សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋ​បឹង​តាមោក​​ប្រឈម​នឹង​ជាប់​ពន្ធនាគារ បើគ្មានប្រាក់បង់ពិន័យតាមបង្គាប់តុលាការ

ទិដ្ឋភាពនៃបរិវេណសាលាដំបូងរាជធានីភ្នំពេញ។ រូបថតកាលពីខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ទិដ្ឋភាពនៃបរិវេណសាលាដំបូងរាជធានីភ្នំពេញ។ រូបថតកាលពីខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

អតីតប្រជាសហគមន៍បឹងតាមោក លោក ស៊ា សម្បត្តិ និង​លោក ស៊ួន សៅ កំពុង​ប្រឈម​នឹង​ការ​គំរាម​ចាប់​ខ្លួន បើគ្មានប្រាក់បង់ពិន័យ​ចំនួនមួយ​លាន​រៀលឱ្យបានមុន​ថ្ងៃ​ទី ២២ ខែ​មេសា ក្រោយពីតុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​សាទុក្ខ​របស់ពួកគេកាលពី​ឆ្នាំ​មុន​។

លោក សម្បត្តិ អាយុ ៣៥ឆ្នាំ ជាពលរដ្ឋដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីលំនៅដ្ឋាន​​ដោយ​សារ​ការ​អភិវឌ្ឍ​បឹង​បាន​និយាយ​ថា បច្ចុប្បន្នគាត់ពុំទាន់មានការងារធ្វើឡើយ ហើយក៏គ្មាន​លទ្ធភាពបង់ប្រាក់ពិន័យតាមបង្គាប់របស់តុលាការនោះដែរ។

លិខិតជូនដំណឹងចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារង សុក កែវបណ្ឌិត និងលោក ម៉ុត ដារ៉ា បានចេញដីកាបង្គាប់ឱ្យលោក សម្បត្តិ និងលោក សៅ បង់ប្រាក់ពិន័យនៅការិយាល័យកិច្ចការគណនេយ្យនៃសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២២ ខែមេសា។ អ្នកទាំងពីរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ខែ និងពិន័យជាប្រាក់មួយលានរៀល តាមសាលដីកាព្រហ្មទណ្ឌលេខ ៩១៨​ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ប្រសិនបើ ​ពួកគេ​មិនបានអនុវត្តតាមការជូនដំណឹងនេះ តុលាការ​នឹង​ចេញ​ដីកាបញ្ជាឱ្យ​ឃុំខ្លួនតាមនីតិវិធី​។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍ដែលមានចំណងជើង «ស្លាកស្នាមនៃការអភិវឌ្ឍបឹងតាមោក ដែលពលរដ្ឋចំនួន២៦នាក់ត្រូវបានចោទប្រកាន់ដោយសារការពារដីធ្លី និងលំនៅឋានរបស់ពួកគេ» ដោយបង្ហាញពីការលំបាករបស់ប្រជាសហគមន៍សំរោងត្បូង។

ចាប់តាំងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ប្រជាសហគមន៍យ៉ាងហោចណាស់ ២៦នាក់ មានឈ្មោះនៅក្នុងបណ្ដឹងចំនួន៧។ ក្នុងនោះសំណុំរឿង​ចំនួន៥ ​កំពុង​ត្រូវ​បាន​បើក​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ  រីឯមួយសំណុំរឿង​ស្ថិត​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ នៅ​តុលាការ​កំពូល និង​មួយ​ទៀត​ត្រូវ​បាន​លើក​លែង​។

ភាគច្រើននៃករណីពាក់ព័ន្ធនឹងអ្នកភូមិត្រូវបានចោទប្រកាន់ពីបទហិង្សាមកលើមន្ត្រីសាធារណៈអំឡុងពេលរុះរើផ្ទះរបស់ពួកគេ។ អង្គការសមាគមធាងត្នោត បានលើកឡើងថា យោងតាមស្ថានភាពផ្លូវច្បាប់ និងការកាន់កាប់ដីដោយសហគមន៍សំរោងត្បូង (ដែលមិនមែនជាតំបន់បឹង) ប្រជាពលរដ្ឋមិនគួរត្រូវបានចាត់ទុកថាជាការកាន់កាប់ដីដោយខុសច្បាប់នោះទេ។

លោក សម្បត្តិ ជា​អ្នក​ភូមិ​​ម្នាក់​ក្នុង​ចំណោម៤​នាក់ទៀតដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទហិង្សា និង​ប្រមាថ​មកលើមន្ត្រី​សាធារណៈ។ គាត់បានប្រាប់ សារព័ត៌មានខេមបូចា ថាគាត់ជាជនរងគ្រោះនៃការបណ្តេញចេញពីលំនៅឋានដោយសារតែការអភិវឌ្ឍ ដូច្នេះការចោទប្រកាន់នេះគឺអយុត្តិធម៌។ លោក​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ និង​តុលាការ​នោះឡើយ។

