សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនចិន Yuetai រងការស៊ើបអង្កេតជុំវិញការលក់ដីបន្តនៅតំបន់មាត់ទន្លេនៅក្រុងភ្នំពេញ

បុរសម្នាក់សម្លឹងមើលពីស្ពានជ្រោយចង្វារទៅតំបន់អភិវឌ្ឍន៍ City Gate របស់ក្រុមហ៊ុន Yuetai ដែលបានជួលពីកំពង់ផែភ្នំពេញ។ ខេមបូចា/ព្រីង សំរាំង
បុរសម្នាក់សម្លឹងមើលពីស្ពានជ្រោយចង្វារទៅតំបន់អភិវឌ្ឍន៍ City Gate របស់ក្រុមហ៊ុន Yuetai ដែលបានជួលពីកំពង់ផែភ្នំពេញ។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​មួយ​ ដែលគ្រោង​នឹង​ផ្លាស់ប្តូរ​​មុខមាត់​តំបន់​មាត់ទន្លេ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​នេះ​ប៉ុនប៉ុង​លក់​ដី​តម្លៃ​រាប់​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​ជួលពីកំពង់ផែភ្នំពេញ​ដើម្បី​​អភិវឌ្ឍ ដែលមន្ត្រីនិយាយថានេះ​អាច​នាំឲ្យមានការ​​​រំលោភបំពាន​កិច្ចសន្យា។

ក្រុមហ៊ុន​  Yuetai Group ដែលបាន​ជួល​ដី​​ទំហំ​ជាង៩ ​ហិកតាពី​ស្ពាន​ជ្រោយចង្វារ ដល់មុខ​​ផ្សារ​រាត្រី ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១៨ បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​​ ដែល​បានបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​​មួយ​ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន​នេះ​ដោយបាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្មការពុះ​ដីឡូតិ៍​នៅ​តំបន់​ខាងលើ​ ដែល​ ខេមបូចា បាន​ឃើញ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន។

លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់ ខេមបូចា ថាមន្រ្តី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន Yuetai កាល​ពី​ខែ​មករា ដើម្បី​ពិភាក្សា​ពី​ការ​ចោទប្រកាន់​ខាង​លើ ដោយ​ធ្លាប់​បាន​ព្រមាន​ក្រុមហ៊ុន​នេះ​ពី​មុន​មក​មិន​ឲ្យ​លក់​ដី​ដែល​ត្រូវ​បាន​ជួល​សម្រាប់​គម្រោង​ «City Gate» តម្លៃ ៥០០​លាន​ដុល្លារ។

​លោក​បាន​ថ្លែង​ថា៖ « ​បើ​ក្រុម​ហ៊ុន​ធ្វើ​ខុសវា​ជា​ការ​បំពាន​លើ​កិច្ចសន្យា​ ហើយ​យើង​នឹង​ពិចារណា​ទៅលើ​ការ​រំលាយចោល​កិច្ច​សន្យា​ ព្រោះយើង​ខ្លាចខូច​គម្រោង និង​ខូច​ឈ្មោះ​របស់​កំពង់ផែ និង ក្រសួង​ពាក់​ព័ន្ធ​ផងដែរ។ យើង​នឹងធ្វើការ​ស្រាវជ្រាវបន្ត»​។​

លោក​បាន​បន្ត​ថា៖ «ក្រុមហ៊ុន​នេះ​អះអាង​ថា មិនមាន​ការ​លក់ដី​បន្ត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ។ ទោះ​បី​យ៉ាង​ណាក៏ដោយ កំពង់ផែ​នឹង​បន្ត​ស៊ើបអង្កេត»

លោក លឹម សេង អនុប្រធាន​​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុន Yuetai បាន​និយាយ​ថា ប្រហែល​មាន​ការ​ភ័ន្តច្រឡំ​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ជួល​បន្ត​ផ្នែក​មួយ​ចំនួន​នៃ​ដីឡូតិ៍​នោះ។

​លោក​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​ធ្លាប់​មាន​គម្រោង​ដាក់​ដី​សម្រាប់​ការ​វិនិយោគ​ឡើង​វិញ ស្វែងរក​ដៃគូ​ដើម្បី​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន​ និង​កន្លែង​ហាត់ប្រាណ។ ទោះបីយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​មិនបាន​បែងចែក​ដី​ជា​ដីឡូតិ៍​សម្រាប់​លក់​ដូច​ពាក្យ​ចចាមរាម​នោះ​ទេ»

