សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យក្រសួងដែនដីបញ្ចប់នីតិវិធីដើម្បីប្រគល់ដីជាង៧០០ហិកតា ជូនពួកគាត់វិញ និងថាដីទាំងនោះត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយយក។
ជនជាតិដើមភាគតិចដែលឡើងមកក្រសួងដែនដីនេះតំណាងឲ្យជនជាតិដើមភាគតិច ជាង២ ០០០គ្រួសារ នៅភូមិផ្សេងៗគ្នា។ ពួកគាត់បានធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីទាមទារឲ្យក្រសួងដែនដីគោរពនូវកិច្ចសន្យារបស់ខ្លួនដែលបានធ្វើឡើងកាលពីខែមករាកន្លងទៅដោយមានទាំងអាជ្ញាធរខេត្ត មន្ត្រីថ្នាក់ជាតិ និងក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Agriculture ក្នុងការផ្ដល់ដីទាំងនោះឲ្យសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផលបានវិញ។
លោក សាល់ ថា ជាជនជាតិដើមភាគតិចកាចក់ មកពីស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា៖ «គោលបំណងសំខាន់របស់យើងមករកក្រសួងឲ្យសម្របសម្រួលប្រគល់ដីឲ្យសហគមន៍វិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាវាបានពន្យារពេលយូរពេកហើយ»។
លោកបន្តថា តំណាងក្រុមហ៊ុន ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ដំបូងឡើយបានយល់ព្រមប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋមកពីភូមិជាច្រើនក្នុងឃុំតាឡៅ តាំងពីឆ្នាំ២០២៤។
លោកបន្ថែមថា៖ «ពេលមានអ្នកស្លាប់ យើងត្រូវការដីសម្រាប់កប់សព យើងត្រូវគេហាមឃាត់មិនឲ្យប្រើដីទាំងនោះ។ ពួកយើងកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ [និយាយទៅ] ខ្ញុំចង់តែយំទេ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី មិនអាចទាក់ទងបានភ្លាមសុំការអត្ថាធិប្បាយនោះទេ។ ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Agriculture (HAGL)ក៏មិនអាចសុំការឆ្លើយតបបានដូចគ្នា។
ក្រុមហ៊ុននេះបានប្រតិបត្តិការលើកសិពាណិជ្ជកម្ម និងជាផ្នែកមួយរបស់ក្រុមហ៊ុនសេដ្ឋីវៀតណាម THACO។ វត្តមានក្រុមហ៊ុនវៀតណាម HAGL បានធ្វើឲ្យមានការផ្ទុះឡើងនូវជម្លោះដីធ្លីយ៉ាងខ្លាំងជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចនានាកាលពីឆ្នាំ២០១០ ក្រោយពីក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍដំណាំកៅស៊ូក្នុងលក្ខណៈទ្រង់ទ្រាយធំ។
សហគមន៍ជនជាតិដើមភាគតិចបានដាក់ពាក្យបណ្ដឹងទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC ក្នុងឆ្នាំ២០១៤ ដែលបណ្ដឹងនោះត្រូវបានទទួលយក និងតាំងពីនោះមកការដោះស្រាយជម្លោះត្រូវបានសម្របសម្រួលដោយការិយាល័យអនុលោមបរិស្ថាន និងសង្គម ហៅកាត់ថា CAO ដែលជាយន្តការទទួលខុសត្រូវឯករាជ្យមួយរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។
ក្នុងខែមិថុនា ឆ្នាំ២០២៤ គ្រប់ភាគីបានចុះអនុស្សារណយោគយល់មួយ ដោយក្រុមហ៊ុនវៀតណាម HAGL យល់ព្រមប្រគល់ដីត្រឡប់វិញចំនួន៧០០ហិកតាទៅឱ្យសហគមន៍ដែលរងផលប៉ះពាល់។ ក្នុងកិច្ចព្រមព្រៀងនោះ ក៏បាននិយាយដល់ការដោះស្រាយជម្លោះដែលនៅសល់លើដី២០ហិកតាផ្សេងទៀត ព្រមជាមួយនឹងសំណើរបស់សហគមន៍ដែលចង់បាន «ការគាំទ្រផ្នែកហិរញ្ញវត្ថុ» ផងដែរ។
លោក សេវ ចិន្ដា ជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី បានលើកឡើងថាការពន្យារពេលដោះស្រាយជម្លោះដីធ្លីនឹងបន្តធ្វើឲ្យជីវភាពប្រចាំថ្ងៃ ការប្រតិបត្តិសាសនា និងជំនឿ របស់ប្រជាពលរដ្ឋរងផលប៉ះពាល់។
លោកបន្ថែមថា៖ «វាពិបាកក្នុងការចូលទៅកាន់ដីចម្ការរបស់ពួកយើង ពេលយើងឆ្លងកាត់ដីក្រុមហ៊ុន គេចោទយើងថាបំផ្លិចបំផ្លាញដំណាំរបស់ពួកគេ»។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មិនបានឆ្លើយតបភ្លាមៗលើសំណើសុំអត្ថាធិប្បាយលើរឿងនេះនោះទេ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា មានប្រសាសន៍ថាជម្លោះនេះជាគោលការណ៍បានឈានដល់ចំណុចព្រមព្រៀងគ្នាហើយ ប៉ុន្តែដីទាំងនោះត្រូវតែមានការប្រគល់មកវិញតាមផ្លូវការ ដោយថាការផ្ទេរមកវិញត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។
លោកឲ្យដឹងទៀតថា៖ «អ្វីដែលនៅសល់ គឺការសម្រេចចុងក្រោយពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ…បើសិនជារដ្ឋាភិបាលដោះស្រាយបានលឿនតាមសំណើរបស់សហគមន៍ វាក៏ជាគម្រូមួយសម្រាប់ដោះស្រាយជម្លោះប្រហាក់ប្រហែលគ្នានេះដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Land Ministry Pressed to Finalize Return of Indigenous Land in Ratanakiri