សំណុំរឿងរបស់លោកត្រូវបានតុលាការកំពូលច្រានចោល នៅពេលលោកបន្តប្ដឹងសាទុក្ខ បន្ទាប់ពីការសម្រេចរបស់តុលាការជាន់ក្រោមក្នុងឆ្នាំ២០២៤ ដែលមានន័យថាគាត់ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យ បើពុំនោះទេអាចប្រឈមមុខនឹងច្បាប់បន្ថែមទៀត។

លោក សម្បត្តិ ឱ្យដឹងថា ចាប់តាំងពីផ្លាស់មកទីតាំងថ្មីនេះគឺគាត់ជួបការលំបាកខ្លាំង ដោយសារតែមិនអាចរកការងារធ្វើ ឬរកប្រាក់ចំណូលតាមរយៈការនេសាទត្រីនៅបឹងតាមោកដូចពីមុន។ លោកបន្ថែមថា កត្តានេះបានធ្វើឱ្យលោកមិនអាចរកប្រាក់មកបង់ថ្លៃពិន័យបាន។

លោកបាននិយាយថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ទៅ​រកលុយឯណា​ឱ្យបាន​មួយ​លាន​រៀល​ទេ ខ្ញុំ​ខ្លាច​គេ​ចាប់​ខ្ញុំ​ បើ​ខ្ញុំ​មិន​បង់ជូន​តុលាការ» លោកបន្ថែមថា ដើម្បីជៀសវាងការចាប់ខ្លួន គាត់នឹងដាក់ពាក្យសុំពន្យារពេលសម្រាប់ការបង់ប្រាក់ពិន័យ ឬស្នើសុំប្រាក់កម្ចីពីធនាគារ។

លោកបញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ប៉ុន្តែ​គេ​ចោទ​ខ្ញុំ​ពី​បទ​ប្រើ​អំពើ​ហិង្សា ខ្ញុំ​សុំ​តុលាការ​កុំ​យក​លុយ​ពី​ពួកយើង ពីព្រោះ​ពួកយើងអត់​មាន​លទ្ធភាព​រកលុយនោះទេ។ បើ​នៅមាន​បឹងដូចពីមុន យើងអាចនេសាទត្រីបាន ប៉ុន្តែ​ឥឡូវ​វាត្រូវបានបំផ្លាញ​អស់​ហើយ»

ទិដ្ឋភាពនៃទីតាំងរស់នៅថ្មីរបស់ប្រជាពលរដ្ឋបឹងតាមោកស្ថិតក្នុងខណ្ឌព្រែកព្នៅ។ (រូបភាពផ្ដល់ឱ្យ)

ប្រជាសហគមន៍សំរោងត្បូងម្នាក់ទៀតគឺ អ្នកស្រី ស៊ា ដាវី ដែលរងបទចោទចំនួនពីរពាក់ព័ន្ធនឹងវិវាទដីធ្លីបាននិយាយថា អ្នកភូមិចំនួនប្រាំនាក់ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅប្តឹងពីបទហិង្សា និងប្រមាថមកលើមន្ត្រីសាធារណៈ។ អ្នកស្រីបន្ថែមថា សហគមន៍របស់គាត់បានចាញ់ក្ដីទាំងក្នុងដំណាក់កាល​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

អ្នកស្រី ដាវី បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​លើ លោកសម្បត្តិ និងលោកសៅ ​គឺ​ជា​រឿង​អយុត្តិធម៌ ដោយថា​បង​ប្រុស​របស់​អ្នកស្រីមិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរឡើយ។ អ្នកស្រីថា ពួក​គេ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ទាំង​អស់​ទៅ​កាន់​តុលាការ​កំពូល ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ។

អ្នកស្រី ដាវី បន្ថែមថា៖ «វាពិតជា​អយុត្តិធម៌​សម្រាប់​អ្នក​ភូមិ ទោះ​បី​យើង​ប្ដឹង​តវ៉ា​ក៏​យើង​នៅ​តែ​ចាញ់​ដែរ ហេតុ​អ្វី​បាន​ជា​យើងត្រូវ​ទៅ​តុលាការ គ្រាន់តែ​រឿង​តូចតាចសោះហ្នឹង?»។

បច្ចុប្បន្ននេះ ផ្ទៃបឹងតាមោកត្រូវបានចាក់ដីលុបស្ទើរតែទាំងស្រុង ហើយអ្នកភូមិក៏យល់ព្រមទទួលយកគោលនយោបាយដោះដូរទៅទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរផងដែរ ដូច្នេះអ្នកស្រី ដាវី យល់ថាអាជ្ញាធរគួរតែបិទបញ្ចប់សំណុំរឿងទាំងអស់នេះ។

អ្នកស្រីបន្តថា៖ «អ្នកភូមិមានជីវភាពលំបាកវេទនាណាស់ ប្រាក់​ចំណូល​គ្រួសារ​យើង​ធ្លាក់​ចុះ ហើយ [តុលាការ] នៅ​តែ​ចង់​បាន​មួយ​លាន​រៀល តើ​គេ​នឹង​ធ្វើ​អ្វី? តើ​ពួក​គេ​ចង់បាន​អ្វី​ពី​អ្នក​ភូមិ? ពួក​គេ​ជា​អាជ្ញាធរ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ចង់​កម្ចាត់​ពលរដ្ឋខ្លួន?»

អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍ថា ប្រជាពលរដ្ឋបឹងតាមោកបានយល់ព្រមផ្លាស់ទៅរស់នៅតំបន់ដែលអាជ្ញាធរបានរៀបចំឱ្យរួចរាល់ដែលមានទាំងផ្ទះ និងដី។ នៅ​ពេល​សួរ​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ លោក​បាន​ឆ្លើយ​ថា «គ្មាន​អ្នក​ភូមិណាម្នាក់ដែលបាន​ដាក់​ពាក្យ​បណ្តឹង​ឡើយ»។ យ៉ាងណាមិញ លោកថា ចំពោះ​ការ​បង់​ប្រាក់​ពិន័យ​ទៅ​តុលាការ លោក​ក៏មិន​ច្បាស់ដែរ។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤ អង្គការមិនមែនរដ្ឋាភិបាលបានស្ទង់មតិពីគ្រួសារទាំងអស់ ​៨៨៤គ្រួសារ ឬ ៣ ៧៩៨នាក់ ពី១១សហគមន៍ក្រីក្រក្នុងទីក្រុងដែលបាននិយាយថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែងពីការបណ្តេញចេញ ពីព្រោះដីរបស់ពួកគេត្រូវបានកំណត់ជាដីរដ្ឋ ឬដីសាធារណៈ។

ចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ តំបន់បឹងតាមោកបានធ្វើការកាត់ដី ឬការប្រែក្លាយដីចំនួន ៨០ដង សរុបជា ២ ៤២៧,៣ហិកតា ដែលស្មើនឹង ៧៤,៩២ភាគរយនៃផ្ទៃដីសរុបរបស់បឹង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បទល្មើស​ព្រហ្មទណ្ឌ​ជាទូទៅ​ត្រូវ​​ពិន័យ​ជា​ប្រាក់។ ប៉ុន្តែ​ក៏មានការសម្របសម្រួលដែលបានធ្វើឡើងកន្លងមកដែរ សម្រាប់ករណីលើកលែងមួយចំនួន គឺពុំចាំបាច់ត្រូវបង់ប្រាក់នោះទេ។

ទាក់ទិននឹងករណីបឹងតាមោកដែលកើតចេញពីបញ្ហាដីធ្លី លោក សំអាត ជឿជាក់ថា អាជ្ញាធរគួរតែគិតឱ្យបានច្បាស់លាស់មុននឹងប្តឹង ព្រោះអ្នកភូមិជាពលរដ្ឋដែលរស់លើដីរបស់ខ្លួន។ ដូច្នេះ​ លោកថា អាជ្ញាធរ​គួរតែ​ពិនិត្យ និង​រក​ដំណោះស្រាយ​។

លោក សំអាត បាន​មាន​ប្រសាសន៍​ថា៖ «[អាជ្ញាធរ​គឺ​ដូច​ជា] ឪពុក​ម្តាយ។ នៅ​ពេល​មាន​សាលដីកាពី​តុលាការ​កំពូល ខ្ញុំ​គិត​ថា ប្រសិន​បើ​ពលរដ្ឋ​ក្រីក្រ​មិន​អាច​មាន​លទ្ធភាព​បង់​បាន​នោះ អាជ្ញាធរ​គួរ​តែ​យល់ និង​ពិនិត្យ​មើល [លើជម្រើស​ផ្សេងទៀត] ឱ្យ​បាន​ត្រឹម​ត្រូវ»។

យោងតាមទិន្នន័យរបស់សមាគមធាងត្នោត រយៈពេល៦ឆ្នាំបន្ទាប់ពីរដ្ឋធ្វើអនុប្បយោគផ្ទៃបឹងតាមោកទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមអនុក្រឹត្យឆ្នាំ២០១៦ ផ្ទៃបឹងនិងដីជុំវិញបឹងច្រើនជាង ៧៤ភាគរយ ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលដើម្បីជួល ឬលក់។

ទោះបីជា​អនុក្រឹត្យ​ត្រូវ​បាន​​ប្រើប្រាស់​ដើម្បី​កំណត់ព្រំនៃផ្ទៃបឹងតាមោកក៏ដោយ ប៉ុន្តែតំបន់​ដែល​សហគមន៍​សំរោង​ត្បូង​រស់នៅ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នោះ​ទេ ៕

ទិដ្ឋភាពនៃទីតាំងរស់នៅថ្មីរបស់ប្រជាពលរដ្ឋបឹងតាមោកស្ថិតក្នុងខណ្ឌព្រែកព្នៅ។ (រូបភាពផ្ដល់ឱ្យ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boeung Tamok Residents Could Face Jail Term for Not Paying Court Fine

184 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម