សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ករណីរំលោភសេពសន្ថវៈក្នុងចំណងអាពាហ៍ពិពាហ៍នៅតែមានការព្រួយបារម្ភ

លោកស្រី ឯម សារី ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោបានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ។ ឈឿន ថៃកឿ
លោកស្រី ឯម សារី ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោបានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ។ ឈឿន ថៃកឿ

អំពើហិង្សាក្នុងគ្រួសារ ក្នុងទម្រង់ខ្លះមានការថយចុះ តែនៅមានការព្រួយបារម្ភអំពើហិង្សាផ្លូវភេទក្នុងចំណងអាពាហ៍ពិពាហ៍ ដែលកើតឡើងដោយគ្មានអ្នកណាដឹង ឬ​ដោយសារការខ្មាស់អៀន និង​ខ្វះចំណេះដឹង ដោយគិតថា ជារឿងធម្មតា រវាងប្ដីនិងប្រពន្ធ ដែលមិនគួរចាំបាច់ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ។

លោកស្រី ឯម សារី ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោបានថ្លែងថា កាលពីមុនអំពើហិង្សាផ្លូវភេទធ្លាប់កើតមាន​ដែលគាត់រៀបការហើយមានការបង្ខិតបង្ខំដោយគ្មានការស្មគ្រ័ចិត្ត។ តែឥឡូវមិនមានករណីរាយការណ៍អំពើហិង្សាផ្លូវភេទដូចមុនទេ ដោយសារពលរដ្ឋមួយចំនួនមានការយល់ដឹងឬពលរដ្ឋខ្លះដែលជាអាជីវករ មន្រ្ដីរាជការ ហើយបើមានការរំលោភសេពសន្ថវៈក្នុងចំណងអាពាហ៍ពិពាហ៍ក៏គាត់មិនមកសង្កាត់នោះទេ គឺគាត់ទៅប្ដឹងដល់តុលាការតែម្ដង។

លោកស្រីថា អ្នកដែលក្លាហានក្នុងការប្រាប់ពីករណីរំលោភសេពសន្ថវៈក្នុងចំណងអាពាហ៍ពិពាហ៍នោះគឺប្រជាពលរដ្ឋដែលរស់នៅអនាធិបតេយ្យ តាមសំណង់ឬប្រជាពលរដ្ឋជាជនអានាថាទៅវិញ។

លោកស្រីបន្ដថា៖ «មានបុរសមួយចំនួនតូច គិតថាស្រ្ដីដែលបានរៀបការហើយ ជាកម្មសិទ្ធិរបស់គាត់ ហើយពេលណាដែលស្រ្ដីមិនព្រមចូលដំណេកជាមួយ ត្រូវរងអំពើហិង្សា។ ប៉ុន្ដែដោយសារស្រ្ដីមួយចំនួនមានការយល់ដឹងច្រើនពីបញ្ហាផ្លូវច្បាប់តែងតែស្វែងរកជំនួយ ពីអាជ្ញាធរពាក់ពន្ធ័ផ្សេងៗ»។

លោកស្រីបន្ដបញ្ជាក់ថា កាលពីមុន ពេលដែលមានការរំលោភសេពសន្ថវៈក្នុងគ្រួសារកើតឡើង អាជ្ញាធរ​មួយចំនួនតែងប្រាប់ទៅស្រ្ដីរងឲ្យទ្រាំ ព្រោះជារឿងគ្រួសារ។ តែអាជ្ញាធរឥឡូវនេះតែងតែជម្រុញស្រ្ដីឲ្យទៅរកផ្លូវច្បាប់ ហើយពន្យល់ពីផលប៉ះពាល់លើផ្លូវកាយ ផ្លូវចិត្តដែលកើតមានពីការរំលោភសេពសន្ថវៈធ្ងន់ធ្ងរនោះ។

លោកស្រីសូមផ្ដាំផ្ងើដល់ស្រ្ដីទាំងអស់ ពេលដែលរៀបការហើយមានគ្រួសារ បើសិនជារងនៅអំពើហិង្សាផ្លូវភេទកើតឡើងសូមកុំទ្រាំ។ ពួកគាត់គួរតែលើកបញ្ហា ប្រាប់គេឲ្យបានដឹង ថាបញ្ហាបែបនេះមួយបែបនោះមួយ  ហើយសូមឲ្យជួយខ្លួនឯងដោយទំនាក់ទំនងស្ថាប័នណាដែលគេអាចជួយបាន ។

យ៉ាងណាក៏ដោយ មានបុរសស្រ្ដីមួយចំនួនមិនទាន់មានការយល់ដឹងផ្លូវច្បាប់ នៅពេលដែលមានការករណីរំលោភសេពសន្ថវៈកើតឡើង ដោយគិតថាពីជារឿងធម្មតាមិនគួរឲ្យគេដឹង ខ្មាស់គេ និងមិនមែនជារឿងខុសច្បាប់ជាដើម ។ មួយវិញទៀតអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃអំពើហិង្សាផ្លូវភេទនេះឲ្យបានទូលំទូលាយឲ្យដល់តាមមូលដ្ឋានផង ៕

77 views

ព័ត៌មានទាក់ទង