របាយការណ៍របស់អង្គការយូនីសេហ្វស្តីពីសន្ទស្សន៍ហានិភ័យអាកាសធាតុ (CCRI) បានបង្ហាញថា កុមារចំនួនប្រាំមួយលាននាក់នៅក្នុងប្រទេសកម្ពុជាប្រឈមនឹងការកើនឡើងហានិភ័យនៃអាកាសធាតុ និងបរិស្ថាន ដែលកាន់តែធ្ងន់ធ្ងរឡើងដោយភាពក្រីក្រ ការរើសអើងជាប្រព័ន្ធ ភាពរញ៉េរញ៉ៃ និងពិការភាព។
របាយការណ៍ដែលទើបចេញថ្មីនេះបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីការពារយុវជនដែលងាយរងគ្រោះ ជាពិសេសនៅតាមតំបន់ជនបទ និងក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤៦ក្នុងចំណោម១៦៣ប្រទេសនៅក្នុងសន្ទស្សន៍ហានិភ័យអាកាសធាតុឆ្នាំ២០២១ របស់អង្គការយូនីសេហ្វ ដែលដាក់ប្រទេសនេះក្នុងចំណោមប្រទេសដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្ពស់បំផុត។
កុមារជិតពីរលាននាក់ ដែលតំណាងឱ្យមួយភាគបីនៃយុវជនរបស់កម្ពុជា រស់នៅក្នុងតំបន់ដែលមាន «ហានិភ័យអាកាសធាតុខ្ពស់ ឬខ្ពស់ខ្លាំង»។ ភាពងាយរងគ្រោះសំខាន់ៗរួមមានការប៉ះពាល់នឹងគ្រោះរាំងស្ងួត កម្ដៅ (មួយភាគបីនៃកុមារ) ជំងឺដែលបណ្តាលមកពីវ៉ិចទ័រ ល្បឿនខ្យល់ខ្ពស់ (ជាងពាក់កណ្តាលនៃកុមារ) និងទឹកជំនន់ទន្លេ (ជិតពាក់កណ្តាលនៃកុមារ)។ ប្រហែលពាក់កណ្តាលនៃចំនួនកុមារត្រូវបានប៉ះពាល់នឹងកម្រិតនៃការបំពុលបរិយាកាសលើសពីការណែនាំរបស់អង្គការសុខភាពពិភពលោក។
របាយការណ៍នេះបង្ហាញពីភាពងាយរងគ្រោះសំខាន់ៗ ជាពិសេសនៅតំបន់ជនបទ ដោយអំពាវនាវឱ្យមានសេវាការពារកុមារខ្លាំងជាងមុន រួមបញ្ចូលទៅក្នុងយុទ្ធសាស្ត្របន្សាំបម្រែបម្រួលអាកាសធាតុ។ ទិន្នន័យដែលបានធ្វើមូលដ្ឋានីយកម្មនៅថ្នាក់ឃុំ ផ្តល់នូវរូបភាពលម្អិតនៃហានិភ័យ ដែលអាចឱ្យអ្នកបង្កើតគោលនយោបាយរៀបចំការអន្តរាគមន៍តាមគោលដៅ។
លោក Will Parks នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជាកំឡុងពេលបើកដំណើរការរបាយការណ៍ បានមានប្រសាសន៍ថា៖ «សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។
លោកបានបន្ថែមថា ព័ត៌មាននេះក៏ដើរតួជាធាតុចូលសម្រាប់ការរចនាអន្តរាគមន៍ និងកម្មវិធីអប់រំស្តីពីហានិភ័យអាកាសធាតុ ក្នុងគោលបំណងជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់កាន់តែច្បាស់ពីការគំរាមកំហែងដែលពួកគេប្រឈមមុខ និងរៀបចំសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា CCRI មានសារៈសំខាន់ក្នុងការផ្តល់ផែនទីបង្ហាញផ្លូវបន្ថែមសម្រាប់រដ្ឋាភិបាល។
លោកបានលើកឡើងនៅក្នុងពិធីសម្ពោធ៖ «ដោយធានាថាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន»។ ការរកឃើញនេះអាចណែនាំកម្មវិធីអប់រំ និងអន្តរាគមន៍ដើម្បីជួយកុមារ និងគ្រួសាររបស់ពួកគេរៀបចំខ្លួនបានប្រសើរជាងមុនសម្រាប់ហានិភ័យអាកាសធាតុ។
លោក សំប៉យ ចាន់សុភា មន្ត្រីសម្របសម្រួលគម្រោងនៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាសង្កេតឃើញថា នៅខេត្តរតនគិរី ការប្រែប្រួលអាកាសធាតុបានបណ្តាលឲ្យមានការកើនឡើងនៃជំងឺផ្លូវដង្ហើម និងផ្តាសាយក្នុងចំណោមកុមារ ជាពិសេសនៅតាមសហគមន៍ជនបទ។
លោកលើកឡើងថា៖ «នៅពេលដែលមានការប្រែប្រួលអាកាសធាតុជាពិសេសឥលូវនេះមានជំងឺច្រើនមិនថាចាស់មិនថាក្មេងគឺកើតឡើងក្នុងសហគមន៍យើង ជាពិសេសជំងឺដង្ហើមនេះវាមានគ្រប់តែភូមិគ្រប់តែគ្នា វាមានអាម្មណ៍ថាវាធ្ងន់ធ្ងរ»។
លោកបានបន្ថែមថា ទាក់ទងនឹងការការពារកុមារ អាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពបាននឹងកំពុងផ្សព្វផ្សាយយ៉ាងសកម្មនូវការចាក់វ៉ាក់សាំងកុមារនៅតាមតំបន់ជនបទ។
លោក ផយ វណ្ណា អាយុ ៥៨ឆ្នាំ សមាជិកសហគមន៍អេកូទេសចរណ៍ព្រះរំកិល បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពដល់កុមារក្នុងសហគមន៍ ដោយសារបម្រែបម្រួលអាកាសធាតុ។ លោកបាននិយាយថា ពួកគេមួយចំនួនធំមានជំងឺគ្រុនក្តៅ រួមទាំងអ្នកដែលមានជំងឺផ្លូវដង្ហើមដែលមានស្រាប់។ ក្នុងរដូវវស្សា ទឹកជំនន់ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ដោយបង្ខំឱ្យក្រុមគ្រួសារផ្លាស់ទីទៅតំបន់សុវត្ថិភាពជាបណ្ដោះអាសន្ន។
លោកបានបន្តថា៖ «ផលប៉ះពាល់សំខាន់បំផុតគឺទៅលើកុមារដែលមកពីតំបន់ក្រីក្រដែលប្រឈមនឹងបញ្ហាសុខភាពនិងការលំបាកក្នុងការធ្វើដំណើរទៅតាមទឹក»។
លោកបានចែករំលែកថា កុមារដែលគ្រួសារក្រីក្រងាយរងគ្រោះ។ លទ្ធភាពទទួលបានការថែទាំសុខភាព ការថែទាំជាមូលដ្ឋាន និងការអប់រំមានកម្រិតធ្វើឱ្យកុមារទាំងនេះកាន់តែលំបាកក្នុងការទប់ទល់នឹងបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ទោះជាយ៉ាងនេះក្តី លោក វណ្ណា កត់សម្គាល់ថា អាជ្ញាធរសហការជាមួយអង្គការក្នុងមូលដ្ឋាន បាននឹងកំពុងអប់រំប្រជាពលរដ្ឋអំពីរបៀបការពារខ្លួននៅពេលមានទឹកជំនន់។ ទន្ទឹមនឹងនោះ លោកបានកត់សម្គាល់ឃើញថា កម្ពស់ទឹកទន្លេមេគង្គបានថយចុះគួរឲ្យកត់សម្គាល់តាមពេលវេលា ដែលលោកសន្មតថាជាការសាងសង់ទំនប់វារីអគ្គិសនី និងផលប៉ះពាល់យ៉ាងទូលំទូលាយនៃការប្រែប្រួលអាកាសធាតុ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនឆ្លើយតបចំពោះ សារព័ត៌មានខេមបូចា ថាតើមានគម្រោងដោះស្រាយបញ្ហានៃភាពងាយរងគ្រោះដែលកំពុងកើនឡើងក្នុងចំណោមកុមារនៅកម្ពុជា ដោយសារហានិភ័យអាកាសធាតុដែរឬទេ។
ជំនួសមកវិញ លោកបាននិយាយអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤២ភាគរយនៅឆ្នាំ២០៣០ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ About Two Million Cambodian Children Live in High/Very High Climate Risk Areas – UNICEF Report