អតីតអ្នកសារព័ត៌មានកាសែត ឌឹខេមបូឌា ដេលី (Cambodia Daily) លោក Zsombor Peter និងលោក អូន ភាព បានស្នើឲ្យមានទម្លាក់បទចោទប្រកាន់ ដែលអ្នកទាំងពីរចាត់ទុកថាជា «បទចោទប្រកាន់ក្លែងក្លាយ» ពាក់ព័ន្ធនឹងការបង្កការញុះញង់ ជុំវិញការរាយការណ៍ព័ត៌មានពីការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧។
ការអំពាវនាវរបស់អ្នកសារព័ត៌មានទាំងពីររូបត្រូវបានធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ។ សវនាការនេះបានធ្វើឡើង ក្រោយពីតំណាងអយ្យការខេត្តរតនគិរីបានធ្វើការជំទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តនេះក្នុងការទម្លាក់បទចោទប្រកាន់ប្រឆាំងអ្នកទាំងពីរ។
សាលដីការនឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែមករា។ នេះបើយោងទៅតាមលោក កុល បុន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។ លោក កុល បុន បដិសេធមិនចែករំលែកព័ត៌មានលម្អិតពាក់ព័ន្ធនឹងភស្តុតាងដែលត្រូវបានបង្ហាញអំឡុងពេលសវនាការប្រឆាំងនឹងអ្នកសារព័ត៌មានទាំងពីររូប។
លោកបានថ្លែងថា៖ «ខ្ញុំបានប្រាប់រួចហើយ [នៅសវនាការ] ប៉ុន្តែខ្ញុំមិនអាចនិយាយឡើងវិញនោះទេ ពីព្រោះខ្ញុំខ្លាចខុស នៅពេលខ្ញុំនិយាយឡើងវិញ។ ខ្ញុំមិនអាចចាំអ្វីទាំងអស់នោះទេ ប៉ុន្តែខ្ញុំបានស្នើឲ្យតុលាការពិចារណាស្របទៅតាមច្បាប់»។
អ្នកសារព័ត៌មានទាំងពីររូបបានទទួលពានរង្វាន់សម្រាប់ការរាយការណ៍បែបស៊ើបអង្កេតលើការកាប់បំផ្លាញព្រៃឈើយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា។ ពួកគេបានចុះយកព័ត៌មាននៅខេត្តរតនគិរី មុនការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧។ លោក រម៉ាំ យ៉ូត ដែលកាលនោះ ជាមេឃុំគណបក្សសម រង្ស៊ី មិនសប្បាយចិត្តនឹងការសាកសួររបស់អ្នកទាំងពីរ ហើយបានសម្រេចចិត្តប្តឹងអ្នកសារព័ត៌មានទាំងពីរពីបទញុះញង់។ លោកបានបន្តដាក់ពាក្យបណ្តឹងនៅក្នុងឆ្នាំ ២០១៧ ដែលពាក្យបណ្តឹងនេះត្រូវបានដកវិញកាលពីឆ្នាំមុន។
លោក Zsombor បានប្រាប់ខេមបូចា តាមប្រព័ន្ធបណ្តាញសង្គមថា លោកនៅតែប្រកាន់គោលជំហរថា បទចោទប្រកាន់ប្រឆាំងនឹងរូបលោកគឺ ខុស និងបាននិយាយថា តុលាការសាលាដំបូងគឺ ធ្វើរឿង ត្រឹមត្រូវក្នុងការទម្លាក់ចោលបទចោទប្រកាន់ក្លែងក្លាយប្រឆាំងនឹងរូបលោក និងលោកអូន ភាព កាលពីឆ្នាំមុន។
លោកបានថ្លែងថា៖ «មិនមានភស្តុតាងសូម្បីតែបន្តិចដែលអាចបំពេញបទចោទប្រកាន់ទាំងនោះ ពីព្រោះបទចោទប្រកាន់ទាំងនោះត្រូវបានបំភ្លៃយ៉ាងច្បាស់។ ខ្ញុំសង្ឃឹមថា តុលាការសាលាឧទ្ធរណ៍នឹងធ្វើសេចក្តីសម្រេចត្រឹមត្រូវ ដោយទម្លាក់ចោលរឿងក្តីនេះ»។
លោក អូន ភាព ដែលជាសហការីជាមួយនឹងលោក Zsombor បានប្រាប់ខេមបូចា ថា ពាក្យបណ្តឹងដែលកំពុងបន្តនេះគឺជា ឧទាហរណ៍មួយនៃការគំរាមកំហែងប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយនៅកម្ពុជា។
លោកបានថ្លែងថា៖ «ប្រសិនបើតុលាការរក្សា [សេចក្តីសម្រេចរបស់សាលាដំបូង] ខ្ញុំក៏មិនមានជំនឿទុកចិត្តក្នុងការវិលត្រឡប់ទៅកម្ពុជាវិញនោះទេ ពីព្រោះខ្ញុំមិនជឿនោះទេ។ ដូចខ្ញុំបានលើកទ្បើងចឹងគ្រាន់តែជាលេសរបស់គេ ដោយសារសហរដ្ឋអាមេរិក មានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ហើយពួកគេ [រដ្ឋាភិបាល] ចង់សម្រួលស្ថានភាពធូរស្រាសបន្តិច»។
លោក រ៉ា ប៉ូរាន់ឌី ព្រះរាជអាជ្ញារងខេត្តរតនគិរី ដែលបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនធ្វើការអធិប្បាយ។
លោកបានថ្លែងថា៖ «រឿងក្តីនោះបានកើតឡើងកាលពីយូរមកហើយ ខ្ញុំមិនអាចចាំបាននោះទេ។ ពីព្រោះថា ខ្ញុំបានផ្លាស់ចេញ [ពីតុលាការខេត្តរតនគិរី] ដូច្នេះខ្ញុំចាំមិនបាននោះទេ»។
លោក សេក សុភណ្ឌ មេធាវីការពារក្តីឲ្យអ្នកសារព័ត៌មានទាំងពីររូបខាងលើ និយាយថា លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងរក្សាសេចក្តីសម្រេចរបស់សាលាដំបូងខេត្តក្នុងការទម្លាក់បទចោទប្រកាន់។
លោកបានថ្លែងថា៖ «យើងមិនបានឃើញភស្តុតាងណាមួយនោះទេ ហើយអ្វីដែលពួកគេបានបង្ហាញគឺដូចគ្នាទៅនឹងសាលាដំបូង»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានអំពាវនាវឲ្យសាលាឧទ្ធរណ៍គោរពតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត។
លោកបានថ្លែងថា៖ «ករណីបន្តផ្លូវច្បាប់ប្រឆាំងនឹងអតីតអ្នកសារព័ត៌មានពីររូបរបស់កាសែតខេមបូឌា ដេលី គឺជា រូបភាពមួយក្នុងការគំរាមកំហែងអ្នកសារព័ត៌មាន និងសេរីភាពសារព័ត៌មានផងដែរ ពីព្រោះនៅក្នុងករណីមុននេះ បទចោទប្រកាន់ត្រូវបានទម្លាក់ចោលរួចទៅហើយ»។
យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បាននិយាយថា អ្នកសារព័ត៌មានដែលបានធ្វើខុសច្បាប់ ត្រូវប្រឈមមុខនឹងច្បាប់។
លោកបានថ្លែងថា៖ «ការអនុវត្តន៍ ផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានទាំងទ្បាយណាដែលធ្វើខុសច្បាប់គឺមិនមែនជាការគំរាមកំហែងវីជ្ជាជីវៈសារពត៌មាននោះទេ»។
លោក អំ សំអាត នាយករងនៃអង្គការគាំពារសិទ្ធិលីកាដូ បាននិយាយថា សេរីភាពសារព័ត៌មានក្នុងស្រុកនិងបរទេសបានធ្លាក់ចុះនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការគំរាមកំហែង ការចាប់ខ្លួន និងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ។
លោកបានថ្លែងថា៖ «នេះជាសារមួយដែលគំរាមកំហែង និងបំបាក់ស្មារតី [ដើម្បី] ឲ្យអ្នកសារព័ត៌មានមួយចំនួនមិនអាចបំពេញអាជីពរបស់ពួកគេ ដោយសារតែភាពភ័យខ្លាច»។
លោកបានបន្ថែមថា៖ «ខ្ញុំនៅតែឃើញការរឹតត្បិតលើសេរីភាពព័ត៌មាន ពីព្រោះពាក្យបណ្តឹងមួយចំនួននៅតែធ្វើឡើងប្រឆាំងនឹងអ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌មានខ្លះកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ»។
កាលពីឆ្នាំ ២០១៧ សារព័ត៌មាន ឌឹខេមបូឌា ដេលី ត្រូវបានបង្ខំឲ្យបិទទ្វារ បន្ទាប់ពីបដិសេធមិនបង់ពន្ធដ៏ច្រើនមហិមា ជាផ្នែកមួយនៃការបង្រ្កាបប្រឆាំងនឹងស្ថាប័នបណ្តាញផ្សព្វផ្សាយឯករាជ្យដែលបានកំណត់គោលដៅមកលើវិទ្យុអាស៊ីសេរី កាសែត Phnom Penh Post និងសំឡេងសហរដ្ឋអាមេរិក (VOA)៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Regional appeals court hears incitement case against ex-Cambodia Daily reporters