ក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយ ដែលគ្រោងនឹងផ្លាស់ប្តូរមុខមាត់តំបន់មាត់ទន្លេភាគខាងជើងក្រុងភ្នំពេញ កំពុងប្រឈមនឹងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុននេះប៉ុនប៉ុងលក់ដីតម្លៃរាប់លានដុល្លារ ដែលខ្លួនបានជួលពីកំពង់ផែភ្នំពេញដើម្បីអភិវឌ្ឍ ដែលមន្ត្រីនិយាយថានេះអាចនាំឲ្យមានការរំលោភបំពានកិច្ចសន្យា។
ក្រុមហ៊ុន Yuetai Group ដែលបានជួលដីទំហំជាង៩ ហិកតាពីស្ពានជ្រោយចង្វារ ដល់មុខផ្សាររាត្រី ពីកំពង់ផែស្វយ័តក្រុងភ្នំពេញកាលពីឆ្នាំ ២០១៨ បានច្រានចោលការចោទប្រកាន់ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះក្រុមហ៊ុននេះដោយបានផ្សព្វផ្សាយពាណិជ្ជកម្មការពុះដីឡូតិ៍នៅតំបន់ខាងលើ ដែល ខេមបូចា បានឃើញកាលពីខែកញ្ញា ឆ្នាំមុន។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងប្រាប់ ខេមបូចា ថាមន្រ្តីកំពង់ផែស្វយ័តភ្នំពេញបានជួបជាមួយក្រុមហ៊ុន Yuetai កាលពីខែមករា ដើម្បីពិភាក្សាពីការចោទប្រកាន់ខាងលើ ដោយធ្លាប់បានព្រមានក្រុមហ៊ុននេះពីមុនមកមិនឲ្យលក់ដីដែលត្រូវបានជួលសម្រាប់គម្រោង «City Gate» តម្លៃ ៥០០លានដុល្លារ។
លោកបានថ្លែងថា៖ « បើក្រុមហ៊ុនធ្វើខុសវាជាការបំពានលើកិច្ចសន្យា ហើយយើងនឹងពិចារណាទៅលើការរំលាយចោលកិច្ចសន្យា ព្រោះយើងខ្លាចខូចគម្រោង និងខូចឈ្មោះរបស់កំពង់ផែ និង ក្រសួងពាក់ព័ន្ធផងដែរ។ យើងនឹងធ្វើការស្រាវជ្រាវបន្ត»។
លោកបានបន្តថា៖ «ក្រុមហ៊ុននេះអះអាងថា មិនមានការលក់ដីបន្តនៅក្នុងគម្រោងអភិវឌ្ឍន៍នោះទេ។ ទោះបីយ៉ាងណាក៏ដោយ កំពង់ផែនឹងបន្តស៊ើបអង្កេត»។
លោក លឹម សេង អនុប្រធានផ្នែកលក់ប្រចាំក្រុមហ៊ុន Yuetai បាននិយាយថា ប្រហែលមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងគម្រោងរបស់ក្រុមហ៊ុននៅក្នុងការជួលបន្តផ្នែកមួយចំនួននៃដីឡូតិ៍នោះ។
លោកបានថ្លែងថា៖ «ក្រុមហ៊ុនធ្លាប់មានគម្រោងដាក់ដីសម្រាប់ការវិនិយោគឡើងវិញ ស្វែងរកដៃគូដើម្បីសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណ។ ទោះបីយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបែងចែកដីជាដីឡូតិ៍សម្រាប់លក់ដូចពាក្យចចាមរាមនោះទេ»។
តំណាងក្រុមហ៊ុន Yuetai ផ្សេងទៀត បានប្រាប់ ខេមបូចា ថាក្រុមហ៊ុនមិនបានលក់ដីនៅក្នុងគម្រោងសម្បទាននោះទេ ហើយថា ទំព័រហ្វេសប៊ុក ដែលបានធ្វើការបង្ហោះនោះ មិនមែនជារបស់ក្រុមហ៊ុននោះទេ។
តំណាងក្រុមហ៊ុនរូបនេះបានឆ្លើយតបតាមសារទំទ័រហ្វេសប៊ុករបស់ក្រុមហ៊ុន Yuetai ដោយសុំមិនបញ្ចេញឈ្មោះ ឬតួនាទីថា៖ «ទំព័រហ្វេសប៊ុកនោះគឺជា ទំព័ររបស់ឈ្មួញកណ្តាល ហើយព័ត៌មានគឺមិនត្រឹមត្រូវនោះទេ»។
គម្រោងអភិវឌ្ឍ ដែលមានឈ្មោះថា Phnom Penh Harbor Bay ត្រៀមនឹងធ្វើការផ្លាស់ប្តូរមុខមាត់តំបន់មាត់ទន្លេភាគខាងជើង ជាមួយនឹងអគារខុនដូ ៥០ជាន់ រមណីយដ្ឋានលំដាប់ផ្កាយប្រាំ សួនទឹក ផ្សារអណ្តែតទឹក និងមជ្ឈមណ្ឌលពិព័រណ៍ ដែលមានរួមបញ្ចូលនៅក្នុងប្លង់។
កំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលបានឈ្មោះចុះបញ្ជីនៅក្នុងក្រុមហ៊ុនមូលប័ត្រកម្ពុជា បានដាក់ជួលដីតាមបណ្តោយទន្លេសាបសម្រាប់រយៈពេល ៥០ឆ្នាំទៅឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន Chean Chhoeung Thai Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai ក្នុងតម្លៃ ១៦,៥ លានដុល្លារកាលពីឆ្នាំ ២០១៨។
Inside caption: អ្នកបើករ៉ឺម៉កបើកកាត់មុខផ្ទាំងផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Yuetai Group’s City Gate នៅក្នុងទីក្រុងភ្នំពេញ កាលពីខែកុម្ភៈ។ ខេមបូចា/ព្រីង សាំរាំង
យោងទៅតាមសារបង្ហោះនៅលើទំព័រហ្វេសប៊ុកខាងលើ ដែលត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវបានលុបចោលវិញ ក្រុមហ៊ុននេះបានដាក់លក់ដីទំហំរវាង ១០៤ និង១៦៩ ម៉ែត្រការេ។
ខេមបូចា បានហៅទូរសព្ទទៅកាន់លេខទូរសព្ទ ដែលមាននៅលើទំព័រហ្វេសប៊ុកនោះ និងបានជួបជាមួយបុរសម្នាក់ ដែលអះអាងថាជា អ្នកតំណាងផ្នែកលក់សម្រាប់ក្រុមហ៊ុន Yuetai។ បុរសរូបនេះបាននិយាយកាលពីខែកុម្ភៈថា ដីជិតពីរហិកតាត្រូវបានកាត់ដើម្បីដាក់លក់ក្នុងតម្លៃរវាង ៣៣០០ដុល្លារ និង៤០០០ដុល្លារក្នុងមួយម៉ែត្រការេ ដោយក្រុមហ៊ុននឹងផ្តល់ប្លង់នៅក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការទិញ។
បើគណនានៃតម្លៃសរុបនៃការលក់នេះមានតម្លៃរហូតដល់រាប់សិបលានដុល្លារ។
នៅពេលទាក់ទងសារជាថ្មីនៅខែមីនានេះ អ្នកតំណាងផ្នែកលក់រូបនោះបាននិយាយថា ដីនោះលែងដាក់លក់តទៅទៀតហើយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកធុរកិច្ចនៅរាជបណ្ឌិតសភាកម្ពុជា បាននិយាយថា ខណៈច្បាប់មិនបានអនុញ្ញាតឲ្យក្រុមហ៊ុន Yuetai លក់ដីដែលផ្តល់ជាសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ទេ ប៉ុន្តែដីនោះអាចត្រូវលក់ឲ្យភាគីទីបីក្រោមកិច្ចសន្យាជួលបន្តពីរដ្ឋនៅក្នុងករណីដែលក្រុមហ៊ុនប្រឈមនឹងការក្ស័យធន។
លោកបានបន្តថា ការប្រកាសការដាក់លក់ដីគួរតែត្រូវបានពិនិត្យពិច្ច័យឲ្យបានដិតដល់ពីសំណាក់អាជ្ញាធរដើម្បីបញ្ចៀសវិវាទនាពេលអនាគត ដោយធ្វើឲ្យអ្នកទិញខាតបង់ការវិនិយោគរបស់ពួកគេ។
លោកបានថ្លែងថា៖ «ដូចជា ទិញដីនៅក្រោមកិច្ចសន្យាខុសច្បាប់មួយអញ្ចឹង ហើយបន្ទាប់មករដ្ឋមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិនោះ»។
ផ្សារភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ City Gate ក្រុមហ៊ុន Yuetai នឹងចំណាយប្រាក់ ៣០លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធដូចជា ច្រាំងទន្លេ ផ្លូវដើរ និងផ្លូវបើកបរនៅក្នុងតំបន់នោះ។
ក្រុមហ៊ុនក៏មានគម្រោងសាងសង់អគារការិយាល័យតម្លៃ ១១លានដុល្លារ និងច្រកចេញចូលចំនួនពីរតម្លៃ ៣០លានដុល្លារ សម្រាប់កំពង់ផែស្វយ័តភ្នំពេញផងដែរ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និយាយថា ជាការសំខាន់សម្រាប់ក្រុមហ៊ុនវិនិយោគនៅក្នុងការគោរពកិច្ចសន្យា ហើយការកែប្រែណាមួយទៅលើលក្ខខណ្ឌព្រមព្រៀងពីមុនត្រូវតែយកមកពិភាក្សា។
លោកបានថ្លែងថា៖ «អាជ្ញាធរគួរតែត្រួតពិនិត្យឲ្យបានសមស្រប និងតាមដានប្រកបដោយប្រសិទ្ធភាពលើការអនុវត្តកិច្ចសន្យា និងធានាថា គ្រប់លក្ខខណ្ឌត្រូវបានគោរពតាម»។ .
នៅទីតាំងគម្រោង ក្រុមហ៊ុន Yuetai ពេលនេះបានបញ្ចប់ការសាងសង់ផ្ទះអាជីវកម្មកម្ពស់៣ជាន់ ដែលនឹងលក់ក្នុងតម្លៃរវាង ១៥០ ០០០ ដុល្លារ និង១លានដុល្លារ ហើយនាពេលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងចាក់គ្រឹះដើម្បីសាងសង់អាគារខុនដូចំនួនពីរប្លុក ដែលនឹងដាក់លក់ក្នុងតម្លៃរវាង ៨០.០០០ដុល្លារ និង១២០.០០០ដុល្លារ។
នៅកម្ពុជា គម្រោងរបស់ក្រុមហ៊ុន Yuetai រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម East One, East View និង East Commercial Center។ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍគម្រោង Yuetai the Garden ដែលជាគម្រោងបុរីត្រៀមនឹងបញ្ចប់នៅឆ្នាំនេះផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chinese firm Yuetai probed over resale of land on Phnom Penh riverfront