សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរឃុំបឹងមាលាចូលរួមប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

លោកស្រី ម៉ៃ ពៅ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកស្វាយលើ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទាមតិ។ រូបថត ភី រចនា
លោកស្រី ម៉ៃ ពៅ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកស្វាយលើ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទាមតិ។ រូបថត ភី រចនា

អាជ្ញាធរនៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បាន​យកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយបាន​​ចូលរួមផ្សព្វផ្សាយ និង​អន្តរាគមន៍លើ ករណីអំពើហិង្សាក្នុងគ្រួសារ​ នៅពេលកើតមានឡើង ដើម្បី​ជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះ។

អ្នកនាង ម៉ារី ពលរដ្ឋរស់នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានលើកឡើងថា អាជ្ញាធរនៅក្នុងឃុំតែងតែយកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដូចជាការចូលរួមផ្សព្វផ្សាយ អន្តរាគមន៍លើករណីអំពើហិង្សាពេលកើតមានឡើង ដើម្បីជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ​។

អ្នកនាង ម៉ារី បានថ្លែងថា ៖ «ទោះជាយ៉ាងនេះក្តី ខ្ញុំទទូចឲ្យអាជ្ញាធរបន្តការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងជួយចុះមកអន្តរាគមន៍ទាក់ទងនិងបញ្ហាអំពើហិង្សាឲ្យបានទាន់ពេលវេលា ក្នុងករណីមានការរាយការណ៍ពីសំណាក់ជនរងគ្រោះ»។

អ្នកនាង ម៉ារី បានថ្លែងបន្តថា សម្រាប់សង្គមកម្ពុជា វប្បធម៌ហិង្សាបានចាក់ឬសយ៉ាងជ្រៅដែលវាមិនមែនជារឿងងាយឡើយក្នុងការដោះស្រាយបញ្ហានេះ។ នៅពេលកើតមានអំពើហិង្សាក្នុងគ្រួសារ ស្ត្រីនិងកុមារគឺជាអ្នកដែលទទួលរងនូវផលប៉ះពាល់ច្រើនជាងគេនៅក្នុងសហគមន៍។

មេឃុំបឹងមាលា លោក ស៊ុយ សុទ្ធា បានលើកឡើងថា អាជ្ញាធរឃុំ តែងតែចុះផ្សព្វផ្សាយ និងអន្តរាគមន៍ជាប់ជានិច្ចទាក់ទងនិងករណីអំពើហិង្សាក្នុងគ្រួសារ។ លោកក៏សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះសហការគ្នា យោគយល់អធ្យាស្រ័យកុំបង្កហិង្សាក្នុងសហគមន៍និងគ្រួសារ ព្រោះនៅពេលមានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារជាជនដែលងាយរងរងគ្រោះ។

លោកបានថ្លែងថា ៖ «ក្នុងឃុំខ្ញុំ​ គឺខ្ញុំ​តែងតែផ្កល់សេវាកម្មផ្សេងៗជាច្រើន​ទៀតដល់ស្ត្រីនិងកុមារពេលមានករណីអំពើហិង្សាក្នុងគ្រួសារកើតមានឡើង»។

យោងតាម​ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះឆ្នាំ២០០៥ ក្នុងមាត្រា​១៣​ បានចែងថា អាជ្ញាធរមូលដ្ឋានមានភារកិច្ច ឃាត់ទុកវត្ថុជាក់ស្តែងដែលត្រូវបានប្រើប្រាស់ដោយជនមុខសញ្ញា។ បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬបង្វែរជនរងគ្រោះទៅកន្លែងសុវត្ថិភាព ដើម្បីការពារជនរងគ្រោះ ផ្ដល់ឲ្យជនរងគ្រោះនូវជំនួយសមស្របដូចជា ផ្លូវច្បាប់ សុខាភិបាល និងកិច្ចការពារសង្គម និងពន្យល់ពីសិទ្ធិទទួលបានការការពារពីអំពើហិង្សារួមមាន ស្នើសុំដីកាការពារពីតុលាការ ផ្តល់ព័ត៌មានត្រឹមត្រូវពីជម្រើសនៃការស្វែងរកយុត្តិធម៌ពីប្រព័ន្ធផ្លូវការ និងមិនផ្លូវការ ហើយគ្មានការបង្ខំឲ្យភាគីណាមួយធ្វើអ្វីមួយប្រឆាំងនឹងភាគីម្ខាងទៀត ព្រោះជនរងគ្រោះនឹងត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯង៕

91 views

ព័ត៌មានទាក់ទង