សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អភិបាលខេត្តបាត់ដំបងជម្រុញឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត

ប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។ រូបថត៖ ឈឿន ថៃកឿ
ប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។ រូបថត៖ ឈឿន ថៃកឿ

រដ្ឋបាលខេត្តបាត់​ដំបង​ជម្រុញឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមការ​ណែនាំ​របស់​រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការចោលសំរាមពាសវាលពាសកាល និងបង្កភាពងាយស្រួល​ទៅ​ដល់ក្រុមហ៊ុនក្នុង​ការ​ប្រមូលសំរាម។

លោក​ សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែង​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២ ថា បញ្ហាអនាម័យបរិស្ថាន លោក​ជម្រុញឱ្យរដ្ឋបាល​ស្រុក​​ទាំងអស់ ត្រូវរកទីលានចាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការចោលសំរាមពាសវាលពាសកាល។

លោកថ្លែងថា​៖ «សំរាមគឺជាបញ្ហារបស់យើងទាំងអស់គ្នា។ ដើម្បីលុបបំបាត់ឱ្យបានល្អ សូមកុំឱ្យមានសំរាមនៅតាមដងព្រែក ដងអូរ ដងផ្លូវ ស្ទឹងបឹងបួរផ្សេងៗ»។

 ទោះបីជាមានកំណត់ឲ្យមានកន្លែងទុកដាក់ឬចោលសំរាមយ៉ាងណាក្ដី ប្រជាពលរដ្ឋ​មួយចំនួន នៅតែមានការចោលសំរាមពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់បរិស្ថានដែលនៅជុំវិញលំនៅដ្ឋានពលរដ្ឋដទៃទៀតរ។

ពលរដ្ឋរស់នៅព្រំប្រទល់សង្កាត់ក្ដុលដូនទាវ និងសង្កាត់ស្លាតកែត សូមមិន​បញ្ចេញឈ្មោះ​ បានត្អូញត្អែរ ពីក្លិនសំរាមស្អុយរលួយ ដែល​មានសំរាមគ្រប់ប្រភេទលាយគ្នា ដោយមានប្រជាជនពីតំបន់ផ្សេងយកមកចោលនៅតំបន់ដីទំនេរ ផ្លូវភ្លោះទៅប្រាសាទឯកភ្នំជាតំបន់ទេសចរណ៍ ។

ប្រភពពីប្រជាពលរដ្ឋដដែល​បន្ដថា៖ «សំរាមភាគច្រើនមិនមែនបងប្អូននៅជុំវិញតំបន់បូរីនេះចោលទេ គឺមានបងប្អូនពីក្រោម (ផ្លូវទៅវត្តឯកភ្នំ ) ដឹកតាមរ៉ឺម៉ក ដាក់ចងការ៉ុង យកមកចោលនៅទីនេះ»។

ប្រភពពលរដ្ឋដែលរងផលបៈពាល់បន្ដថា កន្លងទៅ ខាងអជ្ញាធរសង្កាត់ស្លាកែត ធ្លាប់ចុះមកជួល ក្រុមហ៊ុន​ប្រមូលសំរាមកើបចេញផងដែរ តែរំលងបានតែមួយទៅពីរថ្ងៃ មានអ្នកដឹកសំរាមមកចោលដដែល។

លោក​ សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែង​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២។ រូបថត៖ ឈឿន ថៃកឿ

ចៅសង្កាត់ស្លាកែត លោក ទូន រ៉ើន បានថ្លែងថា បញ្ហាការចោលសំរាម នេះសង្កាត់តែងតែជួលក្រុមហ៊ុនឲ្យចុះប្រមូលកើបសំរាមតំបន់ខាងលើនេះដែរ។ តែប្រមូលយ៉ាងណាក៏មិនអស់ ដោយសារប្រជាពលរដ្ឋពីខាងក្រោម នៅស្រុកផ្សេង ឬសង្កាត់ដទៃ លួចយកមកចោលពេលយប់ឬពេលស្ងាត់មនុស្សឆ្លង់កាត់ ដែលធ្វើឲ្យមាន​លំបាកក្នុងកំណត់ជនណាដែលយកមកចោលនោះ។

លោក​បានថ្លែងថា៖ «ខាងអាជ្ញាធរក៏បានដាក់បដាហាម ការចោលសំរាមដែលអាចត្រូវពិន័យតាមច្បាប់បានចែងផងដែរ តែគាត់ហាក់ដូចមើលមិនឃើញ ការហាមប្រាមនេះ»។

នៅ​ក្នុងកម្មវិធី អបអរសាទរក្រុងបាត់ដំបង ដែលបានទទួលពានរង្វាន់ជ័យលាភីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) លោក អភិបាល​ខេត្ត​ ជម្រុញឲ្យអាជ្ញាធរក្រុងស្រុក ត្រូវរក្សាឲ្យបានបរិស្ថានស្អាត មានកន្លែងទុកដាក់ត្រឹមត្រូវ និងលើកទឹកចិត្តឲ្យគ្រប់អជ្ញាធរពាក់ពន្ធ័ទាំងអស់ប្រើវិធានការណ៍ផ្លូវច្បាប់ ត្រូវដាក់ទោសទណ្ឌតាមអ្វីដែលច្បាប់បានកំណត់ ទៅលើជនណាដែលយកសំរាមមកចោលពាសវាលពាសកាល ដែលធ្វើបាត់បង់សោភ័ណ្ឌភាពបរិស្ថានអានាម័យ។

សូមបញ្ជាក់ផងដែរ ទីលានចាក់ និងកប់សំរាមដែលមានលក្ខណៈតាមស្ដង់ដារអន្តរជាតិរបស់​ខេត្ត​បាត់​ដំបង​ នឹង​ត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៥ហិកតា ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មានតំលៃប្រមាណ៦លានកន្លះដុល្លារ៕

288 views

ព័ត៌មានទាក់ទង