សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរស្រុកបាណន់បិទជាបណ្ដោះអាសន្នការដ្ឋានមួយកន្លែងដែលចាក់ដីរំលោភកម្មសិទ្ធិរដ្ឋ

អាជ្ញាធរស្រុកបាណន់ ចុះផ្អាកការសាងសង់ជាបណ្ដោះអាសន្ននៅក្នុងការដ្ឋានមួយកន្លែង។ រូបថត បាន ធារ៉ា
អាជ្ញាធរស្រុកបាណន់ ចុះផ្អាកការសាងសង់ជាបណ្ដោះអាសន្ននៅក្នុងការដ្ឋានមួយកន្លែង។ រូបថត បាន ធារ៉ា

បាត់ដំបង៖ រដ្ឋបាលសាលាស្រុកបាណន់ ខេត្ដបាត់ដំបងបានចេញលិខិតសម្រេចឱ្យបុគ្គលឈ្មោះ ជឹម ភើយ ផ្អាកចាក់ដី និងសាងសង់ជាបណ្ដោះអាសន្ន ដោយសារមានពាក់ព័ន្ធនឹងការរំលោភបំពានដីរដ្ឋ។

យោងតាមលិខិតរបស់រដ្ឋបាលស្រុកបាណន់ចេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលចុះ​ហត្ថលេខាដោយលោក ស្រេង សុខា អភិបាលស្រុកបាណន់ បានឱ្យដឹងថា រដ្ឋបាលស្រុកសម្រេចឱ្យ ឈ្មោះ ជឹម ភើយ ជាម្ចាស់ការដ្ឋានសំណង់ដែលមានទីតាំងស្ថិតនៅចំនុចបឹងត្រាវ ភូមិសំរោង ឃុំស្ទឹង ស្រុកបាណន់ ត្រូវបញ្ឍប់ការចាក់ដីបំពេញ និងត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្នចាប់ពីពេលបានទទួលលិខិតនេះ ។

លិខិតបន្ថែមទៀតថា​៖​ «បុគ្គលខាងលើត្រូវបញ្ឍប់ការចាក់ដីបំពេញនៅជាប់ម៉ាត់បឹង និងបណ្ដោយផ្លូវលេខ៥៧ និងត្រូវផ្អាកការសាងសង់សំណង់គ្រប់ប្រភេទជាបណ្ដោះអាសន្ន រហូតលុះត្រាតែមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទើបអាចបន្តការសាងសង់នេះឡើងវិញ»។ រដ្ឋបាលស្រុកបានបញ្ជាក់ថា បើបុគ្គលម្ចាស់ការដ្ឋានមិនអនុវត្ដន៍តាមខ្លឹមសារលិខិតទេ នឹងមានទោសប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានថ្លែងឱ្យដឹងថា ប្រវត្តិដីនេះកាលពីសម័យរដ្ឋកម្ពុជា គឺជាបន្ទាយ​ទាហានរបស់ គ.១៣២ ដែលគ្រប់គ្រងដោយលោក ជឹម ភើយ ( អតីតមេបញ្ជាការរង យោធភូមិភាគទី៥ ) ដែលបច្ចុប្បន្នបានចូលនិវត្តន៍។ លុះក្រោយមកក៏មានការផ្លាស់ប្តូរបន្ទាយ ដោយឡែកដីនៅក្នុងតំបន់នេះក៏ត្រូវបានលោក ជឹម ភើយ កាន់កាប់តែម្តង រហូតមានការប្ដឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែមិនអាចឈ្នះលោក ជឹម ភើយ បានឡើយ ។

ប្រជាពលរដ្ឋបន្តថា ៖«បឹងត្រាវ ត្រូវបានអាជ្ញាធរ រក្សាទុកជាសម្បត្តិរដ្ឋដដែល សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម»

ការដ្ឋានសាងសង់មួយកន្លែងដែលសង់រំលោភដីរដ្ឋ ស្ថិតក្នុងស្រុកបានណន់ ខេត្តបាត់ដំបង។ រូបថត បាន ធារ៉ា

មេភូមិសំរោង លោក សេម ថ្លែងថា ដីនេះ គឺ លោ ភើយ បានទិញពីស្ត្រីម្នាក់ឈ្មោះ យាយវឿន។ ហេតុដូច្នេះហើយទើបមានប្រភពជាច្រើនបានចោទប្រកាន់ថា ប្រាកដជាមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងការលក់ដីចំណីបឹងនេះជាមិនខាន។

ពាក់ព័ន្ធនឹងបញ្ហារំលោភបំពានដីរដ្ឋនេះកាលពីកន្លងទៅ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង បានលើកឡើងថា មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបញ្ហាការផ្ដល់សិទ្ធិ ទិញ-លក់ ឬចេញប្លង់ដីខុសច្បាប់ (កាត់ដីកម្មសិទ្ធិរបស់រដ្ឋលក់ និងមានការពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹកនៅតំបន់ហាមឃាត់) ទោះទៅដល់ណាមានមុខតំណែងអ្វីក៏ត្រូវតែចាត់ការតាមច្បាប់ អាចឈានទៅដល់ជាប់ទោសផងដែរ៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

466 views

ព័ត៌មានទាក់ទង