ទោះបើរដ្ឋាភិបាលកម្ពុជាមានមោទនភាពចំពោះផលិតផលប្រេងដែលទទួលបានបន្ទាប់ពីរង់ចាំអស់ពេលជាយូរ ប៉ុន្តែវិស័យផលិតផលប្រេងរបស់ប្រទេសនេះហាក់នៅមានភាពមិនប្រាកដប្រជា បន្ទាប់ពីក្រុមហ៊ុនបូមប្រេង KrisEnergy ប្រកាសថាមិនមានលទ្ធភាពសងបំណុល។
រដ្ឋាភិបាលបានយកដំណក់ប្រេងដំបូងរបស់ខ្លួនទៅដាក់តំកល់នៅក្នុងវិមានឈ្នះ ឈ្នះ កាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដែលធ្វើជាអធិបតីក្នុងពិធីនោះ មានប្រសាសន៍ថាផលិតផលប្រេងគឺជាពរជ័យសម្រាប់កម្ពុជា។
លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកលើកឡើងពី «បណ្ដាសាប្រេង» វាមិនចំលែកទេ ព្រោះពួកគេតែងតែនិយាយបែបនេះ ហើយមិនមែនតែរឿងប្រេងនេះទេ»។ លោកបន្តថា៖ «ប៉ុន្តែពួកគេតែងរារាំងដល់ដំណើរការអភិវឌ្ឍ និងការរីកចំរើនរបស់ប្រទេស ហើយធ្វើគ្រប់យ៉ាងដែលពួកគេអាចដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសជាតិ»។
តាំងពីកម្ពុជាបានបូមយកដំណក់ប្រេងដំបូងពីឈូងសមុទ្រក្នុងខែធ្នូ ឆ្នាំ២០២០ អ្នកឃ្លាំមើលខ្លះបានអំពាវនាវឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងចំណូលបានពីប្រេងនេះ ដើម្បីបញ្ចៀសពី អ្វីដែលគេហៅថា «បណ្ដាសាប្រេង» ដែលអាចរំខានដល់ផលិតផលធំៗរបស់ជាតិផ្សេងទៀត។
យ៉ាងណា បន្ទាប់ពីប្រាំមួយខែនៃប្រតិបត្តិការបូមប្រេង វិស័យថ្មីមួយនេះកំពុងជួបភាពមិនប្រាកដប្រជា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ KrisEnergy ដាក់ពាក្យសុំរំលាយក្រុមហ៊ុន ខណៈបរិមាណប្រេងទទួលបានតិចជាងការរំពឹងទុក។ ក្រុមហ៊ុនរុករកប្រេងមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ កាលពីថ្ងៃទី៤ ខែមិថុនា បានប្រកាសថាខ្លួនមិនមានលទ្ធភាពក្នុងការសងបំណុល ហើយថាបានរៀបចំដំណើរការប្រកាសក្ស័យធន។ ក្រុមហ៊ុនបានដាក់លិខិតបិទប្រតិបត្តិការរបស់ខ្លួនទៅកាន់តុលាការកំពូលនៅកោះ Cayman ជាកន្លែងដែលក្រុមហ៊ុនបានចុះបញ្ជី។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនទៅកាន់ម្ចាស់ភាគហ៊ុន ក្រុមហ៊ុនបានអះអាងថាបំណុលរបស់ខ្លួនកើនលើសតម្លៃទ្រព្យដែលមាន ហើយលំហូរសាច់ប្រាក់ទាបបានពីការអភិវឌ្ឍអណ្តូងប្រេងអប្សរាស្ថិតនៅប្លុក១A មានន័យថាការបង្វិលសងសាច់ប្រាក់មិនអាចធ្វើបានតទៅទៀត។ ដោយសារតែមិនមានវិធីអាចទទួលយកបានពីជម្រើសបង្វិលសាច់ប្រាក់សងផ្សេងទៀត និងមិនមានទុនថ្មីបន្ថែមសម្រាប់ក្រុមហ៊ុន បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនគ្មានជម្រើសអ្វីផ្សេង ក្រៅពីការប្រកាសក្ស័យធន។ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតចេញផ្សាយកាលពីថ្ងៃទី៨ មិថុនា ក្រុមហ៊ុនបានប្រកាសថាសាជីវកម្ម Madison Pacific Trust Limited នឹងចាត់តាំងអ្នកទទួលលើភាគហ៊ុន និងទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ។
លោកស្រី Tanya Pang អនុប្រធានផ្នែកទំនាក់ទំនងសារជីវកម្មរបស់ក្រុមហ៊ុន KrisEnergy បានបដិសេធធ្វើអត្ថាធិប្បាយ ដោយបានឲ្យអ្នកសារព័ត៌មានមើលព័ត៌មានលើវិបសាយក្រុមហ៊ុនវិញ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពល មានប្រសាសន៍ថាកម្ពុជាក៏កំពុងរង់ចាំមើលដែរថាឧស្សាហកម្មមួយនេះនឹងអភិវឌ្ឍទៅដោយរលូនឬយ៉ាងណា។
លោក មានប្រសាសន៍ថា៖ «យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅឡើយទេ ពីព្រោះយើងកំពុងរង់ចាំមើលការសម្រេចរបស់តុលាការ ថាតើពួកគេប្រគល់ទ្រព្យសម្បត្តិក្រុមហ៊ុនទៅឲ្យម្ចាស់បំណុលណាមួយ ដែលអាចនឹងបន្តប្រតិបត្តិការនៅកម្ពុជាទៀត»។
យ៉ាងណា លោកថាក្រុមហ៊ុននៅបន្តបូមប្រេងជាធម្មតា។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល យើងគឺមើលតែទៅលើលក្ខខណ្ឌមានក្នុងកិច្ចព្រមព្រៀង»។ ដោយបន្ថែមថា៖ «មកដល់ពេលនេះ ក្រុមហ៊ុនបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន»។
ក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ ដើម្បីបូមប្រេងក្នុងប្លុកA លើផ្ទៃទឹក៣ ០៨៣គីឡូម៉ែត្រការ៉េ បន្ទាប់ពីបានទិញហ៊ុនទាំងអស់របស់ក្រុមហ៊ុន Chevron Corp’s ក្នុងតម្លៃ៦៥លានដុល្លារកាលពីឆ្នាំ២០១៤ បន្ទាប់ពីកម្ពុជាបានបរាជ័យក្នុងការបូបមប្រេងលើកដំបូងរបស់ខ្លួន។ ក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន៩៥ភាគរយ ហើយរដ្ឋាភិបាលកម្ពុជាមានហ៊ុនចំនួនប្រាំភាគរយក្នុងគម្រោងមួយនេះ។
ក្រុមហ៊ុនបានប្រកាសថាផលិតផលប្រេងរំពឹងថាអាចបូមបានក្នុងកម្រិតខ្ពស់បំផុត៧ ៥០០បារ៉ែលក្នុងមួយថ្ងៃ ក្រោយពីខ្លួនបានបញ្ចប់គម្រោងខួងប្រេងកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែផលប្រេងដែលទទួលបានទាបជាងការរំពឹងទុក ដោយបរិមាណប្រេងដែលបូមបានក្នុងអណ្តូងប្រេងអប្សរាមានត្រឹមតែជាង២ ៤០០បារ៉ែលក្នុងមួយថ្ងៃ។
អ្នកសេដ្ឋកិច្ចនិយាយថាផលិតផលប្រេងដែលទទួលបាននៅពេលនេះមានចំនួនតិចតួចសម្រាប់ចំណូលជាតិ ទោះបីជាប្រតិបត្តិការនេះដំណើរការពេញលេញក៏ដោយ។ ប៉ុន្តែ សម្រាប់ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ប្រេង និងឧស្ម័ន នឹងរកឃើញមានច្រើនទៀតនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃ។
លោកមានប្រសាសន៍ថា៖«បើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចជារួម ការរំខានណាមួយលើផលិតកម្មប្រេងមិនប៉ះពាល់ធ្ងន់ធ្ងរលើការអភិវឌ្ឍសេដ្ឋកិច្ចទេ ពីព្រោះថាចំណូលដែលរំពឹងថាបានពីប្រេងមានចំណែកតូចបើធៀបទៅនឹងឧស្សាហកម្មដែលមានស្រាប់ដូចជាឧស្សាហកម្មទេសចរណ៍ កសិកម្ម និងឧស្សាហកម្មកាត់ដេរ ជាដើម ដែលបានរកចំណូលរាប់ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច»។
លោក វណ្ណៈ ប្រាប់ខេមបូចា ថាលោកនៅតែជឿប្រតិបត្តិការនឹងនៅតែបន្តទោះបីជាក្រុមហ៊ុនក្ស័យធន ដោយថារដ្ឋាភិបាលនឹងរកវិធីផ្សេងទៀតដើម្បីបន្តបូមប្រេង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s oil production uncertain as KrisEnergy declares insolvency