សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការមួយក្នុងចំណោមសវនាជម្រះក្តីជា ច្រើនលើអតីតសមាជិកគណបក្សសង្គ្រោះជាតិពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិ បាលនិងបទញុះញង់យោធាកុំឲ្យស្តាប់បង្គាប់មេបញ្ជាការរបស់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញបានបន្តនីតិវិធីជំនុំជម្រះពីសវនាការកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំមុននៅក្នុងសំណុំរឿងមួយ ដែលមានបទចោទប្រកាន់ដូចគ្នាទៅនឹងការជំនុំជម្រះស្រដៀងគ្នាផ្សេងទៀត។ សវនាការកាលពីថ្ងៃសុក្រពាក់ព័ន្ធនឹងជនជាប់ចោទ២១ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ បទញុះញង់និងបទញុះញង់យោធាកុំឲ្យស្តាប់បង្គាប់។
ជនជាប់ចោទរួមមានមេដឹកនាំជាន់ខ្ពស់នៃគណបក្ស ដែលកំពុងនិរទេសខ្លួនរួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង។ ជនជាប់ចោទផ្សេង ទៀត គឺជាមន្រ្តីគណបក្សថ្នាក់ក្រោម ដែលពួកគាត់ភាគច្រើនស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋផ្សេងទៀតកាលពីឆ្នាំមុន។
មានតែជនជាប់ចោទ ៦នាក់ប៉ុណ្ណោះ ដែលមានវត្តមាននៅតុលាការកាលពីថ្ងៃសុក្រហើយពួកគាត់ភាគច្រើនបដិសេធចម្លើយនៅដំណាក់កាលនរគបាលយុត្តិធម៌និងដំណាក់កាលចៅក្រមស៊ើបអង្កេត ដោយអះអាងថា ពួកគាត់ត្រូវបានបង្ខំឱ្យផ្តល់ចម្លើយទាំងនោះ។ ជនជាប់ចោទពីរនាក់ផ្សេងទៀតត្រូវបានសាកសួរនៅតុលាការរួចហើយកាលពីថ្ងៃទី ២៩ ខែធ្នូ ។
ការសួរដេញដោយកាលពីថ្ងៃសុក្រផ្តោតជុំវិញការបង្កើតចលនាសង្គ្រោះជាតិកម្ពុជា (CNRM) ដែលត្រូវបានបង្កើតឡើងកាលពីខែមករា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ សវនាការនិងមូលដ្ឋានសម្រាប់ធ្វើការចោទប្រ កាន់ហាក់ដូចទាក់ទិនបញ្ហាច្រើនរួមទាំងការសម្តែងមតិរិះគន់របស់ជនជាប់ចោទអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ និងការរិះគន់លើមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីគណបក្សកាន់អំណាច។
អំឡុងសវនាការពេញមួយថ្ងៃ ប្រធានក្រុមប្រឹក្សា រស់ ពិសិដ្ឋ ដែលជំនុំជម្រះរឿងក្ដី ស្រដៀងគ្នាលើអតីតសមាជិកគណបក្សសង្គ្រោះជាតិ១៣៧ នាក់ផងដែរ បានសាក សួរជនជាប់ចោទអំពីរចនាសម្ព័ន្ធរបស់ CNRM និងការចូលរួមរបស់ចលនានេះក្នុងការជួយដល់ការព្យាយាមមិនបានសម្រេច។
ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះគឺលោក សុខ ចាន់ថា ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសាពីបទប្រមាថព្រះមហាក្សត្របាននិយាយថា លោកមិន បានដឹងអំពីចលនាសង្គ្រោះជាតិទេ ហើយក៏មិនបានទទួលបញ្ជាណាមួយពីមេដឹកនាំជាន់ខ្ពស់គណបក្ស ដែលកំពុងរស់នៅឯបរទេសដែរ។
លោក ចាន់ថា សមាជិកក្រុមប្រឹក្សាប្រចាំខេត្តព្រៃវែងបាននិយាយថា៖ «ខ្ញុំមិនបានដឹងអំពីការបង្កើតចលនាសង្គ្រោះជាតិកម្ពុជាទេ»។
លោក ចាន់ថា ក៏បានបដិសេធចម្លើយ ដែលលោកបានឆ្លើយនៅចំពោះមុខអគ្គស្នង ការនគរបាលជាតិកាលពីឆ្នាំមុន ដោយអះអាងថា មន្ត្រីនគរបាលបានបង្ខំឲ្យលោកសារភាពនិងផ្តិតមេដៃទទួលយកបទចោទទាំងបី។
លោកបាននិយាយថា៖ «ខ្ញុំបដិសេធរាល់របាយការណ៍ទាំងអស់ពីអគ្គស្នងការនគរ បាលជាតិ ពីព្រោះខ្ញុំត្រូវបានគេបង្ខំឲ្យផ្តិតមេដៃ [លើកឯកសារ] ពីព្រោះខ្ញុំភ័យហើយ [ប៉ូលីស] បានគំរាមខ្ញុំ ដោយនិយាយថា សំឡេងរបស់ខ្ញុំត្រូវបានថតនៅក្នុងឌីស»។
នៅពេលមួយនោះ ព្រះរាជអាជ្ញារង សេង ហៀង បានអានចម្លើយរបស់លោក ចាន់ថាជាអ្វីដែលតាមចោទថា លោកបានធ្វើការកត់សម្គាល់អំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងអាវុធ» ទៅកាន់សហភាពអឺរ៉ុប ដែលបណ្តាលឲ្យរោង ចក្រទាំងអស់ត្រូវបិទទ្វារក្នុងប្រទេស ចំណែករដ្ឋាភិបាលជាអ្នកសប្បាយចិត្តទៅវិញ។
លោក ចាន់ថា បានច្រានចោលចម្លើយនេះ ដោយបន្ថែមថា ចៅក្រមស៊ើបសួរមិន ដែលបានបង្ហាញចម្លើយដល់លោកទេ បន្ទាប់ពីសាកសួររួច។
លោក ញ៉ែម វៀន អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តស្វាយរៀងក៏បានបដិ សេធចម្លើយនៅដំណាក់កាលនគរបាលឬចៅក្រមស៊ើបអង្កេតផងដែរ ដោយអះអាងថា មន្ត្រីតុលាការបានបញ្ចូលចម្លើយមិនត្រឹមត្រូវ។ លោកបាននិយាយថា លោកមិន ដែលអះអាងថា មានមនុស្ស ៣០នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្ត បាត់ដំបងនិងខេត្តបន្ទាយមានជ័យកាលពីឆ្នាំមុននោះទេ។
លោកបាននិយាយថា៖ «ខ្ញុំយល់ស្របថា ខ្ញុំបាននិយាយថា មានមនុស្សពី ៣០០ ទៅ ៤០០ នាក់ ដែលបានស្លាប់ដោយដោយសារកូវីដ-១៩ នៅប្រទេសគេ ប៉ុន្តែខ្ញុំមិនបាននិយាយថា មានមនុស្ស ៣០នាក់ បានស្លាប់នៅក្នុងប្រទេសកម្ពុជានោះទេ»។
លោក ញ៉ែម វៀន បានបន្ថែមថា លោកត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើចម្លើយនៅដំ ណាក់កាលប៉ូលិស ពីព្រោះពួកគេបានគំរាមកំហែងសុវត្ថិភាពគ្រួសាររបស់លោក។
លោកចៅក្រម រស់ ពិសិដ្ឋ បានបដិសេធការចោទប្រកាន់ដែលថា ចៅក្រមស៊ើបសួរឬមន្រ្តីតុលាការបានកែប្រែចម្លើយរបស់ជនជាប់ចោទតាមអំពើចិត្ត។
លោកចៅក្រមមានប្រសាសន៍ថា៖ «មន្ត្រីតុលាការគឺមានវិជ្ជាជីវៈ។ [ចៅក្រម] គេមិនដែលកត់ត្រាអ្វី ដែលជនជាប់ចោទមិនបាននិយាយនោះទេ។ តើលោកមានភស្ដុតាងណាមួយ ដើម្បីបញ្ជាក់អំពីរឿងនេះទេ?»។
លោកចៅក្រមបានផ្អាកការជំនុំជម្រះកាលពីថ្ងៃសុក្រ ហើយនឹងបន្តនៅថ្ងៃទី ៤ ខែកុម្ភៈ។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានច្រានចោលការ ចោទប្រកាន់របស់ជនជាប់ចោទ ហើយបាននិយាយថា ពួកគេអាចស្នើសុំឱ្យព្រះរាជ អាជ្ញាចាប់ផ្តើមការស៊ើបអង្កេត ប្រសិនបើពួកគេមានភស្តុតាងគាំទ្រការចោទប្រកាន់របស់ខ្លួន។
លោក គឹមឃឿន បានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកចង់ដឹងថា តើរឿងនេះពិតឬអត់នោះ មានតែព្រះរាជអាជ្ញាទេ ដែលអាចចេញដីកាស៊ើបអង្កេតបន្ថែម ។ ប្រសិនបើជនជាប់ចោទមិនពេញចិត្ត ពួកគេអាចស្នើសុំឲ្យព្រះរាជអាជ្ញាស៊ើបអង្កេតបន្ថែម»។
មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា ចៅក្រមគួរតែច្រានចោលចម្លើយពីមុន ពីព្រោះចម្លើយទាំងនេះទទួលបានតាមរយៈការបង្ខិតបង្ខំ ហើយមិនគួរយកមកប្រើ ដើម្បីស្វែងរកកំហុសកូនក្តីរបស់លោកនោះទេ។
លោក សុខគង់ បានមានប្រសាសន៍ថា៖ «អំឡុងពេលជំនុំជម្រះ កូនក្តីខ្ញុំបាននិយាយដោយស្មោះត្រង់ ហើយគាត់ហ៊ានស្បថនៅចំពោះមុខតុលាការ»។ (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CNRP defendants recant statements in plotting trial, allege coercion