សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃកើនឡើង ខណៈជនស៊ីវិលកម្ពុជាបានស្លាប់កើនដល់ប្រាំមួយនាក់ Updated

អ្នកស្រី ឆេង រ៉ា អាយុ ៦២ឆ្នាំ មកពីតំបន់មុំបី ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្ទះរបស់គាត់កាលពីថ្ងៃចន្ទ នេះបើយោងតាមកូនស្រីរបស់គាត់ឈ្មោះ សំ លូដា បានប្រាប់ សារព័ត៌មានខេមបូចា ក្នុងអំឡុងពេលពិធីបុណ្យសពថា គ្រាប់ផ្លោងទាំងនោះមកពីខាងថៃ។ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/​ Coby Hobbs)
អ្នកស្រី ឆេង រ៉ា អាយុ ៦២ឆ្នាំ មកពីតំបន់មុំបី ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រាប់ផ្លោងបានធ្លាក់មកលើផ្ទះរបស់គាត់កាលពីថ្ងៃចន្ទ នេះបើយោងតាមកូនស្រីរបស់គាត់ឈ្មោះ សំ លូដា បានប្រាប់ សារព័ត៌មានខេមបូចា ក្នុងអំឡុងពេលពិធីបុណ្យសពថា គ្រាប់ផ្លោងទាំងនោះមកពីខាងថៃ។ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/​ Coby Hobbs)
UPDATES:

ម៉ោង ៦:៣០ ព្រឹក៖ លោកស្រី Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានសម្ដែងការព្រួយបារម្ភដែលបានឃើញការប្រយុទ្ធគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកសៅម្តងទៀត ដែលរួមមានទាំងជនស៊ីវិលផងដែរ​។

លោកស្រី Seema បានថ្លែងថា៖ «យើងសូមអំពាវនាវដល់ភាគីទាំងពីរឱ្យបង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមដំបូន្មាននៃការធ្វើដំណើររបស់យើង»។

ម៉ោង ១០:១០ យប់៖ ប្រទេសចិនបានសម្តែងក្តីសង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសថៃនឹងអនុវត្តការអត់ធ្មត់ និងធ្វើការជាមួយគ្នា ដើម្បីចៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ នេះបើយោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wenbin។

លោកបានមានប្រសាសន៍ថា៖ «ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹងនៃស្ថានការណ៍នេះ»។

ម៉ោង ៥:១០ ល្ងាច៖ ខណៈពេលដែលស្ថានទូតជាច្រើននៅកម្ពុជា និងអង្គការអន្តរជាតិ រួមទាំងអូស្ត្រាលី បារាំង និងអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាថ្មីៗនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមិនទាន់បានចេញការឆ្លើយតបណាមួយនៅឡើយទេ។ នៅពេលដែលត្រូវបានទាក់ទងដោយ អ្នកសារព័ត៌មានខេមបូចា អ្នកនាំពាក្យម្នាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរទៅក្រសួងការបរទេសសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម ​​BBC ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួយចរចាអំពីបទឈប់បាញ់រវាងប្រទេសទាំងពីរកាលពីខែកក្កដា បានជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ។

ម៉ោង ៤:៥០ រសៀល៖ ក្រសួងការបរទេសកម្ពុជាបានជម្រាបជូនអង្គទូត និងអង្គការអន្តរជាតិចំនួន៣០ រួមទាំងអង្គការសហប្រជាជាតិផងដែរ អំពីការប៉ះទង្គិចគ្នាតាមព្រំដែនចុងក្រោយបំផុត ដែលបានផ្ទុះឡើងម្តងទៀតនៅថ្ងៃទី៧ ខែធ្នូ។

ក្រសួងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបទឈប់បាញ់ និងសេចក្តីប្រកាសរួមជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ។ ក្រសួងបានអំពាវនាវឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានធ្វើជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

ម៉ោង ៤:៤០ រសៀល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់ និងបានច្រានចោលការជជែកពិភាក្សាក្នុងសភាលើការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជា ដោយសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការរបស់យោធា។ លោកបានសង្កត់ធ្ងន់ថា អាទិភាពរបស់រដ្ឋាភិបាល គឺគាំទ្រទាហាន និងប៉ូលិសជាមួយនឹងធនធាន និងការគាំទ្រខាងសីលធម៌ ដើម្បីបន្តប្រយុទ្ធ។

ម៉ោង ៤:២៥ រសៀល៖ នៅម៉ោង ២:៤០ រសៀល ថ្ងៃទី៩ ខែធ្នូ យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់នៅក្បែរសាលាបឋមសិក្សាចក់ពួក ក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្បែរចម្ការពោតជើងភ្នំ។ ក្រសួងការពារជាតិបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ទង្វើអសីលធម៌» ថា ការបាញ់ប្រហារទៅលើតំបន់ជនស៊ីវិល ជាពិសេសគោលដៅសាលារៀនកុមារ។

ម៉ោង ៣:៥៥ រសៀល៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងខ្លាំងចំពោះ​ការបាញ់ប្រហាររបស់យោធាថៃទៅលើប្រាសាទតាក្របី ដែលជាទីតាំងវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា។ ក្រសួងបានអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសអង្គការ​យូណេស្កូ សហគមន៍អាស៊ាន និងអង្គការការពារបេតិកភណ្ឌ ថ្កោលទោសសកម្មភាពនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ការបំផ្លិចបំផ្លាញទាំងអស់។

ក្រសួងបានបញ្ជាក់ថា៖ «ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន»។

ម៉ោង ៣:២០ រសៀល៖ យោងតាមក្រសួងអប់រំ សាលារៀន និងស្ថាប័នអប់រំនៅក្នុងទីក្រុង និងស្រុកចំនួន១៣ ក្នុងខេត្តចំនួនប្រាំ ត្រូវបានបិទទ្វារ ដោយសារតែការបាញ់ប្រហារពីយោធាថៃ គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ដែលប៉ះពាល់ដល់គ្រូបង្រៀនចំនួន ៤ ៦៥០នាក់ និងសិស្សចំនួន ១២៩ ១០៦នាក់។

ម៉ោង ៣:០៥ រសៀល៖ សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ម៉ោង ២:៤០ រសៀល៖ កងទ័ពភូមិន្ទថៃបានរាយការណ៍នៅថ្ងៃចន្ទថា ទាហានរបស់ពួកគេពីរនាក់ទៀតត្រូវបានសម្លាប់នៅតាមព្រំដែនថៃ-កម្ពុជា ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់បីនាក់ចាប់តាំងពីការប៉ះទង្គិចគ្នាថ្មីៗបានផ្ទុះឡើងចាប់ថ្ងៃទី៧ ខែធ្នូ នេះបើយោងតាម ​​Khaosod English។

ម៉ោង ២:៣៨ រសៀល៖ គិតត្រឹមម៉ោង ១១ ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រួសារសរុបចំនួន ១៦ ៥៦៨គ្រួសារ ឬ ៥៤ ៥៥០នាក់ មកពីខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការបាញ់ប្រហារជាថ្មី នេះបើយោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ម៉ោង ២:៣០ រសៀល៖ ក្រសួងការពារជាតិបានរាយការណ៍ថា គិតត្រឹមម៉ោង ១២:៣៣ រសៀល យោធាថៃបានបន្តការវាយប្រហារ ដោយបាញ់គ្រាប់កាំភ្លើងធំទំហំ ១០៥មីលីម៉ែត្រ និង ១៥៥មីលីម៉ែត្រ ទៅលើតំបន់ជនស៊ីវិល រួមទាំងតំបន់លំនៅឋានផងដែរ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ម៉ោង ២:១០ រសៀល៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាហាន សិស្សនិស្សិត រួមទាំងព្រះសង្ឃរាប់ពាន់នាក់/អង្គនាំគ្នាចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជា​យ៉ាងតិច ៧នាក់ ខណៈការប្រយុទ្ធបានចូលដល់ថ្ងៃទីបី។ គោលបំណងនៃការបរិច្ចាគឈាមទាំងនេះ គឺសម្រាប់ជួយប្រជាពលរដ្ឋ និងទាហានដែលរងរបួសក្នុងការវាយប្រហារថ្មីៗនេះផងដែរ។

ម៉ោង ១:៣០ រសៀល៖ គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ការបាញ់ប្រហាររបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូមក បានបណ្តាលលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

មានប្រជាពលរដ្ឋស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាល សរុបគិតមកដល់ពេលនេះ មានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ ខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន៦នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សរុប ១៤៩១គ្រួសារ ស្មើនឹងមនុស្ស ៥ ៥៩៧នាក់ បានមកស្នាក់នៅទីតាំងសុវត្ថិភាពចំនួន៨កន្លែង។ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ ៣ ៤៧៨គ្រួសារ ស្មើនឹងមនុស្ស ១១ ០៦០ នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៦កន្លែង និងនៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ចំនួន ៤ ៥៦២នាក់បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសំបែងសាច់ញាតិ។

ការបាញ់ប្រហាររបស់យោធាថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះF16។ ក្នុងនោះមាន សាលារៀនដល់ទៅ២៣៨ លើ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យបានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏ បានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់ បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាពជាមួយក្រុមគ្រួសារ។

នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្ត សៀមរាប បានជម្លៀសជនជាប់ឃុំ សរុបចំនួន ១ ០៦៦នាក់ (ស្រី៦៧នាក់) ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប ដែលរងហានិភ័យខ្ពស់ដោយសារការទម្លាក់គ្រាប់ និងគ្រាប់ផ្លោងរបស់ថៃ។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «ក្រសួងមហាផ្ទៃ សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ រួមទាំងកងកម្លាំងប្រដាប់អាវុធចម្រុះទាំងអស់បន្តសាមគ្គី ប្រកៀកស្មា ស្រាក់ដៃគ្នា គាំទ្រ រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនជួរមុខដែលកំពុងតែឈរជើងយ៉ាងក្លៀវក្លាប្រកបដោយ មោទនភាពក្នុងបេសកកម្មការពារទឹកដីដូនតា និងសុវត្ថិភាពប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន»។

ក្រសួងមហាផ្ទៃកម្ពុជា ទទូចដល់សហគមន៍អាស៊ាន អង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់ គោលការណ៍ និងនីតិវិធីអន្តរជាតិ ចំពោះភាគីថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាសកល។

ក្រសួងមហាផ្ទៃបានបន្ថែមថា៖ «យើងទាមទារឱ្យភាគីថៃបញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ ហើយងាកមកអនុវត្តឱ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដែលចុះហត្ថលេខាជាសាក្សីដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី»។

ម៉ោង ១២:១០ រសៀល៖ គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រួសារសរុបចំនួន ៣ ៥០៣ គ្រួសារ ឬ ១១ ១៣៦ នាក់ រួមទាំងស្ត្រី ៥ ៧៨២ នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀសចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ នេះបើយោងតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្ត។

ម៉ោង ១១:៥០ ព្រឹក៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ាត សោភា បានដឹកនាំធ្វើបទបង្ហាញជូន អង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាតាំងពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ។ ជំនួបរវាង លោកស្រី សោភា និងអង្គទូតផ្សេងៗ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ (ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន)

ម៉ោង ១១:៣៥ ព្រឹក៖ យោងតាមទំព័ហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ឧត្តមគ្គានុរក្ស ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានផ្ដល់ព័ត៌មានសង្ខេបអំពីការជម្លៀសជនជាប់ឃុំ ពីពន្ធនាគារឧត្តរមានជ័យ មកកាន់ពន្ធនាគារខេត្តសៀមរាប ដោយប្រតិបត្តិការមួយយប់ទល់ភ្លឺ នៅថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែធ្នូ ដើម្បីបញ្ជៀសហានិភ័យនៃការបាញ់ប្រហារពីភាគីថៃ។

ម៉ោង ១១:០០ ព្រឹក៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ចាប់ពីម៉ោង ៨យប់ ថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី៩ ខែធ្នូ យោធាថៃបានបើកការវាយប្រហារជាមុន ដោយបាញ់ផ្លោងយ៉ាងខ្លាំងទៅលើភូមិព្រៃចាន់ និងភូមិជោគជ័យ។ យោធាថៃក៏បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកលើច្រកបឹងត្រកួន បឹងព្រីង ថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ និងកំរៀង ក្នុងខេត្តបាត់ដំបង ដោយបានប្រើប្រាស់អាវុធធុនធ្ងន់។

ម៉ោង ១០:៥៧ ព្រឹក៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី៩ ខែធ្នូ ជនស៊ីវិលចំនួន ៧នាក់បានស្លាប់ និង ២០នាក់ផ្សេងទៀតបានរងរបួស។

ម៉ោង ១០:៤០ ព្រឹក៖ ប្រទេសបារាំងបានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងព្រំដែនកម្ពុជា-ថៃឡើងវិញ និងការស្លាប់ និងរបួសថ្មីៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង។

បារាំងបានជំរុញឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដាឲ្យបានពេញលេញ។ បារាំងក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងអាស្រ័យលើការសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តដែលបានធ្វើឡើងជាមួយដៃគូអាស៊ាន។

ម៉ោង ១០:៣០ ព្រឹក៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងកម្ពុជា និងថៃ និងចំនួនអ្នកស្លាប់ និងរបួសកើនឡើងនៃជនស៊ីវិល និងយោធា។ រដ្ឋាភិបាលអូស្ត្រាលីបានជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា អនុវត្តការអត់ធ្មត់កម្រិតខ្ពស់បំផុត និងចាត់វិធានការរហ័សដើម្បីកាត់បន្ថយអរិភាព។

រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា៖ «យើងស្នើសុំឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេក្រោមសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា ជាប្រធានអាស៊ាន កសាងទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងប្រកបដោយចីរភាពចំពោះជម្លោះព្រំដែន»។

ម៉ោង ១០:២០ ព្រឹក៖ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា បន្ទាប់ពីបានអនុវត្តការអត់ធ្មត់រយៈពេលលើស ២៤ម៉ោង ដើម្បីគោរពតាមបទឈប់បាញ់ និងជម្លៀសជនស៊ីវិលទៅកាន់កន្លែងសុវត្ថិភាព កម្ពុជាបានឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ប្រទេសថៃ ចាប់ពីល្ងាចថ្ងៃចន្ទដល់ព្រឹកថ្ងៃអង្គារ។

លោកក៏បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល អំពីការប្រើប្រាស់កម្លាំងយោធារបស់ពួកគេដើម្បីវាយយកទីតាំងចំនួន១១ចំណុច ដែលកម្ពុជាមិនទាន់ច្បាស់ថា ១១ចំណុចនេះនៅកន្លែងណា។

លោកបានសរសេរថា៖ «ដើម្បីងាយស្រួលកុំឱ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល»។

លោកបានថ្លែងថា៖ «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចចូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់»។ លោកបានបន្តថា៖ «យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។

លោកបានបន្ថែមថា៖ «កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាវាយតបតដើម្បីការពារទឹកដីយើង»។

យ៉ាងហោចណាស់​ ជនស៊ីវិលចំនួនពីរនាក់ត្រូវបានស្លាប់ដោយការបាញ់កាំភ្លើងធំរបស់ថៃ នៅពេលកំពុងធ្វើដំណើរឆ្លងកាត់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលការប៉ះទង្គិចគ្នាដោយអាវុធបានពង្រីកដល់តំបន់ជាច្រើនទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

យោងតាមក្រសួងការពារជាតិ ប្រទេសថៃបានចាប់ផ្តើមបាញ់ចូលទៅក្នុងទឹកដីកម្ពុជានៅម៉ោងប្រហែល១ ឈានចូលព្រឹកថ្ងៃទី៩ ខែធ្នូ នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ក្នុងស្រុកថ្មពួក ជាកន្លែងដែលជនស៊ីវិលពីរនាក់ត្រូវបានស្លាប់។ ការស្លាប់ចុងក្រោយបំផុតនេះធ្វើឱ្យចំនួនសរុបនៃជនស៊ីវិលដែលស្លាប់មានប្រហែល ៦នាក់។

កងកម្លាំងថៃក៏បានបាញ់ចូលទៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចន្លោះម៉ោង ៤:៥៨ព្រឹក និង ៥:២៥ ព្រឹក។ ក្រសួងការពារជាតិបានលើកឡើងថា យន្តហោះគ្មានមនុស្សបើករបស់ថៃត្រូវបានដាក់ពង្រាយ បន្ទាប់មកបានប្រើប្រាស់សារធាតុគីមីពុលនៅក្នុងតំបន់នោះ។

នៅម៉ោងប្រហែល ៥:៣០ ព្រឹក កងកម្លាំងថៃត្រូវបានរាយការណ៍ថា នៅតែបន្តបាញ់ផ្លោងលើតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ ដោយប្រើកាំភ្លើងធំ ១០៥ មីលីម៉ែត្រ។

យោធា​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​តំបន់​ទី៤ នៅ​ម៉ោង ៤:៤៥ ព្រឹក ដោយ​បាញ់ប្រហារ​នៅតំបន់​ភ្នំ​ខ្មោច និង​ពង្រីក​ការ​បាញ់ប្រហារ​ទៅ​កាន់​តាថាវ ប្រាសាទ​តាមាន់ ប្រាសាទ​ព្រះវិហារ ប្រាសាទ​ខ្នារ វាល​ឥន្ទ្រី គោល​៨ ជាំ​តែ​អាន​សេះ ថ្ម​ដូន អូរស្មាច់ ភ្នំ​អនុស្សាវរីយ៍ មុខ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ និងបាញ់សារធាតុ​គីមី​ពុល​នៅ​ប្រាសាទ​តាក្របី​ផង​ដែរ។

មនុស្ស​ប្រាំ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ចន្ទ និង​ប្រហែល ១០ ០០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia–Thailand Border Clash Escalates, Cambodian Civilian Death Toll Rises to Six

ព័ត៌មានថ្មី

អត្ថបទពេញនិយម