ថ្ងៃអាទិត្យសប្តាហ៍នេះនឹងមានរយៈពេលមួយខែ បន្ទាប់ពីការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ ដែលបានបង្ខំឲ្យមានការបិទរោងចក្រ D’Luxe International Co., Ltd ជារោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យក្នុងចំណោមរោងចក្ររាប់រយទៀត ដែលបានផ្អាកដំណើរការ ចាប់តាំងពីថ្ងៃទី០៩ ខែមេសាមក។
សម្រាប់ ហាត ផល្លាត់ ដែលជាកម្មការនីកាត់ដេរអាយុ ២៧ឆ្នាំមួយរូប បានិយថាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះនាងបានជួបបញ្ហាមួយ ដោយសារនាងប្រឈមនឹងការលំបាកក្នុងការទទួលបានស្បៀងអាហារ ការបង់ថ្លៃបន្ទប់ជួល និងការត្រូវបន្តបង់ថ្លៃទូទាត់បំណុលរបស់គ្រួសារនាង។
ការបិទខ្ទប់រយៈពេលបីសប្តាហ៍ទូទាំងក្រុងភ្នំពេញ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ដោយអនុញ្ញាតឲ្យកម្មកររាប់សែននាក់ ដែលបានផ្អាកការងារ អាចរកចំណូលបានសារជាថ្មី។
ប៉ុន្តែសម្រាប់ ផល្លាត់ និងកម្មកររាប់សែននាក់ទៀត ដែលរស់នៅក្នុងតំបន់ត្រូវបានកំណត់ជាតំបន់ក្រហម ឬតំបន់លឿងទុំ ពួកគេមិនទាន់អាចត្រឡប់ទៅធ្វើការវិញបាននោះទេ។ ហើយស្របពេលករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើងនៅតំបន់ទាំងនេះ ជាមួយនឹងការបិទខ្ទប់អស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ កម្មករទាំងនោះកំពុងជួបការលំបាក។
ផល្លាត់បាននិយាយថា៖ «ខ្ញុំមិនគិតថា រោងចក្រខ្ញុំនឹងបើកឡើងវិញឆាប់ៗនេះទេ ពីព្រោះវាស្ថិតនៅជិតតំបន់ឧស្សាហកម្មកាណាឌីយ៉ា ដែលកម្មករជាច្រើនបានឆ្លងជំងឺកូវីដ១៩»។
ផល្លាត់ បានបន្តថា៖ «ឥឡូវនេះ អង្កររបស់ខ្ញុំជិតអស់ ហើយខ្ញុំមិនមានប្រាក់ដើម្បីបង់ថ្លៃបន្ទប់ជួល ទឹក ភ្លើង ជាពិសេសបង់ធនាគារ ពីព្រោះគ្រួសាររបស់ខ្ញុំបានខ្ចីប្រាក់ ៧.០០០ដុល្លារ ដើម្បីសង់ផ្ទះមួយ»។ នេះបើយោងទៅតាមសម្តីរបស់ ផល្លាត់ ដែលត្រូវចំណាយប្រាក់ ៤០ដុល្លារក្នុងមួយខែលើថ្លៃជួលបន្ទប់ ទឹក និងភ្លើង ហើយជាង ១០០ដុល្លារទៀតលើថ្លៃបង់ធនាគារ។
នាងបានបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំមិនបានលុយបង់ធនាគារ ដូច្នេះខ្ញុំនឹងសុំឪពុកម្តាយខ្ញុំស្នើទៅធនាគារពន្យារពេល ប៉ុន្តែខ្ញុំមិនដឹងថា ធនាគារនឹងឲ្យពន្យារឬអត់នោះទេ»។
ខណៈរដ្ឋាភិបាលនិយាយថា ខ្លួនកំពុងផ្តល់អាហារដល់គ្រួសារខ្វះខាត ចាប់តាំងពីការបិទខ្ទប់បានចាប់ផ្តើមមក ការចែកចាយជំនួយស្បៀងមិនមានភាពរលូននោះទេ ដោយកម្មករមួយចំនួន រួមទាំង ផល្លាត់ផងដែរ និយាយថា ពួកគេមិនដែលទទួលបានជំនួយស្បៀងនោះទេ។ នាងបានលើកឡើងថា៖ «ខ្ញុំបានស្នើឲ្យអាជ្ញាធរជួយផ្តល់ស្បៀងសម្រាប់នាងខ្ញុំ» ដោយបន្ថែមថា នាងសង្ឃឹមថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ ៤០ដុល្លារដែលអាចឲ្យនាងរ៉ាប់រងថ្លៃផ្ទះជួលរបស់នាង។
យ៉ាង សាមាន អាយុ ២៩ឆ្នាំ ជាកម្មការនីម្នាក់ទៀតនៅរោងចក្រ CG Glory (Cambodia) Manufacturing Company Limited ក្នុងភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ ដែលស្ថិតនៅក្នុងតំបន់ក្រហម បាននិយាយថា នាងមិនបានធ្វើការអស់រយៈពេលជិតមួយខែមកហើយ ចាប់តាំងពីរោងចក្ររបស់នាងបានផ្អាកដំណើរការ ខណៈមានការកើនឡើងករណីឆ្លងជំងឺកូវីដ១៩។
នាងបានលើកឡើងងថា នៅតំបន់បិទខ្ទប់ មិនមានអាហារច្រើនដើម្បីអាចទិញបាននោះទេ ហើយថ្លៃគឺខ្ពស់ជាងធម្មតា ដោយសារការយកស្បៀងអាហារចូលមានការលំបាក។ នាងបានប្រឈមនឹងការខ្វះខាតអាហារអស់រយៈពេលពីរសប្តាហ៍មកហើយ ទោះបីជាស្ថានភាពរបស់នាងបានប្រសើរឡើងវិញខ្លះ បន្ទាប់ពីទទួលបានជំនួយស្បៀងអាហារកាលពីពេលប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែនាងនៅមិនទាន់មានថវិកាគ្រប់គ្រាន់ដើម្បីបង់ថ្លៃផ្ទះជួល ឬថ្លៃទឹកភ្លើងនោះទេ។
សាមាន បាននិយាយថា៖ «ខ្ញុំមិនសង្ឃឹមទេ ពីព្រោះខ្ញុំមិនដឹងថារោងចក្រខ្ញុំបើកឡើងវិញនៅពេលណានោះទេ ដោយសារមានការឆ្លងជំងឺកូវីដ១៩ថ្មីច្រើនជារៀងរាល់ថ្ងៃ»។
ស្របពេលដូចគ្នានេះដែរ សម្រាប់អ្នកដែលអាចវិលត្រឡប់ទៅធ្វើការវិញ ពួកគេភ័យខ្លាចនឹងឆ្លងជំងឺកូវីដ១៩ ខណៈករណីឆ្លងបន្តកើនឡើង។
ធី បុប្ឆា អាយុ ២១ឆ្នាំ កម្មការនីនៅរោងចក្រ Tax Apparel (Cambodia) Co., Ltd ក្នុងសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ បាននិយាយថា នៅពេលនាងវិលត្រឡប់ទៅធ្វើការវិញកាលពីថ្ងៃព្រហស្បតិ៍ ថៅកែរោងចក្របានដាក់ឧបករណ៍វ៉ាស់កម្តៅ និងទឹកអាកុលលាងដៃ តម្រូវឲ្យកម្មករពាក់ម៉ាស និងរៀបចំកន្លែងអង្គុយធ្វើការក្នុងរោងចក្រ ដើម្បីឲ្យមានការរក្សាគម្លាត។
សាមាន បានបន្ថែមថា៖ «ខ្ញុំនៅតែបារម្ភពីការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែរោងចក្រតម្រូវឲ្យខ្ញុំត្រឡប់មកធ្វើការវិញ»។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលរងក្រុងភ្នំពេញលោក កើត ឆែ បានថ្លែងការពារការបញ្ចប់ការបិទខ្ទប់ទូទាំងប្រទេស ដោយនិយាយថា ការរៀបចំការបិទខ្ទប់តាមការកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ តាមកម្រិតនៃការឆ្លងច្រើន ឬមធ្យម គឺជា វិធីសាស្រ្តសម្រិតសម្រាំងជាងមុន ដើម្បីបន្តអនុវត្ត។
លោកបានថ្លែងថា៖ «ដូច្នេះ យើងសម្រេចថា នឹងពន្យារការបិទខ្ទប់សម្រាប់រយៈពេលមួយសប្តាហ៍បន្ថែមទៀតពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា។ ករណីឆ្លងជំងឺកូវីដ១៩ ភាគច្រើនគឺ នៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលយើងបានបិទខ្ទប់រួចហើយ»។
ទោះបីយ៉ាងណាក៏ដោយ ផ្នែកខ្លះនៃសង្កាត់ចំនួន១១ ដែលស្ថិតនៅក្នុងតំបន់ក្រហម ក៏មានតំបន់មួយចំនួនត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១០ ខែមេសា ដោយលើកឡើងពីមន្ទិលជុំវិញរបៀបនៃការអនុវត្តការបិទខ្ទប់ ហើយជុំវិញមូលហេតុដែលអត្រានៃការឆ្លងមិនបានធ្លាក់ចុះក្នុងកម្រិតសុវត្ថិភាពមួយ បន្ទាប់ពីជិតមួយខែមកនេះ។
លោក កើត ឆែ បានស្នើឲ្យអ្នករស់នៅតំបន់ក្រហមមានភាពអត់ធ្មត់ ដោយនិយាយថា ការបន្តបិទខ្ទប់រយៈពេលមួយសប្តាហ៍បន្ថែមទៀតគឺចាំបាច់ដើម្បីបញ្ឈប់ការរាតត្បាតជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
អភិបាលរងក្រុងភ្នំពេញមួយរូបទៀត លោក នួន ផារ័ត្ន គាំទ្រការលើកឡើងរបស់លោក កើត ឆែ។
លោកបានថ្លែងថា៖ «គោលបំណងនៃការបិទខ្ទប់គឺ មិនមែនដើម្បីធ្វើបាបពលរដ្ឋនោះទេ ប៉ុន្តែគឺ ដើម្បីជួយសង្រ្គោះអាយុជីវិតពលរដ្ឋពីការឆ្លងជំងឺកូវីដ១៩»។
លោកបានបន្តថា អាជ្ញាធរបានផ្តល់ជំនួយស្បៀងជិត ៣០ម៉ឺនកញ្ចប់ ក្រោមការឧបត្ថម្ភរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅដល់ពលរដ្ឋនៅតំបន់ក្រហម និងតំបន់លឿងទុំ ហើយថា អាជ្ញាធរនឹងបន្តចុះឈ្មោះរាល់អ្នកដែលត្រូវការជំនួយស្បៀង។
កាលពីថ្ងៃទី០១ ខែឧសភា ក្រសួងការពារជាតិបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហម ហើយ លោក ផារ័ត្ន និយាយថា ពលរដ្ឋជិត ២០ម៉ឺននាក់បានទទួលវ៉ាក់សាំងដូសទីមួយមកទល់ពេលនេះ។
លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ បាននិយាយថា កម្មករនឹងបន្តរងគ្រោះពីការបិទខ្ទប់រយៈពេលមួយសប្តាហ៍បន្ថែមទៀត ហើយលោកសង្ឃឹមថា ការផ្គត់ផ្គង់ស្បៀងអាហារនឹងមានភាពប្រសើរជាងមុន។
លោកបានថ្លែងថា៖ «ឥឡូវនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្រួមតំបន់ក្រហម ដូច្នេះអាជ្ញាធរអាចធ្វើការគ្រប់គ្រងបានប្រសើរជាងមុន ហើយពួកគេនឹងដឹងបានលឿនជាងមុនថា ពលរដ្ឋណាកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ។ ដូចជាកម្មករទាំងអស់នោះ លោកអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃជួល និងថ្លៃទឹកភ្លើង «ខណៈកម្មករមិនទាន់ទទួលបានប្រាក់ចំណូលនៅឡើយ»។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រសួងសុខាភិបាលបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥០។ ហើយមកទល់ថ្ងៃព្រហស្បតិ៍ មនុស្សចំនួន ១១៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលការស្លាប់ទាំងអស់គឺពាក់ព័ន្ធនឹងការរាតត្បាតនាពេលចុងក្រោយនេះ។ មន្រ្តីសុខាភិបាលបានរកឃើញករណីឆ្លងថ្មីសរុប ១៧.០៦៦ករណី ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ដោយធ្វើឲ្យករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៧.៦២១ ចាប់តាំងពីការរាតត្បាតដំបូងនៃជំងឺនេះនៅដើមឆ្នាំ ២០២០៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ As factories reopen, those who can’t return to work continue to struggle