សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អភិបាលខេត្ដបាត់ដំបងនឹងបញ្ជូនជនវិកលចរិកនិងជនអនាថាទៅមណ្ឌលស្ដានីតិសម្បទាដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ

លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់សាធរណៈក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់សាធរណៈក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដែលទើបតែងតាំងនាពេលថ្មីៗនេះ នឹង​រៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈឱ្យបានល្អប្រសើរឡើងវិញ ដោយប្រមូលជនវិកលចរិក និងជនអនាថា នៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ទៅព្យាបាលតាមមណ្ឌលស្ដានីតិសម្បទារដ្ឋ និងអង្គការដៃគូនានានៅក្នុងខេត្ដ។

ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ(វិកលចរិក) និងជនអនាថាស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្ដបាត់ដំបងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានជនមានបញ្ហាវិកលចរិក និងជនអនាថាជាច្រើននៅក្នុងក្រុងបាត់ដំបង។ លោកថា ដើម្បីរៀបចំសណ្ដាប់​ធ្នាប់សាធារណៈ ក៏ដូចជាសោភ័ណភាពក្នុងក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយ និងទាក់ទាញ គឺត្រូវរៀបចំធ្វើយ៉ាងណាបំបាត់កុំឱ្យមានជនមានបញ្ហាស្មារតី បញ្ហាសតិ(វិកលចរិក) និងជនអនាថា នៅតាមទីសារធាណៈ។

លោកបានថ្លែងបន្ថែមថា ៖«យើងត្រូវរៀបចំឱ្យពួកគាត់បានទទួលការស្នាក់នៅ ការហូបចុក ការថែទាំសុខភាព ការព្យាបាលជម្ងឺ និងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតាមមណ្ឌលស្ដានីតិសម្បទារបស់រដ្ឋ ក៏ដូចជាមណ្ឌលស្ដានីតិសម្បទារបស់អង្គការដៃគូនានានៅក្នុងខេត្ដ»

លោក អភិបាលខេត្ដ បានសំណូមពរឱ្យាមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ សប្បុរសជន និងអង្គការពាក់ព័ន្ធនានានៅក្នុងខេត្ដបាត់ដំបងផងដែរ។ លោកក៏បានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងបាត់ដំបង សហការគ្នាក្នុងការធ្វើសម្រង់ស្ថិតិចំពោះជនវិកលចរិក និងជនអនាថា នៅក្នុងក្រុងដើម្បីធ្វើការប្រជុំពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់ ដើម្បីរៀបចំគណៈកម្មការគ្រប់គ្រង និងដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ផងដែរថា នៅពេលកន្លងមក នៅ​ក្នុង​សួន​ច្បារ​សម្តេច​ក្រឡា​ហោម ស ខេង ​ក្នុង​ក្រុង​បាត់ដំបង​ ត្រូវ​បាន​​ជន​អនាថា និង​ជន​វិកល​ចរិក​ ​ធ្លាប់​មាន​ការ​យក​ទង់​ជាតិ​មក​គ្រប​ពី​លើ​ព្រះ​កេស​របស់​រូប​សំណាក ព្រះ​នាង​ឥន្រ្ទទេវី និង​បាន​នាំ​គ្នា​ជុះ​អាចម៌ និងជុះ​នោម​នៅ​កន្លែង​រូប​សំណាក​នោះ​​ផងដែរ៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

106 views

ព័ត៌មានទាក់ទង