សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តារាសម្តែងដ៏លេចធ្លោម្នាក់លើកទឹកចិត្តឱ្យក្មេងស្រីៗលេងកីឡា ដើម្បី​ពង្រឹងសមត្ថភាពឈានទៅសម្រេចក្តីស្រមៃ

កញ្ញា រ៉េត សារីតា បានបង្ហាញពីបច្ចេកទេសត្រែះបាល់ នៅចំពោះមុខលោក Paraic Grogan ក្នុងអំឡុងពេលសន្និសីទកាសែត នៅសាលារៀនរបស់អង្គការ CCF កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ (រូបថត៖ HFCA)
កញ្ញា រ៉េត សារីតា បានបង្ហាញពីបច្ចេកទេសត្រែះបាល់ នៅចំពោះមុខលោក Paraic Grogan ក្នុងអំឡុងពេលសន្និសីទកាសែត នៅសាលារៀនរបស់អង្គការ CCF កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ (រូបថត៖ HFCA)

បើ​ទោះមាន​ប្រវត្តិជាក្មេងកំព្រាម្តាយ និង​មាន​ឪពុក​ជាយោធិន​ ប៉ុន្តែ​​កញ្ញា រ៉េត សារីតា ​បាន​វិវឌ្ឍ​​ខ្លួនពី​ក្មេង​ស្រី​ជនបទ ក្លាយទៅ​ជា​ស្រ្តី​ដ៏​ក្លាហានម្នាក់ ដែល​បានជម្នះ​ការ​​លំបាក​រាប់មិន​អស់ ដើម្បីសម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន គឺការគ្រង​​បាន​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២០ និង​​ទទួល​បាន​​ឱកាស​ទៅ​​ចូល​រួមការ​​​ប្រកួត​បវរកញ្ញា​ចក្រវាលលើក​ទី៦៩ នៅ​សហរដ្ឋអាមេរិក​​តំណាង​ឱ្យ​ជាតិដ៏គួរជាទី​មោទនភាព។​

គិតមក​ដល់​ពេលនេះ រ៉េត សារីតា បាន​ក្លាយ​ជាតារាសម្ដែងដ៏ល្បីឈ្មោះ ដែល​មាន​អាជីព​ជា​​តួសម្តែងក្នុង​​ភាពយន្ត​ខ្នាតធំ ហើយ​ជាមួយការសម្តែង​ភាពយន្ត​ជាង​១០​រឿងកន្លងមកនេះ កញ្ញា​​ទទួល​បាន​ការ​សាទរ​យ៉ាងគគ្រឹកគគ្រែង​នៅ​កម្ពុជា។ បន្ថែម​លើ​នេះ សារីតា ក៏​កំពុង​មាន​ទី​ផ្សារ​​ថត​ស្ពតពាណិជ្ជកម្ម​ ការ​ធ្វើវីដេអូ​អប់រំ​សុខភាព និងជាអ្នក​ដឹកនាំ​ការ​ផលិត​មាតិកា​ផ្សេងៗ​​ជាច្រើន​ទៀតផងដែរ ដែល​អាច​រកចំណូលបានច្រើន​ក្នុង​១ខែៗ។

ជាមួយ​ភាពជោគ​ជ័យ​នេះ កញ្ញា រ៉េត សារីតា បាន​ទម្លាយ​ថា វាកើត​មាន​ឡើង ដោយសារ​ការ​ខិតខំតស៊ូរៀនសូត្រ ដើម្បី​ក្លាយជាធនធាន​ម្នាក់​ពោរពេញ​ដោយចំណេះ​ដឹង ហើយ​មូលដ្ឋាន​គ្រឹះសំខាន់មួយ​ទៀត គឺ​ការដុសខាត់ស្មារតី ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង ក្លាយជា​ស្រ្តី​ម្នាក់ ដែល​មាន​វិន័យ មាន​​ភាព​ក្លាហាន និង​ភាពជឿជាក់​ ក្នុងការ​ឈានទៅ​សម្រេច​ក្តី​ស្រមៃ ហើយ​មេរៀន​​ជា​មូលដ្ឋាន​ទាំង​អស់នេះ ត្រូវបាន សារីតា អះអាង​ថា វាមាននៅ​ក្នុងការ​លេង​កីឡា។

កញ្ញា សារីតា បាន​និយាយ​ថា៖ «ការលេងកីឡា មិនត្រឹម​តែធ្វើ​ឱ្យ​យើង​មាន​សុខភាពល្អ និង​បង្កើត​​បាន​ភាព​សប្បាយរីក​​រាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែការ​លេង​​កីឡា បានដើរនាទីសំខាន់​ ​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជាបុគ្គល​ម្នាក់​មានវិន័យ​ក្នុង​ខ្លួនជាង​មុន ហើយ​ការមានវិន័យ​នេះ មិនស្រួល​ទេ ព្រោះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​ប្រឈម​ផល​លំបាក​ខ្លះៗ​ឱ្យ​វាមាន​វិន័យ​ដែរ»

តារាសម្តែង​រូបនេះ បានបន្ថែម​ថា៖​ «ការលេង​កីឡា បានបង្រៀន​យើង​ឱ្យ​ចេះ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនងល្អ​​​​ជាមួយ​អ្នក​ដទៃ ហើយ​​វា​​ធ្វើ​ឱ្យ​យើង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ជាង​មុន​ ក្លាហាន​​​ជាង​មុន ព្រោះ​​ការ​ប្រកួត​ប្រជែង នៅ​ក្នុង​ការលេង​កីឡា ជាពិសេស​បាល់​ទាត់ វាបានបង្រៀន​​ឱ្យ​យើង​ចេះពីរបៀប​នៃការ​ធ្វើទំនាក់​ទំនង​ ដើម្បី​ក្លាយជាអ្នក​ដឹកនាំ​ល្អ និង​​ធ្វើ​ការងារជា​ក្រុម​បាន​ល្អ»

ការមើលឃើញ​ច្បាស់ពីគុណ​តម្លៃ ដែល​កើត​ចេញពី​ការ​លេង​កីឡា​នេះ គឺ​ដោយសារ​តែ សារីតា ធ្លាប់​បាន​លេង​កីឡាយ៉ាងជោគ​ជាំ​តាំងពីរៀន​នៅ​សាលា​បឋមសិក្សា ដោយ​​ក្មេង​ស្រី​ម្នាក់នេះ ធ្លាប់​លេងបាល់ទាត់​ បាល់​បោះ វាយសី វាយកូនបាល់ ហែល​ទឹក ហើយចុង​ក្រោយ​​នាង​ក៏​បាន​ចូល​រួម​ហាត់​សម្តែងជាមួយក្រុម​គុនល្បុក្កតោផងដែរ ព្រោះ សារីតា ចង់​យក​ក្បាច់​គុនព្រលឹងជាតិ​នេះ បង្ហាញ​នៅ​ក្នុង​ឈុត​ឆាក​ថតភាព​យន្ត​របស់​ខ្លួន ចំណែក​​បច្ចុប្បន្ន សារីតា នៅតែ​​បន្ត​​​យក​ការ​ហែល​ទឹក ដើម្បី​ពង្រឹង​សុខភាព និង​បាន​បន្ថែម​ការ​លេងប្រភេទ​កីឡា​មួយ​ទៀត គឺ​វាយកូនគោល។

កញ្ញា រ៉េត សារីតា និងលោក Paraic Grogan ពេលស្តាប់ការបង្ហាញពីចំណាប់​អារម្មណ៍​​របស់កីឡាការិនី ពេញ ស្រីនូ និង វឿន លីដា ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ (រូបថត៖ HFCA)

ជាមួយគ្នា​នេះ រ៉េត សារីតា បានបង្ហាញការ​គោរពទៅ​ដល់​កីឡាករ កីឡាការិនី​អាជីព ក៏​ដូចជា​អត្តពលិកជម្រើសជាតិ​នៃ​ប្រភេទ​កីឡា​ផ្សេងៗ ដែល​មានការ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ជា​ប្រចាំ ដើម្បី​​ក្លាយជា​អត្តពលិក​ដ៏​ល្អ អាច​ប្រកួត​តំណាង​ឱ្យ​ជាតិ ហើយ​ក៏​ទទួលបាន​បទពិសោធន៍​ល្អៗពីការ​លេង​កីឡា​នេះ ដើម្បីយក​ទៅ​អភិវឌ្ឍ​ខ្លួន និងមុខ​របររក​ស៊ីឱ្យ​បានកាន់តែ​ប្រសើរ ព្រោះ​ការ​លេង​កីឡា វា​បានបង្រៀនមេរៀនជោគជ័យ​ច្រើន​ទៅ​ដល់​អ្នក​លេង។

ស្រ្តី​វ័យ​២៩​ឆ្នាំ រ៉េត សារីតា បាន​បញ្ជាក់​ថា៖ «ទម្រាំ​បាន​ក្លាយ​ជា​​អត្តពលិក​ដ៏​ល្អ​ម្នាក់​ វាពិតជា​មានការពិបាក​ខ្លាំង ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ហ្វឹក​ហាត់ជាប្រចាំ​ជាមួយ​ការ​គោរពវិន័យឱ្យ​បាន​ខ្ចប់ខ្ជួន​ ហើយបទពិសោធន៍ និង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​លេង​កីឡា​នេះ​ហើយ ទើប​​ធ្វើ​ឱ្យ​ខ្ញុំមាន​ថ្ងៃនេះ ​ធ្វើ​ឱ្យខ្ញុំ​ចេះ​កំណត់​គោលដៅ និង​​មានក្តីស្រមៃ»។ កញ្ញាបន្តថា៖ «បានន័យ​ថា យើង​មានក្តី​ស្រមៃ​អ្វី គឺ​យើង​​មាន​ភាព​ក្លាហាន​​ឈោង​ចាប់​បានទាំង​អស់ ​អ៊ីចឹង​អ្វីៗ​ដែល​ខ្ញុំ​មាន​ទាំង​អស់ហ្នឹង គឺ​​ខ្ញុំ​ពិតជាអរគុណ​ដល់​កីឡា»

ការ​មើល​ឃើញពីអត្ថប្រយោជន៍ដែល​កើត​ចេញពី​ការ​លេង​កីឡា​នេះ រ៉េត សារីតា បាន​សម្រេច​ចូល​រួមជាមួយ​ Happy Football Cambodia Australia (HFCA) ដែលត្រូវ​ប្រកាស​ជា​ផ្លូវ​ការ ក្នុង សន្និសីទ​កាសែត កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤  ព្រោះអង្គការ​មិនមែន​រដ្ឋាភិបាល​​មួយ នេះ មានគោលបំណងផ្តល់ភាពអង់អាចដល់យុវជនក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​វិស័យកីឡា​បាល់​​ទាត់ គឺ​ស្រប​ទៅនឹងគោលបំណង​​​របស់នាង ដែល​មានទិសដៅលើក​ទឹក​ចិត្ត​ឱ្យ​ក្មេងៗ​នៅ​កម្ពុជា ជាពិសេស​ក្មេងស្រី មានឱកាស​​លេង​កីឡាឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ពង្រឹង​ភាព​រឹងមាំ​ទាំង​ទៅ​លើ​ស្មារតី និង​​ការកំណត់គោលដៅ​​​ឈានទៅសម្រេចក្តីស្រមៃ។

កញ្ញា សារីតា បញ្ជាក់ថា៖ «​វាជាកិត្តិយស​មួយ ដែល​ខ្ញុំ​បានចូលរួមជាមួយ HFCA ក្នុងការ​បង្កើត​កម្មវិធី​លេង​កីឡាបាល់​ទាត់ ដើម្បី​ផ្តល់​ឱកាស ក៏​ដូចជា​លើក​ទឹក​ចិត្ត​ដល់​ក្មេងស្រីនៅ​កម្ពុជា​ បាន​ចូល​រួម​លេង​កីឡា​ទាំង​អស់គ្នា ហើយខ្ញុំ​ក៏សំណូម​ពរ​ដល់​ឱពុក​ម្តាយ និង​អាណាព្យាបាល​គ្រប់រូប​ សូម​ផ្តល់​ឱកាស​​​ឱ្យកូន​ស្រី​​បានលេង​កីឡា ព្រោះ​គ្រប់​សកម្មភាព​លេង​កីឡា មិន​បាន​ធ្វើ​ឱ្យ​អ្នក​លេង​ក្លាយជាមនុស្ស​អាក្រក់​​ទេ គឺ​មានតែ​ជួយ​ឱ្យ​អ្នក​លេង​មាន​ភាព​ក្លាហាន និងក្លាយជាធនធាន​ល្អ សម្រាប់​សង្គមជាតិ»

សារីតា បាន​បន្ថែម​ថា៖ «តាមពិត​ក្មេងស្រីៗ មានសក្តានុពល និងមាន​ភាព​ឆ្លាត​វៃ​ខ្លាំង ប៉ុន្តែ​​ដោយសារ​​បរិបទរស់នៅ​ជុំវិញខ្លួន​ ទើប​ធ្វើឱ្យ​គាត់​មាន​ភាព​អៀនខ្មាស មិន​ហ៊ានបើកចំហ​នូវ​អ្វីដែល​គាត់​កំពុងតែគិត និងចង់​ធ្វើ​ ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យក្តី​ស្រមៃ​របស់​គាត់​មានការ​រួញតូច​ផងដែរ ព្រោះគាត់​មិន​មាន​ភាព​ក្លាហាន»

ជាមួយ​ហេតុផល​នេះ សារីតា បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​​ពី​ភាព​រឹង​មាំ​របស់​អ្នក​លេង​កីឡា និង​អ្នក​មិន​ធ្លាប់​លេង​កីឡា គឺ​មាន​ភាព​ខុស​ប្លែក​គ្នាច្រើន ហើយ​បញ្ហា​ទាំង​នេះ ត្រូវ​បាន​តារា​សម្តែង​រូ​បនេះ​បង្ហើប​ថា វាអាចមើល​ឃើញ​ច្បាស់ទៅតាម​ស្ថានភាពរស់​នៅជាក់ស្តែង​របស់​មនុស្ស ហេតុនេះ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ក្មេងស្រី​លេង​កីឡា ជារឿង​ចាំបាច់​មួយ ដែល​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​​​គ្រប់​រូបត្រូវគិត​ឱ្យ​បានច្បាស់។

ក្រមុំសម្បុរ​ស្រអែម​ស្រស់ រ៉េត សារីតា និយាយ​​ថា៖ «សម្រាប់​អ្នក​​អត់បាន​លេង​កីឡា ឬក៏មិន​បាន​ចូលរួម​ទំនាក់ទំនងជាមួយគេ​ឱ្យ​បានច្រើន គឺ​គាត់​មាន​ភាព​អៀនខ្មាស​ អ៊ីចឹង​នៅពេល​គាត់​ចង់​ធ្វើ​អ្វី​មួយ គឺ​នូវ​មាន​ភាពស្ទាក់​ស្ទើរ ហើយពេល​គាត់​ចង់​សម្រេចអ្វី​មួយ អត់​មាន​គោលដៅ​ច្បាស់លាស់​ ព្រោះ​​គាត់​អត់សូវហ៊ាន គាត់​ខ្លាច​គេ ប៉ុន្តែ​កីឡា​អាច​រុញ​ឱ្យ​យើង​ទៅ​បានច្រើន​ផ្នែក ​និង​ធ្វើ​ឱ្យ​យើង​មានសុខភាពល្អ មាន​ភាពរឹងមាំទាំងផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ចំណែក​ការ​ទំនាក់​​ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ល្អ មានគោលដៅ​ច្បាស់លាស់​ និងមានលក្ខណៈសម្បត្តិ​ជាអ្នក​ដឹកនាំ​ល្អ នៅ​ក្នុង​សង្គម​​របស់​យើង​»

សកម្មភាពហ្វឹកហាត់ និងលេងកីឡាបាល់ទាត់របស់ក្មេងៗកម្ពុជា ដែលរៀបចំ​ដោយអង្គការ HFCA និងដៃគូសហការ នាពេលកន្លងមក។ (រូបថត៖ HFCA)

ចំណែក​លោក Paraic Grogan ស្ថាបនិក​ HFCA  បាន​ឱ្យ​ដឹង​ថា អង្គការ​របស់លោក ធានា​ផ្តល់​លទ្ធភាពដល់យុវជនក្រីក្រ​នៅ​កម្ពុជា ទទួលបានឱកាសចូលរួមការហ្វឹកហាត់ប្រកប​ដោយ​គុណភាព​ខ្ពស់ ក្នុងការកសាងស្មារតីជាក្រុម និងការប្រមូលផ្តុំ។ កត្តានេះជួយគាំទ្រ​ដល់​សុខុមាលភាព សុខភាពផ្លូវចិត្ត ការជឿជាក់លើខ្លួនឯង ហើយសំខាន់ផ្តល់នូវ​វិថីឆ្ពោះ​ទៅ​រក​ឱកាស​បន្ថែមទៀតដោយអភិវឌ្ឍន៍ជំនាញទន់ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យអប់រំ និងការងារ។

ចាប់តាំង​​ពី​បង្កើតឡើងក្នុងឆ្នាំ​២០០៥ រហូតមក​ដល់​បច្ចុប្បន្ន លោក Paraic Grogan បាន​អះអាង​ថា HFCA បានសហការជាមួយ​ស្ថាប័ន និង​អង្គការជាច្រើន ជាពិសេសអង្គការ​​​មូលនិធិ​កុមារ​កម្ពុជា (CCF) របស់​លោក Scott Neeson ដើម្បី​នាំ​យក​ក្មេងក្រី​ក្រ ដែល​រៀន​នៅ​អង្គការ​នេះ មក​បង្ហាត់​ជំនាញបាល់​ទាត់ ហើយ​គិត​មកពេល​នេះ មានក្មេង​ប្រុស​ស្រី​រាប់រយនាក់​ហើយ ធ្លាប់​ទទួលបានការបណ្តុះបណ្តាលបាល់​ទាត់​ពី​ HFCA។

នៅ​ក្នុងចំណោមក្មេង​ប្រុស​ស្រី​ទាំង​នោះ គឺ​ភាគ​ច្រើន បាន​ទទួល​ឱកាស​​​ទៅ​​​​ចូលរួមការ​ប្រកួត​បាល់​ទាត់​នៅ​ក្រៅ​ប្រទេស ជាពិសេស​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​​​​ជន​គ្មាន​ទីពឹង (Homeless World Cup) ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​ជន​គ្មាន​ទីពឹង​ក្នុង​ការ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​ ដោយក្នុង​នោះ HFCA បាន​បញ្ជូនក្រុមបាល់​ទាត់​កម្ពុជា​​ទៅ​ចូលរួម​ប្រកួត​តាំង​​ពី​ឆ្នាំ​២០០៨មក  ហើយជាមួយ​បទពិសោធន៍​នោះ ក្មេងៗ​មួយចំនួន ក៏​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយ​ទៅជាកីឡាករអាជីព បាន​លេង​ឱ្យ​ក្លិប​​បាល់​ទាត់​​នៅ​ក្នុង​ស្រុក ចំណែក​អ្នក​ខ្លះ​ទៀត ក៏​បាន​​វិវឌ្ឍ​ខ្លួនទៅជា​គ្រូ​បង្វឹក​ និងមានការធ្វើនៅតាមស្ថាប័នផ្សេងៗ។

ជុំវិញការងារនេះ លោក Paraic បាន​និយាយ​ថា៖ «យើង​ធ្លាប់​បាន​នាំយក​ក្រុមបាល់​ទាត់​របស់​យើង​ទៅ​ចូលរួមការ​ប្រកួត​អន្តរជាតិ នៅប្រទេស​ម៉ិចស៊ីកូ ប្រេស៊ីល បារាំង អង់គ្លេស អូស្រ្តាលី អ៊ីតាលី ហូឡង់ គឺមានន័យ​ថា យើង​បាន​ផ្តល់ឱកាសដល់​ក្មេងៗ​របស់​យើង បានស្គាល់​ពី​វប្បធម៌ និងមើល​ឃើញ​ពី​អ្វីដែល​​ថ្មីៗ​នៅ​ក្រៅ​ប្រទេស ដែល​ពួកគេមិន​ធ្លាប់​​បានឃើញ​កន្លង​មក ហើយ​ទាំង​អស់​នោះ បាន​ក្លាយជាបទពិសោធន៍​ដ៏​មាន​ប្រយោជន៍ ជួយ​ឱ្យ​ពួកគេ កាន់តែ​មាន​ទំនុក​​ចិត្ត និងភាពជឿជាក់ ក្នុង​ការឈាន​ទៅ​សម្រេចគោលដៅ និង​ក្តីស្រមៃរបស់​ខ្លួន»។ ​  

ទន្ទឹម​នឹងនេះ លោក Paraic Grogan មានក្តីសោមនស្សរីករាយ​​ខ្លាំង ចំពោះតារាសម្តែងដ៏​ល្បីល្បាញ រ៉េត សារីតា ដែលបាន​​សម្រេច​​​ចូល​រួម​កម្មវិធីបាល់​ទាត់ជាមួយ HFCA ហើយ​កម្មវិធី​បាល់​ទាត់នៅភូមិអូររូង ខេត្ត​សៀម​រាប នៅ​ថ្ងៃទី​៨ ខែឧសភា ដែល​មានក្មេង​ស្រី​ប្រមាណ​២៥​នាក់​ចូលរួម​នោះ គឺជាការ​ចូល​រួម​ដោយ​ផ្ទាល់​លើក​ដំបូង​របស់ សារីតា ហើយ​លោក​ Paraic បាន​ដាក់​ក្តី​សង្ឃឹម​ថា សារីតា នឹង​ជួយ​គាំទ្រ​កម្មវិធី​បាល់ទាត់​នារី​តាម​ភូមិ និង​ជំរុញលើកទឹកចិត្តឱ្យ​កុមារី​កម្ពុជា ចូល​លេង​បាល់ទាត់​កាន់​តែផុសផុលថែម​ទៀត។

ស្ថាបនិក​អង្គការ HFCA រូប​នេះ​បានបញ្ជាក់​ថា៖ «​ពិតណាស់ការ​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​​​​កម្ពុជា ឱ្យ​ចូល​លេង​កីឡា​ពី​សំណាក់​​កញ្ញា រ៉េត សារីតា ពិតជា​មានឥទ្ធិពល​ខ្លាំង ព្រោះ​គាត់​ជា​​តារា​ដ៏​​មាន​ប្រជាប្រិយ​នៅ​កម្ពុជា អ៊ីចឹងសារ​របស់​កញ្ញា នឹង​ជ្រួតជ្រាប​បានលឿន និង​មាន​​​ភាពទូលំទូលាយ ព្រោះ​ក្មេងប្រុសស្រី មិនថា​​នៅ​ភ្នំពេញ និង​តាម​ខេត្ត គឺ​ពួក​គាត់​គោរព និង​ឱ្យ​តម្លៃ​ដល់​បុគ្គល​ល្បី អ៊ីចឹងខ្ញុំ​ជឿ​ថា ការចូលរួម​របស់ សារីតា ​​នឹង​ធ្វើ​ឱ្យ​ក្មេងៗ​នៅ​កម្ពុជា ជាពិសេស​ក្មេងស្រី មានការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុងការ​​ងារមកលេង​កីឡាបាល់​ទាត់ និង​ប្រភេទ​​​កីឡា​ផ្សេងៗ​​ទៀត បាន​កាន់តែ​ច្រើន​»

យ៉ាង​ណាក៏​ដោយ បន្ថែម​ទៅលើ​ការ​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យ​ក្មេងៗនៅតាម​ខេត្ត​ងាកមក​​ចូល​រួម​លេង​កីឡា​នេះ រ៉េត សារីតា ក៏​មាន​បំណង​ប្រើ​ប្រាស់​យុទ្ធនាការ​ប្រកួតបាល់​ទាត់ នៅ​តាម​​ខេត្ត​​​​របស់ HFCA នេះ ដើម្បី​ជា​សារមួយ​​ទៀត ក្នុងការ​ជំរុញ​​ឪពុក​ម្តាយ ឱ្យកូនៗ​របស់​គាត់​រៀនសូត្រ​បានជ្រៅ​ជ្រះ ព្រោះចំណេះវិជ្ជា វាជាទ្រពសម្បត្តិ​ដ៏​មាន​តម្លៃ​​សម្រាប់​​មនុស្សម្នាក់ៗ ក្នុងការ​កសាងអនាគត​ដ៏​ភ្លឺស្វែង​បាន។

ការមើល​ឃើញពី​តម្លៃ​នេះ ដោយសារ​តែ រ៉េត សារីតា ជាក្មេងកំព្រាម្តាយ​ ហើយ​រស់ពឹង​អាស្រ័យ​​​លើ​ការចិញ្ចឹមបីបាច់ថែ​រក្សា​របស់​ឪពុកជាយោធិន តាំងពី​អាយុ​៦​ឆ្នាំ ប៉ុន្តែ​ជាភ័ព្វ​សំណាង​​​ក្មេង​ស្រី​ម្នាក់​នេះ ត្រូវ​បាន​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ប្ដី​ជា​ជនជាតិ​បារាំង​ និង​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​កាត់​អាមេរិកាំង បាន​​សុំ​នាង​ធ្វើ​ជា​កូន​ចិញ្ចឹម ហើយ​បាន​​ផ្គត់ផ្គង់​ឱ្យ​រៀន​សូត្រ​តាំង​ពី​ពេល​នោះ​មក។

បវរកញ្ញា​ចក្កវាល​កម្ពុជា ឆ្នាំ​២០២០​ សារីតា ​បាន​បញ្ចប់​ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​ពី​សាលា Lycée Français René Descartes (LFRD) និង​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្ត្រ ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា ហើយ​នាង​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ​នៅសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រៅ​ពី​ភាសា​​ខ្មែរ សារីតា ចេះ​ភាសា​ថៃ អង់គ្លេស និង​បារាំង​យ៉ាង​ស្ទាត់​ជំនាញ ហើយ​នាង​នៅ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ឪពុក​បង្កើត​ជនជាតិ​ខ្មែរ ជា​យោធិន​ចូល​និវត្តន៍​រស់​នៅ​​ក្នុង​​ខេត្ត​តាកែវ។

