អាជ្ញាធរក្រុងបាត់ដំបងនិងមន្រ្តីជំនាញ ទទូចដល់ប្រជាពលរដ្ឋកំពុងរស់នៅ លើដីសម្បទាន សង្គមកិច្ច ជាដីដែលគ្រោង ធ្វើសួនព្រែកព្រះស្តេច ស្ថិតនៅ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ចូលរួមសហការរុះរើរំកិលទៅតាមព្រំដី ដែលមន្រ្តីជំនាញបានធ្វើការបែងចែកជាឡូតិ៍រួចរាល់ ដើម្បីឆាប់ទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។
លោកឈឺន យឿប អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានទទូចដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ចប់ជម្លោះ។
លោកបានថ្លែងថា ៖ «ការប្រឈមមួយដែលធ្វើឲ្យការដោះស្រាយមានភាពស្មុគស្មាញ ដោយសារមានបងប្អូនមួយចំនួនទាមទារទំហំដីទៅតាមចំនួនសមាជិកគ្រួសារ។ បើសិនជាបែបនេះមានតែបន្តចែកចំពោះបងប្អូនដែលយល់ព្រម ចំណែកអ្នកដែលមិនយល់ព្រមគឺមានតែទុកសិន»។
លោក ភោគ អាត់ ប្រធានការិយាល័យ រៀបចំដែនដី នៃមន្ទីរនគររូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានឲ្យដឹងថា ការដោះស្រាយមិនចេញនេះគឺដោយសារប្រជាពលរដ្ឋខ្លះនាំអ្នកក្រៅមកនៅ ហើយខ្លះការកូនចៅ កើនឡើងនូវចំនួនសមាជិក ច្រើនជាងកាលដែលសុរិយោដីទៅសួរយកទិន្នន័យ ។
យុវជនមួយរូប ជាពលរដ្ឋមួយរូបរស់នៅលើដីសួននេះ ក្នុងភូមិ១៣មករា បានត្អូញត្អែរអំពីបង្ហាញពីភាពមិនពេញចិត្តចំពោះការដេញ និងផ្តល់ជូនដីថ្មីបែបនេះ ដោយលើកឡើងថា ដីរបស់ខ្លួនបានរស់នៅជាយូរមកហើយ រួចមានកូនចៅដែលរស់នៅលើដីនេះច្រើន បើសិនជាជាអាជ្ញាធរចែកដីសម្បទានឲ្យតិច ច្បាស់ជាគ្មានកន្លែងឲ្យកូនចៅនៅទេ ។
ជាការឆ្លើយតប ទៅលើបញ្ហានេះ លោក ឈឺន យឿប អនុប្រធានមន្ទីរបាន ឲ្យដឹងថា ចាប់តាំងពីបង្កើតគណ:កម្មការសុរិយោដីមក ខេត្តបាត់ដំបងទទួលពាក្យបណ្តឹង ចូល ៥៣៦ ករណី ដែលក្នុងនោះឆ្នាំ២០២២ ទើបតែមានបណ្តឹងចូល១ករណី ហើយបានដោះស្រាយបញ្ចប់ ចំនួន ២៤១ ករណី និង ច្រានចោលពាក្យបណ្តឹង ១៣១ ករណី បញ្ជូនទៅថ្នាក់ជាតិ ៥០ ករណី និងកំពុងតែសោះស្រាយ ៧១ ករណី។
គួររំលឹកផងដែរថា ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានស្នើទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំបែងចែក ដីគ្រោងធ្វើសួន ទៅជាដីសម្បទានសង្គមកិច្ច ផ្តល់ជូន ពលរដ្ឋលើដីគ្រោងសួនព្រែកព្រះស្តេច រួមទាំង យោធិនក្រីក្រ និងជនក្រីក្រ គ្មានផ្ទះសំបែង ។ ក្នុងអំឡុងឆ្នាំ ២០០៧ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំដីនេះ បែងចែកជាឡូតិ៍ ៗ ដែលបានស្រងឈ្មោះ អ្នករស់នៅ លើដីគ្រោងសួននេះផ្ទាល់ មាន ៣៣៤ គ្រួសារ៕
អត្ថបទដោយពលរដ្ឋសារព័ត៌មាន រី មុនីបញ្ញា