បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងការទិញ-លក់ ដីរដ្ឋ និងទន្រ្ទានដីព្រៃលិចទឹក ឲ្យទៅបុគ្គលឯកជនគ្រប់គ្រង។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃស្រុកមោងឬស្សី លោក សុខ លូ បានមានប្រសាសន៏ថា បញ្ហាដីធ្លីគ្រប់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាយកចិត្ដទុកដាក់ឱ្យមែនទែន និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់រឿងទទួលចុះហត្ថលេខា បញ្ជាក់លើឯកសារទិញ-លក់ ឬកាន់កាប់ដី ។
លោកមានប្រសាសន៍ថា៖ «ពេលចុះហត្ថលេខាហើយ ដល់ពេលមានបញ្ហាស្រាប់តែដោះសារថាគ្រាន់តែបញ្ជាក់ថាពិតជាហត្ថលេខារបស់មេភូមិ មេឃុំ តើមិនបានដឹងអីទេ។ នោះគឺមិនអាចនិយាយបែបនេះទេណា»។
លោកអភិបាលបានបញ្ជាក់ថា គ្រប់ការទទួលចុះហត្ថលេខារបស់រដ្ឋបាល គឺត្រូវទទួលខុសត្រូវទាំងអស់មិនមែន មានបញ្ហាប្រកែកយកសុខតែខ្លួនឯងនោះទេ មានន័យថាការចុះហត្ថលេខាគឺជាការឯកភាពគ្រប់យ៉ាងរួចទៅហើយ។
លោកបានបន្ថែមថា៖ «ចំពោះមន្ត្រីដែលលួចកាត់ដីរដ្ឋ ដូចជាតំបន់ដែលខ្លួនបំពេញការងារចាស់ទៅលក់ កុំគិតថាប្ដូរលេងនៅកន្លែងនឹងហើយរួចខ្លួនឱ្យសោះគឺមិនអាចទេ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងករណីទន្រ្ទានតំបន់ដីព្រៃលិចទឹក គឺកាន់តែធ្ងន់ធ្ងរខ្លាំងណាស់ព្រោះឈានដល់ទោសឧក្រិដ្ឋ ថែមទៀតផង»។

គួរឱ្យដឹងផងដែរថា កាលពីកន្លងទៅប្រជាពលរដ្ឋក្នុងស្រុកមោងឬស្សី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រៃលិចទឹកជាច្រើនចំនុច ត្រូវបានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយជាហូរហែរនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើសកម្មភាព បំភាន់ភ្នែកអាជ្ញាធរតាមរូបភាពផ្សេងៗ។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ផងដែរថា ជនខិលខូចដែលទន្ទ្រានដីព្រៃលិចទឹកជាប្រចាំគឺមានការពាក់ព័ន្ធជាមួយអាជ្ញាធរពុករលួយមួយចំនួនតូច មានទាំងកងកម្លាំងប្រដាប់អាវុធ និងប្រធានសមាគមន៍ក្នុងតំបន់នោះផងដែរ តែជំនាញដូចជាមិនអាចដោះស្រាយជាមួយបុគ្គលប៉ុន្មានរូបនឹងបានសោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ដបាត់ដំបង ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង កាលពីខែមិថុនា ឆ្នាំ២០២១ ថា ការបង្ការទប់ស្កាត់ការរុករាន ដីព្រៃលិចទឹក មានការលំបាកផងដែរដោយសារទំហំដីព្រៃលិចទឹកក្នុងខេត្ដបាត់ដំបងមានរហូតដល់ជាង ២០ម៉ឺនហិកតា។ ចំណែកមន្រ្តីរដ្ឋបាលជលផលមានតែជាង ២០នាក់ កំពុងធ្វើការលើផ្នែកផ្សេងៗ ហើយក៏មានខ្វះខាតថវិការ និងសម្ភារផងដែរ។
គួបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្ដបាត់ដំបងបានបញ្ជាក់ថា ក្នុងខេត្ដបាត់ដំបងមានស្រុកចំនួន៤ ដែលស្ថិតក្នុងតំបន់៣ នៃបឹងទន្លេសាប ហើយផ្ទៃដីដែលត្រូវរងការខូចខាតដោយការទន្ទ្រានពីជនខិលខូចមានដូចជា ស្រុកមោងឬស្សីមានចំនួន ១ ៩៧៧ហិកតា ស្រុកសង្កែមានចំនួន ៦ ៤២៥ហិកតា ស្រុកឯកភ្នំមានចំនួន ១ ៩២៥ហិកតា និងស្រុកថ្មគោលមានចំនួន ៦៥១ហិកតា ដូចនេះសរុបផ្ទៃដីដែលរងការខូចខាតដោយការទន្រ្ទានរបស់ជនខិលខូចមានចំនួន ១០ ៩៩២ហិកតា៕
ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា