UPDATE:
ក្រសួងវប្បធម៌កម្ពុជាលើកឡើងថា ប្រាសាទព្រះវិហាររងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការបាញ់ប្រហាររបស់យោធាថៃ ហើយអំពាវនាវឱ្យមានវិធានការបន្ទាន់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្រវិធានការបន្ទាន់ដើម្បីការពារប្រាសាទព្រះវិហារជាតំបន់បេតិកភណ្ឌពិភពលោក បន្ទាប់ពីការខូចខាតយ៉ាងទូលំទូលាយពីការវាយប្រហារដោយកាំភ្លើងធំរបស់ថៃចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅថ្ងៃចន្ទនេះ។
ក្រសួងបានដាក់របាយការណ៍វាយតម្លៃទៅអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-ព្រះវិហារ និងសហគមន៍អន្តរជាតិ ដើម្បីជួយការពារប្រាសាទពីការវាយប្រហារបន្ថែមទៀត គាំទ្រដល់ការងារអភិរក្ស និងជួសជុលបន្ទាន់។
អង្គការយូណេស្កូ មិនទាន់បានឆ្លើយតបនឹងសំណួរតាមរយៈអ៊ីម៉ែលនៅពេលផ្សព្វផ្សាយនៅឡើយទេ។
ចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ការវាយប្រហារនេះបានបំផ្លាញទីតាំងចំនួន ១៤២ នៅក្នុងបរិវេណប្រាសាទព្រះវិហារ និងទីតាំងចំនួន ៤២ នៅក្នុងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ នៅក្នុងខែធ្នូ ការវាយប្រហារឡើងវិញបានបណ្តាលឱ្យមានការខូចខាតលើសពីការកត់ត្រានៅក្នុងខែកក្កដា ឆ្នាំ២០២៥។ ក្រសួងបាននិយាយថា រចនាសម្ព័ន្ធស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបន្ថែមថា ការខូចខាតនេះបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ម្តងហើយម្តងទៀត និងការបាញ់ផ្លោងតាមអាកាសដែលធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងដែលតម្រង់គោលដៅទៅលើប្រាសាទដោយផ្ទាល់។
សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ខណៈពេលដែលជំរុញឱ្យមានការអនុវត្តតាមបទឈប់បាញ់ពេញលេញ ក៏ដូចជាការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍។
លោក DeSombre បានជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាចិត្តធានាការអនុវត្តតាមបទឈប់បាញ់ ការបន្ធូរបន្ថយភាពតានតឹង និងការបន្តដំណើរការកំណត់ព្រំដែនឡើងវិញ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងថៃ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
សហរដ្ឋអាមេរិកក៏បានបែងចែកថវិកាចំនួន ១៥ លានដុល្លារដើម្បីជួយធ្វើឱ្យជីវភាពរស់នៅរបស់សហគមន៍ព្រំដែនដែលបាត់បង់ទីជម្រកនៅកម្ពុជា និងថៃមានស្ថិរភាព និងថវិកាបន្ថែមចំនួន ១០ លានដុល្លារទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅកម្ពុជា។
លោក DeSombre បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការគាំទ្រជាបន្តបន្ទាប់របស់កម្ពុជាចំពោះសន្តិភាពយូរអង្វែងជាមួយប្រទេសថៃ ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ [ជាមួយនឹង] ជំនួយថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សហគមន៍ដែលបាត់បង់ទីជម្រកដោយសារជម្លោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោក Trump និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការសម្របសម្រួលដល់បទឈប់បាញ់ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបន្តយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពរវាងកម្ពុជា និងថៃ ក៏ដូចជាការផ្តល់ជំនួយដើម្បីស្តារជីវភាពរស់នៅរបស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាឱ្យតម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង រួមទាំងសេចក្តីប្រកាសរួម និងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ជនស៊ីវិល និងការបន្តការបោះបង្គោលព្រំដែនរួមគ្នាជាមូលដ្ឋានសម្រាប់សន្តិភាពយូរអង្វែងជាមួយប្រទេសថៃ។

នៅក្នុងសារពិសេសមួយនៅថ្ងៃទី១០ ខែមករា លោក ហ៊ុន ម៉ាណែត បានប្រកាសពីវិធានការដើម្បីដោះស្រាយផលប៉ះពាល់នៃជម្លោះ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ខណៈពេលដែលអំពាវនាវដល់ដៃគូអន្តរជាតិឱ្យគាំទ្រដល់ការស្តារឡើងវិញរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា អាជ្ញាធរកំពុងសម្របសម្រួលការវិលត្រឡប់របស់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ ដោយមានអាទិភាពលើការបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាព។ ចំពោះអ្នកដែលមិនអាចត្រឡប់មកវិញភ្លាមៗ លោក ហ៊ុន ម៉ាណែត បានមានបន្តថា រដ្ឋាភិបាលកំពុងពង្រឹងជម្រកបណ្តោះអាសន្ន ដោយសារគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅអាចត្រូវស្នាក់នៅយូរជាងនេះ។
លោកបានលើកឡើងថា ក្រុមការងារមួយកំពុងធ្វើការវាយតម្លៃការខូចខាត ដោយបន្ថែមថា ថវិកាជាតិ និងមូលនិធិពីដៃគូអភិវឌ្ឍន៍នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ហ៊ុន ម៉ាណែត បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុបន្តបន្ធូរបន្ថយបន្ទុកប្រាក់កម្ចីសម្រាប់ទាហាន និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ។ វិធានការដូចជាការលើកលែងថ្លៃសេវា ការបន្ធូរបន្ថយការប្រាក់ ការពន្យារពេលសងប្រាក់ និងការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញក៏ត្រូវបានណែនាំផងដែរ។
រដ្ឋាភិបាលបានអនុម័តការលុបចោលប្រាក់កម្ចីរហូតដល់ ១០ លានរៀលសម្រាប់ទាហានពិការដែលរងរបួសនៅក្នុងសមរភូមិ និងរហូតដល់ ៨០ លានរៀលសម្រាប់ទាហានដែលបានស្លាប់ ហើយកំពុងផ្តល់អាទិភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ រួមទាំងផ្លូវថ្នល់ សាលារៀន ផ្សារ និងមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃបានបង្ហោះថា គិតត្រឹមថ្ងៃនេះ ជនភៀសខ្លួនប្រមាណ ៤៨០ ០០០នាក់ ក្នុងចំណោមមនុស្ស ៦៤០ ០០០នាក់ បានវិលត្រឡប់មកផ្ទះវិញ ដោយមានជនភៀសខ្លួនចំនួន ១៦១ ៤៧២ នាក់នៅតែស្ថិតក្នុងជំរំភៀសសឹក៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Reaffirms Support for Kuala Lumpur Peace Accord, Provides Humanitarian Aid Amid Border Recovery










