នៅថ្ងៃសុក្រនេះ អ្នកកាសែតពីររូបដែលត្រូវបានតុលាការថ្នាក់ក្រោមកាត់ទោសឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ ក្រោមបទចោទទាក់ទងនឹងអំពើក្បត់ជាតិ បានស្នើឲ្យតុលាការកំពូលទម្លាក់ចោលបទចោទ ខណៈក្រុមអង្គការការពារសិទ្ធិអ្នកសារព័ត៌មានបានថ្កោលទោសនឹងការសម្រេចរបស់តុលាការនាពេលកន្លងមក។
លោក ផន សុភាព និងលោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP 68 TV Online ត្រូវបានចោទប្រកាន់ថាបានផ្ដល់ព័ត៌មានដល់រដ្ឋបរទេសនាំឲ្យអន្តរាយដល់ការការពារជាតិ ដែលបទល្មើសនេះអាចត្រូវជាប់ពន្ធនាគារចន្លោះពីប្រាំពីរទៅ១៥ឆ្នាំ។
អ្នកសារព័ត៌មានទាំងពីររូបត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានថតរូបទាហានកម្ពុជានៅជិតទីតាំងឈរជើងជួរមុខអំឡុងពេលកម្ពុជា-ថៃមានជម្លោះព្រំដែន។ រូបភាពដែលអ្នកទាំងពីរថតគឺមានជាប់រូបភាពមីននៅពីខាងក្រោយ និងត្រូវបានសារព័ត៌មានថៃយកផ្សព្វផ្សាយបន្ត។
អ្នកសារព័ត៌មានទាំងពីរត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត។ ការឃុំខ្លួនអ្នកទាំងពីរនេះកើតមានឡើង មុនមានសកម្មភាពចាប់ខ្លួនឃុំខ្លួនអ្នកសារព័ត៌មានផ្សេងៗទៀតជាបន្តបន្ទាប់ ក្រោយពីអ្នកទាំងនោះបានរាយការណ៍ពីបញ្ហាជម្លោះនៅតាមព្រំដែន និងអំពើឆបោកតាមអនឡាញ ដែលអ្វីទាំងនោះបានធ្វើឲ្យក្រុមអង្គការការពារសិទ្ធិមនុស្សមានការព្រួយបារម្ភជាខ្លាំង។
លោក សុភាព និងលោក ភារ៉ា បានថ្លែងក្នុងអង្គសវនាការថា ពួកខ្លួនគ្មានចេតនាណាមួយក្នុងការផ្ដល់ព័ត៌មានទៅឲ្យរដ្ឋបរទេសនោះទេ ហើយក៏គ្មានចេតនាធ្វើឲ្យអន្តរាយដល់ការការពារជាតិដែរ។ នេះបើតាមមេធាវីការពារក្ដី លោក អ៊ុន ច័ន្ទថុល ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់សវនាការ ខណៈសវនាការនេះមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្ដាប់នោះទេ។
លោក ច័ន្ទថុល បានជំរុញឲ្យតុលាការកំពូលទម្លាក់ចោលបទចោទ ឬកាត់បន្ថយទោសឲ្យមកនៅកម្រិតទាបបំផុត ដោយថាកូនក្ដីខ្លួន «មិនមានចេតនាទម្លាយព័ត៌មានសម្ងាត់របស់ការពារជាតិ» ដោយផ្អែកតាមមាត្រា៤៧៩ នៃក្រមព្រហ្មណ្ឌ។
លោកក៏បានស្នើឲ្យតុលាការឲ្យដោះលែងកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្នដើម្បីរង់ចាំការសម្រេចរបស់តុលាការចុងក្រោយផងដែរ។
លោក ច័ន្ទថុល បាននិយាយថាតុលាការកំពូលគ្រោងនឹងប្រកាសសាលដីកាលើសំណុំរឿងនេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
នៅខាងក្រៅតុលាការកំពូលក្នុងទីក្រុងភ្នំពេញ ម្ដាយលោក សុភាព គឺអ្នកស្រី ព្រំ យ៉ន បានសម្រក់ទឹកភ្នែក និងបានអះអាងថាកូនប្រុសរបស់អ្នកស្រី មិនបានក្បត់ជាតិ ឬបានផ្ដល់ព័ត៌មានឲ្យរដ្ឋបរទេសនោះទេ។
អ្នកស្រីលើកឡើងថាកូនរបស់អ្នកស្រីគឺជាអ្នកសារព័ត៌មានដែលរាយការណ៍ទូទៅលើបញ្ហាសង្គម និងថាបើសិនជាមានកំហុសណាមួយដែលបានកើតឡើង គឺមិនមែនជាចេតនារបស់កូនអ្នកស្រីនោះទេ។ អ្នកស្រី អំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទលើអ្នកសារព័ត៌មានទាំងពីររូប។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមស្នើឲ្យតុលាការ និងរដ្ឋាភិបាលផ្ដល់ការអាណិតអាសូដល់កូនរបស់ខ្ញុំ ព្រោះថាគេមិនបានធ្វើដោយចេតនាទេ។ គាត់ត្រូវបែកពីប្រពន្ធ និងកូនៗ ហើយយើងក៏ចាស់ៗហើយដែរ។ សូមដោះលែងកូនខ្ញុំទៅ»។
ភរិយា លោក សុភាព គឺអ្នកស្រី ហុង ថា ក៏បានអំពាវនាវដូចនឹងម្ដាយក្មេកដែរ។
អ្នកស្រីលើកឡើងថា៖ «គាត់ស្គមជាងពីមុនច្រើន។ គាត់ជាអ្នកសារព័ត៌មានល្អម្នាក់…ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ និងតុលាការនឹងជួយកាត់បន្ថយទោស ព្រោះថាប្ដីរបស់ខ្ញុំគឺជាមនុស្សល្អទេ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថាអ្នកសារព័ត៌មានត្រូវ«បែងចែកខណ្ឌសីមាររវាងវិជ្ជាជីវៈសារព័ត៌មាន និងសន្តិសុខជាតិ» និងថាត្រូវចៀសវាងនូវសកម្មភាពទាំងឡាយណាដែលល្មើសច្បាប់។
លោកបន្ថែមថា៖ «ទន្ទឹមនឹងអ្នកសារព័ត៌មានមានសិទ្ធិសេរីភាព ច្បាប់ក៏បានកំណត់ព្រំដែនច្បាស់លាស់ ដែលហាមឃាត់ដាច់ខាតរាល់ការផ្សព្វផ្សាយព័ត៌មានណាដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងការពារជាតិ»។
លោកឲ្យដឹងទៀតថា ក្រសួងបានផ្ដល់ការគាំទ្រ និងអន្តរាគមន៍មុន និងអំឡុងពេលនៃនីតិវិធីច្បាប់នេះផងដែរ។
សេរីភាពសារព័ត៌មានកម្ពុជាបានធ្លាក់ចុះជាគំហុកនៅទសវត្សរ៍ចុងក្រោយនេះ នេះបើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហើយបានចាត់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៥១ក្នុងចំណោម១៨១ប្រទេស ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក។
មនុស្សជាង៣០នាក់ រួមមានអ្នកនយោបាយ សកម្មជនសង្គម និងអ្នកសារព័ត៌មានផង ត្រូវបានចាប់ខ្លួនចន្លោះពីពាក់កណ្ដាលឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ទាក់ទងនឹងការផ្សព្វផ្សាយលើបណ្ដាញសង្គមចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក ស៊ន សារ៉ាត អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មានប្រសាសន៍ថាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ គឺជាទោសធ្ងន់ធ្ងរបំផុតដែលបានដាក់លើអ្នកសារព័ត៌មានកម្ពុជា។
លោកបានអំពាវនាវឲ្យតុលាការកំពូលពិចារណាលើបណ្ដឹងសារទុក្ខរបស់គ្រួសារអ្នកសារព័ត៌មានទាំងពីរ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families Plead as Journalists Appeal Espionage-Related Convictions at Supreme Court










