មន្រ្ដីជំនាញនគរបាលយុត្ដិធម៌កំពុងប្រមូលភស្ថុតាងបន្ថែមទៀត ដើម្បីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់លើសំណុំរឿងលោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រោយចូលបំភ្លឺនៅថ្ងៃទី២៨ ខែធ្នូនេះ តាមលិខិតកោះហៅពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមលោក ឆាយ គឹមខឿន ស្នងការរងនិងអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ ខេមបូចា នៅថ្ងៃ២៨ ខែធ្នូនេះថា ករណីលោក កឹម ជាតិ នេះ ខាងអគ្គស្នងការដ្ឋានបានឱ្យមន្រ្ដីជំនាញប្រមូលភស្ថុតាងបន្ថែមដើម្បីមានចំណាត់ការ ប៉ុន្ដែលោកថា មិនទាន់ដឹងថា នឹងត្រូវមានចំណាត់បែបណានោះទេ ខណៈលោកថា ក្រោយពីប្រមូលភស្ថុតាងបាន លោកនឹងសុំគោលការណ៍បន្ថែមពីថ្នាក់លើ។
លោកបន្តថា លោក កឹម ជាតិ ទើបតែចូលបំភ្លឺតាមការកោះហៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះ ដូច្នេះហើយគឺមិនទាន់ដាក់ទោសណាមួយបានទេ រង់ចាំប្រមូលភស្ថុតាងសិន។ លោកបញ្ជាក់បន្ថែមថា ក្រោយនគរបាលយុត្ដិធម៌ប្រមូលភស្ថុតាងបានគ្រប់គ្រាន់នឹងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «ថ្ងៃនេះគាត់ទើបចូលបំភ្លឺ អឹចឹងចំណាត់ការតទៅទៀត អត់ទាន់ឆ្លើយប្រាប់ជូនបានទេ។សំខាន់ការបំភ្លឺរបស់គាត់ សំខាន់ភស្ថុតាងប្រមូលបាន ប្រមូលធាតុផ្សំបទល្មើសត្រឹមត្រូវហើយបានយើងសុំគោលការណ៍ ចាត់វិធានការរបៀបណាទៀត អាហ្នឹងតាមរឿងជាក់ស្ដែង។ ខាងជំនាញដែលជានគរបាលយុត្ដិធម៌កំពុងធ្វើការ គាត់អាចមានមូលដ្ឋានអីរាយការណ៍មកយើងអូន…។ លោកបន្ថែមថា៖«តាមនីតិវិធីច្បាប់គេមិនទុកធ្វើអីទេ គេនឹងបញ្ជូនទៅតុលាការហើយ គេប្រមូលភស្ថុតាងសិន»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ព្រះមហាក្សត្របានចេញរាជក្រឹត្យមួយដោយត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ និងមានការយល់ព្រមពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីផងដែរ។
នៅថ្ងៃដដែល អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញលិខិតកោះហៅ លោក កឹម ជាតិ ជាអនុរដ្ឋលេខាធិការឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង៨និង៣០នាទីព្រឹក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាមបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប ពាក់ព័ន្ធនឹងការជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងស្រា៤៨ដបពីក្រុមហ៊ុន។
ក្រោយពីលោក កឹម ជាតិ ត្រូវបានដកតំណែង លោក តាន់ សុខវិជ្ជា ត្រូវបាន លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ចពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្ដីពីការផ្ទេរភារកិច្ចមន្រ្ដីនគរបាលជាតិ។ ក្នុងសេចក្ដីប្រកាសមានមន្រ្ដីចំនួន៥០នាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យទៅបម្រើការងារនៅនាយកដ្ឋាន អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសវិញ ដោយមានបោះត្រា និងចុះហត្ថលេខាពីលោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។
ខេមបូចា មិនអាចសុំការបំភ្លឺបន្ថែមពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេជុំវិញការផ្ទេរភារកិច្ចដែលក្រសួងមហាផ្ទៃបានចេញទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះ បានថ្លែងកន្លងមកថា លោក កឹម ជាតិ ពិតជាត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពិតមែន ក្រោយពីលោក កឹម ជាតិ បានប្រព្រឹត្ដបញ្ហាជាមួយ ក្រុមហ៊ុន ឈីវ ទីម៉ីច និងបានទារលុយ១០ម៉ឺនដុល្លារ និងស្រាជាង៤០ដប។ លោកបានបញ្ជាក់បន្ថែមថា ក្នុងអាណត្ដិនេះទាំងរដ្ឋាភិបាល និងក្រសួងបានកែទម្រង់ និងមានវិធានការច្រើន ក្នុងការប្រឆាំងអំពើពុករលួយក្នុងស្ថាប័នរដ្ឋក្រោមក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «ឥឡូវស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ។ ហើយនាយកដ្ឋានព្រហ្មទណ្ឌបានចេញដីកាកោះហៅគាត់ឱ្យចូលបំភ្លឺចំពោះបណ្ដឹងរបស់ក្រុមហ៊ុនមួយ ពាក់ព័ន្ធការយកលុយ១០ម៉ឺនដុល្លារជាថ្នូរនឹងដំណើរក្រុមហ៊ុនវិញ»។ លោកបន្តថា៖ «ក្រសួងនឹងព្យាយាមលុបបំបាត់បាតុភាពមិនល្អឱ្យអស់ពីលទ្ធភាព ក្រសួងនឹងរឹតបន្ដឹងគ្រប់ផ្នែកដើម្បីធានាបាននូវភាពស្អាតស្នំ»។
ជុំវិញរឿងផ្ទេរតំណែងរបស់ក្រសួងមហាផ្ទៃនេះ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មើលឃើញថា នាយកដ្ឋានបង្កើតមកបង្កតែបញ្ហា និងមិនបានជួយបម្រើផលប្រយោជន៍ដល់ប្រជាជនទេ ផ្ទុយបែរជាក្លាយជាកន្លែងចាប់ជំរឹតទាប្រាក់ទៅវិញ។
លោកបន្ដថា ការផ្ទេរភារកិច្ចនេះបង្ហាញថា នាយកដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃអាចនឹងមិនមានទៀតឡើយ ព្រោះមន្រ្ដីបានផ្ទេរចេញអស់។ លោកបន្ថែមថា មុននឹងបង្កើតនាយកដ្ឋានមួយក្រសួងគួរតែពិនិត្យថាវាចាំបាច់ទេ ព្រោះស្ថាប័នផ្សេងក៏គេមានដែរ។
លោកបន្ដទៀតថា៖ «ខ្ញុំយល់ថា អារឿងការត្រួតពិនិត្យផលិតផលក្លែងក្លាយវាមិនមែនមានតែក្រសួងមហាផ្ទៃមួយទេ ក្រសួងផ្សេងទៀតពាក់ព័ន្ធគេក៏មានការត្រួតពិនិត្យត្រឹមត្រូវដែរ។ អ្វីដែលសំខាន់ការបង្កើតនាយកដ្ឋានមួយវាប្រាកដបម្រើផលប្រយោជន៍សាធារណជនទេ អានេះបានសំខាន់។មិនមែនបង្កើតមកមានបញ្ហាចុះទៅជំរិតលុយ ជំរិតអី អាហ្នឹងមិនគួរឱ្យមានទេ»។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក កឹម ជាតិ ត្រូវបានក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប បានដាក់បណ្ដឹងមកក្រសួងមហាផ្ទៃ ដោយមានលោក អ៊ូច សុភត្រា មេធាវីជាអ្នកតំណាង។ ក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រុមប្រតិបត្ដិការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដឹកនាំដោយ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានចុះមកទីតាំងផ្ទាល់ និងបានចោទថា លក់ផលិតផលក្លែងក្លាយនិងតម្រូវឱ្យបិទទា្វរទីតាំង។
ក្នុងលិខិតដដែលបន្ដថា លោក កឹម ជាតិបានទារប្រាក់ពីក្រុមហ៊ុនចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដប ជាថ្នូរនឹងការឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។ ក្នុងពាក្យបណ្ដឹងបានស្នើឱ្យលោក កឹម ជាតិ ប្រគល់ស្រា៤៨ដប និងលុយចំនួន១០ម៉ឺនដុល្លារមកឱ្យកូនក្ដីលោកវិញ។
លោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងយ៉ាងខ្លីថា អង្គភាពប្រឆាំងអំពើពុករលួយរង់ចាំមើលករណីនេះពីអគ្គស្នងការសិន បើរកឃើញថា វាអំពើពុករលួយស្ថាប័ននឹងចាត់វិធានការបន្ដតាមនីតិវិធីច្បាប់។
លោកថ្លែងយ៉ាងខ្លីថា៖ «យើងរង់ចាំមើលខាងអគ្គស្នងការសិន បើវាជាការប្រព្រឹត្ដអំពើពុករលួយ អង្គភាពយើងនឹងចាត់វិធានការ»។
តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ចែងថា អំពើពុករលួយគឺជាបទល្មើសដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញាតិ្ដរបស់ក្រមព្រហ្មទណ្ឌ។
ជុំវិញរឿងនេះត្រូវបានលោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ដើម្បីស្ដារជំនឿចិត្ដទៅលើមន្រ្ដីសាធារណៈ ទាល់តែរដ្ឋាភិបាលអនុវត្ដច្បាប់ មិនថាមន្ដ្រីនៅក្នុងក្របខណ្ឌក្រសួងក្ដី និងការអនុវត្ដការងារផ្សេងក្ដីគឺត្រូវបានអនុវត្ដតាមច្បាប់គតិយុត្ដិ។ លោកបន្ដថា ករណីលោក កឹម ជាតិ ជំរិតទាប្រាក់នេះគឺលោកយល់ថា ត្រូវអនុវត្ដ មិនត្រូវលើកលែងនោះទេ។
លោក ពិសី ថ្លែងថា៖ «បើរដ្ឋាភិបាលចង់ស្ដារទំនុកចិត្ដពីពលរដ្ឋ ពីអ្នកវិនិយោគ ពីអ្នករកស៊ីហ្នឹងគួរអនុវត្ដច្បាប់ឱ្យត្រូវ។មន្រ្ដីណាត្រូវរកឃើញថាគាត់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌក្ដី បទល្មើសរដ្ឋប្បវេណីក្ដី ត្រូវដាក់ទោស»។
ករណីដោយឡែកពាក់ព័ន្ធនឹងការផ្ទេរភារកិច្ចមន្រ្ដីរាជការនេះដែរកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ុង រតនា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្រូវបានបណ្តាញចេញពីតួនាទី ប្រធានមន្ទីរពេទ្យខេត្ត ដោយមានកំហុសមិនអាចលើកលែងបាន។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការ ដោយបញ្ជាក់ត្រាទទួលស្គាល់ដោយ មន្ទីរសុខាភិបាលខេត្តរតនគិរី ការិយាល័យរដ្ឋបាល-បុគ្គលិក ចុះនៅថ្ងៃទី២៨ ខែ១២ ឆ្នាំ២០២៣នេះ។ ក្រោយពីដកលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដោយប្ដូរឱ្យមកបម្រើការងារជាមន្ត្រី នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរដល់ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ។ លោកបានណែនាំឱ្យបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ៕