មន្រ្តីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកដែលរស់នៅតាមមាត់ស្ទឹង ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។
លោក ខាំ សំរើប មន្រ្តីលេខាធិការ នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង លើកឡើងថា ឆ្នាំនេះផលប៉ះពាល់ពីបាតុភូតភ្លៀង គឺធូរស្បើយជាងឆ្នាំមុន គ្រាន់តែមានខ្យល់កន្ត្រាក់តិចតួច និងបាតុភូតធម្មជាតិពុំសូវមានផ្តល់ផលប៉ះពាល់ទេ ។ ទោះជាយ៉ាងណា លោកនៅតែបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា ៖ «ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកដែលរស់នៅតាមមាត់ស្ទឹង នៅពេលទឹកស្ទឹងឡើង គួររកទីទួលមានសុវត្ថិភាពបណ្តោះអាសន្ន ត្រៀមសម្ភារ សំលៀកបំពាក់ ថ្នាំសង្កូវ ឯកសារនានា ជាដើម និងត្រូវអនុវត្តតាមវិធានការដែល រដ្ឋបាលភូមិ ស្រុកដែលបានផ្តល់ជូន» ។
លោកបន្ថែមថា ក្នុងឆ្នាំនេះ ពុំមានការប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិក៏ពិតមែន តែវាមិនអាចដឹងមុនបានទេថានាពេលខាងមុខព្រោះធម្មជាតិមានការប្រើប្រួល។
លោក ហួត ច័ន្ទតារារិទ្ធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានលើកឡើងដូចគ្នា ដោយសំណូមពរ ធ្វើយ៉ាងណាសុំប្រជាពលរដ្ឋយកចិត្តទុកដាក់ តាមដានការព្យាករណ៍របស់ក្រសួង។
លោក បន្ថែមថា ៖ «អ្នកនេសាទត្រូវបង្កើនការប្រយ័ត្ន ពេលមានការជូនដំណឹងពីក្រសួងធនធានទឹក សុំធ្វើតាម ជាពិសេសខែវស្សានេះត្រូវប្រយ័ត្នឲ្យបានខ្ពស់ ហើយបើជួបគ្រាអាសន្នអាចទាក់ទងទៅកាន់លេខ ១២៩៤ » ។
លោកបន្ថែមថា នៅក្នុងកម្រិតទឹកមានការកើនឡើងខ្ពស់ មន្ទីរតែងជូនដំណឹងទៅកាន់ប្រជាពលរដ្ឋបានដឹងមុន មិនតែប៉ុណ្ណោះកន្លងទៅ តែងប្រកាសក្នុងលើគេហទំព័រធនធានទឹក និងផ្តល់ដំណឹងបន្តទៅកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទប់ស្កាប់ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ ទឹកភ្លៀងមានសរុបកម្ពស់ ៩៧៦.៦មីលីម៉េត្រ រីឯមកទល់ខែកញ្ញា ឆ្នាំ២០២២នេះវិញ ទឹកភ្លៀងមានរយៈកម្ពស់ ១០៧៧ មីលីម៉ែត្រ ដោយភ្លៀងមានការកើនឡើងដល់ទៅ ៧៦ថ្ងៃ ដែលនេះជាចំនួនកើនឡើងមួយគួរសម៕