សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសាកសួរលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសវនាការលើកទីពីរលើបណ្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពីបទក្បត់ជាតិ ដោយតុលាការសាកសួរលោកអំពីការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងការថ្លែងរបស់លោកកន្លងមក នេះបើតាមការអះអាងរបស់លោក អាង ឧត្តម មេធាវីការពារក្តីរបស់លោក កឹម សុខា។
លោក ឧត្តម បានមានប្រសាសន៍បន្ទាប់ពីសវនាការកាលពីថ្ងៃព្រហស្បតិ៍ថា៖ «[លោក សុខា] បានឆ្លើយសំណួរអំពីអ្វីដែលលោកបានធ្វើ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
លោក អាង ឧត្តម មានប្រសាសន៍ថា មន្ត្រីតុលាការផ្តោតសំណួរលើអង្គការ CCHR ទីដែលលោក កឹម សុខា ធ្លាប់ធ្វើជាប្រធាន និងកិច្ចប្រឹងប្រែងរៀបចំពលរដ្ឋថ្នាក់មូលដ្ឋានទាក់ទងនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
តុលាការក៏បានសាកសួរអំពីវីដេអូនៃសុន្ទរកថាដែលលោក កឹម សុខា បានថ្លែងនៅទីក្រុងម៉ែលប៊ន (Melbourne) ក្នុងឆ្នាំ២០១៣ ដែលរដ្ឋាភិបាលបានប្រើប្រាស់ធ្វើជាភស្តុតាង ដើម្បីចោទប្រកាន់ថា អ្នកនយោបាយរូបនេះបានសមគំនិតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ការកត់ត្រារបស់រដ្ឋាភិបាលនូវពាក្យពេចន៍ចេញពីវីដេអូឃ្លីបនៃសុន្ទរកថាត្រូវបានបង្ហាញនៅក្នុងតុលាការអំឡុងការជំនុំជម្រះក្តីដំបូងរបស់លោក កឹម សុខា។ អតីតមេបក្សប្រឆាំងរូបនេះហាក់ដូចជាបាននិយាយថា សហរដ្ឋអាមេរិកបានគាំទ្រលោកតាំងពីលោកចូលធ្វើនយោបាយក្នុងឆ្នាំ១៩៩៣។ នៅឯតុលាការកាលពីថ្ងៃព្រហស្បតិ៍ លោក អាង ឧត្តម បានមានប្រសាសន៍ថា លោក កឹម សុខា ត្រូវបានចោទសួរអំពីផ្នែកមួយនៃវីដេអូ ត្រង់កន្លែងដែលលោកហាក់ដូចជានិយាយថា «មុននឹងប្តូរខាងលើបាន យើងត្រូវគាស់ខាងក្រោមសិន»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទក្បត់ជាតិ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីខែមីនា ឆ្នាំមុន។ លោកត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៧ ដែលតាមចោទពីបទសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ពីរខែក្រោយមក តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ។
ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញបានហាមឃាត់លោក កឹម សុខា មិនឲ្យធ្វើនយោបាយអស់មួយជីវិត។ តុលាការក៏បានហាមឃាត់លោកមិនឲ្យប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតក្រៅពីសមាជិកគ្រួសារបើគ្មានការអនុញ្ញាតពីតុលាការឡើយ។
មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងបុគ្គលិកសន្តិសុខផ្សេងទៀត បានប្រចាំការនៅក្បែរសាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ ដូចដែលពួកគេបានធ្វើអំឡុងសវនាការថ្ងៃទី១ កាលពីថ្ងៃទី៣០ ខែមករាដែរ។
តុលាការបានកំណត់ចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់សវនាការនៅត្រឹមប្រហែល៣០នាក់ប៉ុណ្ណោះ។ អ្នកយកព័ត៌មានខេមបូចាម្នាក់បានចុះឈ្មោះនៅតុលាការកាលពីថ្ងៃអង្គារ ដើម្បីចូលរួមសវនាការ ប៉ុន្តែកាលពីថ្ងៃពុធមន្ត្រីតុលាការបានជូនដំណឹងដល់អ្នកសារព័ត៌មានថា គាត់នឹងមិនអាចចូលរួមសវនាការបានទេ ដោយសារខ្វះកន្លែងអង្គុយ។ ករណីដូចគ្នានេះបានកើតឡើងអំឡុងសវនាការលើកទី១កាលពីសប្តាហ៍មុនផងដែរ ដោយអ្នកយកព័ត៌មានខេមបូចាដែលបានចុះឈ្មោះរួចត្រូវបានមន្ត្រីតុលាការប្រាប់មួយថ្ងៃមុន នៃសវនាការថាបន្ទប់ពេញ។
លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមសវនាការមានប្រសាសន៍ថា លោក កឹម សុខា បានបដិសេធឆ្លើយសំណួរមួយចំនួន របស់តុលាការដោយលោកបានបញ្ជាក់ថា សំណួរទាំងនោះបានឆ្លើយរួចហើយក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក យី សុខសាន្ត បានមានប្រសាសន៍ថា លោក កឹម សុខា បានស្នើឲ្យតុលាការពន្លឿនដំណើរការជំនុំជម្រះ ព្រោះលោកមានសុខភាពមិនសូវស្រួលខ្លួន។
លោក យី សុខសាន្ត មានប្រសាសន៍ថា៖ «ខ្ញុំគិតថា អ្នកនយោបាយគួរតែចរចា នោះគឺជាវិធីល្អ ព្រោះជនជាប់ចោទ [សុខា] ក៏បានលើកឡើងផងដែរថា មានតែការចរចា [នយោបាយ] ទើបអាចដោះស្រាយបញ្ហានេះបាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមានប្រសាសន៍ថា មិនអាចមានការចរចានយោបាយជាមួយជនជាប់ចោទ កឹម សុខា បានទេ ដោយសារគាត់ត្រូវបានកាត់ទោសពីបទក្បត់ជាតិ។
លោកបានមានប្រសាសន៍ថា៖ «មិនអាចទៅរួចជាដាច់ខាតសម្រាប់មេដឹកនាំកាន់អំណាចទៅចរចាជាមួយនឹងជនក្បត់ជាតិ។ បើជាប់គុកហើយអាចចរចាបាន នោះវានឹងមិនធ្វើឲ្យសង្គមមានសណ្តាប់ក្នុងការអនុវត្តច្បាប់ និងគោរពច្បាប់ទេ»។
នៅឯសវនាការកាលពីសប្តាហ៍មុន សាលាឧទ្ធរណ៍បានច្រានចោលសំណើរបស់ក្រុមមេធាវីលោក កឹម សុខា ដើម្បីអនុញ្ញាតឱ្យលោកទាក់ទងមេធាវីរបស់គាត់ដោយគ្មានការអនុញ្ញាតជាមុនពីតុលាការ។ អង្គការសិទ្ធិមនុស្សអន្តរជាតិរួមមានអង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សជាថ្មីម្តងទៀតបានអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់នៅពេលចាប់ផ្តើមសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោកកាលពីសប្តាហ៍មុន។
សវនាការបន្ទាប់ត្រូវបានកំណត់ពេលនៅថ្ងៃទី២២ ខែកុម្ភៈ ដែលជាសវនាការលើកទីបីក្នុងចំណោមសវនាការប្រាំបួនលើក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal Court Questions Kem Sokha on Alleged Evidence of Treason in Melbourne Speech