ប្រជាពលរដ្ឋសហគមន៍ដូនឪប្រមាណ ៨០នាក់ រស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញម្តងទៀត ដើម្បីដាក់ញត្តិស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈដែលពួកគាត់កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនដែលបូមខ្សាច់លុបបឹងក្បែរផ្ទះរបស់ពួកគាត់តាំងពីឆ្នាំ២០២០។ អ្នកភូមិដែលប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញកាលពីថ្ងៃចន្ទតំណាងឲ្យប្រជាពលរដ្ឋ១០១គ្រួសារ។
ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ គ្មានដំណោះស្រាយណាមួយត្រូវបានផ្តល់ឡើយ ទោះបីជាអ្នកភូមិបន្តអំពាវនាវ និងនាំគ្នាទៅដោយផ្ទាល់ ដើម្បីតាមដានញត្តិកន្លងមករបស់ពួកគាត់ជាមួយស្ថាប័នរដ្ឋមួយចំនួន រួមទាំងសាលាក្រុង និងសាលាខណ្ឌក៏ដោយ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញពិនិត្យ និងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ។
សេចក្តីជូនដំណឹងដែលអ្នកសារព័ត៌មានបានពិនិត្យមើលបានបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋទាំងនោះបានដាក់ពាក្យសុំបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីរស់នៅក្នុងសហគមន៍ដូនឪ ក្រុម៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទីដែលពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៨២មក។
អ្នកស្រី វង្ស ធារី អាយុ ៣៥ឆ្នាំ ដែលកំពុងរង់ចាំតំណាងសហគមន៍របស់គាត់នៅខាងក្រៅសាលារាជធានីភ្នំពេញបាននិយាយថា អ្នកស្រីរស់នៅក្នុងសង្កាត់ជើងឯក តាំងពីអ្នកស្រីកើតមកម៉្លេះ។ អ្នកស្រីបានចូលរួមក្នុងការប្រមូលផ្តុំនេះ ដើម្បីស្នើសុំឱ្យសាលាក្រុងពន្លឿនការដោះស្រាយ និងផ្តល់ពេលវេលាច្បាស់លាស់ ដោយសារពួកគាត់បានមកសាលាក្រុងជាញឹកញាប់ ហើយលើកចុងក្រោយដែលពួកគាត់ធ្វើដំណើរមកនោះ គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកស្រី ធារី និយាយថា៖ «ខ្ញុំមកទីនេះ ដើម្បីសុំឱ្យពួកគាត់ពន្លឿន និងកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ពួកយើង។ យើងមិនចង់មកទីនេះទេ ប៉ុន្តែនៅពេលដែលយើងទូរសព្ទទៅគាត់ ការឆ្លើយតបរបស់គាត់មិនច្បាស់ទេ។ គាត់ប្រាប់យើងឲ្យធ្វើរបៀបនេះ និងធ្វើរបៀបនោះ។ គាត់មិនមានដំណោះស្រាយសម្រាប់យើងទេ» ។
អ្នកស្រីមានការព្រួយបារម្ភថា ហេតុអ្វីបានជា «អ្នកផ្សេងទៀតដែលទើបមករស់នៅក្រោយសហគមន៍របស់អ្នកស្រីអាចទទួលបានបណ្ណកម្មសិទ្ធិដីដែលមានក្បាលដីធំ» ប៉ុន្តែសម្រាប់អ្នកក្នុងសហគមន៍របស់អ្នកស្រីដែលបានរស់នៅលើដីនោះច្រើនឆ្នាំមកហើយ បែរជាមិនបានទទួល។ ពួកគាត់មួយចំនួនមានដីតិចតួចប៉ុណ្ណោះ។ ឧទាហរណ៍ ដីរបស់អ្នកស្រីមានទទឹងតែបួនម៉ែត្រនិងបណ្តោយប្រាំពីរម៉ែត្រប៉ុណ្ណោះ។
អ្នកស្រី ធារី បានលើកឡើងថា ការចាក់ដីលុបបឹងបានប៉ះពាល់ដល់មុខរបរនិងការសិក្សារបស់កូនៗអ្នកស្រី។ កន្លងមក ពួកគាត់ត្រូវបានគេប្រាប់ថា បើពួកគាត់អាចរស់នៅជាមួយខ្សាច់បាន នោះពួកគាត់អាចបន្តនៅទីនោះទៀតចុះ។
អ្នកស្រីបាននិយាយថា៖ «តើឲ្យខ្ញុំរស់នៅទីនោះយ៉ាងម៉េច បើពួកគាត់ចាក់ខ្សាច់ជុំវិញ? ទោះវាមានភ្លៀងឬអត់ ក៏វាជន់លិចដែរ ហើយការរកស៊ីក៏កាន់តែពិបាក។ អ្វីដែលអាក្រក់បំផុតគឺសុវត្ថិភាពកូនៗរបស់ខ្ញុំពេលពួកគេទៅសាលា។ ខ្សែភ្លើងយារធ្លាក់ដល់ដី។ ពេលទឹកឡើង អ្នកខ្លះមានទូកឆ្លង។ ប៉ុន្តែខ្ញុំអត់មានទូក ដូច្នេះកូនខ្ញុំត្រូវដើរឆ្លងទឹកទៅសាលា»។
អ្នកស្រីបានបន្ថែមថា៖ «ហេតុដូច្នេះហើយបានជាយើងមកសុំឲ្យគាត់ដោះស្រាយបញ្ហាព្រោះអ្នកភូមិខ្ញុំពិបាករកស៊ីខ្លាំងណាស់ ហើយការសិក្សារបស់កូនៗក៏ប៉ះពាល់»។
សហគមន៍របស់អ្នកស្រីក៏នៅមិនទាន់អាចធ្វើសៀវភៅគ្រួសារបានដែរ។ មានការសន្យាធ្វើជូន ប្រសិនបើប្រជាពលរដ្ឋក្នុងសហគមន៍របស់អ្នកស្រីទទួលយកការផ្លាស់ប្តូរទីលំនៅ។ ទន្ទឹមនឹងនេះ តំបន់ដែលពួកគាត់រស់នៅបច្ចុប្បន្នខ្វះហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធលូ ទឹកស្អាត និងអគ្គិសនី។ អ្នកស្រីបង់១.៥០០រៀលក្នុងមួយគីឡូវ៉ាត់ទៅឲ្យក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់អគ្គិសនី។
បន្ទាប់ពីបានជួបប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញរយៈពេលមួយម៉ោង តំណាងសហគមន៍ដូនឪទាំងប្រាំនាក់បានដើរឆ្លងផ្លូវទៅនិយាយជាមួយសមាជិករបស់ពួកគាត់ ដែលកំពុងរង់ចាំនៅសួនច្បារមួយ ដើម្បីចែករំលែកលទ្ធផលនៃការពិភាក្សា។
អ្នកស្រី អាន សុខឃីម អាយុ ២៩ឆ្នាំ ជាតំណាងសហគមន៍ ដែលបានរស់នៅក្នុងសហគមន៍នេះអស់រយៈពេល ១០ឆ្នាំ បន្ទាប់ពីបានទិញដីពីអ្នកផ្សេងបាននិយាយថា អ្នកស្រីមិនសប្បាយចិត្តនឹងលទ្ធផលនេះទេ។ អ្នកស្រីនិយាយទៀតថា ចម្លើយគឺដដែលដោយមន្ត្រីនិយាយថា គាត់នឹងរៀបចំកិច្ចប្រជុំនៅថ្ងៃអង្គារ។
អ្នកស្រីបាននិយាយថា៖ «ពេលយើងមកមើលឯកសារពីមុន គេប្រាប់យើងថា នឹងរៀបចំកិច្ចប្រជុំ។ លើកនេះ [ម្ដងទៀត] ពួកគាត់បាននិយាយថា នឹងមានកិច្ចប្រជុំមួយ ដូច្នេះវាហាក់ដូចជាមិនមានការរីកចម្រើនទាល់តែសោះ» ។
អ្នកស្រី សុខឃីម បាននិយាយថា ក្រុមមន្ត្រីគួរតែសម្រេចថា នៅពេលណានឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លី បន្ទាប់ពីកិច្ចប្រជុំរបស់គាត់។ អ្នកស្រីចោទសួរថា៖ «ប៉ុន្មានថ្ងៃទៀត ប៉ុន្មានខែទៀត?»។
ស្របពេលជាមួយគ្នានេះដែរ លោក សុងហែង វីរៈបុត្រ មន្ត្រីផ្នែកទីចាត់ការរៀបចំក្រុងនៃសាលារាជធានីភ្នំពេញ បានប្រាប់ខេមបូចានៅរសៀលថ្ងៃចន្ទថា មន្ត្រីនឹងរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើករណីនេះនៅថ្ងៃអង្គារ។ ទោះជាយ៉ាងណា នៅពេលស្នើសុំឲ្យបញ្ជាក់ពេលវេលាជាក់លាក់ថា តើពេលណាដែលសាលាក្រុងអាចផ្តល់ចម្លើយដល់សហគមន៍នោះ លោកនិយាយថា លោកមិនទាន់ប្រាកដនៅឡើយទេ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធពិចារណាផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលលើដីអស់រយៈពេលជាច្រើនឆ្នាំ គួរតែគិតគូរជាមុនសិន មុននឹងអនុម័តផ្តល់បណ្ណកម្មសិទ្ធិដីធ្លីទៅឲ្យវិស័យឯកជន។
លោក អំ សំអាត មានប្រសាសន៍ថា៖ «ទោះបីជាពួកគាត់រស់នៅលើដីរដ្ឋដោយខុសច្បាប់ក៏ដោយ ប្រសិនបើរដ្ឋអាចប្រគល់កម្មសិទ្ធិទៅឱ្យវិស័យឯកជនបាន ចំណុចដំបូងដែលគាត់គួរពិចារណា គឺប្រជាពលរដ្ឋដែលរស់នៅទីនោះយូរមកហើយ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Eighty Choeung Ek Commune Residents Compel Phnom Penh City Hall Again For Land Titles