សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រសួងការពារជាតិកម្ពុជាអះអាងថា ការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ Updated

ផ្ទះពលរដ្ឋខ្មែរមួយខ្នងត្រូវបានយោធាថៃបំផ្លាញនៅខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ (ហ្វេសប៊ុករបស់ នេត្រ ភក្ត្រា)
ផ្ទះពលរដ្ឋខ្មែរមួយខ្នងត្រូវបានយោធាថៃបំផ្លាញនៅខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ (ហ្វេសប៊ុករបស់ នេត្រ ភក្ត្រា)
UPDATES:

ម៉ោង ៥:១០ រសៀល៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនៅវេលាម៉ោង ៤:៣០នាទី រសៀល នៅថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានលើកឡើង។

លោកស្រីបានថ្លែងថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ម៉ោង ៣:៤០ រសៀល៖ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូនេះ ខណៈលោក BARROT បានសន្ទនាតាមទូរសព្ទជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។

ក្នុងអំឡុងកិច្ចសន្ទនា លោក ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកក៏បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាព​នេះ។

លោក Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោក Jean-Noël BARROT ក៏បានសម្តែងការគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។

ម៉ោង ១២:៥៤ រសៀល៖ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមក្រសួងការពារជាតិ។

  • ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ម៉ោង ១២:៤៥ រសៀល៖ ក្រសួងការពារជាតិបានឱ្យដឹងថា យោធាថៃបានបន្តបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ នៅវេលាម៉ោង ១០:២៨នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ពលរដ្ឋខ្មែរពីរនាក់បានរងរបួសនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករមួយក្នុងឃុំកូនត្រី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលកងកម្លាំងថៃបានវាយប្រហារតំបន់យោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា មុនពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចាប់ផ្តើមនៅថ្ងៃនេះ (ថ្ងៃទី២៤ ខែធ្នូ) នៅខេត្តចន្ទបុរី ប្រទេសថៃ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសថៃបានបើកការវាយប្រហារនៅក្នុងតំបន់យោធានៃខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលជាថ្ងៃគម្រប់១៨នៃជម្លោះប្រដាប់អាវុធ។

ក្រសួងបានរៀបរាប់ថា៖ «នៅម៉ោង ៩:៤០ ព្រឹក យោធាថៃបានបាញ់គ្រាប់ផ្លោងមួយគ្រាប់ចូលទៅក្នុងតំបន់លំនៅឋានស៊ីវិលដែលមានប្រជាជនរស់នៅច្រើនកុះករមួយក្នុងឃុំកូនត្រី ជិតផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ។ ការវាយប្រហារនេះបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ពីរនាក់រងរបួស»។

មុននេះបន្តិចនៅម៉ោង ៩:១២ ព្រឹក យោធាថៃបានបាញ់គ្រាប់ផ្លោងពីរគ្រាប់ចូលទៅក្នុងតំបន់លំនៅឋានស៊ីវិលដែលមានប្រជាជនរស់នៅច្រើនកុះករមួយក្នុងក្រុងប៉ោយប៉ែត ដោយគ្រាប់ផ្លោងមួយគ្រាប់ធ្លាក់នៅជិតរង្វង់មូលលេខ៥៨ និងមួយទៀតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​។

លើសពីនេះ កងកម្លាំងថៃបានបាញ់កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ ភ្នំត្រកួន និងចាន់ក្រហម ចាប់ពីល្ងាចថ្ងៃអង្គារ ដល់ព្រឹកថ្ងៃពុធ។ គ្រាប់កាំភ្លើងធំត្រូវបានបាញ់ចេញ ខណៈពេលដែលយន្តហោះគ្មានមនុស្សបើកត្រូវបានដាក់ពង្រាយ​ដើម្បីបាញ់ឧស្ម័នពុលយ៉ាងច្រើននៅក្នុងតំបន់ប្រាសាទព្រះវិហារ។

លោកស្រី សុជាតា បានបន្តថា៖ «ទង្វើដ៏ឃោរឃៅទាំងនេះ គឺជាការវាយប្រហារដោយមិនរើសអើងដោយយោធាថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។

គិតត្រឹមថ្ងៃពុធ ជនស៊ីវិលចំនួន ២១នាក់បានស្លាប់ និង ៨៣នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសកម្ពុជា។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងសារមួយកាលពីថ្ងៃពុធថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍របស់ខ្លួនក្នុងការឃ្លាំមើលបទឈប់បាញ់។

លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «អាទិភាពចម្បងឥឡូវនេះ គឺការសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ ចាប់ផ្តើមការសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិភាព»។

លោក Deng Xijun បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរទស្សនកិច្ចការទូតមួយផ្សេងទៀតទៅកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែនថ្មីៗនេះ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម