សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋស្នើសុំអាជ្ញាធរពន្លឿនក្នុងការជួសជុលផ្លូវដែលខូចក្នុងក្រុងបាត់ដំបង

ផ្លូវខូចជាច្រើនកន្លែង នៅក្នុងក្រុងបាត់ដំបង។ រូបថត៖ សុខ មន្នីនាថ
ផ្លូវខូចជាច្រើនកន្លែង នៅក្នុងក្រុងបាត់ដំបង។ រូបថត៖ សុខ មន្នីនាថ

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងបាត់ដំបងស្នើសុំឲ្យអាជ្ញាធរ​ខេត្តពន្លឿនក្នុងការជួសជុលផ្លូវដែលខូចខាត​​ជា​ច្រើន​កន្លែង ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងរដូវភ្លៀងធ្លាក់។

ពលរដ្ឋម្នាក់ដែលសូម​មិនបញ្ចេញឈ្មោះ​បានលើកឡើងថា ផ្លូវក្នុងក្រុងមានការខូចខាតច្រើន។ អាជ្ញាធរបានជួសជុលខ្លះហើយ ប៉ន្តែ​នៅចំណុចខ្លះទៀតមិនទាន់​ធ្វើនៅឡើយ ដោយសារ​ផ្លូវមានសំបុកមាន់ច្រើនពិបាកធ្វើដំណើរ។ ផ្លូវដែលលំបាកនោះ មាន​ដូចជា ចំណុចភ្លើងស្តុបច្រមុះជ្រូក ទៅសាលាឌូវី និង ផ្លូវភ្លើងស្តុបទៅសួន និង ផ្លូវមុខភូមិភាគ៥ជាដើម។

ពលរដ្ឋបានលើកឡើងថាផ្លូវកន្លែងខ្លះយឺតយ៉ាវក្នុងការជួសជុល គឺឈូសឆាយហើយ ទុកចោលមិនទាន់បន្តចាក់កៅស៊ូឡើងវិញ ដែលធ្វើឲ្យហុយ ប៉ះពាល់ដល់អ្នកធ្វើដំណើរ ដូចជាផ្លូវទៅវាលស្រែ១០០ និង ផ្លូវមុខវត្តពោធិ៍វង្សជាដើម ។

លោក ផេង រ៉ា អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី២៨ខែមេសា២០២២ កន្លងមកថា បច្ចុប្បន្ននេះមន្ទីរបាន ដាក់កម្លាំងពីរក្រុម ដើម្បីធ្វើការលុបសំបុកមាន់ក្នុងក្រុង ដោយលោកអះអាងថាប៉ុន្មានថ្ងៃទៀត ផ្លូវសំបុក មាន់នឹងអស់ មិនឲ្យមាននោះទេ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុង សឿង មន្រ្តីទទួលបន្ទុកសាធារណៈការក្រុងបាត់ដំបង បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ ដែរថា ដោយសារអា​កាស​ធាតុ ផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងបានរងការខូចខាតជាច្រើនកន្លែងមិនអាចធ្វើលឿនបានទេ ព្រោះកម្លាំងមានចំនួនតិច ហើយកញ្ចប់ថវិកាមានកំណត់ផងដែរ។

លោកបន្ថែមថា ផ្លូវខាងលើ បានឈូសឆាយធ្វើគ្រឹះអស់ហើយ នៅតែចាក់កៅស៊ូប៉ុណ្ណោះ តែវាទាមទាពេលវេលា មិនអាចធ្វើលឿនបានទេ។

146 views

ព័ត៌មានទាក់ទង