តារាសម្តែង​ស្រីរូប​នេះ បានបញ្ជាក់​ថា៖ «កាលពីប៉ុន្មាន​ខែមុន ខ្ញុំ​បានចុះទៅ​ថត​ខ្សែ​ភាព​យន្ត​ធំមួយ នៅ​ខេត្ត​សៀមរាប ដែល​ចូលទៅ​ក្នុង​ខេត្តមិន​​ជ្រៅប៉ុន្មាន​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញថា ក្មេងៗ​ដែល​​មាន​អាយុ​ត្រឹម​១២ ទៅ​១៣​ឆ្នាំ បាន​បោះបង់ចោល​ការ​សិក្សា ដោយសារពួកគេ បាន​ធ្វើ​ទៅតាម​ជម្រើសរបស់ឪពុក​ម្តាយ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​កម្មវិធី​បាល់​ទាត់​នេះ យើងនឹង​អាចជួយ​ជំរុញ​ឱ្យឪពុក​ម្តាយ ក៏ដូចជាលើក​ទឹក​ចិត្ត​ដល់​ក្មេងៗ ជាពិសេស​ក្មេងស្រីៗ​ ឱ្យ​បន្តការ​សិក្សាយ៉ាង​ហោចណាស់​ក៏​​បានចប់ថ្នាក់វិទ្យាល័យដែរ ហើយ​បើ​បាន​បន្ត​ដល់​ថ្នាក់​មហាវិទ្យាល័យ​​កាន់តែ​ប្រសើរ»

ក្រមុំរូប​ស្រស់​កម្ពស់​១,៦៥ម៉ែត្រ ​អាច​រក​ប្រាក់​ផ្គត់ផ្គង់​ការ​ចាយ​វាយ​ដោយ​ខ្លួន​ឯង ​ដោយ​មិន​បាច់​​ពឹង​ផ្អែក​លើ​អាណាព្យាបាល​ តាំង​ពី​អាយុ​១៧​​ឆ្នាំ សារីតា បានបន្ថែម​ថា៖ «​ខ្ញុំ​ជឿ​ថា កូនខ្មែរ​​យើង​មាន​ភាពឆ្លាត​វៃ និង​មាន​សក្តានុពល​ខ្លាំង​​មែន​ទែន ហើយ​នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ដល់​ប្រទេស​​​ផ្សេងៗ ខ្ញុំគិត​ដល់​ប្រទេសខ្មែរ​យើង​តែម្តង គឺ​ខ្មែរ​យើង​អាច​ទៅបាន​វែង​ឆ្ងាយ​ ហើយ​ឈរនៅលើ​ឆាក​អន្តរជាតិ ធ្វើ​អ្វីៗក៏​បាន​ល្អ​»

សកម្មភាពហ្វឹកហាត់ និងលេងកីឡាបាល់ទាត់របស់ក្មេងៗកម្ពុជា ដែលរៀបចំ​ដោយអង្គការ HFCA និងដៃគូសហការ នាពេលកន្លងមក។ (រូបថត៖ HFCA)

ជាមួយ​គ្នា​នេះ កីឡាការិនី វឿន លីដា មកពី​​​អង្គការមូលនិធិកុមារ​កម្ពុជា ដែល​បានហ្វឹក​ហាត់​បាល់​ទាត់​ជាមួយ HFCA តាំងពី​កុមារភាពមក​នោះ បាន​ពង្រឹកគោលដៅ​កាន់តែ​ធំ ក្នុង​ការ​ចាប់​យក​ជំនាញ​មួយនេះ ដើម្បី​វិវឌ្ឍ​ខ្លួនទៅ​ជា​កីឡាការិនី​អាជីព​ម្នាក់ ហើយក្មេង​ស្រី ដែល​កំពុង​រៀន​នៅ​ថ្នាក់ទី​១១​ម្នាក់នេះ ក៏​​​​មាន​គោលដៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ក្លាយ​ជាប៉ូលិស។

យុវតីវ័យ​១៧​ឆ្នាំ វឿន លីដា បាន​និយាយ​​ថា៖ ​«ពីដំបូង ការ​ហាត់​កីឡា​ ពិតជា​លំបាក និង​ឈឺ​ខ្លួន ប៉ុន្តែ​ពេល​យើងលេង​យូរៗ​ទៅ វាមាន​ប្រយោជន៍​ច្រើ​ន គឺ​ធ្វើ​ឱ្យយើង​មានសុខភាព​ល្អ ចំណែក​​ឆ្អឹង និង​រាងកាយ​​របស់​យើងក៏​លូតលាស់​បាន​ល្អ និង​​រឹងមាំ ហើយ​ការលេង​កីឡា ក៏​ធ្វើ​ឱ្យ​ចរន្ត​ឈាម​យើង​ដើរ​​ល្អ ជួយ​​ទៅ​ដល់​ខួរ​ក្បាល​របស់​យើង​​មាន​ការចងចាំ​ល្អក្នុង​ការ​​សិក្សា​ ជា​ពិសេស​ការ​ប្រកួតប្រជែង នៅ​ក្នុង​កីឡា បាន​​ជួយ​ធ្វើ​ឱ្យយើង​​កាន់តែ​មានស្មារតី​រឹង​មាំ និងមាន​​ភាព​ក្លាហាន ក្នុង​ការ​ធ្វើអ្វី​មួយ»

វឿន លីដា បាន​បញ្ជាក់ពី​គោលបំណង​របស់​ខ្លួន​បែបនេះ​ថា៖ «​ខ្ញុំ​​ចង់​​ក្លាយជា​កីឡាការិនីអាជីព និង​បាន​លេង​នៅ​ក្នុងជម្រើសជាតិ។ ​ខ្ញុំ​មាន​ជំនឿចិត្ត​១០០​ភាគ​រយ​ថា ខ្ញុំ​អាច​សម្រេចបំណង​នេះ​បាន ព្រោះ​ខ្ញុំ​បាន​ហ្វឹក​ហាត់វា​តាំងពី​នៅ​តូច និង​បាន​ប្រកួតជាប្រចាំ ហើយម្យ៉ាង​ទៀត ភាព​រឹងមាំ ដែល​ទទួល​បាន​ពីការ​លេង​កីឡា នឹងជួយ​ឱ្យ​ខ្ញុំ​អាចឈាន​ទៅសម្រេច​គោលបំណង​តាំង​ពី​​កុមារភាព គឺ​ការ​រៀន​បន្ត​ចាប់​យកជំនាញជាប៉ូលិស អ៊ីចឹង​ទាំង​ការលេង​កីឡា និងការសិក្សា ខ្ញុំចាប់យក​ទាំង​២ ព្រោះ​ខ្ញុំ​មានកាលវិភាគលេង​ត្រឹម​ត្រូវ មិនឱ្យ​ប៉ះពាល់​ដល់ការ​រៀនសូត្រ​នោះ​ទេ»

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) និងជា​រដ្ឋលេខាធិការ​​ក្រសួង​អប់រំ យុវជន និង​កីឡា ​ផងដែរ​នោះ បាន​ទទួល​ស្គាល់​ថា ស្រ្តីខ្មែរ ​ពិតជាមានអាទិភាព​ខ្ពស់ជាង​បុរស ក្នុង​ការ​​ស្វែង​​រក​មេដាយ​ជូន​ជាតិ សម្រាប់​ការ​ប្រកួតប្រជែង​កីឡា​នៅលើ​ឆាក​អន្តរជាតិ។

លោក​បានបញ្ជាក់​ថា៖ ​«​នៅ​​កម្ពុជា​យើង កីឡាការិនី​អាចដណ្តើម​បានមេដាយមាស​ល្អៗ​ភាគ​ច្រើន គឺ​​ស្រ្តី​មាន​ទេព​កោសល្យល្អ លេចធ្លោ និងមានឱកាស​​ស្វែង​រក​​​​មេដាយច្រើនជាងបុរស ដោយសារបុរសមានការ​ប្រកួត​ប្រជែងខ្ពស់ជាង និងខ្លាំងជាង​នារី​ ហេតុនេះ​ស្រ្តី មាន​ឱកាស​ច្រើន​ក្នុង​ការ​ទទួល​បានជោគ​ជ័យ​ក្នុងជីវិត លើ​ការងារ​កីឡា​នេះ»

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «តាមគោលការអន្តរជាតិ គឺ​ចាប់ពី​ឆ្នាំ​២០២៤​នេះ​ទៅ គេជំរុញ​ឱ្យ​មានចំនួនស្រ្តី ចូល​លេង​កីឡា និង​ដឹកនាំ នៅ​ក្នុង​វិស័យ​​កីឡាឱ្យ​​បាន​៤០​ភាគ​រយ អ៊ីចឹង​យើង​សូមអំពាវនាវ​ថា បើ​សិនជា​មានចំនួន​ស្រ្តី​ចូល​លេង​កីឡា​កាន់​តែ​ច្រើន គឺ​មូល​ដ្ឋាន​ការអភិវឌ្ឍ​វិស័យ​កីឡា​របស់​យើង​ ឬឧត្តមភាព​កីឡា នៅលើ​ឆាក​អន្តរជាតិ​របស់​យើង កាន់​តែ​ទទួល​បានខ្ពស់»៕​​

405 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម