សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស៊ីក្លូបានប្តូរពីដឹកអ្នកដំណើរមកជួយជនក្រីក្រវិញ

អ្នករត់ស៊ីក្លូយកអាហារចេញពីធុងចល័តដើម្បីផ្តល់ឲ្យបុរសម្នាក់នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នករត់ស៊ីក្លូយកអាហារចេញពីធុងចល័តដើម្បីផ្តល់ឲ្យបុរសម្នាក់នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ដោយ​ធ្វើ​ដំណើរ​នៅ​លើ​មហាវិថី​​មមាញឹក​មួយ​នៅ​រាជធានី​ភ្នំពេញ បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​ធាក់​ស៊ីក្លូ​ដោយ​ស្នាម​ញញឹម។ លោក​ ឡេង ផាត​ អាយុ ៦២​ឆ្នាំ​បាន​បក់​ដៃ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​រង់ចាំ​រូប​លោក​យ៉ាងរីករាយ ទោះ​បីជា​ស៊ីក្លូ​របស់​លោក​មាន​ដាក់​ធុង​មួយ ហើយ​មិនមាន​កន្លែង​សម្រាប់​ដាក់​អ្នក​ដំណើរ​ក៏ដោយ។

នេះ​ប្រហែល​ជា​រឿងចម្លែក​មួយ​ចំពោះ​ស៊ីក្លូ​ដែល​មិន​មាន​កន្លែង​ដាក់​អ្នក​ដំណើរ ប៉ុន្តែ​លោក​ ឡេង ផាត​ មិនមែនជា​អ្នក​រត់​ស៊ីក្លូ​​ដឹកភ្ញៀវ​ទូទៅ​នោះ​ទេ។

នោះ​ដោយសារ​តែ ស៊ីក្លូ​របស់​លោក​មិន​បាន​ដឹកអ្នកដំណើរ​ ប៉ុន្តែ​បាន​ដាក់​នូវ​ធុង​អាហារ​ ក្រោម​គម្រោង​លូខល​ហ្វរ​លូខល(Local for Local)ដែល​ជា​គម្រោង​សប្បុរសធម៌​​មួយ​ ដើម្បី​ជួយដល់​ពលរដ្ឋ​ខ្មែរ​ដែល​ងាយរងគ្រោះ​ អំឡុងពេល​ការ​រាតត្បាត​ជំងឺ។ លោក ឡេង ផាត បាន​ចំណាយ​ពេល​អស់ជិត៣​ខែ​មក​ហើយ ដើម្បី​រត់ស៊ីក្លូ​ក្រោម «បេសកកម្ម​ជួយ​ជនក្រីក្រ» នៅ​ក្នុង​​ទីក្រុង ស្រប​ពេល​ជំងឺ​កូវីដ១៩ បាន​ដាក់​បន្ទុក​បន្ថែម​មក​លើ​ពលរដ្ឋ​ងាយរងគ្រោះ។ ​

​​លោក​បាន​និយាយ​ថា៖ «ខ្ញុំ​សប្បាយ​រីករាយ ដែល​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​ជួយ​ជីវភាព និង​គ្រួសារ​ខ្ញុំ​នៅ​ខេត្ត​ ដែល​ជា​អ្វី​ខ្ញុំ​តែង​ចង់ធ្វើ។ ហើយ​ខ្ញុំ​មាន​មោទកភាព​ដែល​ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​ ដែល​កំពុង​ជួប​ការ​លំបាក​ដូចគ្នា​ ស្រប​ពេល​ខ្ញុំគ្មានទ្រព្យធនអ្វីច្រើន តែតាមរយៈការងារនេះ»។

​លោក​ផាត​ ជា​អ្នក​រត់​ស៊ីក្លូ​ម្នាក់​នៅ​ក្នុង​ចំណោម​​អ្នក​រត់ស៊ីក្លូ​ចំនួន១០​នាក់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ដឹក​ជញ្ជូន​ធុង​អាហារ​សហគមន៍​ចល័ត។ ខណៈ​ស៊ីក្លូ​លែងមាន​ប្រជាប្រិយភាព ហើយ​កាន់​តែ​ចុះ​ដុនដាប​បន្ថែម​ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​បង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩ លោក​ផាត​ បាន​និយាយ​ថា លោក​មាន​ក្តី​សប្បាយរីករាយ​ជាមួយ​នឹង​ការងារ​ថ្មី​របស់​លោក។ លោក​បាន​បន្ត​ថា បទពិសោធ​​នេះ​គឺ​បាន​ផ្លាស់ប្តូរ​ជីវិត​លោក ហើយ​លោក​លែងព្រួយបារម្ភ​ពី​ការ​គិត​ថា នឹង​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​ឬ​ទេ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។

​លោក​និយាយ​ថា៖ «នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩មក​ដល់ មនុស្ស​គ្រប់គ្នា​ ជា​ពិសេស​អ្នកដែល​មាន​ចំណូល​តិច​ដូច​រូប​ខ្ញុំព្រួយបារម្ភ​ថា យើង​មិនអាច​រក​ចំណូល​បាន​គ្រប់គ្រាន់​ ដើម្បី​ហូប​អាហារ​បាន​បី​ពេល​ក្នុង​មួយ​ថ្ងៃ»។ ដោយលោកបន្ថែមថា៖ «មិនមាន​មនុស្ស​ច្រើន​ជិះ​ស៊ីក្លូ​នោះ​ទេ​នា​ពេល​នេះ ដោយសារ​​តែ​មាន​ជម្រើស​ផ្សេង​ដូចជា PassApp ម៉ូតូ​ឌុប​ និង​តុកតុក ក៏ដូចជាការ​ព្រួយបារម្ភ​ពី​ជំងឺ​កូវីដ១៩។ ខ្ញុំ​អាច​រក​ចំណូល​បាន​តែ​ប្រាំពាន់រៀល​ (១.២៥​ដុល្លារ​) ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​គ្រប់គ្រាន់​សម្រាប់​អាហារ​តែ​មួយ​ពេល​ប៉ុណ្ណោះ»។

បុរសរត់ស៊ីក្លូធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងភ្នំពេញដើម្បីប្រមូល និងផ្តល់អាហារ ព្រមទាំងរបស់របរផ្សេងៗដែលជាផ្នែកមួយនៃយុទ្ធនាការជួយដល់អ្នកក្រីក្រ។ រូបភាពថត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុរសរត់ស៊ីក្លូធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងភ្នំពេញដើម្បីប្រមូល និងផ្តល់អាហារ ព្រមទាំងរបស់របរផ្សេងៗដែលជាផ្នែកមួយនៃយុទ្ធនាការជួយដល់អ្នកក្រីក្រ។ រូបភាពថត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ហៅ តាំង អ្នក​ផ្តួចផ្តើម​គម្រោង Local for Local បានថ្លែង​ប្រាប់​ ខេមបូចា ថាគម្រោង​នេះ​ទើប​នឹង​ចាប់ផ្តើម​នា​ឆ្នាំ​នេះ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​គោលបំណង​ជួយ​ទៅ​ដល់​​អ្នក​រត់​ស៊ីក្លូ និង​ពលរដ្ឋ​​ដទៃ​ទៀត​ដែល​កំពុង​ជួប​ការ​លំបាក​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩។ គម្រោង​ Local for Local បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មេសា ហើយ​បាន​សហការ​ជាមួយ​នឹង​អង្គការ​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​អាហារ​ដល់​ពលរដ្ឋ​ជាង ៨០០គ្រួសារ​ រួម​មាន​ គ្រួសារ​រស់​នៅ​ក្នុង​តំបន់​ក្រហម​អំឡុងពេល​ការ​បិទខ្ទប់​ផង​ដែរ។ លោក​ តាំង បាន​លើកឡើង​ថា ​ស៊ីក្លូ​ធុង​អាហារ​សហគមន៍​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២៨ ខែ​សីហា ក្នុង​គោលបំណង​ផ្សារភ្ជាប់​អ្នក​ដែល​ចង់​បរិច្ចាគ​ជាមួយ​នឹង​អ្នក​ដែល​ត្រូវការ​ជំនួយ។ ​

​លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​មាន​ស៊ីក្លូ​ដឹក​ធុងអាហារ​ចំនួន១០ កំពុង​មាន​ប្រតិបត្តិការ​នៅ​ទីតាំង​ ចំនួន​១០​ ផ្សេងគ្នា​នៅ​ក្នុង​ទីក្រុង។ គោលដៅ​ចម្បង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​សម្រួល​ដល់​អ្នក​ដែល​ចង់​បរិច្ចាគ​អាហារ សម្លៀកបំពាក់ និង​របស់របរ​ដទៃ​ទៀត​ដើម្បី​ជួយ​ដល់​ជនក្រីក្រ​តាម​ដងផ្លូវ។ ដូច​ពាក្យ​ស្លោក​លើ​ធុង​ដែល​និយាយ​ថា [អ្នក​មាន​ដាក់ អ្នក​ខ្វះ​ដក]។

​ក្រៅ​ពី​ការ​ប្រមូល​ និង​ចែកចាយ​អាហារ គម្រោង​នេះ​ក៏​កំពុង​ជួយ​ដល់​អ្នក​រត់​ស៊ីក្លូ​រក​ចំណូល​បន្ថែម​នៅ​អំឡុងពេល​ជីវភាព​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ផង​ដែរ។

លោក ​តាំង ​បាន​និយាយ​ថា លោក​គ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​ស៊ីក្លូ​​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជានៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​ធ្លាក់ចុះ លោក​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បន្ថែម​ពី​គម្រោង​នេះ។

នា​ពេល​បច្ចុប្បន្ន​នេះ លោក​ផាត ​រត់​ស៊ីក្លួ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ដោយ​ដឹក​ធុងអាហារ​ចេញ​នៅ​ពេល​ព្រឹក​ម្តង ហើយ​ម្តង​ទៀត​នា​ពេល​រសៀល។ នៅអំឡុពេល​​ពេល​លោក​រត់​ស៊ីក្លូ លោក​បាន​ទទួល​ការ​បរិច្ចាគ​ជា​ស្បៀង​អាហារ​ សម្លៀក​បំពាក់ ស្បែកជើង និង​របស់របរ​ប្រើប្រាស់​ទូទៅ ហើយ​លោក​​ចែកចាយ​​គ្រឿង​បរិច្ចាគ​ទាំង​នោះ​ទៅ​កាន់​ជនក្រីក្រ។

​​លោក ​ផាត​ លើកឡើង​​ថាគម្រោង Local for Local ផ្តល់​ចំណូល​ឲ្យ​លោក​ចំនួន ២២,៥​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ និង​ផ្តល់​​ជា​ប្រដាប់​ប្រដា​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ។ ជាមួយ​នឹង​ប្រាក់​ចំណូល​នេះ លោក​បាន​ថ្លែង​ថា ជីវភាព​របស់​លោក​មាន​ភាព​ប្រសើរជាង​មុន ប្រៀប​នឹង​ពេល​លោក​មិនទាន់​ធ្វើការ​ឲ្យ​គម្រោង​នេះ។ លោក​បាន​បន្ត​ថា លោក​បាន​ប្រកប​របរ​ជា​អ្នក​រត់ស៊ីក្លូ​អស់រយៈពេល​ជាង ២៥​ឆ្នាំ​​មក​ហើយ ហើយ​នេះ​ជា​ពេលវេលា​ល្អ​បំផុតនៅ​ក្នុង​អាជីព​របស់​លោក។

​អ្នករត់ស៊ីក្លូ​មួយ​រូប​ទៀត លោក ហាន់ ស៊ីថា អាយុ ៥៦​ឆ្នាំ បាន​ថ្លែង​ប្រាប់ ខេមបូចា ថារបរ​រត់ស៊ីក្លូ​គឺ​ត្រូវពឹងផ្អែក​មួយ​ភាគធំ​លើ​អ្នកទេសចរ​បរទេស តែ​ការ​ដឹក​អ្នកទេសចរ​បរទេស​នេះ​គឺ​ កម្រ​នឹង​ឃើញ​មាន​ អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ ដោយសារ​តែ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ១៩ លោក ​ស៊ីថា និយាយ​ថា លោក​មិន​អាច​រក​ចំណូល​បន្ថែម​បាន។ ប៉ុន្តែ​ដូចលោក ​ផាត​ ដែរលោក ​ស៊ីថា​ បាន​បន្ត​ថា ជីវភាព​របស់​លោក​មាន​ភាព​ប្រសើរជាង​មុន​ចាប់តាំង​ពី​ចូល​ធ្វើការ​ក្រោម​គម្រោង​សប្បុរសធម៌​ខាង​លើ​នេះ។

លោក​បាន​ថ្លែង​ថា៖ «អ្នក​រត់ស៊ីក្លូ​ដទៃ​ទៀត និង​រូបខ្ញុំ​មាន​ជីវភាព​ប្រសើរ​ជាង​មុន។ ទោះ​បី​ជា​អំឡុងពេល​មាន​ជំងឺ​កូវីដ១៩ ហើយ​មិនមាន​អ្នក​ទេសចរ​បរទេស​ យើង​នៅ​តែ​អាច​រក​ចំណូល​បាន​ដើម្បី​ជួយ​គ្រួសារ និង​អ្នក​ដទៃ​ទៀត​ស្រប​ពេល​ជាមួយ​គ្នា»។

អ្នករត់ស៊ីក្លូឈរនៅជិតស៊ីក្លូរបស់គាត់ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលូខលហ្វរលូខល(Local for Local)ដែលជាគម្រោងសប្បុរសធម៌។ រូបភាពថត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នករត់ស៊ីក្លូឈរនៅជិតស៊ីក្លូរបស់គាត់ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលូខលហ្វរលូខល(Local for Local)ដែលជាគម្រោងសប្បុរសធម៌។ រូបភាពថត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ពលរដ្ឋ​ក្រីក្រ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​ផង​ដែរ។

អ្នកស្រី វាល់ អូន ជា​កម្មករ​ប្រមូល​សំរាម​អាយុ ៥៥​ឆ្នាំ​មួយ​រូប បាន​ថ្លែង​ប្រាប់​ ខេមបូចា ថាអ្នកស្រី​ទទួល​បាន​ស្បៀងអាហារ និង​ប្រដាប់​ប្រដា​ប្រើប្រាស់​ដទៃ​ទៀត​ ជា​រៀងរាល់​ថ្ងៃ​ ពី​ធុងអាហារ​របស់​ស៊ីក្លូ​សហគមន៍។

​​អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​រង់ចាំ​អ្នករត់ស៊ីក្លូ​សហគមន៍​រាល់​ពេល​ព្រឹក​និង​រសៀល។ នៅ​ពេល​គាត់​មក​ដល់ គាត់​តែង​ឲ្យ​អាហារ និង​ប្រដាប់ប្រដា​ប្រើប្រាស់​សំខាន់​ដទៃទៀត។ ខ្ញុំ​មាន​របស់​ហូប​ចុក​គ្រប់គ្រាន់។ ហើយ​ខ្ញុំ​មិនចាំបាច់​ធ្វើ ដោយ​ឃ្លាន​ដូចពេល​មុន​នោះ​ទេ ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ច្រើន​លើ​រឿង​លុយកាក់ និង​សុខភាព»។

លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​ មាន​សមាជិក​ចំនួន​ ២៩០​នាក់ និង​ជា​ដៃគូ​សហការ​ជាមួយ​គម្រោង Local for Local។ លោក សម្បតិ្ត បាន​និយាយ​ថា គម្រោង​ស៊ីក្លូ​ធុង​អាហារ​សហគមន៍​នេះ​មិនត្រឹមតែ​ជួយ​ដល់​ការ​រក​ចំណូល​របស់​អ្នក​រត់ស៊ីក្លូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​ការងារ​សប្បុរសធម៌ និង​រៀន​ពី​របៀប​ជួយ​ដល់​អ្នក​ដទៃ​ក្នុង​គ្រា​លំបាក​ផងដែរ។

លោក​បាន​មានប្រសាសន៍​ថា៖ «យើង​កំពុង​រៀប​ចំ​ផែនការ​ពង្រីក​គម្រោង​នេះ​ឲ្យ​បាន​ធំ​ជាង​ពេល​បច្ចុប្បន្ន ហើយ​ចង់​លើកទឹក​ចិត្ត​ពលរដ្ឋ​គ្រប់គ្នា​ឲ្យ​ជួយ​ចែករំលែក​ដល់​ជនក្រីក្រ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cyclos move from driving passengers to helping those in need

517 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម