នាំ​ឱ្យ​មានការ​ចាប់​ខ្លួន​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​តិច​៣០​នាក់។ អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ភាគ​ច្រើនអះអាង​ថា​ត្រូវ​ប៉ូលិស​វាយ​ដំ និង​ខ្លះ​ថា​ត្រូវ​ឃុំ​ខ្លួន​ទាំង​ដែល​មិន​ទាំង​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​នោះ​ផង​។​

មន្ត្រី​បាន​ចោទ​ប្រកាន់​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ថា បាន​ប្រើ​ដំបង ដំថ្ម និង​ជំពាម​កៅស៊ូ និង​ថា​​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​គប់​ដប​សាំង និង​ដុត​កង់​ឡាន​ទៀត​ផង​។ រូប​ភាព​នៃ​សកម្ម​ភាព​ទាំង​នេះ​ជាច្រើន​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News។ អ្នក​តវ៉ា​ចំនួន​ប្រាំ​បួន​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ជា​ច្រើន​ករណី ប៉ុន្តែ​ត្រូវ​តុលាការខេត្ត​កណ្ដាល​ឱ្យ​រួច​ទោស​វិញ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​។​

ប្រជា​ពល​រដ្ឋ​បារម្ភ​ពី​ការ​ឈូស​បំផ្លាញ​ផ្ទះ​ដែល​នៅ​ក្បែរ​គម្រោង​អភិវឌ្ឍ​ន៍​ព្រលាន​យន្ត​ហោះ​ថ្មី និង​បាន​តវ៉ា​នៅ​ស្រុក​កណ្ដាល​ស្ទឹង​កាល​ពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Kandal Residents Protest New Land Filling Near Airport Development

750 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម