យោងតាមការបង្ហោះសាររបស់អង្គការ Peta ជាអង្គការការពារសិទ្ធិរបស់សត្វបានឱ្យដឹងថា តុលាការនៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិកបានសម្រេចឲ្យលោក គ្រី ម៉ះផល រួចខ្លួនពីការចោទប្រកាន់រត់ពន្ធសត្វស្វាកន្ទុយវែង (ស្វាក្តាម)។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរអាមេរិកបានចាប់ខ្លួនលោក គ្រី ម៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នៅទីក្រុងញូវយ៉ក ខណៈពេលលោកកំពុងរង់ចាំបន្តដំណើរទៅកាន់ប្រទេសប៉ាណាម៉ា ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជ (CITES)។
លោក គ្រី ម៉ះផល និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធ និងសមគំនិតអំពើរត់ពន្ធស្វាក្តាម ដោយរំលោភច្បាប់ប្រឆាំងការជួញដូរសត្វព្រៃ និងច្បាប់ការពារសត្វជិតផុតពូជរបស់អាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យមេធាវីសហរដ្ឋអាមេរិកនៅសង្កាត់ភាគខាងត្បូងនៃរដ្ឋហ្លរីដា។
ការិយាល័យមេធាវីសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រៅពីលោកទាំងពីរ លោក James Man Sang Lau ម្ចាស់ក្រុមហ៊ុន Vanny Bio Research មកពីហុងកុង និងឈ្មោះ Dickson Lau អ្នកគ្រប់គ្រងទូទៅមកពីហុងកុងផងដែរនោះនិងបុគ្គលិកបួននាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ចំនួនប្រាំបីករណី។ សមាជិកម្នាក់ៗនៃក្រុមដែលគេចោទថា រត់ពន្ធសត្វស្វានេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ជាង១០០ឆ្នាំ។
លោក កែវ អូម៉ាលីស្ស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃចន្ទ ក្រសួងកសិកម្ម បានអះអាងថា ការសម្រេចទាត់ចោលការចោទប្រកាន់នេះគឺ «ជាយុត្តិធម៌ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន»។
ក្រសួងកសិកម្ម សម្តែងការខកចិត្តចំពោះការចោទប្រកាន់មិនត្រឹមត្រូវ ហើយថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិកចំពោះការចោទប្រកាន់មន្ត្រីកម្ពុជាដោយគ្មានភស្តុតាងត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្ម បានសរសេរថា៖ «ការចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន»។
ក្រសួងបានលើកឡើងថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាមត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ។ ការចោទប្រកាន់នេះផ្អែកលើ៖ «ការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារព័ត៌មានគ្មានវិជ្ជាជីវៈនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារនៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា»។
រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានអះអាងថា សត្វស្វាក្តាម ដែលនាំចេញពីកម្ពុជាទាំងអស់បានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ។
ក្រសួងបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនលោក គ្រី ម៉ះផល ដែលត្រូវបានឃុំខ្លួនអស់រយៈពេល១៦ខែ ដោយថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួយលោក គ្រី ម៉ះផល។
រូបថតដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មបង្ហាញថា លោក ម៉ះផល មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២៥ ខែមីនា ដែលត្រូវបានស្វាគមន៍ដោយសមាជិកគ្រួសារ និងមន្ត្រីក្រសួង។

ស្របពេលជាមួយគ្នា ការិយាល័យមេធាវីសហរដ្ឋអាមេរិកបាននិយាយថា ឈ្មោះ James និង Dickson «ដែលកាន់កាន់កាប់ និងគ្រប់គ្រងសាជីវកម្មពាក់ព័ន្ធមួយចំនួន ដែលបានគប់គិតជាមួយអ្នកប្រមូលទិញនៅលើទីផ្សារងងឹត និងមន្ត្រីពុករលួយនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានសត្វស្វាក្តាមដែលគេចាប់ពីព្រៃ ហើយលាក់បាំងពួកវាតាមរយៈក្រុមហ៊ុនដែលមានតែឈ្មោះនៅកម្ពុជា ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ដោយបន្លំធ្វើជាសត្វស្វាយកចេញពីកសិដ្ឋានបង្កាត់ពូជស្វា»។
លោក Jason Baker អនុប្រធានជាន់ខ្ពស់របស់អង្គការ PETA បានប្រាប់ខេមបូចាថា ដោយមិនគិតពីលទ្ធផលនៃករណីរបស់លោក គ្រី ម៉ះផល ភស្តុតាងបានបង្ហាញថា សត្វស្វាត្រូវបានគេយកចេញពីជម្រកធម្មជាតិរបស់វា អមដោយឯកសារក្លែងបន្លំ។ ឯកសារទាំងនេះត្រូវបានយល់ព្រមដោយតំណាងមកពីមជ្ឈមណ្ឌល Worldwide Primates និង Orient BioResource Center (ឥឡូវប្តូរមកជា Inotiv)។
លោកបានអះអាងថា ឧស្សាហកម្មធ្វើពិសោធន៍សត្វព្រៃ គឺសម្បូរទៅដោយ «អំពើពុករលួយ ការសម្ងាត់ និងការរំលោភច្បាប់» ហើយថា PETA នៅតែប្តេជ្ញាចិត្តក្នុងការលាតត្រដាងការពិត។
លោក Baker បាននិយាយថា៖ «ករណីនេះគ្រាន់តែបានបង្ហាញឱ្យឃើញផ្នែកតូចមួយនៃមុខជំនួញដ៏ឃោរឃៅនៃការនាំចូលសត្វស្វា ហើយខណៈពេលដែលយើងរង់ចាំការកាត់ក្តីលោក កែវ អូម៉ាលីស្ស និងបុគ្គលដទៃទៀត»។
លោកបានបន្ថែមថា លោក អូម៉ាលីស្ស និងអ្នកផ្សេងទៀតត្រូវបានចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដោយសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធក្នុងគម្រោងរត់ពន្ធសត្វស្វាយ៉ាងទូលំទូលាយ។ លោកបានបន្ថែមថា៖ «ឧស្សាហកម្មនាំចូល-សត្វព្រៃត្រូវតែបិទជាបន្ទាន់»។
លោក Wesley Holzer មន្ត្រីព័ត៌មាននៃស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញបានឲ្យដឹងតាមរយៈអ៊ីមែលថា ស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការនៅសហរដ្ឋអាមេរិក និងការសម្រេចមិនលម្អៀងដែលសម្រេចរបស់គណៈវិនិច្ឆ័យតាមនីតិវិធីច្បាប់។
លោក Wesley បានបង្វែរសំណួរបន្ថែមទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ទាក់ទងនឹងសំណុំរឿងដែលកំពុងបន្ត៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S Court Acquits Agriculture Ministry’s Kry Masphal Of Monkey-Smuggling Charge













