សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋបាលសង្កាត់អណ្តូងខ្មែរផ្តល់អាទិភាពដល់ជនពិការក្នុងការទទួលសេវាសាធារណៈដោយមិនគិតថ្លៃសេវា

លោកស្រី ខេង សុផន ចៅសង្កាត់រងទី១ នៃសង្កាត់អណ្តូងខ្មែរ ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករាកន្លងមក។ រូបថត៖ ឆន វីរីយ៉ា
លោកស្រី ខេង សុផន ចៅសង្កាត់រងទី១ នៃសង្កាត់អណ្តូងខ្មែរ ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករាកន្លងមក។ រូបថត៖ ឆន វីរីយ៉ា

រដ្ឋបាល​សង្កាត់អណ្តូងខ្មែរ ដែល​ស្ថិតនៅក្នុងក្រុង​កំពត ខេត្ត​កំពត ផ្តល់​អាទិភាព ដល់​ជនមានពិការភាពទាំងអស់ ក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗ ដោយ​មិនយកថ្លៃសេវាចំពោះការធ្វើឯកសារណាមួយឡើយ។

ចៅសង្កាត់រងទី១ នៃសង្កាត់អណ្តូងខ្មែរ លោកស្រី ខេង​ សុផន បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករា ថា នៅក្នុងសង្កាត់អណ្តូងខ្មែរជនមានពិការភាពមានច្រើនប្រភេទ ដែលពួកគាត់ជួបនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាសេដ្ឋកិច្ចគ្រួសារ។​

អ្នកស្រី​បានថ្លែងថា៖ «ជនមានពិការភាពគ្រប់ប្រភេទ រដ្ឋបាល​សង្កាត់ តែងតែមានអាទិភាពជានិច្ចក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗ។ ហើយរដ្ឋបាលឃុំ-សង្កាត់ មិនទទួលយកថ្លៃសេវាចំពោះការធ្វើឯកសារណាមួយពីពួកគាត់ឡើយ»។

អ្នកស្រី ខេង សុផន បានថ្លែងថា​ កន្លងមកនៅសង្កាត់អណ្តូងខ្មែរ បានសហការជាមួយអង្កការ Epic Arts ដែលជាអង្គការក្រៅរដ្ឋាភិបាល អង្គការ CWCC សង្គមកិច្ចក្រុង សង្គមកិច្ចខេត្ត និងសប្បុរសជន ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនពិការ។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ «​រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជនមានពិការភាព ដោយផ្តល់​ ជាបណ្ណសមធម៌ ក៏ដូចជាបណ្ណជនពិការដល់ ជនមានពិការភាពគ្រប់រូប»។

ប្រធានអង្គការខ្មែរជីវិតឯករាជ្យ លោក មុយ សឿ បានលើកឡើង ជនពិការជួបប្រទះនឹងបញ្ហាប្រឈមធំជាងគេគឺ សេដ្ឋកិច្ចគ្រួសារ និងការធ្វើដំណើរ។ ដើម្បីសម្រួលដល់ការធ្វើរដំណើររបស់ពួកគាត់ ខាងឃុំសង្កាត់​ សាលារៀន និងបន្ទប់ទឹកសាធារណៈ គួរតែមានជម្រេលសម្រាប់ឱ្យពូកគាត់ងាយស្រួលក្នុងការធ្វើដំណើរឡើងចុះ ។

គូរបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅក្នុងខេត្តកំពតមានកាកបាទក្រហមក្រុង កាកបាតក្រហមខេត្ត មន្ទីរសង្គមកិច្ច បានផ្តល់ជាអាហារ និងសម្ភារៈផ្សេងៗដល់ជនពិការ ដើម្បីសម្រួលជីវភាពបានមួយកម្រិតផងដែរ៕

96 views

ព័ត៌មានទាក់ទង