បន្ទាប់ពីផ្ទះរបស់ពលរដ្ឋចំនួនបីបានបាក់ស្រុតនៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ប្រជាពលរដ្ឋនៅភូមិខ្ទរ សង្កាត់ព្រែកលៀប តាមបណ្តោយដងទន្លេមេគង្គ កំពុងតែទទួចឱ្យអាជ្ញាធរសាងសង់ច្រាំងដើម្បីបញ្ឈប់ការបាក់ដី។ អាជ្ញាធរអះអាងថា ការបាក់រលំនេះជាលទ្ធផលនៃគ្រោះធម្មជាតិ។
ផ្ទះពីរគ្រួសារទៀតនៅភូមិខ្ទរ បានរងការខូចខាតរចនាសម្ព័ន្ធ ខណៈគ្រឹះត្រូវបានបំផ្លាញដែលធ្វើឱ្យពួកគាត់មិនអាចរស់នៅបាន។ ផ្ទះមួយដែលមានបន្ទប់ជួលជាង២០ បានធ្លាក់ចូលទឹកទន្លេ បន្សល់ទុកតែគ្រោងអគារ និងដំបូលដែកដែលតភ្ជាប់នឹងផ្លូវបេតុង។
លោក ណុប មករា អាយុ៤៤ឆ្នាំ ដែលជាម្ចាស់អគារនោះបាននិយាយថា គាត់មានការតក់ស្លុត ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់គាត់។ ទោះបីជាមានការអះអាងម្តងហើយម្តងទៀតថាគាត់ធ្លាប់ឃើញសាឡង់ដឹកខ្សាច់ឆ្លងកាត់ខាងក្រោយផ្ទះក៏ដោយ រដ្ឋាភិបាលបានអះអាងថា ការដួលរលំនេះគឺដោយសារតែ «មូលហេតុធម្មជាតិ» ហើយមិនមានអ្វីពាក់ព័ន្ធនឹងការបូមយករ៉ែខ្សាច់នោះទេ។
លោក មករា បាននិយាយថា អាជ្ញាធរបានទទួលស្គាល់ដីរបស់គាត់ ហើយអគារ (ដែលជួល) ត្រូវបានសាងសង់កាលពីបីឆ្នាំមុន ជាមួយនឹងការចាក់គ្រឹះចំនួន៣៨កន្លែង ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្រោយនៃអគារបានបាក់ និងបានបន្លឺសំឡេងចម្លែកអស់រយៈពេលប្រហែល៣ថ្ងៃមុនពេលវាដួលរលំទាំងស្រុង។
លោកបន្តថា ជាសំណាងល្អ អ្នកស្នាក់នៅក្នុងបន្ទប់ជួលបានយករបស់ចេញនៅថ្ងៃទី១ ខែកុម្ភៈ មុននឹងធ្លាក់ចូលទឹកទន្លេនៅថ្ងៃបន្ទាប់។ ហិរញ្ញវត្ថុរបស់គ្រួសារគាត់ឥឡូវបានរងផលប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីបាត់បង់ផ្ទះជួល។ គាត់ជំពាក់ធនាគារជិត ២០ ០០០ដុល្លារ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំរកស៊ីដោយជួលផ្ទះទាំងនេះ ប៉ុន្តែឥឡូវបាត់អស់ហើយ។ ខ្ញុំពិបាកចិត្តណាស់ តែខ្ញុំមិនអាចរកពាក្យអ្វីនឹងនិយាយបានទេ។ ខ្ញុំនៅចំណុចសូន្យនៅពេលនេះ»។ លោកមិនប្រាកដថា តើអាជ្ញាធរនឹងផ្ដល់ជំនួយ ឬសង់ច្រាំងទន្លេឡើងវិញនោះទេ។
បើតាមអ្នកស្រី ផុន ឡាយហៀង អាយុ៤២ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ទៀត បាននិយាយថា គាត់មានការព្រួយបារម្ភ នៅពេលដែលផ្ទះក្បែរនោះ បាក់ធ្លាក់ចូលទៅក្នុងទឹក ដោយសារគាត់គ្មានកន្លែងឯណាទៀតទេ គឺមានតែផ្ទះនេះដែលគាត់រស់នៅ និងធ្វើការជាអ្នកបោកខោអាវ។ អ្នកស្រីនឹងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ប្រសិនបើផ្ទះរបស់អ្នកស្រីក៏ដួលរលំដែរ ដោយសារអ្នកស្រីខ្វះលុយសម្រាប់ផ្លាស់ប្តូរទីលំនៅ ឬសាងសង់ថ្មី។
អ្នកស្រី ឡាយហៀង ឱ្យដឹងថា៖ «ខ្ញុំគ្មានកន្លែងរស់នៅផ្សេងទៀតទេ ហើយខ្ញុំមានកូនត្រូវចិញ្ចឹម។ ខ្ញុំរកចំណូលមិនបានច្រើនទេ ហើយខ្ញុំមានបំណុលធនាគារ ដូច្នេះវានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ខ្ញុំ»។
ពេលមន្ត្រីចុះទៅដល់ភូមិនោះបានណែនាំអ្នករស់នៅតាមដងទន្លេឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់បានផ្តល់ជំនួយ ឬដំណោះស្រាយអ្វីដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះទេ។ អ្នកស្រីបានលើកឡើងថា «ការបូមខ្សាច់» អាចជាហេតុផលមួយដែលធ្វើឱ្យផ្ទះនៅតាមដងទន្លេដួលរលំ ជាពិសេសផ្ទះដែលនៅជិតទន្លេ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំទទួចឱ្យអាជ្ញាធរសាងសង់ច្រាំងទន្លេឡើងវិញ។ សូមពិចារណាឡើងវិញនូវការផ្លាស់ទី [សកម្មភាពបូមខ្សាច់] នៅជិតតំបន់របស់យើងឱ្យឆ្ងាយពីផ្ទះរបស់យើង ព្រោះវាអាចបណ្តាលឱ្យមានការបាក់ដី [បន្ថែមទៀត] ហើយការអនុវត្តទាំងអស់អាចដួលរលំបាន»។

ពលរដ្ឋឈ្មោះ អ៊ឹម ស៊ីណា អាយុ៦០ឆ្នាំ បាននិយាយថា ផ្នែកសំខាន់នៃផ្ទះរបស់គាត់បានដួលរលំ ដែលធ្វើឱ្យវាមិនអាចរស់នៅបាន បន្ទាប់ពីផ្ទះអ្នកជិតខាងរបស់គាត់បានដួលរលំចូលទៅក្នុងទន្លេ។ ជាលទ្ធផល អ្នកស្រីត្រូវបង្ខំចិត្តទៅរស់នៅជាបណ្ដោះអាសន្នជាមួយសាច់ញាតិ។
ដោយបានរស់នៅក្នុងប្រទេសកម្ពុជាក្នុងសម័យរដ្ឋកម្ពុជា (សាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩-១៩៨៩) នាងបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញអាជ្ញាប័ណ្ណបូមខ្សាច់ដល់ក្រុមហ៊ុនដែលនៅជិតលំនៅឋាន ព្រោះវាជាជម្រកតែមួយគត់សម្រាប់ប្រជាជន។ ដូច្នេះហើយអ្នកស្រីចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់លើការសាងសង់ច្រាំងទន្លេ។
អ្នកស្រី ស៊ីណា ឱ្យដឹងថា៖ «ខ្ញុំសុំឲ្យរដ្ឋាភិបាលត្រួតពិនិត្យលើសកម្មភាពបូមខ្សាច់។ សូមជួយអ្នកដែលខ្វះខាត»។
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប មានប្រសាសន៍ថា ការបាក់ច្រាំងទន្លេកើតឡើងជាញឹកញាប់ ដោយកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេដែលវាកើតឡើង។ ច្រាំងទន្លេនៅតំបន់ជុំវិញនេះបានបាក់ធ្លាក់ច្រើនដងតាំងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥។
លោកចៅសង្កាត់បាននិយាយថា ការសឹករេចរឹលនៃច្រាំងទន្លេ គឺជាមូលហេតុដែលធ្វើឱ្យច្រាំងទន្លេបាក់នៅភូមិខ្ទរ ប៉ុន្តែលោកបានលើកឡើងថា ការបូមខ្សាច់ទន្លេនឹងធ្វើឲ្យវាជ្រៅ ធ្វើឲ្យទឹកហូរយឺត និងការពារការបាក់ច្រាំងទន្លេ។
លោកបន្តថា៖ «ដោយសារតែទឹកហូរបុកច្រាំងទន្លេ គឺនៅពេលចំណុចកណ្តាលទន្លេរាក់ យើងកាន់តែចង់ឲ្យមានការបូមខ្សាច់ឱ្យជ្រៅ។ ព្រោះនៅពេលបាតទន្លេរាក់ ទឹកក៏ហូរបណ្ដាលឱ្យបាក់ច្រាំងទន្លេ។ អ្នកខ្លះមិនដឹងទេ ថាការបូមខ្សាច់ជួយឲ្យទឹកហូរទេ»។
ទោះបីជាមានប្រជាពលរដ្ឋប្រមាណ៦០គ្រួសាររស់នៅទីនោះក៏ដោយ លោកបានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញកំពុងស្វែងរកមធ្យោបាយជាបន្ទាន់ដើម្បីទប់ស្កាត់ច្រាំងទន្លេកុំឱ្យមានការបាក់ស្រុតក្រោយឧបទ្ទវហេតុថ្មីៗនេះ។ ប្រសិនបើមិនមានដំណោះស្រាយភ្លាមៗទេ ស្ថានការអាចនឹងកាន់តែធ្ងន់ធ្ងរនៅពេលរដូវវស្សាចូលមកដល់ ដោយសារទឹកទន្លេហូរខ្លាំង ដែលនឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះ។
លោកចៅសង្កាត់បន្ថែមថា៖ «សាលាក្រុងនឹងសិក្សាថាតើត្រូវស្តារកណ្តាលទន្លេឱ្យកាន់តែជ្រៅឬយ៉ាងណា។ វិធានការទី២ ដែលនឹងត្រូវចំណាយថវិកាប្រមាណ៣លានដុល្លារអាមេរិក គឺការចាក់ច្រាំងទន្លេដោយថ្មប្រហែល២០០ម៉ែត្រតាមមាត់ច្រាំង ដើម្បីសាងសង់ឲ្យដូចទំនប់មួយអ៊ីចឹង »។
ការសិក្សារបស់សាកលវិទ្យាល័យ Southampton ឆ្នាំ២០២០ បានរកឃើញថា ការបូមខ្សាច់នៅក្នុងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យបាតទន្លេធ្លាក់ចុះ នាំឱ្យច្រាំងទន្លេមិនស្ថិតស្ថេរ បាក់ច្រាំងទន្លេ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែង ដែលបង្កហានិភ័យដល់ប្រជាជន។
ទាក់ទិននឹងបញ្ហានេះ លោក យង់ គិមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាជនដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានប្រសាសន៍ថា ដោយសារនេះមិនមែនជាលើកទីមួយទេ ដែលផ្ទះដួលរលំចូលទៅក្នុងទន្លេ រដ្ឋាភិបាលគួរតែចាត់វិធានការដោះស្រាយបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋអាចត្រឡប់ទៅរស់នៅវិញ និងផ្តល់ជំនួយដល់អ្នកដែលត្រូវការជំនួយ។
លោក គិមអេង បន្តថា ដើម្បីការពារអ្នកដែលងាយរងគ្រោះដោយសារការបាក់ដី មន្ត្រីត្រូវសាងសង់ច្រាំងទន្លេ និងជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្ន។ ការស្រាវជ្រាវថាតើការបូមខ្សាច់អាចនាំឱ្យមានការបាក់ច្រាំងទន្លេ និងមានផលប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងរ៉ែ និងថាមពលផង គួរតែជួយប្រជាជនផងដែរ។
លោក គិមអេង បានលើកឡើងថា៖ «អាជ្ញាធរអាចរកកន្លែងសុវត្ថិភាព ដើម្បីផ្លាស់ប្តូរទីលំនៅ សិក្សាពីបញ្ហា ឬរកវិធីការពារកុំឱ្យកើតមានឡើងម្តងទៀត»។
ជាមួយគ្នានេះ លោក ហេង គឹមហុង នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា បានសម្តែងការព្រួយបារម្ភអំពីឧបទ្ទវហេតុនេះ និងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ ឬទន្លេចតុមុខ។ ក្នុងន័យនេះ រដ្ឋាភិបាលគួរមានប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មបូមខ្សាច់ និងការពារច្រាំងទន្លេ។ បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់ជីវចម្រុះ ប្រព័ន្ធធារាសាស្ត្រ និងប្រជាជនដែលរស់នៅក្បែរមាត់ទន្លេ។
លោក គឹមហុង លើកឡើងថា៖ «ការបាក់ច្រាំងទន្លេអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រជាជនបាត់បង់ដីធ្លី និងផ្ទះសម្បែង។ ដូច្នេះ រដ្ឋាភិបាលគួរបង្កើតយន្តការមួយដើម្បីធានាថាប្រជាពលរដ្ឋនៅតាមច្រាំងទន្លេមិនទទួលរងផលប៉ះពាល់ពីសកម្មភាពបូមខ្សាច់»។
អ្នកស្រី ដោរ សម្ផស្ស នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលអ្នកស្រីកំពុងនៅក្នុងកិច្ចប្រជុំ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបដិសេធរបាយការណ៍របស់វិទ្យុអាស៊ីសេរី (RFA) ដែលអះអាងថា ការបាក់ច្រាំងទន្លេមេគង្គនៅ៣ទីតាំងផ្សេងគ្នា គឺដោយសារតែការបូមខ្សាច់។ អាជ្ញាធរអះអាងថា ការបាក់ស្រុតនេះគឺដោយសារមូលហេតុធម្មជាតិ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រសួងរ៉ែ និងថាមពល មិនដែលផ្តល់អាជ្ញាប័ណ្ណណាមួយសម្រាប់អាជីវកម្មបូមខ្សាច់នៅតំបន់ជ្រោយចង្វារទេ»។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានពន្យល់ពីមូលហេតុដែលអភិបាលរាជធានីភ្នំពេញ មិនឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី ដោយបញ្ជាក់ថា វិទ្យុអាស៊ីសេរី មិនមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ វាជាស្ថានីយវិទ្យុមួយដែល«តែងតែបំពានក្រមសីលធម៌អ្នកសារព័ត៌មាន» និង«បង្កាច់បង្ខូច»។
លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Residents Who Lost Homes to Mekong River Want Riverbanks Reinforced, Authorities Say Collapse Caused by Nature