សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរខេត្តបាត់ដំបងប្រមូលអ្នកញៀនថ្នាំ និងជនអនាថាទៅមណ្ឌលកែប្រែដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ

កម្លាំងអធិការនគរបាលក្រុងបាត់ដំបងចុះប្រមូលអ្នកញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមស្រុកបវេល។ រូបថត៖ ឈឿន ថៃកឿ
កម្លាំងអធិការនគរបាលក្រុងបាត់ដំបងចុះប្រមូលអ្នកញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមស្រុកបវេល។ រូបថត៖ ឈឿន ថៃកឿ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងគាំទ្រចំពោះ​វិធានការណ៍របស់អាជ្ញាធរក្នុងការប្រមូលក្មេងញៀនថ្នាំ ជនអនាថា និងជនវិកលចរិត នៅតាមទីសាធារណៈផ្សេងៗ ក្នុងក្រុងបាត់ដំបង ទៅកន្លែងថ្មីសម្រាប់ផ្ដល់ឱកាសឱ្យពួកគាត់កសាងជីវិតថ្មី និង​​ជួយថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងមិនរំខានដល់ភ្ញៀវទេសចរ។

យុវជន រី ប៊ុនរ៉ាត់ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងបានលើកឡើងថា លោកគាំទ្រការប្រមូលជនអនាថា ក្មេងញៀនថ្នាំ ជនវិកលចរិត តាមទីប្រជុំជនជាការល្អប្រសើរ ព្រោះអាចជួយថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងមិនរំខានដល់ភ្លៀវទេចរដែលមកទស្សនាខេត្តនេះ ។

យុវជន​ ប៊ុន រ៉ាត់ ថ្លែងថា៖ «បន្ទាប់ពីប្រមូលពួកគាត់បានហើយ យើងគួរតែមានវិធានការណ៍កុំឲ្យគាត់ត្រឡប់មកវិញបាន។ ប្រសិនបើអាចគួរតែបង្កើតមណ្ឌលកែប្រែមួយ ដើម្បីព្យាបាលនិងកែប្រែពួកគាត់ឲ្យមានភាពល្អប្រសើរជាងមុន»។

ចំណែក​ឯ កញ្ញា នី ចន្ធី មានអាយុ២២ ជានិស្សិតឆ្នាំ២ រៀននៅសកលវិទ្យាល័យជាតិខេត្តបាត់ដំបងបានលើកឡើងស្រដៀងគ្នានេះដែរថា ការប្រមូលជនទាំងអស់នោះទៅមណ្ឌលជាការល្អ វាជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរផងដែរ។

កញ្ញាថ្លែងថា៖ «កាលណាមានជនវិកលចរិត ឬជនអនាថាច្រើនបែបនេះ វាអាចធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះដោយសារតែភាពភ័យខ្លាចពីពួកគាត់។ មួយវិញទៀតក៏មិនគួរបណ្ដោយឲ្យពួក​គាត់ចេញមកវិញ ទាំងមិនទាន់បានព្យាបាលឬកែប្រែជានោះដែរ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កន្លងមក រដ្ឋបាលខេត្តបាត់ដំបង សាលាក្រុងបាត់ដំបង និងកម្លាំងអធិការនគរបាលក្រុងបាត់ដំបងបានប្រមូលអ្នកញៀនថ្នាំ ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមស្រុកបវេល និងមួយចំនួនទៀតបញ្ជូនទៅមជ្ឈមណ្ឌលនីតិសម្បទាខេត្តកណ្ដាល ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ក្នុងការកសាងជីវិតថ្មី និងដើម្បីឱ្យសណ្ដប់ធ្នាប់ក្នុងក្រុងបាត់ដំបងមានសណ្ដាប់ធ្នាប់ល្អ និងមានសុវត្ថិភាព មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង៕

41 views