កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញចាប់ផ្តើមជំនុំជម្រះលើសំណុំរឿងរបស់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏លេចធ្លោពីបទញុះញង់ ខណៈការសួរដេញដោលចាប់ផ្តើមក្តៅគគុកនៅពេលភាគីទាំងអស់ជជែកពីអង្គហេតុនៃសំណុំរឿងនេះ។
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជាត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនដោយសារតែបានបង្ហោះសារនិងការបញ្ចេញមតិយោបល់របស់លោកតាមរយៈបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែលលោកបានលើកឡើងថា កសិករនៅខេត្តត្បូងឃ្មុំបាត់បង់ដីធ្លី អំឡុងពេលបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លោកត្រូវបានចោទប្រកាន់ពីបទញុះញុង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីខែសីហា។
រដ្ឋាភិបាលកម្ពុជាមានភាពរសើបខ្លាំងចំពោះដំណើរការបោះបង្គោលព្រំដែន។ សមាជិករបស់គណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ប្រទេសកម្ពុជាបានបាត់បង់ទឹកដីទៅប្រទេសវៀតណាមដោយសារតែការបោះបង្គោលព្រំដែននេះ។
សវនាការរយៈពេល៣ម៉ោងនេះក៏មានការចោទសួរជាច្រើនលើលោក រ៉ុង ឈុន អំពីស្ថានប័នដែលលោកធ្វើការជាមួយគឺក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងថាតើស្ថាប័ននេះបានចុះបញ្ជីផ្លូវការដែរឬទេ។
អំឡុងពេលជំនុំជម្រះ លោក រ៉ុង ឈុន បានបដិសេធការចោទប្រកាន់ថា លោកព្យាយាមញុះញង់ពលរដ្ឋតាមរយៈការបញ្ចេញមតិយោបល់របស់លោកនិងបានមានប្រសាសន៍ថា លោកប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដើម្បីលើកឡើងពីបញ្ហាដ៏សំខាន់មួយនេះ។
លោកមានប្រសាសន៍ថា៖ «វាមិនមែនជាការញុះញង់ទេ ពីព្រោះខ្ញុំបានបង្ហោះ [ មតិយោបល់] តាំងពីថ្ងៃទី២១ ខែកក្កដាដល់ថ្ងៃទី៣១ ខែកក្កដា ហើយគ្មានសកម្មភាពដែលបង្កភាពវឹកវរនោះទេ។ ការតវ៉ាក្នុងប្រទេសកើតមានក្រោយពីខ្ញុំត្រូវបានចាប់ខ្លួន ហើយសកម្មជនយុវជនចាប់ផ្តើមតវ៉ា»។
លោក រ៉ុង ឈុន ក៏បានបដិសេធមិនឆ្លើយនឹងសំណួរអំពីអត្តសញ្ញាណសហការីដែលបានចុះទៅព្រំដែនជាមួយលោក ភស្តុតាងគាំទ្រការអះអាងរបស់ពលរដ្ឋស្តីពីការបាត់ដីនិងចំនួនបង្គោលព្រំដែនដែលលោកបានចុះទៅពិនិត្យនោះទេ។ លោកក៏មានការជជែកស្វិតស្វាញខ្លះៗជាមួយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លិ សុខា ផងដែរ។
លោកចៅក្រម លិ សុខា បានសួរថា៖ «តើលោកដឹងច្បាស់ទេថា អ្នកភូមិពិតជាបាត់ដីរបស់គាត់?។ សេចក្តីថ្លែងរបស់លោកគឺធ្វើឲ្យសាធារណជនយល់ច្រឡំ»។
លោក សំ សុគង់ មេធាវីរបស់លោក រ៉ុង ឈុន ភ្លាមៗនោះបានជំទាស់នឹងការចោទសួរបែបចោទប្រកាន់បន្តបន្ទាប់របស់លោកចៅក្រម។
លោក សំ សុគង់ មានប្រសាសន៍បន្ទាប់ពីសវនាការនេះថា៖ «សំណួររបស់លោកចៅក្រមហាក់មានភាពលម្អៀងហើយលោកធ្វើបុរេវិនិច្ឆ័យថា កូនក្តីរបស់ខ្ញុំមានទោសរួចទៅហើយ។ ហើយដូច្នេះមានន័យថា យើងមិនអាចស្វែងរកយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្ញុំបានទេ»។
ព្រះរាជអាជ្ញារងនិងមេធាវីរដ្ឋាភិបាលបានអះអាងថា ការប្រើប្រាស់ពាក្យ «យួន»ជាពាក្យបន្ទោសបង្អាប់ចំពោះជនជាតិវៀតណាម គឺមានបំណងញុះញង់ពលរដ្ឋឲ្យស្តីបន្ទោសមកលើរដ្ឋាភិបាល។
លោក ឈិត បូរ៉ាវុធ មេធាវីរដ្ឋាភិបាលមានប្រសាសន៍ថា៖ «ដូចយើងដឹងហើយ ការប្រើប្រាស់ពាក្យដូចជា យួន គឺជាការរើសអើង»។
លោក បូរ៉ាវុធ មានប្រសាសន៍ថា លោក រ៉ុង ឈុន ចង់បង្កើតឲ្យមានការខឹងសម្បាតាមរយៈការអត្ថាធិប្បាយរបស់គាត់ ហើយថា គាត់មិនមែនជាអ្នកជំនាញព្រំដែនដែលអាចធ្វើការសន្និដ្ឋានណាមួយអំពីដំណើរការបោះបង្គោលព្រំដែននោះទេ។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកនិងបានចូលស្តាប់សវនាការផ្ទាល់នោះបានមានប្រសាសន៍ថា សវនាការនេះធ្វើឲ្យមានចម្ងល់ថា តើលោក រ៉ុង ឈុន នឹងទទួលបានយុត្តិធម៌គ្រប់គ្រាន់ដែរឬទេ ហើយថា តើតុលាការបើកចំហទទួលយកភស្តុតាងដោះបន្ទុក ដើម្បីគាំទ្ររឿងក្តីរបស់មេដឹកនាំសហជីពរូបនេះឬទេ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគ្មានសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោក រ៉ុង ឈុន ទេ»។
លោក សែនករុណា បានមានប្រសាសន៍ថា ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជារឿងនយោបាយហើយថា បទចោទមកលើគាត់គួរត្រូវបានទម្លាក់ចោល។
លោកចៅក្រម លិ សុខា បានផ្អាកសវនាការ ហើយនឹងបន្តទៅថ្ងៃទី៣ ខែកុម្ភៈ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rong Chhun’s incitement trial kicks off to a heated start