​តំណាង​ក្រុមហ៊ុន Yuetai ផ្សេង​ទៀត​ បាន​ប្រាប់ ខេមបូចា ថាក្រុមហ៊ុន​មិន​បាន​លក់​ដី​នៅ​ក្នុង​គម្រោង​សម្បទាន​នោះ​ទេ ហើយ​ថា ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​ធ្វើ​ការ​បង្ហោះ​នោះ ​មិនមែន​ជា​របស់​​ក្រុមហ៊ុន​នោះ​ទេ។

តំណាង​ក្រុម​ហ៊ុន​រូប​នេះ​បាន​ឆ្លើយតប​​តាមសារទំទ័រហ្វេសប៊ុករបស់​ក្រុម​ហ៊ុន​ Yuetai ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឬ​តួនាទី​​ថា៖ «ទំព័រ​ហ្វេសប៊ុក​នោះ​គឺ​ជា​ ទំព័រ​របស់​ឈ្មួញ​កណ្តាល ហើយ​ព័ត៌មាន​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ»។​​

គម្រោង​អភិវឌ្ឍ​ ដែល​មាន​ឈ្មោះ​ថា Phnom Penh Harbor Bay ត្រៀម​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​មុខមាត់​​តំបន់​មាត់ទន្លេ​ភាគខាងជើង ជាមួយ​នឹង​អគារ​ខុនដូ​ ៥០​ជាន់ រមណីយដ្ឋាន​លំដាប់​ផ្កាយ​ប្រាំ សួន​ទឹក ផ្សារ​អណ្តែត​ទឹក និង​មជ្ឈមណ្ឌល​ពិព័រណ៍ ដែល​មាន​រួម​បញ្ចូល​នៅ​ក្នុង​ប្លង់។ ​

កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ ដែល​បាន​ឈ្មោះ​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​មូលប័ត្រ​កម្ពុជា​ បានដាក់​ជួល​ដី​តាម​បណ្តោយ​ទន្លេសាប​សម្រាប់​រយៈពេល ៥០​ឆ្នាំ​ទៅឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន​ Chean Chhoeung Thai Group ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន Yuetai ក្នុង​តម្លៃ ១៦,៥ លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ២០១៨។

Inside caption: អ្នកបើករ៉ឺម៉កបើកកាត់មុខផ្ទាំងផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Yuetai Group’s City Gate នៅក្នុងទីក្រុងភ្នំពេញ កាលពីខែកុម្ភៈ។ ខេមបូចា/ព្រីង សាំរាំង

យោង​ទៅ​តាម​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ នឹង​ត្រូវ​បាន​លុប​ចោលវិញ ក្រុមហ៊ុន​នេះ​បាន​ដាក់​លក់​ដី​ទំហំ​រវាង​ ១០៤ និង១៦៩​ ម៉ែត្រ​ការេ។

ខេមបូចា បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​លេខទូរសព្ទ​ ដែល​មាន​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ និង​បាន​​ជួប​ជាមួយ​បុរស​ម្នាក់​ ដែល​អះអាង​ថា​ជា អ្នក​តំណាង​ផ្នែក​លក់​សម្រាប់​ក្រុមហ៊ុន Yuetai។ បុរស​រូប​នេះ​បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា ​ដី​ជិត​ពីរ​ហិកតា​ត្រូវ​បាន​កាត់​ដើម្បី​ដាក់​លក់​ក្នុង​តម្លៃ​រវាង ៣៣០០​ដុល្លារ និង​៤០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ ដោយ​ក្រុមហ៊ុន​នឹង​ផ្តល់​ប្លង់​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​ទិញ។

​បើគណនានៃតម្លៃ​សរុប​នៃ​ការ​លក់​នេះមានតម្លៃ​រហូត​ដល់​រាប់​សិប​លាន​ដុល្លារ។​

នៅ​ពេល​ទាក់ទង​សារជាថ្មី​នៅ​ខែ​មីនា​នេះ អ្នក​តំណាង​ផ្នែក​លក់​រូប​នោះ​បាន​និយាយ​ថា ដី​នោះ​លែងដាក់​​លក់​តទៅ​ទៀត​ហើយ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​ធុរកិច្ច​នៅ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​និយាយ​ថា ខណៈ​ច្បាប់​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Yuetai លក់​ដី​ដែល​ផ្តល់​ជា​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍ទេ ប៉ុន្តែ​ដី​នោះ​អាច​ត្រូវ​លក់​ឲ្យ​ភាគី​ទី​បី​ក្រោម​កិច្ចសន្យា​ជួល​បន្ត​ពី​រដ្ឋ​នៅ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ប្រឈម​នឹង​ការ​ក្ស័យធន។

លោក​បាន​បន្ត​ថា ​ការ​ប្រកាស​​ការ​ដាក់​លក់​ដី​គួរ​តែ​​ត្រូវ​បាន​ពិនិត្យ​ពិច្ច័យ​ឲ្យ​បាន​ដិតដល់​ពី​សំណាក់​អាជ្ញាធរ​ដើម្បី​បញ្ចៀស​វិវាទ​នា​ពេល​អនាគត ដោយ​ធ្វើ​ឲ្យ​អ្នក​ទិញ​ខាត​បង់​ការ​វិនិយោគ​របស់​ពួកគេ។ ​​

​លោក​បាន​ថ្លែង​ថា៖ «ដូចជា ទិញ​ដី​នៅ​ក្រោម​កិច្ចសន្យា​ខុស​ច្បាប់​មួយ​អញ្ចឹង ហើយ​បន្ទាប់​មក​រដ្ឋ​មាន​សិទ្ធិ​រឹបអូស​ទ្រព្យសម្បត្តិ​នោះ»

ផ្សារ​ភ្ជាប់​ជាមួយ​​នឹង​គម្រោង​អភិវឌ្ឍន៍ City Gate ក្រុមហ៊ុន Yuetai នឹងចំណាយ​ប្រាក់​ ៣០​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ច្រាំង​ទន្លេ ផ្លូវ​ដើរ និង​ផ្លូវ​បើកបរ​នៅ​ក្នុង​តំបន់​នោះ។ 

ក្រុមហ៊ុន​ក៏​​មាន​គម្រោង​សាងសង់​អគារ​ការិយាល័យ​​តម្លៃ​ ១១​លាន​ដុល្លារ និង​ច្រកចេញ​ចូល​ចំនួន​ពីរ​​តម្លៃ ៣០​លាន​ដុល្លារ សម្រាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញផង​ដែរ។

​លោក ប៉ិច​ ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និយាយ​ថា ជា​ការ​សំខាន់​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​នៅ​ក្នុង​ការ​គោរព​កិច្ចសន្យា ហើយ​ការ​កែប្រែ​ណា​មួយ​ទៅ​លើ​លក្ខខណ្ឌ​ព្រមព្រៀង​ពី​មុន​​ត្រូវ​តែ​យក​មក​ពិភាក្សា។

លោក​បាន​ថ្លែង​ថា៖ «អាជ្ញាធរ​គួរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​សមស្រប និង​តាមដាន​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការ​អនុវត្ត​កិច្ចសន្យា និង​ធានា​ថា ​គ្រប់​លក្ខខណ្ឌ​ត្រូវ​បាន​គោរព​តាម»។ ​.

​នៅ​ទីតាំង​គម្រោង ក្រុមហ៊ុន Yuetai ពេលនេះ​បានបញ្ចប់ការសាងសង់ផ្ទះ​អាជីវកម្ម​កម្ពស់៣​ជាន់​ ដែល​នឹង​លក់​ក្នុង​តម្លៃ​រវាង ១៥០ ០០០ ដុល្លារ និង​១​លាន​ដុល្លារ ហើយ​នាពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​កំពុង​ចាក់គ្រឹះ​ដើម្បី​សាងសង់​អាគារ​ខុនដូ​ចំនួន​ពីរប្លុក​ ដែល​នឹង​ដាក់​លក់​​ក្នុង​តម្លៃ​រវាង ៨០.០០០​ដុល្លារ និង១២០.០០០​ដុល្លារ។​​​​​

នៅ​កម្ពុជា គម្រោង​របស់​ក្រុមហ៊ុន Yuetai រួម​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម East One, East View និង​ East Commercial Center។ ក្រុមហ៊ុន​ក៏​កំពុង​អភិវឌ្ឍ​គម្រោង Yuetai the Garden ដែល​ជា​គម្រោង​បុរី​ត្រៀម​នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ​ផង​ដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chinese firm Yuetai probed over resale of land on Phnom Penh riverfront

820 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម