កម្មកររោងចក្រក្នុងខេត្តស្វាយរៀងជាង១០០នាក់ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យក្រុមសហជីពកាន់តែព្រួយបារម្ភអំពីវិធានការសុវត្ថិមិនមានប្រសិទ្ធភាពនៅក្នុងចំណោមរោងច្រនៅកម្ពុជា។
ក្នុងរយៈពេលបីសប្ដាហ៍កន្លងទៅនេះ ជំងឺកូវីដ១៩ មានកើតលើកម្មកររោងចក្រនៅខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវ ទោះបីជាវិធានការសុវត្ថិភាពថ្មីនៅរោងចក្រត្រូវបានដាក់ចេញក៏ដោយ។
ប្រធានមន្ទីរខេត្តសុខាភិបាលខេត្តស្វាយរៀង លោក កែវ រដ្ឋា មានប្រសាសន៍ថា រោងចក្រចំនួនពីរស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell មានកម្មករកើតជំងឺកូវីដ១៩ ក្នុងចំណោមកម្មករ១០៥នាក់តេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោកឲ្យដឹងថារោងចក្រ Youli International (Cambodia) Garment បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្រោយពីកម្មករតេស្តវិជ្ជមានកូវីដ១៩។ ក្នុងចំណោមកម្មករ៩០០នាក់មាន១០៤នាក់មានវិជ្ជមានកូវីដ១៩។
លោកបន្ថែមថា៖ «នៅពេលនេះយើងបានបិទខ្ទប់រោងចក្រ និងបានធ្វើចត្តាឡីស័កកម្មករប្រហែល៨០០នាក់នៅក្នុងរោងចក្រ»។
លោកឲ្យដឹងទៀតថាការស៊ើបអង្កេតបឋមបានរកឃើញថាប្រភពចម្លងទំនងជាចេញពីកម្មកររោងច្រដែលបានឆ្លងពីប្ដី ហើយប្ដីកម្មករនោះទៀតសោតជាអ្នកដឹកបន្លែងចេញចូលភ្នំពេញ និងខេត្តស្វាយរៀង។
លោកបញ្ជាក់ថា៖ «យើងមានការបារម្ភ[អំពីការឆ្លងរាលដាលនេះ] ពីព្រោះកម្មកររស់នៅជាមួយសមាជិកគ្រួសារពួកគេ» ដោយលោកបន្ថែមថា៖ «ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធកំពុងប្រញាប់ប្រញាល់រកមនុស្សគ្រប់គ្នាដែលបានប៉ះពាល់ជាមួយកម្មករវិជ្ជមានកូវីដ១៩ និងកំពុងបន្តស្រាវជ្រាវនៅតាមរោងចក្រផ្សេងៗទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេស»។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារខេត្តស្វាយរៀង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃអាទិត្យ កម្មករ១៩នាក់នៅរោងចក្រ Trax Apparel (Cambodia) ក្នុងទីក្រុងភ្នំពេញបានរកឃើញវិជ្ជមានកូវីដ១៩។ លោក តាន់ ណារិន ចៅសង្កាត់ទឹកថ្លា ថាអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។
លោកឲ្យដឹងថា៖ «ការឆ្លងនេះអាចពីព្រោះពួកគេធ្វើដំណើរនៅម្ដុំៗហ្នឹង ឬក៏ទៅផ្សារ»។ លោកបន្ថែមថារោងច្រនៅបន្តដំណើរការធម្មតាពីព្រោះស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង និងអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
លោកមានប្រសាសន៍ថា៖ «យើងបានយកសំណាកពីកម្មករផ្សេងទៀតនៅតាមផ្ទះជួលរបស់ពួកគាត់»។
បើតាមព័ត៌មានលើវិបសាយរបស់ក្រុមហ៊ុន Trax Apparel (Cambodia) ឲ្យដឹងថា ក្រុមហ៊ុនេះផលិតសម្លៀកបំពាក់កីឡាសម្រាប់យីហោល្បីៗជាច្រើនដូចជា Adidas, NB និងPuma ហើយមានកម្មករសរុប១៥០០នាក់។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា គ្រប់ខេត្តទាំងអស់មានវិធានការសុខភិបាល និងសុវត្ថិភាពដូចគ្នា រួមទាំងការធ្វើតេស្ត និងការតាមដានលើករណីវិជ្ជមានណាមួយ។
លោកមានប្រសាសន៍ថា៖ «វិធានការគឺដូចគ្នាទៅនឹងអ្វីយើងបានធ្វើនៅភ្នំពេញ និងក្រុងតាខ្មៅ ដោយបាទបិទទីតាំង»។
លោកបន្ថែមថា៖ «វាពិតជាប៉ះពាល់[សេដ្ឋកិច្ច] ទាក់ទងនឹងការបិទនេះ ប៉ុន្តែជីវិតកម្មករជាអាទិភាព»។
កាលពីសប្ដាហ៍មុន នាយកដ្ឋានអធិការកិច្ចការងារ បានចេញលិខិតមួយទៅកាន់ម្ចាស់ និងនាយករោងចក្រ និងហសគ្រាសទាំងអស់ ដោយស្នើឲ្យអ្នកទាំងនោះរៀបចំបញ្ជីឈ្មោះកម្មករដែលត្រូវបានទទួលជំនួយជាសាច់ប្រាក់ បន្ទាប់ពីការបិទខ្ទប់ទ្រង់ទ្រាយធំនៅភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ។ បញ្ជីឈ្មោះនេះ ត្រូវបញ្ជូនទៅក្រសួងត្រឹមថ្ងៃព្រហស្បតិ៍ ទោះបីជាក្នុងលិខិតនោះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលកម្មករនឹងទទួលបានក៏ដោយ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសជីពចលនាកម្មករ បានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញលើវិធានការបិទការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោកឲ្យដឹងថា៖ «យើងឃើញថាវិធានការបិទការធ្វើដំណើរឆ្លងខេត្តជាវីធីល្អបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ»។
បន្ទាប់ពីវិធានការនេះត្រូវបានដកចេញ លោកថា ការឆ្លងនៅតាមបណ្ដាខេត្តមានការកើនឡើង ពិសេសក្នុងចំណោមកម្មកររោងចក្រ។
លោកបានបន្តថា៖ «រដ្ឋាភិបាលគួរតែពិចារណាឡើងវិញអំពីការបិទ[ការធ្វើដំណើរ] ឬវិធានការថ្មីផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងនេះ និងកុំឲ្យវាកាន់តែអាក្រក់»។
លោកថា រោងចក្រក៏គួរបិទដំណើរការទាំងស្រុងបន្ទាប់ពីមានករណីឆ្លងក្នុងរោងចក្រ ជាជាងបិទតែផ្នែកខ្លះ។
លោកបានបន្ថែថា៖ «យើងនៅតែមើលឃើញបញ្ហាប្រឈម ទោះបីជាពួកគេបានបិទផ្នែកខ្លះក៏ពិតមែន តែថាកម្មករនៅតែជិះរថយន្តមានលក្ខណៈចង្អៀតជាមួយគ្នា និងចេញចូលរោងចក្រតាមច្រកតែមួយ»។
លោក គង់ អាទិត្យ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានជំរុញក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកម្មកររោងចក្រ។
លោកមានប្រសាសន៍ថា៖ «យើងស្នើទៅរដ្ឋាភិបាល គួរតែប្រញាប់ចាក់វ៉ាក់សាំងដល់កម្មករនៅតាមបណ្ដាខេត្ត ដែលនេះជាបញ្ហាអាទិភាព»។
មន្ត្រីសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មករនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ហើយកម្មករនៅខេត្តផ្សេងៗទៀតជាក្រុមបន្ទាប់។
លោកក៏បានលើកទឹកចិត្តដល់និយោជកឲ្យជួយគាំទ្រដល់កម្មករពេលពួកគេកំពុងជាប់ធ្វើចត្តាឡីស័ក ឬកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩។
យ៉ាងណា លោកថា លោកគាំទ្រចំពោះអាជ្ញាធរដែលសម្រេចបិទរោងចក្រតែតាមផ្នែកដែលមានអ្នកឆ្ហងជំងឺ។
លោកបន្ថែមថា៖ «ការបិទរោងចក្រទាំងមូលមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច»។
ទន្ទឹមនឹងនេះដែរ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់ខេមបូចា នៅថ្ងៃចន្ទថា រោងចក្រ Wah Sun KH នៅមានសភាពធម្មតាបន្ទាប់ពីមានកម្មករចំនួន៣០នាក់វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៥ ខែឧសភា។
រោងចក្រនេះមានកម្មករជាង៣ ០០០នាក់។ រហូតមកដល់ពេលនេះ រោងចក្រមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងចំណោមរោងចក្រទាំង១៥៣នៅក្នុងខេត្ត។
ក្រៅពីរោងចក្រ Wah Sun KH អាជ្ញាធរបានបិទផ្នែកខ្លះនៃរោងចក្រចំនួន១១ បន្ទាប់ពីបានរកឃើញមានកម្មករវិជ្ជមានកូវីដ១៩។
នៅថ្ងៃចន្ទ ក្រសុខាភិបាលបានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ មានចំនួន៥៥៦ករណី បន្ថែមទៀត នាំឲ្យចំនួនឆ្លងសរុបមាន២៥ ៧៦១ករណី គិតតាំងពីដើមឆ្នាំ២០២០ មក។ ករណីឆ្លងជាច្រើនក្នុងចំណោមនេះ គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាពេលមានការឆ្លងរាលដាលក្នុងសហគមន៍។ ក្រសួងក៏បានប្រកាសដែរថា មានអ្នកជាសះស្បើយសរុបគិតត្រឹមថ្ងៃចន្ទនេះមានចំនួន១៨ ៣៥៩នាក់ និងអ្នកស្លាប់សរុបចំនួន១៧៩នាក់។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ COVID-19 spreads among workers in Svay Rieng factories