ប្រជាកសិកររស់នៅឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្នើឱ្យមន្រ្តីជំនាញជួយផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំដល់ពួកគាត់ ដើម្បីទទួលបានទិន្នផលខ្ពស់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងលើកកម្ពស់ជីវភាពគ្រួសារ។
អ្នកស្រី ហ៊ុត សុង ជាប្រជាកសិកររស់នៅឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រៀបរាប់ថា ការដាំបន្លែរបស់អ្នកស្រី គឺមិនបានប្រើបច្ចេកទេសត្រឹមត្រូវនោះទេក្នុងការដាំដំណាំ គឺប្រើតែជីធម្មជាតិប៉ុណ្ណោះ ហើយទិន្នផលពុំសូវបានច្រើននោះទេ។
អ្នកស្រីបានឱ្យដឹងទៀតថា៖ «ការប្រកបរបរកសិកម្មវាបានជួយលើកកម្ពស់ជីវភាពគ្រួសារបានមួយកម្រិត ហ្នឹងហើយ វាក៍មានសុវត្ថិភាពខ្ពស់ក្នុងការបរិភោគផងដែរ»។
រស់នៅក្នុងមូលដ្ឋានជាមួយគ្នាដែរនោះ អ្នកស្រី ហួន វ៉ាត លើកឡើងថា ដំណាំបន្លៃអ្នកស្រី មិនដែលខ្វះទីផ្សារនោះទេ តែអ្វីដែលពិបាកនោះ គឺមិនមានបន្លៃតាមតម្រូវការទីផ្សារ កត្តានេះបណ្តាលមកពីមិនមានបច្ចេកទេសក្នុងការដាំបន្លៃឱ្យបានត្រឹមត្រូវ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យមន្រ្តីជំនាញជួយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំ ដើម្បីទទួលបានទិន្នផលខ្ពស់»។
ប្រធានការិយាល័យកសិកម្មស្រុកជីក្រែង លោកស្រី ភូ និមល បង្ហាញថា កសិកម្មស្រុកតែងតែសហការជាមួយអង្គការសង្គមស៊ីវិល ធ្វើការផ្សព្វផ្សាយឱ្យប្រជាកសិករដឹងពីបច្ចេកទេសដំាំដំណាំ ដើម្បីឱ្យទទួលទិន្នផលខ្ពស់ និងមានសុវត្ថិភាព។
លោកស្រីបញ្ជាក់ថា៖ «បើប្រជាកសិករចង់ទទួលបានវគ្គបណ្តុះបណ្តាលពីបច្ចេកទេសដាំដំណាំ ត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅជិតបំផុត ដើម្បីឱ្យរាយការណ៍បន្ត»។
យោងតាមរបាយការណ៍ស្តីអំពីសភាពការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត បានបង្ហាញថា ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន ៥២ ៤១២ហិកតា ស្មើរនឹង៩០.៥២% នៃផែនការចំនួន ៥៧ ៩០០ហិកតាតិចជាងឆ្នាំមុន ៧ ៧២៨ហិកតា។ ដំណាំឧស្សាហកម្មអនុវត្តបានសរុបចំនួន ៨៦ ៥០៨២ហិកតា ស្មើនឹង១១១,១៥%នៃផែនការចំនួន ៧៧៨ ៣០០ហិកតា លើសឆ្នាំមុន ៤៩ ៣០៤ហិកតា។
ក្នុងនោះមន្រ្តីកសិកម្មតែងចុះធ្វើអធិការកិច្ចជី ថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្មតាមគ្រប់រូបភាពបានប្រព្រឹត្តទៅក្រោមកិច្ចប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ និងសហកគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ៕





