សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺដុំពកលើស្បែកគោក្របី

បុរសម្នាក់កំពុងមើលសត្វគោដែលកើតជំងឺដុំពកលើស្បែកក្នុងខេត្តសៀមរាប។ រូបថតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
បុរសម្នាក់កំពុងមើលសត្វគោដែលកើតជំងឺដុំពកលើស្បែកក្នុងខេត្តសៀមរាប។ រូបថតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សត្វ​គោ​និង​ក្របី​ប្រមាណ​ជិត​ ៤០.០០០​ក្បាល​បាន​ឆ្លង​វីរុស​មួយ​ ដែល​បង្ក​ជា​ជំងឺ​ដុំ​ពក​លើ​ស្បែក នៅ​ក្នុង​រយៈពេល​បី​ខែ​មក​នេះ​​ទូទាំង​ប្រទេស ហើយ​ការ​រាតត្បាត​ជំងឺ​នេះ​បាន​​បង្ក​ការ​ប៉ះពាល់​ដល់​កសិករ​និង​វិស័យ​​បសុសត្វ។

​អ្នកស្រី ស៊ុន រស់ កសិករ​ម្នាក់​ក្នុង​ស្រុង​មេសាង​ ខេត្ត​ព្រៃវែង​ បាន​និយាយ​ថា គោ​របស់​អ្នកស្រី​ចំនួន​ ១៤​ក្បាល​បាន​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​អស់រយៈពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ។ គោ​មួយ​ក្បាល​បាន​ងាប់ ហើយ​១៣​ក្បាល​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ទាំង​បែប​បុរាណ និង​បែប​វេជ្ជសាស្រ្ត។​

ដោយ​សំដៅ​ទៅ​សត្វ​គោ​ដែល​កើត​ជំងឺ​នោះ​ អ្នកស្រី​បាន​និយាយ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​លក់​គោ វា​លំបាក​ដោយសារ​តែ​វា​ថោក។ ឥឡូវ​នេះ​មិនមាន​ឈ្មួញ​ទិញ​គោ​ទេ ហើយ​អ្នក​កាប់​គោ​ក៏​មិន​ហ៊ាន​ទិញ​លក់​ដែរ»

អ្នកស្រី​បាន​បន្ថែម​​ថា គ្មាន​អ្នកណា​ទិញ​គោ​ដែល​ឈឺ​បន្ទាប់​ពី​​វា​ងាប់​នោះ​ទេ ហើយ​គ្រួសារ​របស់​អ្នកស្រី​បាន​យក​សាច់គោ​នោះ​ទៅ​ធ្វើ​ងៀត និង​ឲ្យ​ទៅ​អ្នក​ជិតខាង​ណា​ដែល​ហ៊ាន​ហូប​សាច់​ងៀត​នោះ។

​យោង​តាម​របាយការណ៍​មួយ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឲ្យដឹងថា សត្វ​គោនិងក្របី​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​កើត​ជំងឺ​ដុំពក​លើ​ស្បែក​កាល​ពី​ដើម​ខែ​មិថុនា។ ជំងឺ​នេះ​លេច​ឡើង​ដំបូង​ក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ហើយ​បន្ទាប់​មក​ត្រូវ​បាន​រក​ឃើញ​នៅ​​បណ្តា​ខេត្ត​តាម​បណ្តោយ​ព្រំដែន​ថៃ។

គិត​ត្រឹម​ថ្ងៃ​២៩ ខែ​សីហា មាន​ករណី​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​ចំនួន ៣៨.៦៦៥ ក្នុង​ស្រុក​ចំនួន ១៥៨។ ក្រសួង​បាន​រាយការណ៍​ថា គោ​ចំនួន ៥៥​ភាគរយ​បាន​ជាសះស្បើយ​ឡើង​វិញ ហើយ ៤៤​ភាគរយ​ទៀត​នៅ​ឈឺ ហើយ​កំពុង​ព្យាបាល។ ហើយ ១​ភាគរយ​ ដែល​ភាគ​ច្រើន​ជា​កូន​គោ បាន​ងាប់។

​លោក​ នូ វនិកា ប្រធាននាយកដ្ឋាន​បសុ​សត្វ និង​សុខភាព​សាធារណៈ​នៃ​ក្រសួង​កសិកម្ម​ បាន​និយាយ​ថា នាយកដ្ឋានរបស់​លោក​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំ​ពក​គោ​ក្របី​រួច​ហើយ។ នា​ពេល​នេះ យុទ្ធនាការ​​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន​ ២​ម៉ឺន​ដូស ទូទាំង ២៥ខេត្ត​ក្រុង។ លោក​បាន​បន្ត​ថា វ៉ាក់សាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​អស់​ប្រមាណ ៣០​ភាគរយ​ហើយ​នាពេល​នេះ ហើយ​វ៉ាក់សាំង​អាច​ចាក់​លើ​សត្វ​គោ​ក្របី​ ដែល​មិនមាន​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​តែ​ប៉ុណ្ណោះ។

​លោក​បាន​មានប្រសាសន៍​ថា៖ «រឿង​សំខាន់​គឺ​ថា ជំងឺ​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស ហើយ​មិនមាន​ថ្នាំព្យាបាល​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​យើង​អាច​ការពារ​ [គោ​ឈឺ] ដើម្បី​កុំ​ឲ្យ​ដុនដាប​ថែម​ទៀត រហូត​ដល់​វា​ជា​ឡើង​វិញ»

លោក​ ​វនិកា ​បាន​លើកឡើង​ថា ហាក់ដូចជា​មិនមាន​ការ​ឆ្លង​ទៅ​មនុស្ស​តាមរយៈ​ការ​ទទួលទាន​សាច់សត្វ​ដែល​កើត​ដុំ​ពក​លើ​ស្បែក​នោះ​ទេ ប៉ុន្តែ​លោក​បាន​បន្ត​ថា គួរ​គប្បី​កុំ​ទទួលទាន​សាច់សត្វ​ទាំង​នោះ។

លោក​ ម៉េង សន្តិភាព​ ប្រធានការិយាល័យបសុសត្វនៅ​ខេត្ត​កំពត​ បាន​និយាយ​ថា ជំងឺ​ដុំ​ពក​លើ​ស្បែក​អាច​ឆ្លង​យ៉ាង​រហ័ស​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ​ទៀត។ ក្រៅ​ពី​បង្ក​ជា​ដុំ​ពក ជំងឺ​នេះ​ក៏​បាន​បង្ក​ជា​រោគសញ្ញា​ផ្សេងៗ​ទៀត និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​សត្វ​ចុះ​ខ្សោយ។ សរុប​មក កម្រិត​និង​រយៈពេល​នៃ​ការ​កើត​ជំងឺ​នេះ​គឺ​អាស្រ័យ​លើ​សុខភាព​សត្វ។

លោក​សន្តិភាព​បាន​បន្ត​ថា ខេត្ត​កំពត​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ដែល​ចាប់ផ្តើម​កាល​ពី​ដើម​ខែ​កញ្ញា ក្នុង​ស្រុក​អង្គរជ័យ ហើយ​នឹង​បន្ត​នៅ​ទូទាំង​ខេត្ត។

លោក​មានប្រសាសន៍​ថា៖ «តាម​ការងារ​បច្ចេកទេស​ យើង​ធ្វើ​បាន​ច្រើន។ សម្រាប់​វ៉ាក់សាំង យើង​ទើប​នឹង​បាន​ទទួល ហើយ​ខេត្ត​ក្រុង​ទាំង​២៥ ទើប​តែ​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កាល​ពី​សប្តាហ៍​មុន​នេះ»

លោក​បាន​បន្ថែម​ថា កសិករ​មិន​អាច​ពឹងផ្អែក​លើ​វ៉ាក់សាំង​តែ​មួយ​នោះ​ទេ ហើយ​ត្រូវ​អនុវត្ត​វិធានការ​គ្រប់គ្រង​ជំងឺ​និង​អនាម័យ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។

​​លោក ទុំ កុម្ភៈ កសិករ​ម្នាក់​ក្នុង​ស្រុក​ឈូក ​ខេត្ត​កំពត និយាយ​ថា គោ​បី​ក្បាល​ក្នុង​ចំណោម​គោ​ប្រាំ​ក្បាល​របស់​លោក​បាន​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក ហើយ​មាន​កើត​រោគសញ្ញា​ផ្សេង​ទៀត​ផង​ដែរ​ដូចជា ហើម​ជើង និង​មិនស៊ីចំណី។

លោក​ កុម្ភៈ ថ្លែង​ថា៖ «ឆ្នាំ​នេះ​មាន​ការ​ខាតបង់​ច្រើន។ [ខ្ញុំ] ត្រូវ​មើល​ [គោ] ខាត​កម្លាំង​ លុយកាក់ និង​ពេលវេលា។ វា​អត់ប្រយោជន៍» លោក​បាន​បន្ត​ថា ឈ្មួញ​បាន​ឲ្យ​ថ្លៃ​តែ​ ២៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​គោដែល​ងាប់​ដោយសារ​ជំងឺ​ដុំ​ពក​លើ​ស្បែក។

​​លោក​បាន​បន្ថែម​ថា គោ​ដែល​មាន​សុខភាព​ល្អ​អាច​មាន​តម្លៃ​រហូត​ដល់​ ១.០០០​ដុល្លារ ប៉ុន្តែ​តម្លៃ​នេះ​បាន​ធ្លាក់ចុះ​ដោយសារ​ជំងឺ​ដុំ​ពក​លើ​ស្បែក ហើយ​ថ្លៃ​ព្យាបាល​គឺ​មាន​ខ្ពស់។

លោក​ នេត្រ ជាតិ កសិករ​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ​ និយាយ​ថា លោក​មាន​គោ​ចំនួន​ប្រាំមួយ​ក្បាល​ដែល​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​អស់រយៈពេល​ពីរ​សប្តាហ៍​មក​នេះ។ លោក​បាន​ចំណាយ​អស់​ជិត ៥០០​ដុល្លារ ស្មើ​នឹង ៨៣​ដុល្លារ​ក្នុង​គោ​​មួយ​ក្បាល សម្រាប់ថ្លៃព្យាបាល និងថ្នាំ។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ចំណាយ​លុយ​មើល​ពួកគេ វា​ចំណាយ​ទាំង​ពេលវេលា​ និង​កម្លាំង ហើយ​ថ្លៃ​គោ​ក៏​ធ្លាក់ចុះ។ ខ្ញុំ​សឹង​តែ​មិនចង់​ចិញ្ចឹម​វា​ត​ទៅ​ទៀត​នោះ​ទេ»

លោក​បាន​ពន្យល់ថា ពីមុន​មក​ឈ្មួញ​បាន​ឲ្យ​ថ្លៃ​ចំនួន ១.២៥០​ដុល្លារ​សម្រាប់​គោ​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​ឥឡូវ​នេះ​ លោក​អាច​លក់​បាន​ក្នុង​តម្លៃ​តែ ៧៥០​ដុល្លារ​ប៉ុណ្ណោះក្នុងគោមួយក្បាល ទោះបីជា​គោ​មិនមាន​កើត​ជំងឺ​ដុំ​ពក​ក៏​ដោយ។ លោក​បាន​បន្ត​ថា នេះ​មិន​សម​នឹង​តម្លៃ​ដែល​លោក​បាន​ចំណាយ​នោះ​ទេ។

លោក អ៊ុក វណ្ណថា ពេទ្យសត្វឯកជន នៅ​ក្នុង​ស្រុក​គីរីវង្ស​ ខេត្ត​តាកែវ និយាយ​ថា ថ្នាំ​ប្រឆាំង​វីរុស​អាច​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​បង្ក​ឡើង​ដោយ​ជំងឺ​ដុំ​ពក​លើ​ស្បែក ប៉ុន្តែ​មិន​អាច​កំចាត់​​ជំងឺ​នេះ​​នោះ​ទេ ដោយ​លោក​ថា វីរុស​ជំងឺ​ដុំ​ពក​នេះ​អាច​ឆ្លង​ដោយ​ផ្ទាល់​រវាង​សត្វ​គោ ឬ​សត្វ​មូស។ លោក​ វណ្ណថា ក៏​បាន​ចោទសួរ​ជុំវិញ​​ថា​តើ​វ៉ាក់សាំង​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​នឹង​ក្រសួង​សមស្រប​ឬ​ទេ ដោយ​លើកឡើង​ថា ក្រុមហ៊ុន​នាំ​ចូល​ថ្នាំ​នេះ​និយាយ​ថា ប្រភេទ​វ៉ាក់សាំង​នេះ​ត្រូវ​ការ​ចាក់​ជា​ច្រើន​លើក។

លោក ញឹប ស្រ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ មានប្រសាសន៍ថា លោក​បាន​ជូនដំណឹង​ពី​វិធីបង្ការ​ផ្សេងៗ​នៅ​ស្រុក​ដែល​រង​ការ​ប៉ះពាល់​ពី​ជំងឺ​ដុំ​ពក​គោក្របី រួមមាន ស្រុក​គីរីវង្ស ស្រុក​ត្រាំកក់ និង​ស្រុក​​បាទី ដែល​មាន​ករណី​កើត​ជំងឺ​នេះ​ចំនួន ៦០០ករណី ហើយ​មិនមាន​សត្វងាប់​ដោយសារ​ជំងឺ​នេះ​ត្រូវ​បាន​រាយការណ៍​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ កសិករ​ត្រូវ​បាន​ណែនាំ​ឲ្យ​រក្សា​អនាម័យ​ក្នុង​ក្រោល។ អាជ្ញាធរ​ក៏​បាន​ចែកចាយ​មុង​ទៅ​ដល់​ពលរដ្ឋ​តាម​គ្រួសារ​ដើម្បី​ការពារ​ពី​ការ​ខាំ​ដោយ​មូស​ដែល​អាច​មាន​ផ្ទុក​វីរុស​ជំងឺ​ដុំ​ពក​លើ​ស្បែក​ផង​ដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cattle farmers hit by outbreak of lumpy skin disease among stock

467 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម